ខ្មែរប៉ុស្ដិ៍ Close

    តុលាការធម្មនុញ្ញថៃសម្រេចឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងជានាយករដ្ឋមន្រ្តីដដែល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1255
    តុលាការធម្មនុញ្ញថៃសម្រេចឱ្យលោក ប្រាយុទ្ធ ចាន់អូចា បន្តកាន់តំណែងជានាយករដ្ឋមន្រ្តីដដែលលោកប្រាយុទ្ធ ចាន់អូចា

    ទីបំផុតទៅ នៅថ្ងៃសុក្រនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បានប្រកាសសេចក្តីសម្រេចរបស់ខ្លួនថា លោក ប្រាយុទ្ធ ចាន់អូចា គឺអាចបន្តកាន់តំណែងយករដ្ឋមន្រ្តីរបស់លោក តទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២។

    តុលាការធម្មនុញ្ញថៃបានកាត់សេចក្តីថា លោក ប្រាយុទ្ធ ដែលត្រូវបានព្យួរតំណែងនាយករដ្ឋមន្រ្តី តាំងតែពីខែសីហាមក គឺមិនទាន់កាន់អំណាច លើសរយៈពេលកំណត់៨ឆ្នាំនៅឡើយទេ ពោលគឺអាណត្តិនាយករដ្ឋមន្រ្តីរបស់លោក បានចាប់ផ្តើមកាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅពេលច្បាប់ធម្មនុញ្ញថ្មី ដែលមានកំណត់រយៈពេល៨ឆ្នាំ សម្រាប់តំណែងនាយករដ្ឋមន្រ្តី បានចូលជាធរមាន។

    គួរបញ្ជាក់ថា បក្សប្រឆាំងធំជាងគេនៅក្នុងប្រទេសថៃ គឺគណបក្ស ភឿថៃ (Pheu Thai) បានដាក់ញត្តិទៅកាន់ទៅតុលាការធម្មនុញ្ញ ជាមួយការអះអាងថា រយៈពេលនៃអាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ ចាន់អូចា គឺគួរតែរាប់បញ្ចូលចាប់តាំងតែពី លោកបានចាប់ផ្តើមដឹកនាំប្រទេស ក្នុងនាមជាប្រមុខរដ្ឋាភិបាលយោធា ក្រោយរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ កាលពីឆ្នាំ២០១៤ ហើយត្រូវគ្រប់៨ឆ្នាំ កាលពីខែសីហាកន្លងទៅនេះ៕

    អត្ថបទទាក់ទង