ខ្មែរប៉ុស្ដិ៍ Close

    រូបិយបណ្ណរួមនៅក្នុងអាស៊ាននឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1770
    រូបិយបណ្ណរួមនៅក្នុងអាស៊ាននឹងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋប្រាក់រូពីរបស់ឥណ្ឌូនេស៊ី

    វិសមភាពនៅក្នុងសង្គមនិងសេដ្ឋកិច្ច នៅតែបន្តកើតមាននៅក្នុងអាស៊ាន។ បន្ទាប់ពីវិបត្តិរូបិយបណ្ណអាស៊ីឆ្នាំ ១៩៩៧ ដែលបានលាតត្រដាងអំពីភាពងាយរងគ្រោះរបស់អាស៊ានចំពោះលំហូរមូលធនឆ្លងកាត់ព្រំដែន តំបន់នេះបានឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន និងបានប្រែក្លាយពីប្លុកមួយដែលពោពេញទៅដោយប្រទេសដែលពុំសូវមានការអភិវឌ្ឍពេញលេញនិងកំពុងអភិវឌ្ឍទៅ ជាតំបន់មួយដែលមានសេដ្ឋកិច្ចសកម្មបំផុតនៅក្នុងពិភពលោក។

    ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍយ៉ាងឆាប់រហ័សនេះបានធ្វើឱ្យគម្លាតវិសមភាពនៃប្រាក់ចំណូលរីកកាន់តែធំ ហើយកម្រិតវិសមភាពដ៏ខ្ពស់នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ, នាំមកនូវការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច និងបានបង្កការគំរាមកំហែងដល់សាមគ្គីភាពនៅក្នុងសង្គម។

    ក្រោយវិបត្តិហិរញ្ញវត្ថុអាស៊ី អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បានលើកឡើងនូវគំនិតមួយស្តីពី «ការបង្កើតរូបិយបណ្ណរួមសម្រាប់តំបន់»។ នៅក្នុងឆ្នាំ ២០១៩ លោកបានរំលឹកឡើងវិញអំពីសំណើរខាងលើ ជាមួយនិងការបញ្ជាក់ថា «អាស៊ានគួរតែបង្កើតរូបិយបណ្ណជួញដូររួម ដើម្បីបម្រើឱ្យការប្រើប្រាស់នៅក្នុងតំបន់ និងដើម្បីធ្វើជារូបិយបណ្ណជំនួសឱ្យប្រាក់ដុល្លារអាមេរិកសម្រាប់ប្រើប្រាស់ក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់»។

    អ្វីដែលយើងត្រូវធ្វើគឺ «ការក្រឡេកមើលគំរូរបស់តំបន់អឺរ៉ុបដែលប្រាក់អឺរ៉ូបានដើរតួរជាឧទាហរណ៍ដ៏ល្អបំផុតនៃការប្រើប្រាស់រូបិយបណ្ណរួម»។ ប្រាក់អឺរ៉ូបានរួមចំណែកដល់ស្ថិរភាព, ការប្រកួតប្រជែងនិងវិបុលភាព នៃសេដ្ឋកិច្ចរបស់តំបន់អឺរ៉ុប។ ការមានរូបិយបណ្ណតែមួយបានជួយរក្សាស្ថិរភាពតម្លៃ និងបានការពារប្រទេសក្នុងតំបន់ចាយប្រាក់អឺរ៉ូពីការប្រែប្រួលនៃអត្រាប្តូរប្រាក់។

    ប៉ុន្តែបើទោះបីជាតំបន់អឺរ៉ុបបានបង្ហាញថា «រូបិយបណ្ណរួមពិតជាអាចដំណើរការទៅបាននៅក្នុងពិភពសាកលភាវូបនីយកម្ម» ក៏ដោយ ក៏ការប្រុងប្រយ័ត្ននៅតែជារឿងដ៏សំខាន់។ ជាក់ស្តែង វិបត្តិបំណុលអឺរ៉ុបបានបង្កឡើងដោយសារតែគោលនយោបាយរូបិយវត្ថុតែមួយរបស់ប្រាក់អឺរ៉ូដែលមានលក្ខណៈមិនស៊ីគ្នានឹងស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសក្នុងតំបន់។

    នៅក្រោមរបបអត្រាប្តូរប្រាក់អណ្តែត (Floating Exchange Rate Regime) រូបិយបណ្ណនឹងមាននិន្នាការប្រែប្រួលខ្លាំង ជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍតូចៗ ដែលមានទីផ្សារមូលធនតិចតួច។ ប្រទេសជាច្រើនដែលមានទីផ្សារកំពុងរីកចម្រើននៅក្នុងតំបន់អាស៊ីមានទ្រព្យសកម្មបម្រុង គិតជាប្រាក់ដុល្លារអាមេរិកក្នុងចំនួនច្រើន ដោយក្នុងនោះ ពួកគេបានប្រើវាជាមធ្យោបាយទប់ទល់នឹងបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ ដែលអាចកើតមាន។

    ជាមួយនិងការពឹងផ្អែកទៅលើប្រាក់ដុល្លារអាមេរិក បណ្តាប្រទេសនៅតំបន់អាស៊ីនឹងត្រូវទទួលរងនូវផលប៉ះពាល់ខ្លាំងនៅពេលដែលសហរដ្ឋអាមេរិកធ្វើការផ្លាស់ប្តូរនូវគោលនយោបាយ និងលក្ខខណ្ឌសេដ្ឋកិច្ច។ បណ្តាប្រទេសកំពុងអភិវឌ្ឍដែលមានបំណុលច្រើនជារូបិយបណ្ណបរទេសតែងតែមានការព្រួយបារម្ភអំពីអត្រាប្តូរប្រាក់អណ្តែត ខណៈដែលអត្រាប្តូរប្រាក់ដែលមានភាពប្រែប្រួលខ្ពស់បែបនេះ តែងតែនាំមកនូវផលប៉ះពាល់ជាជាងការជួយទប់ស្កាត់ផលប៉ះពាល់។

    ហានិភ័យនៃការកំណត់តម្លៃរូបិយបណ្ណមិនបានត្រឹមត្រូវនៅក្រោមរបបអត្រាប្តូរប្រាក់អណ្តែត (Floating Exchange Rate Regime) មានទំហំធំធេងណាស់ ហើយការប្រែប្រួលមិនសមស្របនៃអត្រាប្តូរប្រាក់អាច នាំមកនូវភាពមិនច្បាស់លាស់កាន់តែខ្លាំង, កាត់បន្ថយសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ បូករួមនឹងការទាញទម្លាក់កំណើនសេដ្ឋកិច្ចជារួម។ វាមានវិធានការឆ្ពោះទៅមុខមួយចំនួនដែលអាចជំរុញសមាហរណកម្មរូបិយវត្ថុនៅក្នុងតំបន់។

    នៅឆ្នាំ ២០០០ អាស៊ានបូកចិន, ជប៉ុន និង កូរ៉េខាងត្បូង (ASEAN +3) បានបង្កើតបណ្តាញទ្វេភាគីស្តីពីការផ្លាស់ប្តូររូបិយបណ្ណក្នុងគោលបំណងផ្តល់សាច់ប្រាក់ងាយស្រួលរយៈពេលខ្លី ក្នុងករណីកើតមានវិបត្តិនៅពេលអនាគត។ នៅទីបំផុត បណ្តាញនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការ និងត្រូវបានគេដាក់ឈ្មោះថា «Chiang Mai Initiative Multilateralization» (CMIM)។

    ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១១ ដើម្បីធ្វើការឃ្លាំមើល និងផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ។ រូបិយបណ្ណរួមអាចជួយលុបបំបាត់ភាពមិនច្បាស់លាស់នៃអត្រាប្តូរប្រាក់, ការពារពីការវាយប្រហារ និងបង្កើនអំណាចនៃការចរចារបស់អាស៊ាន។ អត្រាការប្រាក់រយៈពេលវែងអាចនឹងមានការធ្លាក់ចុះ និងមិនសូវមានការប្រែប្រួល។ ការមានរូបិយបណ្ណរួមក៏នឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្មផ្ទៃក្នុងផងដែរ ដែលជាហេតុនឹងធ្វើឱ្យតម្លៃទំនិញ និងសេវាកម្មចុះថោកជាងមុន។

    ប្រជាពលរដ្ឋគ្រប់រូបក៏នឹងទទួលបានអត្ថប្រយោជន៍ផងដែរ ដោយសារពួកគេនឹងមិនចាំបាច់ត្រូវប្តូរប្រាក់ទៀតនោះទេ នៅពេលធ្វើដំណើរនៅក្នុងតំបន់ និងអាចប្រៀបធៀបតម្លៃបានកាន់តែងាយស្រួលជាងមុន។ ជាឧទាហរណ៍ នៅក្នុងប្រទេសដូចជាថៃដែលមានទីតាំងនៅចំកណ្តាលអាស៊ាន រូបិយបណ្ណរួមនឹងបង្កើនផលប្រយោជន៍នៅក្នុងវិស័យពាណិជ្ជកម្មសម្រាប់ប្រទេសនេះ។

    សេវាកម្មមួយចំនួនដូចជាការថែទាំសុខភាព, ការអប់រំ និងទេសចរណ៍ នឹងកាន់តែមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋអាស៊ាន ហើយតម្រូវការនៅក្នុងវិស័យទាំងនេះនឹងមានការកើនឡើង។ កម្លាំងពលកម្មនិងអ្នកមានទេពកោសល្យក៏អាចធ្វើការផ្លាស់ប្តូររវាងគ្នាបានកាន់តែងាយស្រួលដែលនឹងនាំមកនូវការបង្កើនឱកាសការងារ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន។

    ខណៈដែលអាស៊ានកំពុងតែស្ថិតនៅលើផ្លូវឆ្ពោះទៅជាសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ នៅលើពិភពលោកនៅឆ្នាំ ២០៣០ រូបិយបណ្ណរួមរបស់អាស៊ានអាចនឹងក្លាយជារូបិយបណ្ណដ៏សំខាន់មួយនៅក្នុងពិភពលោក ហើយការមានទីផ្សាររួមតែមួយក៏នឹងជួយពង្រឹងតួនាទីរបស់អាស៊ានក្នុងនាមជាតួអង្គសកលផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ជាក់ស្តែងនូវរូបិយបណ្ណរួមអាចនឹងមានការពិបាកជាងការបង្កើតវា។

    របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា «កត្តាដែលបង្កការរារាំងដល់ការបង្កើតរូបិយបណ្ណរួមនៅពេលនេះ រួមមានភាពចម្រុះគ្នានៃកម្រិតអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក, ភាពទន់ខ្សោយនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសជាសមាជិក បូករួមនឹងកង្វះខាតយន្តការប្រមូលផ្តុំធនធាន និងស្ថាប័នពាក់ព័ន្ធ»។ ធនាគារ ADB នេះបានបញ្ជាក់ទៀតថា «អ្វីដែលសំខាន់បំផុតនោះគឺតំបន់នេះនៅខ្វះលក្ខខណ្ឌនយោបាយសម្រាប់កិច្ចសហប្រតិបត្តិការរូបិយវត្ថុ»។

    ភាពចម្រុះគ្នាដ៏ធំនៃការអភិវឌ្ឍសេដ្ឋកិច្ចបាននាំមកនូវភាពស្មុគស្មាញជាច្រើន។ ប្រទេសសិង្ហបុរី ដែលជាប្រទេសដែលមានការអភិវឌ្ឍខ្លាំងជាងគេ មានប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗជិត ៦០ ដង ខ្ពស់ជាងប្រទេសមីយ៉ាន់ម៉ា ខណៈប្រទេសវៀតណាម, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជារដ្ឋដែលមានដំណើរការល្អប្រសើរ បើប្រៀបធៀបនឹងសមាជិកអាស៊ានដទៃទៀត។

    ដើម្បីអាចបង្កើតរូបិយបណ្ណរួមបាន គេត្រូវការប្រព័ន្ធហិរញ្ញវត្ថុ និងទីផ្សារដ៏ខ្លាំងក្លា ក៏ដូចជាការគាំទ្រដ៏រឹងមាំពីស្ថាប័នពាក់ព័ន្ធ។ ក៏ប៉ុន្តែ បណ្តាប្រទេសអាស៊ានខ្លះនៅមិនទាន់មានស្ថាប័នបែបនេះនោះទេ។ ជាងនេះទៅទៀត ប្រទេសមួយចំនួនក៏នៅខ្វះខាតការគ្រប់គ្រងលើគោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធជាតិ ដែលជាហេតុបង្កការរឹតត្បិតលើអធិបតេយ្យភាព និងស្វ័យភាពរបស់រដ្ឋាភិបាល។ កាន់តែសំខាន់គឺ «មិនមែនគ្រប់ប្រទេសអាស៊ានទាំងអស់នឹងយល់ព្រមទទួលយករឿងនេះភា្លមៗនោះទេ»។

    រូបិយបណ្ណឌីជីថលដែលបច្ចុប្បន្នប្រទេសមួយចំនួនដូចជាសិង្ហបុរី និងកម្ពុជា កំពុងតែអនុវត្តដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ អាចជាគន្លឹះដើម្បីដោះស្រាយបញ្ហាដែលបានលើកឡើងខាងលើ។ រូបិយបណ្ណឌីជីថល និងនវានុវត្តន៍ផ្សេងទៀតនៅក្នុងប្រព័ន្ធទូទាត់ អាចបង្កើនល្បឿននៃការធ្វើប្រតិបត្តិការនៅក្នុងស្រុក និងឆ្លងកាត់ព្រំដែន, កាត់បន្ថយការចំណាយលើប្រតិបត្តិការ ហើយនៅទីបំផុត អាចពង្រីកលទ្ធភាពនៃការប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុទៅដល់គ្រួសារក្រីក្រនៅតាមទីជនបទ។

    ជាមួយនឹងការអនុវត្តរូបិយបណ្ណឌីជីថល អាស៊ានអាចនឹងទទួលបានការរីកចម្រើនបន្ថែមទៀត ហើយការប្រើប្រាស់រូបិយបណ្ណឌីជីថលក៏អាចជួយជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ផងដែរ៕

    The Jakarta Post

    អត្ថបទទាក់ទង