ខ្មែរប៉ុស្ដិ៍ Close

    សហអាមេរិក អូស្ត្រាលី និងជប៉ុន ប្តេជ្ញារួមដៃគ្នាប្រឆាំងនឹងចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1082
    សហអាមេរិក អូស្ត្រាលី និងជប៉ុន ប្តេជ្ញារួមដៃគ្នាប្រឆាំងនឹងចិនសហអាមេរិក អូស្ត្រាលី និងជប៉ុន ប្តេជ្ញារួមដៃគ្នាប្រឆាំងនឹងចិន

    រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក, អូស្ត្រាលី និងជប៉ុន បានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាងគ្នាដើម្បីប្រឈមមុខនឹងមហិច្ឆតាដែលកំពុងកើនឡើងរបស់ប្រទេសចិន «ក្នុងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់របស់ពិភពលោក» ។

    ទីក្រុងវ៉ាស៊ីនតោន​កំពុង​ដាក់​សម្ពាធ​តាមរយៈការ​វាយលុក​ផ្នែកការទូត​ដើម្បី​ទប់ទល់​នឹងឥទ្ធិពល​របស់​ចិន​នៅ​ទូទាំង​តំបន់អាស៊ី​ប៉ាស៊ីហ្វិក។

    រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅពេលដែលលោកទទួលស្វាគមន៍សមភាគីអូស្ត្រាលី និងជប៉ុន នៅឯទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ក្នុងរដ្ឋហាវ៉ៃ ថា «យើងមានការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះអាកប្បកិរិយាឈ្លានពាន និងការគំរាមកំហែងកាន់តែខ្លាំងឡើងពីសំណាក់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់»។

    លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបានលើកឡើងថា «ផលប្រយោជន៍របស់យើង គឺស្ថិតនៅលើការលើកស្ទួយសណ្តាប់ធ្នាប់នៃពិភពលោកមួយដែលផ្អែកលើច្បាប់។ ប៉ុន្តែយើងឃើញថា សណ្តាប់ធ្នាប់នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងស្ថិតនៅក្រោមសម្ពាធ ខណៈដែលប្រទេសចិនកំពុងស្វះស្វែងរកការរៀបចំពិភពលោកថ្មីមួយដែលនៅជុំវិញខ្លួន ទៅតាមរបៀបដែលយើងមិនធ្លាប់បានឃើញពីមុនមក»។

    កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទីក្រុង​វ៉ាស៊ីនតោន​បាន​ប្រកាសផ្ដល់​ជំនួយចំនួន ៨១០ លាន​ដុល្លារ​សម្រាប់​បណ្ដាប្រទេសដែន​កោះ​នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​បង្កើន​វត្តមាន​ការទូត​របស់​ខ្លួន។

    កាលពីសប្តាហ៍មុន លោកស្រីអនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយបាននិយាយថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពដោយគ្មានការភ័យខ្លាច ឬស្ទាក់ស្ទើរអ្វីទាំងអស់នៅទូទាំងតំបន់អាស៊ី រួមទាំងនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។

    ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ហើយថែមទាំងបានអះអាងកម្មសិទ្ធិលើច្រកសមុទ្រដ៏តូចចង្អៀតនិងមមាញឹក និងដែលជាព្រំដែនបំបែកប្រទេសទាំងពីរនេះទៀតផង។

    លោកស្រី Harris បានទៅទស្សនកិច្ចនៅតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ។ ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុង​វ៉ាស៊ីនតោន ​ក្នុង​ការ​ការពារ​កូរ៉េ​ខាង​ត្បូង​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង។

    លោក Austin ក៏បានរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយសមភាគីអូស្ត្រាលីរបស់លោកផងដែរ ដោយបានផ្តោតលើកិច្ចព្រមព្រៀងឆ្នាំ ២០២១ រវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេស ដែលថានឹងផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់ទីក្រុងកង់បេរ៉ា។

    រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីបាននិយាយថា ពេលវេលាដែលខ្លួននឹងទទួលបាននាវាមុជទឹក នឹងជាកត្តាដ៏សំខាន់ក្នុងការសម្រេចចិត្តរបស់ទីក្រុងកង់បេរ៉ា ក្នុងការសម្រេចថាតើខ្លួននឹងត្រូវជ្រើសយកប្រទេសអ្នកផ្គត់ផ្គង់មួយណា។

    លោក Marles បាននិយាយថា «វាមានសារៈសំខាន់ជាទីបំផុត ដោយសារតែស្ថានភាពយុទ្ធសាស្ត្រដែលអូស្ត្រាលីកំពុងប្រឈមមុខ ពោលគឺនឹងមានការវិវត្តនៃសមត្ថភាពនាវាមុជទឹកនៅក្នុងប្រទេសអូស្ត្រាលី រវាងពេលនេះ និងនៅពេលដែលនាវាមុជទឹកដំបូងបានមកដល់»។

    នាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរ ទំនងជានឹងផ្តល់ឱ្យអូស្ត្រាលីនូវសមត្ថភាពក្នុងការធ្វើប្រតិបត្តិការកាន់តែសម្ងាត់ជាងមុន ព្រមទាំងបំពាក់ដោយមីស៊ីលទំនើបៗ ដែលនឹងបង្កការរារាំងកាន់តែច្រើនដល់ទីក្រុងប៉េកាំង។

    ការជ្រើសរើសប្រទេសអ្នកផ្គត់ផ្គង់ណាមួយ គឺនឹងមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចយ៉ាងសំខាន់ ហើយក៏នឹងផលប៉ះពាល់ជាយុទ្ធសាស្ត្រផងដែរ ពោលគឺវានឹងធ្វើឱ្យកងទ័ពជើងទឹកអូស្ត្រាលីកាន់តែមានភាពជិតស្និទ្ធជាមួយនិងប្រទេសដែលខ្លួនបានជ្រើសរើសទិញនាវាមុជទឹក៕

    The Citizen

    អត្ថបទទាក់ទង