ខ្មែរប៉ុស្ដិ៍ Close

    សញ្ញាទាំង ៥ ដែលបង្ហាញថា ពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1835
    សញ្ញាទាំង ៥ ដែលបង្ហាញថា ពិភពលោកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចសន្ទស្សន៍សំខាន់ៗទាំង ៣ នៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ ដែលយ៉ាងហោចណាស់ក៏ ២០% ពីកម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះដែរ។

    នៅជុំវិញពិភពលោក ទីផ្សារនានាកំពុងបង្ហាញសញ្ញាព្រមានថា «សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះ»។ នៅក្នុងរយៈពេល ១ សប្តាហ៍កន្លងមកនេះ ភ្លើងពណ៌ក្រហមបានលោតកាន់តែញាប់ នៅពេលដែលទីផ្សារបានជួបប្រឈមនឹងការពិតដែលថា «ធនាគារកណ្តាលអាមេរិកនឹងបន្តអនុវត្តយុទ្ធនាការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លាបំផុតរបស់ខ្លួន ដើម្បីទប់ទល់នឹងអត្រាអតិផរណា» បើទោះបីជាការធ្វើបែបនេះអាចបង្កឱ្យមាន វិបត្តិសេដ្ឋកិច្ច ក៏ដូចជាអាចបង្កើនការចំណាយលើអ្នកប្រើប្រាស់ និងបណ្តាអាជីវកម្មនានាក៏ដោយ។

    ឥឡូវនេះ ឱកាសនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកល គឺមានរហូតដល់ ៩៨% ឯណោះ (យោងតាមក្រុមហ៊ុនស្រាវជ្រាវ Ned)។ នៅពេលដែលអ្នកសេដ្ឋកិច្ចព្រមានអំពីការធ្លាក់ចុះ ពួកគេតែងតែពឹងផ្អែកលើការវាយតម្លៃលើសូចនាករផ្សេងៗ។

    ១. ប្រាក់ដុល្លារអាមេរិកដ៏រឹងមាំ

    ប្រាក់ដុល្លារអាមេរិកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោក និងនៅក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយឥឡូវនេះវាកំពុងមានតម្លៃថ្លៃជាងពេលណាៗទាំងអស់ នៅក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។

    ការពន្យល់ដ៏សាមញ្ញបំផុតគឺមានជាប់ពាក់ព័ន្ធនឹងធនាគារកណ្តាលអាមេរិក។ នៅពេលដែលធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់ វាបានធ្វើឱ្យប្រាក់ដុល្លារមានភាពកាន់តែទាក់ទាញដល់អ្នកវិនិយោគ នៅជុំវិញពិភពលោក ជាមួយនិងការយល់ឃើញថា «ប្រាក់ដុល្លារគឺជាវត្ថុដ៏មានសុវត្ថិភាព»។ នៅក្នុងបរិយាកាសដ៏ច្របូកច្របល់ដោយសារវីរុសរាតត្បាត ឬដោយសារសង្រ្គាមនៅអឺរ៉ុបខាងកើត វិនិយោគិនបានបង្កើនការទិញប្រាក់ដុល្លារ ដែលជាធម្មតាវាតែងត្រូវបានទិញក្នុងទម្រង់ជាមូលបត្របំណុលរបស់រដ្ឋាភិបាលអាមេរិក។

    ធនាគារកណ្ដាលអង់គ្លេសបានធ្វើអន្តរាគមន៍នៅក្នុងទីផ្សារមូលបត្របំណុលរបស់ខ្លួននៅសប្តាហ៍នេះ ដើម្បីស្តារទំនុកចិត្តលើទ្រព្យសកម្មរបស់ចក្រភពអង់គ្លេសឡើងវិញ។

    ខណៈពេលដែលប្រាក់ដុល្លារដ៏រឹងមាំបាននាំមកនូវអត្ថប្រយោជន៍ដ៏ល្អសម្រាប់ជនជាតិអាមេរិកដែលធ្វើដំណើរទៅក្រៅប្រទេស វាក៏បានបង្កើតការឈឺក្បាលផងដែរសម្រាប់មនុស្សដទៃទៀត។ តម្លៃប្រាក់ផោនរបស់ចក្រភពអង់គ្លេស, ប្រាក់អឺរ៉ូ, ប្រាក់យ័នរបស់ប្រទេសចិន និងប្រាក់យ៉េនរបស់ប្រទេសជប៉ុន បូករួមនឹងប្រាក់ដទៃទៀត សុទ្ធតែបានរងនូវការធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យប្រទេសទាំងនោះត្រូវចំណាយថ្លៃជាងមុនលើការនាំចូលផលិតផលសំខាន់ៗ ដូចជាអាហារ និងប្រេងឥន្ធនៈ។

    ជាការឆ្លើយតប បណ្តាធនាគារកណ្តាលដែលកំពុងរងនូវការកើនឡើងនៃអត្រាអតិផរណាដែលបង្កឡើងដោយវីរុសរាតត្បាត បាននាំគ្នាដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ជាងមុន ដើម្បីបង្កើនតម្លៃរូបិយបណ្ណផ្ទាល់ខ្លួនរបស់ពួកគេ។ ភាពខ្លាំងរបស់ប្រាក់ដុល្លារក៏បាននាំមកនូវអស្ថិរភាពសម្រាប់ទីផ្សារ Wall Street ផងដែរ។

    តាមការប៉ាន់ប្រមាណមួយពីស្ថាប័ន Morgan Stanley «ការកើនឡើង ១% នៃសន្ទស្សន៍ប្រាក់ដុល្លារ នឹងបង្កផលប៉ះពាល់អវិជ្ជមានចំនួន ០,៥% លើប្រាក់ចំណូលរបស់ទីផ្សារ S&P500»។

    ២.ក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់អាមេរិកបានរងនូវការជាប់គាំង

    កត្តាជំរុញលេខ១ នៃសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកគឺ «ការទិញទំនិញ»។ ប៉ុន្តែ បន្ទាប់ពីការឡើងថ្លៃអស់រយៈពេលជាងមួយឆ្នាំសឹងតែលើគ្រប់មុខទំនិញ ខណៈពេលដែលប្រាក់ឈ្នួលមិនមានការកើនឡើងអតិថិជនក៏បានចាប់ផ្តើមកាត់បន្ថយការទិញ។

    ប្រធានសេដ្ឋវិទូនៅស្ថាប័ន «EY Parthenon» លោក Gregory Daco បាននិយាយនៅក្នុងសំណេររាមួយកាលពីថ្ងៃសុក្រថា «ភាពលំបាកដែលបង្កឡើងដោយបញ្ហាអតិផរណា បានជំរុញឱ្យអ្នកប្រើប្រាស់បង្កើនការសន្សំប្រាក់របស់ពួកគេ»។ ជាថ្មីម្តងទៀត ហេតុផលនៅពីក្រោយការធ្លាក់ចុះនៃតម្រូវការមានជាប់ទាក់ទងច្រើននឹងធនាគារកណ្តាលអាមេរិក។

    ធនាគារកណ្ដាលអាមេរិកដែលដឹកនាំដោយលោក Jerome Powell កំពុងបង្កើនអត្រាការប្រាក់យ៉ាងខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា បើទោះបីជាវាមានហានិភ័យក្នុងការបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចក៏ដោយ។

    អត្រាការប្រាក់បានកើនឡើងក្នុងល្បឿនលឿនជាប្រវត្តិសាស្ត្រ, បានជំរុញឱ្យអត្រាប្រាក់កម្ចីទិញផ្ទះកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេលជាង ១ ទសវត្សរ៍ និងបានធ្វើឱ្យបណ្តាអាជីវកម្មជួបប្រទះនឹងការលំបាកកាន់តែខ្លាំងក្នុងការពង្រីកខ្លួន។នៅទីបំផុត ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាចនឹងធ្វើឱ្យការចំណាយមានការធ្លាក់ចុះ ក៏ប៉ុន្តែក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់កំពុងជួបប្រទះនឹងអត្រាការប្រាក់កម្ចីដ៏ខ្ពស់ បូករួមនឹងការកើនឡើងនៃតម្លៃទំនិញ ជាពិសេសនៅពេលនិយាយដល់ទំនិញសំខាន់ៗដូចជាអាហារ និងលំនៅដ្ឋាន។

    ជនជាតិអាមេរិកបានចាយប្រាក់របស់ពួកគេនៅក្នុងអំឡុងពេលបិទខ្ទប់នៅឆ្នាំ ២០២០ ដែលជាហេតុផ្តល់ថាមពលដល់សេដ្ឋកិច្ចនៅក្នុងអំឡុងពេលនោះ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ជំនួយរបស់រដ្ឋាភិបាលបានរីងស្ងួត ហើយបញ្ហាអតិផរណាក៏បានចាប់ផ្តើម ដោយបានជំរុញឱ្យតម្លៃកើនឡើងក្នុងអត្រាលឿនបំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំ និងបាននាំមកនូវការកាត់បន្ថយថាមពលចំណាយរបស់អ្នកប្រើប្រាស់។

    ៣. បណ្តាសាជីវកម្មអាមេរិកបានរងនូវការធ្លាក់ចុះប្រាក់ចំណូល និងត្រូវកាត់បន្ថយការចំណាយ

    ទោះជាយ៉ាងណាក៏ដោយ បណ្តាអាជីវកម្មនានានៅតែអាចបន្តរីកលូតលាស់បាននៅក្នុងវិស័យឧស្សាហកម្មជាច្រើននៅក្នុងសម័យវីរុសកូវីដ-១៩ បើទោះបីជាអត្រាអតិផរណាស្ថិតនៅកម្រិតដ៏ខ្ពស់ជាប្រវត្តិសាស្ត្រក៏ដោយ។ ប៉ុន្តែប្រាក់ចំណូលអាចនឹងមិនមានស្ថិរភាពឡើយ។ នៅពាក់កណ្តាលខែកញ្ញា ក្រុមហ៊ុន FedEx ដែលមានប្រតិបត្តិការនៅក្នុងប្រទេសជាង ២០០ បានកែប្រែទស្សនវិស័យរបស់ខ្លួន ជាមួយនិងការព្រមានថា «តម្រូវការកំពុងធ្លាក់ចុះ ហើយប្រាក់ចំណូលអាចនឹងធ្លាក់ចុះជាង ៤០%»។

    ជា​មួយ​នឹង​ការ​បោះ​ជំហាន​ជា​សាកល​របស់​ខ្លួន ក្រុមហ៊ុន FedEx គឺ​ជា​អ្នកទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់មួយ។ ការកែសម្រួលទស្សនទានរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីវិបិត្តសេដ្ឋកិច្ចជាថ្មីនៅ Wall Street ។

    នៅក្នុងបទសម្ភាសន៍មួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនត្រូវបានសួរថា «តើលោកយល់ថា ការធ្លាក់ចុះនេះគឺជាសញ្ញានៃវិបត្តិសេដ្ឋកិច្ចពិភពលោកដែរឬទេ»។ លោកបានឆ្លើយតបថា «ខ្ញុំគិតដូច្នេះ ពីព្រោះតួលេខទាំង នេះគឺមិនល្អទេ»។ ក្រុមហ៊ុន FedEx មិនមែនជាស្ថាប័នតែមួយគត់ដែលកំពុងជួបប្រទះនឹងបញ្ហានោះទេ ក្នុងនោះកាលពីថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple ក៏បានធ្លាក់ចុះ បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា «ក្រុមហ៊ុនកំពុងលុបចោលផែនការក្នុងការបង្កើនការផលិតទូរស័ព្ទ iPhone 14 បន្ទាប់ពីតម្រូវការបានធ្លាក់ចុះទាបជាងការរំពឹងទុក»។

    ៤. ការធ្លាក់ចុះនៃទីផ្សារភាគហ៊ុន

    ទីផ្សារ Wall Street បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ហើយឥឡូវនេះភាគហ៊ុនកំពុងស្ថិតនៅក្នុងកម្រិតដ៏អាក្រក់បំផុត បើគិតចាប់តាំងពីឆ្នាំ ២០០៨ មក។ ទីផ្សារភាគហ៊ុនបានរីកចម្រើននៅឆ្នាំ ២០២១ ដោយក្នុង នោះ ទីផ្សារ S&P 500 បានកើនឡើង ២៧% ដោយសារសាច់ប្រាក់ដែលត្រូវបានបញ្ចេញដោយធនាគារកណ្តាលអាមេរិកតាមរយៈគោលនយោបាយបន្ធូរបន្ថយរូបិយវត្ថុទ្វេរដងនៅឆ្នាំ ២០២០ ដើម្បីជួយការពារទីផ្សារហិរញ្ញវត្ថុពីការដួលរលំ។

    ភាពវិជ្ជមាននេះ បានបន្តរហូតដល់ដើមឆ្នាំ ២០២២។ ប៉ុន្តែនៅពេលដែលបញ្ហាអតិផរណាបានចាប់ផ្តើម ធនាគារកណ្តាលអាមេរិកបានចាប់ផ្តើមបង្កើនអត្រាការប្រាក់ និងបានបន្ធូរបន្ថយយន្តការទិញមូលបត្របំណុលរបស់ខ្លួន។ ទីផ្សារ S&P500 ដែលជារង្វាស់ដ៏ធំទូលាយបំផុតរបស់ Wall Street បានធ្លាក់ចុះជិត ២៤% នៅឆ្នាំនេះ។ សន្ទស្សន៍សំខាន់ៗទាំង៣ របស់សហរដ្ឋអាមេរិកក៏បានរងនូវការធ្លាក់ចុះផងដែរ ដែលយ៉ាងហោចណាស់ក៏ ២០% ពីកម្រិតខ្ពស់បំផុតដែរ។

    សន្ទស្សន៍សំខាន់ៗទាំង ៣ នៃទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក កំពុងធ្លាក់ចុះ ដែលយ៉ាងហោចណាស់ក៏ ២០% ពីកម្រិតខ្ពស់បំផុតនាពេលថ្មីៗនេះដែរ។

    កាន់តែអាក្រក់ជាងនេះ ទីផ្សារមូលបត្របំណុលដែលជាទូទៅគឺជាជម្រកដ៏មានសុវត្ថិភាពសម្រាប់អ្នកវិនិយោគ នៅពេលដែលភាគហ៊ុននិងទ្រព្យសកម្មផ្សេងទៀតធ្លាក់ចុះ ក៏កំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះផងដែរ។ អត្រាអតិផរណា រួមជាមួយនិងការកើនឡើងយ៉ាងខ្លាំងនៃអត្រាការប្រាក់របស់ធនាគារកណ្តាលបានជំរុញឱ្យតម្លៃសញ្ញាបណ្ណ (Bond) ធ្លាក់ចុះ ដែលបណ្តាលឱ្យផលចំណេញពីសញ្ញាបណ្ណមានការកើនឡើង។ កាលពីថ្ងៃពុធ ទិន្នផលនៅក្រសួងរតនាគារអាមេរិកបានកើនឡើងដល់ទៅ ៤% ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៤ ឆ្នាំ។

    ផលចំណេញពីសញ្ញាបណ្ណអឺរ៉ុប ក៏កំពុងកើនឡើងផងដែរ នៅពេលដែលធនាគារកណ្តាលបានអនុវត្តតាមធនាគារកណ្តាលអាមេរិក ក្នុងការបង្កើនអត្រាការប្រាក់ដើម្បីបង្កើនតម្លៃរូបិយបណ្ណផ្ទាល់ខ្លួនរបស់ពួកគេ។ ដូច្នេះ វានៅមានកន្លែងសុវត្ថិភាពមួយចំនួនសម្រាប់អ្នកវិនិយោគក្នុងការដាក់ប្រាក់របស់ពួកគេនៅពេលនេះ ហើយវាអាចនឹងមិនរងនូវការផ្លាស់ប្តូរណាមួយទេ រហូតដល់អតិផរណាពិភពលោកស្ថិតនៅក្រោមការគ្រប់គ្រង ហើយធនាគារកណ្តាលនានាបន្ធូរបន្ថយការរឹតបន្តឹងរបស់ពួកគេ។

    ៥. សង្គ្រាម, ការឡើងថ្លៃទំនិញ និងការខ្វែងគំនិតគ្នាទាក់ទងនឹងគោលនយោបាយ

    គ្មានប្រទេសណាមួយដែលបានរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងនយោបាយធ្ងន់ធ្ងរខ្លាំងដូចចក្រភពអង់គ្លេសនោះទេ។ ដូចបណ្តាប្រទេសដទៃទៀតនៅក្នុងពិភពលោកដែរ ចក្រភពអង់គ្លេសបានប្រឈមមុខនឹងឡើងថ្លៃទំនិញ ដែលភាគច្រើនបណ្តាលមកពីវីរុសកូវីដ-១៩ និងបន្ទាប់មកដោយសារការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ នៅពេលដែលលោកខាងលិចបានកាត់ផ្តាច់ការនាំចូលឧស្ម័នធម្មជាតិរបស់រុស្ស៊ី តម្លៃថាមពលក៏បានកើនឡើង ហើយការផ្គត់ផ្គង់ក៏បានធ្លាក់ចុះ។

    ប៉ុន្តែកាលពី ១ សប្តាហ៍មុន រដ្ឋាភិបាលថ្មីរបស់លោកស្រីនាយករដ្ឋមន្ត្រី Liz Truss ដែលទើបនឹងឡើងកាន់អំណាច បានប្រកាសអំពីផែនការកាត់បន្ថយពន្ធយ៉ាងទូលំទូលាយ បើទោះបីជាមានការរិះគន់ពីសំណាក់សេដ្ឋវិទូជាច្រើនក៏ដោយ។ រដ្ឋបាលរបស់លោកស្រី Truss បាននិយាយថា «ខ្លួននឹងកាត់បន្ថយពន្ធសម្រាប់ប្រជាជនអង់គ្លេសទាំងអស់ ដើម្បីលើកទឹកចិត្តដល់ការចំណាយ និងការវិនិយោគ ក៏ដូចជាដើម្បីកាត់បន្ថយផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច»។

    ប៉ុន្តែការកាត់បន្ថយពន្ធ នឹងមិនទទួលបានការផ្តល់មូលនិធិនោះទេ ដែលនេះមានន័យថា «រដ្ឋាភិបាលត្រូវការខ្ចីបំណុល ដើម្បីផ្តល់ហិរញ្ញប្បទានដល់សកម្មភាពនេះ»។ ការសម្រេចចិត្តនេះបានបង្កការភ័យស្លន់ស្លោនៅក្នុងទីផ្សារហិរញ្ញវត្ថុ និងបានធ្វើឱ្យ Downing Street ប្រឈមមុខនឹងការប៉ះទង្គិចជាមួយធនាគារកណ្តាលអង់គ្លេស។ វិនិយោគិននៅជុំវិញពិភពលោកបានលក់មូលបត្របំណុលរបស់ចក្រភពអង់គ្លេស ដែលបានរងនូវការធ្លាក់ចុះតម្លៃដល់កម្រិតទាបបំផុត បើធៀបនឹងប្រាក់ដុល្លារនៅក្នុងរយៈពេលជិត ២៣០ ឆ្នាំកន្លងមកនេះ។

    ធនាគារកណ្តាលអង់គ្លេសបានធ្វើអន្តរាគមបន្ទាន់មួយ ដោយបានប្រមូលទិញមូលបត្របំណុលរបស់ចក្រភពអង់គ្លេស ដើម្បីស្តារសណ្តាប់ធ្នាប់នៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែឥទ្ធិពលនៃភាពចលាចលកំពុងបន្តរីករាលដាលទៅកាន់ទីកន្លែងផ្សេងៗទៀត។ ប្រជាជនអង់គ្លេសដែលកំពុងស្ថិតក្នុងវិបត្តិតម្លៃរស់នៅរួចស្រេចទៅហើយនោះ កំពុងមានការភ័យស្លន់ស្លោរកាន់តែខ្លាំងចំពោះការកើនឡើងតម្លៃនៃការខ្ចីប្រាក់ដែលអាចធ្វើឱ្យការបង់រំលោះប្រចាំខែរបស់ម្ចាស់ផ្ទះរាប់លាននាក់ កើនឡើងដល់រាប់រយ ឬរាប់ពាន់ផោន។

    បើទោះបីជាមនុស្សជាច្រើនបានយល់ស្របថា «វិបត្តិសេដ្ឋកិច្ចសកលទំនងជានឹងកើតឡើងនៅឆ្នាំ ២០២៣» ក៏ដោយ ក៏វានៅតែមានការលំបាកក្នុងការទស្សន៍ទាយអំពីកម្រិតធ្ងន់ធ្ងរនៃវិបត្តិនេះ ក៏ដូចជារយៈពេលដែលវិបត្តិសេដ្ឋកិច្ចនេះអាចនឹងអូសបន្លាយដែរ។ មិនមែនគ្រប់វិបត្តិសេដ្ឋកិច្ចទាំងអស់សុទ្ធតែមានលក្ខណៈធ្ងន់ធ្ងរខ្លាំងដូចវិបត្តិ «Great Recession» ឆ្នាំ ២០០៧-២០០៩ នោះទេ ក៏ប៉ុន្តែគ្រប់វិបត្តិសេដ្ឋកិច្ចតែងតែនាំមកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ បណ្តាប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ដែលមានទីផ្សារការងារដ៏រឹងមាំ បូករួមនិងអ្នកប្រើប្រាស់ប្រកបដោយភាពធន់ ទំនងជាអាចទប់ទល់នឹងការវាយប្រហារបានល្អប្រសើរជាងប្រទេសដទៃទៀត។

    សេដ្ឋវិទូបានសរសេរនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងរបាយការណ៍មួយនៅសប្តាហ៍នេះថា «យើងកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយមិនច្បាស់លាស់។ ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក និងសម្រាប់ប្រជាជនភាគច្រើននៃពិភពលោក គឺមានសភាពខ្មៅងងឹត។ បញ្ហាប្រឈមនឹងក្លាយជាតេស្តសាកល្បងលើភាពធន់នៃសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែ វាក៏អាចនាំមកនូវរឿងល្អខ្លះដែរ។ វិបត្តិអាចជំរុញការផ្លាស់ប្តូរ ដែលនៅទីបំផុត អាចនាំមកនូវការពង្រឹងស្តង់ដារនៃការរស់នៅ និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានភាពរឹងមាំ»។

    អ្នកនាង Rima Bhatia ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ធនាគារ «Gulf International Bank» បាននិយាយថា «អាជីវកម្មនានាត្រូវតែផ្លាស់ប្តូរ។ រឿងនេះត្រូវបានលើកឡើងចាប់តាំងពីវីរុសរាតត្បាតបានចាប់ផ្តើម។ បណ្តាអាជីវកម្មមិនអាចបន្តដើរលើផ្លូវដែលខ្លួនធ្លាប់បានដើរទៀតនោះទេ។ នេះអាចជាឱកាស ហើយនេះគឺជាលាភនៅក្នុងគ្រោះ»៕

    CNN Business