ខ្មែរប៉ុស្ដិ៍ Close

មូលនិធិសកលរកឃើញសក្តានុពលនៅក្នុងកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 384
មូលនិធិសកលរកឃើញសក្តានុពលនៅក្នុងកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មូលនិធិសកលរកឃើញសក្តានុពលនៅក្នុងកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

ធនាគារិក និងអ្នកវិភាគបាននិយាយថា «ក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនអចលនទ្រព្យនានា នឹងវិនិយោគប្រាក់រាប់ពាន់លានដុល្លារលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយសារទស្សនវិស័យ, ស្ថិរភាពនៃកំណើននិងផលចំណេញយូរអង្វែង»។

ទិន្នន័យបានបង្ហាញថា «នៅឆ្នាំនេះ ទំហំនៃការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា និងការទិញយកក្រុមហ៊ុននៅក្នុងវិស័យនេះមានការកើនឡើង ហើយកិច្ចព្រមព្រៀងល្អៗជាច្រើនអាចនឹងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយជាគោលដៅវិនិយោគដ៏ត្រចះត្រចង់សម្រាប់មូលនិធិសកល»។

ប្រតិបត្តិករទូរគមនាគមន៍នៅក្នុងប្រទេសហ្វីលីពីន និងក្រុមហ៊ុនផ្តល់សេវាទូរសព្ទនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលកំពុងប្រឈមមុខនឹងប្រាក់កម្រៃដ៏ស្ដួចស្ដើង និងបន្ទុកបំណុលដ៏ធ្ងន់ធ្ងរ ដែលក្នុងនោះរួមមានទាំងក្រុមហ៊ុន PLDT (TEL.PS) ផងនោះ បានធ្វើប្រតិបត្តិការលក់និងជួលអត់តែនសេវាទូរសព្ទបានរាប់ពាន់កន្លែង។

លោកស្រី Ee-Ching Tay ដែលជាប្រធានផ្នែកធនាគារវិនិយោគសម្រាប់តំបន់អាស៊ីអាគ្នេយ៍ នៅក្រុមហ៊ុន Barclays បាននិយាយថា «តំបន់អាស៊ីអាគ្នេយ៍គឺជាទីផ្សារដែលកំពុងមានតម្រូវការខ្ពស់ ដោយសារតែទស្សនទានកំណើនដ៏គួរឱ្យទាក់ទាញសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ»។

បើតាមទិន្នន័យរបស់ក្រុមហ៊ុន Refinitiv «រហូតមកដល់ពេលនេះ កិច្ចព្រមព្រៀងប្រមាណ ២១០ ដែលផ្តោតលើវិស័យឧស្សាហកម្ម និងទូរគមនាគមន៍ នៅតំបន់អាស៊ីអាគ្នេយ៍ត្រូវបានប្រកាស ដោយបានកើនឡើង ២៦ គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។ វាមានលក្ខៈផ្ទុយគ្នាពីការធ្លាក់ចុះចំនួន ៩% នៅគ្រប់វិស័យទាំងអស់នៅក្នុងតំបន់។

ប្រភពស្និទ្ធនឹងបញ្ហានេះបានឱ្យដឹងថា «ក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យរបស់ម៉ាឡេស៊ី Time Dotcom Bhd (TCOM.KL) ដែលបានទាក់ទាញការដេញថ្លៃពីក្រុមហ៊ុន DigitalBridge Group (DBRG.N) និងក្រុមហ៊ុនទិន្នន័យអាមេរិក Equinix (EQIX.O) អាចមានកិច្ចព្រមព្រៀងដែលមានតម្លៃ ៦០០ លានដុល្លារអាមេរិក»។

ជាមួយនិងកំណើនសេដ្ឋកិច្ចដ៏រឹងមាំ តំបន់អាស៊ីអាគ្នេយ៍បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិនិយោគខ្លាំងជាងតំបន់ផ្សេងៗទៀតដែលកំពុងទទលបានកំណើនយឺត ខណៈពេលដែលអ្នកបង្កើតគោលនយោបាយកំពុងប្រយុទ្ធប្រឆាំងនឹងអតិផរណា។

ឥណ្ឌូណេស៊ីដែលមានសេដ្ឋកិច្ចធំជាងគេនៅក្នុងតំបន់ បានរាយការណ៍អំពីកំណើន GDP ចំនួន ៥,៤% នៅចន្លោះខែមេសាដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ដែលជាល្បឿនមួយដ៏លឿនបំផុតក្នុងមួយឆ្នាំ ខណៈពេលដែលប្រទេសវៀតណាមបានទទួលនូវកំណើនចំនួន ១៣,៧% នៅក្នុងត្រីមាសទី៣ ដែលជាល្បឿនមួយដ៏លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ប៉ុន្តែ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានកំណត់កំណើនសេដ្ឋកិច្ចទាំងមូលរបស់តំបន់អាស៊ីមកនៅត្រឹម ៤,២% នៅឆ្នាំនេះ។ លោក Michael De Guzman ដែលជានាយកគ្រប់គ្រងនៃក្រុមហេដ្ឋារចនាសម្ព័ន្ធ KKR បាននិយាយថា «កត្តាអំណោយផលដែលជំរុញវិស័យហេដ្ធារចនាសម្ព័ន្ធ និងការរីកស្គុសស្គាយនៃនគរូបនីយកម្ម និងការប្រើប្រាស់ ក៏បានជួយបង្កើនឱកាសវិនិយោគផងដែរនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។

ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគបានព្រមានថា «បទប្បញ្ញត្តិ និងហានិភ័យផ្សេងទៀតនៅតែបន្តកើតមានដែលទាមទារឱ្យវិនិយោគិនត្រូវស្វែងយល់បន្ថែម»។ លោក Sharad Somani ដែលជាប្រធានផ្នែកប្រឹក្សា ហេដ្ឋារចនាសម្ព័ន្ធប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន KPMG បាននិយាយថា «ទីផ្សារដែលមិនមានលទ្ធភាពផ្តល់នូវគម្រោងល្អៗ ឬមិនមានបទប្បញ្ញត្តិ និងច្បាប់ច្បាស់លាស់អាចបង្កការរារាំងដល់សមត្ថភាពក្នុងការទាក់ទាញមូលធនបម្រុង»។

ទោះជាយ៉ាងណា វានៅតែមានសញ្ញាជាច្រើនដែលបង្ហាញថា «មូលនិធិសកលនៅតែមានការប្តេជ្ញាចិត្តចំពោះវិស័យនេះ»។ ក្រុមហ៊ុន KKR បាននិយាយកាលពីខែមុនថា «ខ្លួនរៃអង្គាសប្រាក់បានជាង ៤ ពាន់លានដុល្លារសម្រាប់មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ីចុងក្រោយបំផុតរបស់ខ្លួនដែលជាមូលនិធិ ដ៏ធំបំផុតនៅក្នុងតំបន់»។

កិច្ចព្រមព្រៀង M&A ធំៗមួយចំនួនត្រូវបានចុះរួចហើយនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បូករួមទាំងប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីនផងដែរ។ កាលពីខែមេសា ក្រុមហ៊ុន Edotco ដែលជាអង្គភា​ពអង់តែនគ្មានខ្សែរបស់ក្រុមហ៊ុន Axita របស់ម៉ាឡេស៊ី (AXIA.KL) និងក្រុមហ៊ុន EdgePoint Infrastructure បានយល់ព្រមទិញអង់តែនសេវាទូរសព្ទរាប់ពាន់ និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធពីក្រុមហ៊ុន PLDT ក្នុងតម្លៃ ១,៣៥ ពាន់លានដុល្លារ។

កាលពីខែមុន គូប្រជែងរបស់ក្រុមហ៊ុន PLDT Globe Telecom (GLO.PS) បានចុះកិច្ចព្រមព្រៀងលក់ និងជួលដាច់ដោយឡែកមួយ នូវអង់តែនសេវាទូរសព្ទរាប់ពាន់ ជាមួយនិងក្រុមហ៊ុន Frontier Towers ដែលគាំទ្រដោយក្រុមហ៊ុន KKR និងក្រុមហ៊ុន Stonepeak របស់សហរដ្ឋអាមេរិក៕

Reuters

អត្ថបទទាក់ទង