ខ្មែរប៉ុស្ដិ៍ Close

សង្គ្រាមត្រជាក់បានវិលត្រឡប់មកវិញហើយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 840
សង្គ្រាមត្រជាក់បានវិលត្រឡប់មកវិញហើយ សង្គ្រាមត្រជាក់បានវិលត្រឡប់មកវិញហើយ

សង្គ្រាមរបស់លោក Vladimir Putin នៅអ៊ុយក្រែនគឺជា «ចេតនាក្នុងការវិលត្រឡប់ទៅរកពេលមួយដែលប្រទេសរុស្ស៊ីគឺជាមហាអំណាចដែលគ្រប់គ្រងលើភាគខាងកើតនៃតំបន់អឺរ៉ុប»។ ប៉ុន្តែលោក Putin មានមោទនភាពជ្រុលពេកទៅលើសមត្ថភាពខ្លួនឯង។

តថភាពជាក់ស្តែងនៅក្នុងប្រទេសអ៊ុយក្រែនបានលាតត្រដាងឱ្យឃើញថា «សង្គ្រាមដែលត្រូវបានជំរុញឡើងដោយភាពអាឡោះអាល័យចំពោះការដឹកនាំតាមបែបអធិរាជ (ស្តេច Czar) គឺជារឿងដ៏ខុសឆ្គង»។ បើទោះបីជាយើងនៅមិនអាចដឹងបាននៅឡើយថា «តើសង្គ្រាមនេះនឹងត្រូវបញ្ចប់ទៅដោយរបៀបណា ឬតើវានឹងឆក់យកអាយុជីវិតមនុស្សប៉ុន្មាននាក់ទៀត» ក៏ដោយ ក៏វាបានបង្ហាញយ៉ាងច្បាស់រួចទៅហើយថា «លោក Putin នឹងមិនអាចទទួលបានជ័យជំនះនោះទេ ទាំងនៅលើសមរភូមិ និងនៅលើឆាកអន្តរជាតិ»។

ជាមួយនឹងការគំរាមចុងក្រោយរបស់លោក Putin ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងការចល័តទាហានប្រមាណ ៣០០ ០០០ នាក់ លោកបានបង្ហាញចេញនូវភាពទន់ខ្សោយផ្ទាល់របស់លោក និងស្ថានភាពដ៏ស្មុគស្មាញនៅលើសមរភូមិអ៊ុយក្រែន ដែលលោកកំពុងជួបប្រទះ។ នៅពេលដែល «ប្រតិបត្តិការយោធាពិសេស» របស់លោកបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅពេលនេះលោកPutin គ្មានជម្រើសអ្វីក្រៅតែពីការប្រែក្លាយសមរភូមិឱ្យទៅជា «សង្គ្រាមយ៉ាងពេញទំហឹង» ជាមួយនឹងការប្រើប្រាស់នូវធនធានយុទ្ធសាស្ត្រទាំងអស់របស់រុស្ស៊ី បូករួមទាំងឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរ។

ប្រសិនបើលោក Putin ពិតជារំលោភលើបទដ្ឋានអាវុធនុយក្លេអ៊ែរដែលត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ ១៩៤៥ មកមែននោះ លោកនឹងប្រែក្លាយប្រទេសរុស្ស៊ីឱ្យទៅជារដ្ឋឯកកោ (Pariah State) នៅលើឆាកអន្តរជាតិ។ ប្រទេសឥណ្ឌានិងចិន នឹងមិនដើរតាមផ្លូវរបស់លោក Putin នោះទេ ហើយសហរដ្ឋអាមេរិក និងអង្គការ NATO ក៏នឹងមិនអត់ឱនឱ្យសកម្មភាពដ៏គ្រោះថ្នាក់នេះដែរ ខណៈដែលពួកគេបានបង្ហាញសញ្ញារួចហើយថា «ពួកគេនឹងចាត់វិធានការឆ្លើយតបផ្នែកយោធាដើម្បីធានាថា ប្រទេសរុស្ស៊ីនឹងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពរបស់ខ្លួន»។

សម្រាប់លោក Putin ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនឹងក្លាយជាជំហានឆ្ពោះទៅរកភាពបរាជ័យ។ ប៉ុន្តែ «តើបញ្ហានេះនឹងមានន័យបែបណាសម្រាប់អឺរ៉ុប?» ដោយសារតែរុស្ស៊ី និងសហភាពអឺរ៉ុបនឹងនៅតែជាប្រទេសជិតខាង បើទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ពលរដ្ឋអឺរ៉ុបនឹងបន្តចាត់ទុករុស្ស៊ីជា «ការគំរាមដ៏ចម្បង»។ ខណៈពេលដែលរុស្ស៊ីកំពុងធ្វើសង្គ្រាមដើម្បីព្យាយាមលុបបំបាត់អ៊ុយក្រែនចេញពីផែនទីពិភពលោក ក្តីសង្ឃឹមសម្រាប់សន្តិភាពនិងស្ថិរភាព យូរអង្វែងកំពុងរងនូវការបំផ្លិចបំផ្លាញ។

សង្គ្រាមត្រជាក់បានវិលត្រឡប់មកវិញ ហើយការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែររបស់លោក Putin មានន័យថា «សង្គ្រាមអាចប្រែក្លាយទៅជាក្តៅ»។ អឺរ៉ុបត្រូវតែទទួលស្គាល់នូវតថភាពនេះ និងអនុវត្តវិធានការផ្លាស់ប្តូររយៈពេលវែងដើម្បីសម្របខ្លួនទៅនឹងបញ្ហានេះ។ ផ្លូវឆ្ពោះទៅរកការក្លាយជាមហាអំណាចសម្រាប់សហភាពអឺរ៉ុប គឺស្ថិតនៅឆ្ងាយណាស់។

បើទោះបីជាអឺរ៉ុប មានភាពរឹងមាំខាងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាក៏ដោយ ក៏ពួកគេនៅទន់ខ្សោយណាស់ ទាក់ទងនឹងភូមិសាស្ត្រនយោបាយ ដែលមួយភាគធំបណ្តាលមកពីការបែកបាក់ និងជម្លោះផ្ទៃក្នុង។ មហន្តរាយនៃសង្គ្រាមលោកលើកទី២ បានជំរុញឱ្យមានការចាប់ផ្តើមដំណើរការនៃការបង្រួបបង្រួមអឺរ៉ុប ដែលបានឈានទៅដល់ការបង្កើត «សហភាពអឺរ៉ុប» និងដែលបាននាំមកនូវសេរីភាពនៃការធ្វើដំណើររូបិយបណ្ណរួមនិងទីផ្សាររួម។

ប៉ុន្តែសមាហរណកម្មនយោបាយកាន់តែស៊ីជម្រៅនៅ មិនទាន់អាចសម្រេចបាននៅឡើយទេ។ ខណៈដែលតថភាពនៃសង្គ្រាមត្រជាក់លើកទី២ បានបង្ហាញខ្លួនឡើង រឿងរ៉ាវទាំងអស់នឹងរងនូវការផ្លាស់ប្តូរ។ សមាហរណកម្មនយោបាយគឺជារឿងដ៏ចាំបាច់ដែលអឺរ៉ុបត្រូវតែសម្រេចឱ្យបានប្រសិនបើខ្លួនមិនចង់បន្តរស់នៅក្រោមការគំរាមកំហែងជាប្រចាំ។

អង្គការ NATO នឹងនៅតែរឹងមាំ ប្រសិនបើអឺរ៉ុបអាចពង្រឹងទំនាក់ទំនងអន្តរអាត្លង់ទិករបស់ពួកគេ ហើយពួកគេអាចរួមចំណែកកាន់តែធំដល់ការការពារ និងការទប់ស្កាត់រួមគ្នា តាមរយៈការរួមកម្លាំងនយោបាយ។ សង្គ្រាមឈ្លានពានរបស់លោក Putin នៅអ៊ុយក្រែនបានបង្ហាញថា «សហរដ្ឋអាមេរិកពិតជាមានសារៈសំខាន់ចំពោះសមត្ថភាពការពាររបស់អឺរ៉ុប»។

ប៉ុន្តែការដឹកនាំរបស់ Donald Trump បានបង្កឱ្យមានការសង្ស័យលើភាពអាចពឹងពាក់បានរបស់សហរដ្ឋអាមេរិក។ ប្រធានាធិបតី Joe Biden បានគាំទ្រយ៉ាងពេញទំហឹងលើគោលការណ៍នៃសាមគ្គីភាពអន្តរអាតាឡង់ទិក និងបានបន្តផ្តល់នូវការគាំទ្រដល់អង្គការ NATO ក៏ប៉ុន្តែតើអ្នកដឹកនាំសេតវិមានបន្ទាប់នឹងបន្តធ្វើដូចបែបនេះទៀតដែរឬទេ?

ការគំរាមកំហែងថ្មីចំពោះព្រំដែនភាគខាងកើតរបស់អឺរ៉ុបនឹងផ្លាស់ប្តូរការផ្តោតការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ទៅកាន់ទិសខាងកើត។ ក្រៅតែពីការក្លាយជាសហគមន៍ដែលមានច្បាប់រួមនិងមានទីផ្សាររួម សហភាពអឺរ៉ុបត្រូវតែក្លាយជាសហគមន៍សន្តិសុខរួម បើទោះបីជាវាអាចមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយអង្គការ NATO ក៏ដោយ។ សម្រាប់ពេលនេះ ការងារដ៏បន្ទាន់មួយគឺ «ការបញ្ចៀសការគំរាមដ៏ស្រួចស្រាល់ ដែលបង្កឡើងដោយសង្គ្រាម និងដែលអាចជះឥទ្ធិពលអាក្រក់ចំពោះតំបន់អឺរ៉ុប»។

ប៉ុន្តែសម្រាប់រយៈពេលវែង អឺរ៉ុបចាំបាច់ត្រូវតែធ្វើការផ្លាស់ប្តូរផ្នែកស្ថាប័នដើម្បីអាចឈានទៅបង្កើតឱ្យមានក្របខណ្ឌសន្តិសុខប្រកបដោយប្រសិទ្ធភាព។ ពេលនេះ ដោយសារតែលោក Putin បាននិងកំពុងបំផ្លាញក្តីសង្ឃឹមចំពោះសន្តិភាព អឺរ៉ុបត្រូវតែសម្របខ្លួនតាមតថភាពជាក់ស្តែងនេះ ហើយជាថ្មីម្តងទៀត «សេរីភាព, លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខរបស់តំបន់អឺរ៉ុប មិនគួរត្រូវបានចាត់ទុកជារឿងលេងសើចនោះទេ»៕

Project Syndicate

អត្ថបទទាក់ទង