ខ្មែរប៉ុស្ដិ៍ Close

    ការជជែកដេញដោលរបស់ចិនអំពីគោលគំនិត «សេដ្ឋកិច្ចដែលផ្តោតលើប្រជាជន» គឺជាសញ្ញានៃបញ្ហាសម្រាប់ការធ្វើកំណែទម្រង់ទីផ្សា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1150
    ការជជែកដេញដោលរបស់ចិនអំពីគោលគំនិត «សេដ្ឋកិច្ចដែលផ្តោតលើប្រជាជន» គឺជាសញ្ញានៃបញ្ហាសម្រាប់ការធ្វើកំណែទម្រង់ទីផ្សាការជជែកដេញដោលរបស់ចិនអំពីគោលគំនិត «សេដ្ឋកិច្ចដែលផ្តោតលើប្រជាជន» គឺជាសញ្ញានៃបញ្ហាសម្រាប់ការធ្វើកំណែទម្រង់ទីផ្សា

    ការជជែកវែកញែកអំពីគំរូសេដ្ឋកិច្ចនៅពេលអនាគតរបស់ប្រទេសចិន មិនគួរកើតមានឡើងនោះទេ ក៏ប៉ុន្តែឥឡូវនេះ នៅពេលដែលវាបានកើតឡើងហើយ វាគួរតែទទួលបានការយកចិត្តទុកដាក់ខ្លាំង។ គណបក្សកុម្មុយនិស្តចិនបានបញ្ចប់នូវការជជែកដេញដោលគ្នាជាផ្លូវការអំពីមាគ៌ាសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងឆ្នាំ ១៩៩២ ។

    គោលបំណងនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិនគឺ «ការកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយម» ស្របតាមអ្វីដែលអតីតប្រធានគណបក្ស គឺលោក Jiang Zemin បានប្រកាស ហើយបើនិយាយឱ្យចំទៅគឺ «ប្រទេសចិននឹងស្វាគមន៍ចំពោះការបើកចំហទីផ្សារ»។

    ចាប់តាំងពីពេលនោះមក មនុស្សជាច្រើនបានព្យាយាមកំណត់និយមន័យនៃពាក្យ «សេដ្ឋកិច្ចទីផ្សារសង្គមនិយម» សម្រាប់ប្រទេសចិន ហើយនៅក្នុងឆ្នាំ ២០១៣ គណបក្សកុម្មុយនិស្តចិនក៏បានដាក់ចេញនូវបញ្ជីសកម្មភាពមួយដ៏វែងអន្លាយមួយ ដែលត្រូវធ្វើដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រព័ន្ធខាងលើនេះ។

    គំរូសេដ្ឋកិច្ចនេះត្រូវបានគេលើកយកមកជជែកដេញដោលដោយបើកចំហជាថ្មីម្តងទៀត បន្ទាប់ពីមានការបញ្ចេញមតិពីសំណាក់សេដ្ឋវិទូមួយរូបដែលមាននិន្នាការការពារសិទ្ធិរបស់កសិករ។ វាប្រៀបដូចជាពាក្យស្លោកមួយឃ្លារបស់ជនជាតិចិនដែលបានលើកឡើងថា «ផេះដែលរលត់បាត់ទៅហើយ បានឆាបឆេះឡើងមកវិញ»

    លោក Wen Tiejun បានបំផុសឱ្យមានការជជែកដេញដោលគ្នាឡើងវិញជាមួយនិងការអំពាវនាវឱ្យមានការរៀបចំ «សេដ្ឋកិច្ចដែលផ្តោតលើប្រជាជន» (People-oriented Economy) ដែលចង់សំដៅទៅលើភាពគ្មានការជ្រៀតជ្រែកពីបរទេស ហើយសហគ្រាសនានានឹងផ្តោតលើការអភិវឌ្ឍសហគមន៍ ជាជាងការផ្តោតតែទៅលើការស្វែងរកប្រាក់ចំណេញ។

    សរុបមក លោកកំពុងអំពាវនាវឱ្យប្រទេសចិនវិលត្រឡប់ទៅរកសេដ្ឋកិច្ចផែនការប្រមូលផ្ដុំ (Command Economy) ដូចនៅក្រោមការដឹកនាំរបស់លោក Mao Zedong នៅពេលដែលប្រទេសចិន ត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធពាណិជ្ជកម្មពិភពលោក ហើយសហគ្រាសរដ្ឋ គឺជាអ្នកគ្រប់គ្រងលើសេដ្ឋកិច្ចជាតិ។

    កាលពី ១ ទសវត្សរ៍មុន ទស្សនៈរបស់លោក Wen Tiejun អាចត្រូវបានគេចាត់ទុកជារឿងដ៏គួរឱ្យអស់សំណើច។ ប៉ុន្តែខណៈពេលដែលប្រទេសចិនកំពុងតែជួបប្រទះនឹងបរិយាកាសនយោបាយដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការលើកឡើងរបស់លោកហាក់ដូចជាមានទម្ងន់ជាងមុន ហើយអាចនឹងក្លាយទៅជាជម្រើសគោលនយោបាយដ៏សមហេតុផលមួយសម្រាប់ទីក្រុងប៉េកាំង។

    ប៉ុន្តែ សេដ្ឋវិទូចិនសេរីមួយចំនួនបានចេញមកធ្វើការឆ្លើយតបចំពោះទស្សនៈនេះ ខណៈដែលទីក្រុងប៉េកាំងនៅតែបន្តរក្សាភាពស្ងៀមស្ងាត់។ វាពិតជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភ នៅពេលដែលការជជែកដេញដោល បែបនេះអាចផ្ទុះឡើងបានដោយងាយស្រួល។

    ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសចិននៅក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យគំលាតទ្រព្យសម្បត្តិកើនឡើងកាន់តែខ្លាំង ហើយភាពអយុត្តិធម៌នៅក្នុងសង្គមក៏បានកើតមានកាន់តែជាច្រើន ដែលជាហេតុធ្វើឱ្យសំឡេងប្រឆាំងនឹងទីផ្សារ, មូលធន និងសហគ្រិនឯកជន កាន់តែមានការកើនឡើងដែរ។

    វាពិតជាដល់ពេលហើយដែលប្រទេសចិនត្រូវធ្វើការត្រួតពិនិត្យឱ្យបានម៉ត់ចត់លើបញ្ហាគំលាតទ្រព្យសម្បត្តិ ក៏ប៉ុន្តែគេពិតជាមិនអាចបន្ទោសតែទៅលើសហគ្រិនឯកជនបាននោះទេ។ ជាក់ស្តែង បញ្ហាគំលាតទ្រព្យសម្បត្តិភាគច្រើន គឺបណ្តាលមកពីកង្វះការការពារទ្រព្យសម្បត្តិឯកជន និងយន្តការទីផ្សារដ៏យុត្តិធម៌។ ហេតុផលមួយដែលធ្វើឱ្យកសិករចិនមានភាពក្រីក្រជាងអ្នករស់នៅទីក្រុងគឺដោយសារតែពួកគេត្រូវបានដកហូតសិទ្ធិក្នុងការទទួលបាននូវអត្ថប្រយោជន៍ពីដីដែលពួកគេកាន់កាប់។

    គំនិត «សេដ្ឋកិច្ចដែលផ្តោតលើប្រជាជន» គឺជាការក្បត់នឹងកំណែទម្រង់ ដែលបាននាំមកនូវអព្ភូតហេតុសេដ្ឋកិច្ចដ៏អស្ចារ្យនៅក្នុងប្រទេសចិន។ គំនិតនេះមិនអាចផ្តល់នូវវិធីសាស្រ្តជាក់ស្តែងដែលអាចជួយឱ្យប្រទេសចិនសម្រេចបាននូវគោលដៅដ៏មហិច្ឆតារបស់ខ្លួននោះទេ៕

    South China Morning Post

    អត្ថបទទាក់ទង