ខ្មែរប៉ុស្ដិ៍ Close

    បណ្ដាប្រទេសអាស៊ាន​នឹង​រង​ផលប៉ះ​ពាល់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1803
    បណ្ដាប្រទេសអាស៊ាន​នឹង​រង​ផលប៉ះ​ពាល់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣បណ្ដាប្រទេសអាស៊ាន​នឹង​រង​ផលប៉ះ​ពាល់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣

    សេដ្ឋវិទូបានកែសម្រួលការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៥ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារការព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនជាសកល ចំពេលកើតមានការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក។

    បើយោងតាមការស្ទង់មតិប្រចាំត្រីមាសចុងក្រោយដោយមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន និងក្រុមហ៊ុន Nikkei កាលពីខែកញ្ញា «GDP របស់ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី និងថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងអត្រា ៤,៣% នៅឆ្នាំ ២០២៣»។ តួលេខនេះបានបង្ហាញពីការធ្លាក់ចុះ បើប្រៀបធៀបនឹងអត្រា ៤,៨% នៅក្នុងការស្ទង់មតិកាលពីខែមិថុនា។

    កំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ត្រូវបានទម្លាក់វិញ ដោយក្នុងនោះទស្សនវិស័យកំណើនសម្រាប់ឥណ្ឌូណេស៊ីត្រូវបានកាត់បន្ថយពី ៥,១% មកនៅត្រឹម ៤,៩%, ម៉ាឡេស៊ី ពី ៤,៦% មកនៅត្រឹម ៤,០%, ហ្វីលីពីន ពី ៥,៦% មកនៅត្រឹម ៥,៤%, សិង្ហបុរី ពី ៣,៥%មកនៅត្រឹម ២,២% និងប្រទេសថៃពី ៤,៤% មកនៅត្រឹម ៣,៧%។

    ធនាគារកណ្តាលអាមេរិកអាចនឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងអតិផរណា ហើយតម្លៃរូបិយបណ្ណរបស់តំបន់អាស៊ីត្រូវបានគេរំពឹងថា នឹងបន្តរងនូវការធ្លាក់ចុះដែលជាហេតុនឹងជំរុញឱ្យបណ្ដាធនាគារកណ្តាលនាំគ្នាបង្កើនអត្រាការប្រាក់។

    នៅពេលដែលធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាការប្រាក់ក្នុងកម្រិត ០,៧៥% កាលពីខែកញ្ញា ធនាគារកណ្តាលនៅក្នុងប្រទេសថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងហ្វីលីពីន ក៏បានចាត់វិធានការដូចគ្នានេះដែរ។ កាលពីខែកក្កដា អាជ្ញាធររូបិយវត្ថុសិង្ហបុរីក៏បានរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ខ្លួនផងដែរ។

    សេដ្ឋវិទូមួយចំនួនបាននិយាយថា «ការធ្លាក់ចុះនៃកំណើននិងការប្រើប្រាស់នៅសហរដ្ឋអាមេរិក អាចធ្វើឱ្យការនាំចេញពីតំបន់អាស៊ីរងនូវការធ្លាក់ចុះ ដែលនឹងដាក់បន្ទុកកាន់តែខ្លាំងលើកំណើនរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំក្រោយ»។ លោក Amonthep Chawla ដែលជាប្រធានផ្នែកស្រាវជ្រាវនៅធនាគារ CIMB Thai បាននិយាយថា «ការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីការរឹតបន្តឹងរូបិយវត្ថុរបស់សហរដ្ឋអាមេរិក អាចបង្កផលប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសថៃ»។

    លោក Tirthankar Patnaik ដែលជាប្រធានសេដ្ឋវិទូនៅទីផ្សារហ៊ុនជាតិរបស់ឥណ្ឌា បាននិយាយថា «សេដ្ឋកិច្ចរបស់អាមេរិកកំពុងឈានឆ្ពោះទៅរកវិបត្តិ ហើយវានឹងជះឥទ្ធិពលមកលើតម្រូវការសកល ហើយអាចនឹងនាំមកនូវការធ្លាក់ចុះនៃកំណើនរបស់ប្រទេសឥណ្ឌា»។

    ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចរបស់ចិនក៏បានដាក់សម្ពាធបន្ថែមមកលើតំបន់អាស៊ីអាគ្នេយ៍ផងដែរ ខណៈដែលប្រទេសនេះនៅមិនទាន់បានបង្ហាញសញ្ញាណាមួយពាក់ព័ន្ធនឹងការបន្ធូរបន្ថយគោលនយោបាយ «Zero COVID» ដ៏តឹងរ៉ឹងរបស់ខ្លួន នៅចំពេលកើតមានការព្រួយបារម្ភអំពីវិបត្តិនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះនៅឡើយទេ។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសអាស៊ីជាច្រើន និងជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសមួយចំនួនទៀតផង។

    សេដ្ឋវិទូនានាបានចាត់ទុកការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិនជាហានិភ័យដ៏ធំបំផុតសម្រាប់ប្រទេសថៃ ក៏ដូចជាសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ីផងដែរ។ នៅក្នុងការស្ទង់មតិលើកមុន សេដ្ឋវិទូបានហៅការធ្លាក់ចុះនៃកំណើនរបស់ប្រទេសចិនថាជាហានិភ័យមួយក្នុងចំណោមហានិភ័យកំពូលទាំង៣ ចំពោះសេដ្ឋកិច្ចថៃនៅក្នុងរយៈពេល ១២ ខែខាងមុខ។

    លោក Manu Bhaskaran ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន Centennial Asia Advisors របស់សិង្ហបុរី បានព្រមានថា «ហានិភ័យទាក់ទងនឹងប្រទេសចិននឹងក្លាយជាកត្តាផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនិងផលប៉ះពាល់សំខាន់ៗមួយចំនួនដូចជាការបិទខ្ទប់, បរិត្តផរណានៅក្នុងវិស័យអចលនទ្រព្យ, ការកើនឡើងនៃភាពតានតឹងផ្នែកហិរញ្ញវត្ថុ និងការបង្ក្រាបលើក្រុមហ៊ុនបច្ចេកវិទ្យា»។

    លោក Mohd Sedek Jantan ដែលជាប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាទ្រព្យសម្បត្តិនៅក្រុមហ៊ុន «UOB Kay Hian Wealth Advisors» បាននិយាយថា «នៅក្នុងប្រទេសម៉ាឡេស៊ី ដែលបានចាត់ទុក ប្រទេសចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន ការធ្លាក់ចុះនៃកំណើននៅក្នុងប្រទេសចិនបានបង្កផលប៉ះពាល់ដល់វិស័យ និងក្រុមហ៊ុនជាក់លាក់មួយចំនួននៅក្នុងស្រុក ពីព្រោះប្រទេសចិនមានចំណែកប្រមាណ ៤០% នៃការនាំចេញសរុបរបស់ម៉ាឡេស៊ី»។

    លោក Amonthep ដែលមកពីធនាគារ CIMB Thai បាននិយាយថា «សម្រាប់ប្រទេសថៃ ការធ្លាក់ចុះនៃទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិននឹងកាត់បន្ថយទស្សនវិស័យសម្រាប់វិស័យទេសចរណ៍នៅឆ្នាំ ២០២៣ បើទោះបីជាមានការរំពឹងទុកអំពីការបើកឡើងវិញ របស់ប្រទេសចិនក៏ដោយ»។ ជនជាតិចិនគឺជាក្រុមអ្នកទេសចរដែលបានមកទស្សនាប្រទេសថៃច្រើនជាងគេ ហើយប្រទេសថៃក៏បានពឹងផ្អែកខ្លាំងផងដែរលើវិស័យមួយនេះសម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

    ក្រៅ​ពី​វិស័យសេដ្ឋកិច្ច ហានិភ័យផ្នែកភូមិសាស្ត្រ​នយោបាយនៅកោះ​តៃវ៉ាន់ ក៏​ជាក្ដីបារម្ភ​សម្រាប់​ប្រទេស​ជិត​ខាង​មួយ​ចំនួនផង​ដែរ។ លោក Ruben Carlo O. Asuncion ដែលជាប្រធានសេដ្ឋវិទូនៅធនាគារ Union Bank នៅក្នុងប្រទេសហ្វីលីពីន បាននិយាយថា «វិបត្តិនៅច្រកសមុទ្រតៃវ៉ាន់គឺជាហានិភ័យភូមិសាស្ត្រនយោបាយមួយទៀត ដែលយើងកំពុងតែផ្តោតការយកចិត្តទុកដាក់ជាចម្បង ដោយសារតែកោះនេះគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយខាងផ្នែកវត្ថុធាតុដើម និងទំនិញប្រើប្រាស់»។

    លោក Asuncion បានបន្តថា «វិបត្តិដ៏ធំនៅក្នុងប្រទេសជិតខាងនឹងបង្កឱ្យមានវិបត្តិអតិផរណាសម្រាប់សេដ្ឋកិច្ចហ្វីលីពីន»។ សម្រាប់រយៈពេលពេញមួយឆ្នាំ ២០២២ សេដ្ឋវិទូនានាបានព្យាករណ៍ថា «បណ្ដាប្រទេសដែលមានសេដ្ឋកិច្ចធំៗទាំង៥ នៅតំបន់អាស៊ីអាគ្នេយ៍នឹងមានកំណើនចំនួន ៥%» ដោយក្នុងនោះ ពួកគេរំពឹងថា «ឥណ្ឌូណេស៊ីនឹងកើនឡើងក្នុងអត្រា ៥,១%, ម៉ាឡេស៊ី ៦,៩%, ហ្វីលីពីន ៦,៥%, សិង្ហបុរី ៣,៨% និងប្រទេសថៃ ៣,២%»៕

    Nikkei Asia