ខ្មែរប៉ុស្ដិ៍ Close

    មូលហេតុ ៥ យ៉ាង​ដែល​បញ្ជាក់ថា ​សេដ្ឋកិច្ច​របស់ចិនកំពុង​ជួប​បញ្ហា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1557
    មូលហេតុ ៥ យ៉ាង​ដែល​បញ្ជាក់ថា ​សេដ្ឋកិច្ច​របស់ចិនកំពុង​ជួប​បញ្ហាមូលហេតុ ៥ យ៉ាង​ដែល​បញ្ជាក់ថា ​សេដ្ឋកិច្ច​របស់ចិនកំពុង​ជួប​បញ្ហា

    សេដ្ឋកិច្ចរបស់ចិនកំពុងធ្លាក់ចុះ ដោយសារប្រទេសនេះសម្របខ្លួនទៅនឹងយុទ្ធសាស្ត្របិទខ្ទប់ Zero Covid ដ៏តឹងរ៉ឹង គួបផ្សុំនឹងការថមថយនៃតម្រូវការពិភពលោក។

    គេរំពឹងថា តួលេខនៃកំណើនផ្លូវការរបស់ចិននៅត្រីមាសទី៣ នឹងចេញក្នុងពេលឆាប់ៗនេះ ពោលគឺបើប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី២ មួយនេះមានកំណើនអវិជ្ជមាន នោះឱកាសក្នុងការកើតមានវិបត្តិសេដ្ឋកិច្ចសកលនឹងកើនឡើងខ្ពស់។

    គោលដៅរបស់ទីក្រុងប៉េកាំងក្នុងការរក្សាឱ្យបាននូវអត្រាកំណើនប្រចាំឆ្នាំក្នុងរង្វង់ ៥,៥% ឥឡូវនេះគឺនៅឆ្ងាយណាស់ បើទោះបីជាមន្ត្រីរបស់ចិនមិនសូវឱ្យតម្លៃក្នុងការបំពេញទៅតាមគោលដៅក៏ដោយ។ ប្រទេស​ចិន​បានបញ្ចៀសពី​កំណើនអវិជ្ជមាន​បានយ៉ាងស្ដួចស្ដើងបំផុតកាលពី​ត្រីមាសទី២ កន្លងទៅ។ នៅឆ្នាំនេះ អ្នកសេដ្ឋកិច្ចមួយចំនួនមិនរំពឹងទេថា សេដ្ឋកិច្ចប្រទេសចិននឹងមានកំណើន។

    ប្រទេសចិនប្រហែលជាមិនមែនកំពុងប្រឈមមុខនឹងអតិផរណាដ៏ធ្ងន់ធ្ងរដូចនៅសហរដ្ឋអាមេរិក និងនៅចក្រភពអង់គ្លេសនោះទេ ប៉ុន្តែប្រទេសនេះមានបញ្ហាផ្សេងទៀតដែលត្រូវប្រឈម ពោលគឺប្រទេសដែលជារោងចក្រនៃពិភពលោកមួយនេះ ភ្លាមៗស្រាប់តែថយចុះនូវចំនួនអតិថិជនដែលបញ្ជាទិញផលិតផលរបស់ខ្លួន ទាំងក្នុងស្រុក និងក្រៅស្រុក។ ភាព​តានតឹង​នៃការធ្វើពាណិជ្ជកម្ម​រវាង​ប្រទេសចិននិង​បណ្ដាប្រទេស​ដែល មានសេដ្ឋកិច្ច​ធំៗ​ផ្សេងទៀត ដូចជា​អាមេរិក​ជាដើម ក៏​កំពុង​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់ប្រទេសនេះផងដែរ។

    ប្រាក់​យ័ន​កំពុង​តែស្ថិត​ក្នុងផ្លូវទៅរកឆ្នាំ​ដ៏​អាក្រក់​បំផុតមិនធ្លាប់មាននៅក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ ពោលគឺតម្លៃរស់វាធ្លាក់ចុះខ្លាំង បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។ រូបិយបណ្ណទន់ខ្សោយជាហេតុធ្វើឱ្យអ្នកវិនិយោគមានភាពខ្លាចរអាក្នុងការវិនិយោគនៅក្នុងទីផ្សារហិរញ្ញវត្ថុដែលមានភាពមិនច្បាស់លាស់ ហើយវាក៏ធ្វើឱ្យធនាគារកណ្ដាលជួបការលំបាកផងដែរ ក្នុងការចាក់បញ្ចូលប្រាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ច។

    បញ្ហាទាំងអស់នេះកំពុងកើតឡើងនៅចំពេលដែលបន្ទុករបស់លោកប្រធានាធិបតី Xi Jinping កាន់តែមានទម្ងន់ធ្ងន់ខ្លាំង ពោលគឺគេរំពឹងថា រូបលោកនឹងជាប់ឆ្នោតនៅអាណត្តិទី៣ នៅឯសមាជបក្សកុម្មុយនីស្តចិន (CPC) ដែលនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ។

    ដូច្នេះ​តើ​អ្វី​ទៅ​ដែលជា​កំហុសដ៏ពិតប្រាកដ?

    ១. នយោបាយ Zero Covid គឺជាមូលហេតុនៃការបំផ្លិចបំផ្លាញដ៏ធំ

    ការផ្ទុះឡើងនៃករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងជាច្រើនរួមទាំងនៅមជ្ឈមណ្ឌលឧស្សាហកម្មមួយចំនួនផង ដូចជា Shenzhen និង Tianjin ផងនោះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចនៅវិស័យជាច្រើន។

    ប្រជាជនចិនក៏នឹងមិនចំណាយប្រាក់ក្នុងការទិញម្ហូបអាហារនិងភេសជ្ជៈ, មិនបានចំណាយលើវិស័យលក់រាយ ឬការធ្វើទេសចរ ដែលជាហេតុធ្វើឱ្យវិស័យសេវាកម្មសំខាន់ៗមួយចំនួនត្រូវរងសម្ពាធ។

    ខាងផ្នែកវាយនភណ្ឌវិញ បើយោងតាមការិយាល័យស្ថិតិជាតិចិន សកម្មភាពរបស់រោងចក្រហាក់ដូចជាបានកើនឡើងវិញកាលពីខែកញ្ញា។ ការ​ស្ទុះ​ងើប​ឡើង​វិញនេះ ​អាច​ដោយសារតែ​រដ្ឋាភិបាលចិន​បាននិងកំពុងចំណាយ​ច្រើន​ជាងមុនលើ​វិស័យហេដ្ឋារចនាសម្ព័ន្ធ។

    ប៉ុន្តែការស្ទុះងើបឡើងវិញនេះទើបតែបានកើតឡើងបន្ទាប់ពីបាននៅទ្រឹងអស់រយៈពេល ២ ខែ។ ចំណុចនេះបានចោទឡើងជាសំណួរជាច្រើន ជាពិសេសចាប់តាំងពីមានការស្ទង់មតិឯកជនមួយដែលបង្ហាញថា សកម្មភាពរោងចក្រពិតជាបានធ្លាក់ចុះកាលពីខែកញ្ញា ជាមួយនឹងតម្រូវការឱ្យមានទិន្នផលខ្ពស់, ការបញ្ជាទិញថ្មីៗ និងការមានការងារធ្វើ។

    តម្រូវការនៅក្នុងប្រទេសជាច្រើន តួយ៉ាងដូចជាសហរដ្ឋអាមេរិកជាដើម ក៏បានធ្លាក់ចុះផងដែរ ដោយសារតែអត្រាការប្រាក់ខ្ពស់, អតិផរណាកើនឡើង និងសង្រ្គាមនៅអ៊ុយក្រែន។ អ្នកជំនាញនានាយល់ស្របថា ទីក្រុងប៉េកាំងអាចធ្វើបានច្រើនជាងនេះដើម្បីជំរុញឱ្យសេដ្ឋកិច្ចស្ទុះងើបឡើងវិញ ប៉ុន្តែគេមានហេតុផលតិចតួចណាស់ក្នុងការអាចធ្វើដូច្នេះបាន ដរាបណានយោបាយ Zero Covid នៅតែបន្តអនុវត្ត។ លោក Louis Kuijs ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីនៅទីភ្នាក់ងារ S&P Global Ratings បាននិយាយថា «វាមិនមានន័យអ្វីនោះទេក្នុងការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងចរន្តសេដ្ឋកិច្ច ប្រសិនបើអាជីវកម្មនានាមិនអាចធ្វើ
    ការពង្រីកបាន ហើយមនុស្សម្នានៅតែមិនអាចចំណាយប្រាក់បាននោះ»។

    ២. ទីក្រុងប៉េកាំងមិនបានចាត់វិធានការឱ្យបានគ្រប់គ្រាន់នៅឡើយទេ

    កាលពីខែសីហា ទីក្រុងប៉េកាំងបានបោះជំហានចូលក្នុងបញ្ហានេះដោយបានប្រកាសចំណាយថវិកាប្រមាន ២០៣ ពាន់លានដុល្លារដើម្បីជំរុញអាជីវកម្មខ្នាតតូច, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអចលនទ្រព្យ។ ប៉ុន្តែ​មន្ត្រី​នានារបស់ចិនអាច​ធ្វើ​បាន​ច្រើន​ជាងនេះទៀត ​ដើម្បី​ជំរុញ​ឱ្យមានការ​ចំណាយ​ឲ្យ​បានតាម​គោលដៅ​កំណើន និង​ដើម្បីបង្កើត​ការងារ។

    លោកប្រធានាធិបតីចិន Xi Jinping

    វិធានការបន្ថែមទាំងនោះ រួមបញ្ចូលទាំងការវិនិយោគបន្ថែមទៀតទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ, ការបន្ធូរបន្ថយលក្ខខណ្ឌនៃការខ្ចីប្រាក់សម្រាប់អ្នកទិញផ្ទះ, សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងសម្រាប់រដ្ឋាភិបាលក្នុងតំបន់ ព្រមទាំងការបន្ធូរបន្ថយពន្ធសម្រាប់គ្រួសារជាដើម។

    លោក Kuijs បាននិយាយថា «ការឆ្លើយតបរបស់រដ្ឋាភិបាលចិនចំពោះភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ច នៅមានកម្រិតតិចតួចនៅឡើយបើប្រៀបធៀបទៅនឹងអ្វីដែលយើងបានឃើញកាលពីអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ចលើកមុនៗ»។

    ៣. ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កំពុង​ស្ថិតនៅ​ក្នុង​វិបត្តិ

    សកម្មភាពដ៏ទន់ខ្សោយនៅក្នុងវិស័យអចលនទ្រព្យ និងអារម្មណ៍អវិជ្ជមាននៅក្នុងវិស័យលំនៅដ្ឋាន ពិតជាបាននិងកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ចិនធ្លាក់ចុះ។

    ប្រការនេះបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិនយ៉ាងធ្ងន់ធ្ងរដោយសារតែវិស័យអចលនទ្រព្យ និងវិស័យផ្សេងៗទៀតដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច មានទំហំដល់ទៅ ១/៣ នៃ GDP របស់ប្រទេសចិន។ លោក Kuijs បាននិយាយថា «នៅពេលដែលទំនុកចិត្តនៅក្នុងទីផ្សារលំនៅដ្ឋានចុះខ្សោយ វាបានធ្វើឱ្យមនុស្សមានអារម្មណ៍មិនប្រាកដប្រជានោះទេ អំពីស្ថានភាពសេដ្ឋកិច្ចទាំងមូល»។

    អ្នកទិញផ្ទះជាច្រើននាក់បានបដិសេធមិនបង់ប្រាក់ចំពោះអគារដែលសាងសង់មិនទាន់រួចរាល់ ហើយខ្លះទៀតសង្ស័យថា ផ្ទះរបស់ពួកគេនឹងមិនបញ្ចប់ការសាងសង់នោះឡើយ។ តម្រូវ​ការ​ផ្ទះ​ថ្មីធ្លាក់​ចុះ ជាហេតុធ្វើអោយមានការកាត់​បន្ថយនូវការ​នាំ​ចូល​ទំនិញ​ដែល​ប្រើ​ក្នុង​វិស័យសំណង់។

    បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការជំរុញទីផ្សារអចលនទ្រព្យក៏ដោយ ក៏តម្លៃផ្ទះនៅក្នុងទីក្រុងជាច្រើនបានធ្លាក់ចុះជាង ២០% ដែរនៅឆ្នាំនេះ។ នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យស្ថិតក្រោមសម្ពាធ អ្នកវិភាគបាននិយាយថា អាជ្ញាធរចិនប្រហែលជាត្រូវចាត់វិធានការឱ្យបានច្រើនជាងនេះទៀតដើម្បីស្តារទំនុកចិត្តនៅក្នុងទីផ្សារអចលនទ្រព្យឡើងវិញ។

    វិបត្តិ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ

    ៤. ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យបញ្ហាកាន់តែអាក្រក់ជាងមុន

    អាកាសធាតុ​ប្រែប្រួលខ្លាំង​កំពុង​ចាប់ផ្តើមបង្កផលប៉ះពាល់​យូរអង្វែង​ដល់​ឧស្សាហកម្ម​របស់​ចិន។

    រលកកម្ដៅដ៏ធ្ងន់ធ្ងរមួយដែលអមជាមួយនិងគ្រោះរាំងស្ងួតផងនោះ បានវាយប្រហារខេត្តស៊ីឈួនដែលនៅភាគនិរតី និងទីក្រុង Chongqing នៅភាគកណ្តាលនៃប្រទេសចិនកាលពីខែសីហា។ ដោយសារតែតម្រូវការម៉ាស៊ីនត្រជាក់មានការកើនឡើង វាបានធ្វើឱ្យបណ្តាញអគ្គិសនីនៅក្នុងតំបន់ដែលពឹងផ្អែកទាំងស្រុងទៅលើវារីអគ្គិសនី ជួបបញ្ហាក្នុងការផ្គត់ផ្គង់។

    រោងចក្រជាច្រើន រួមទាំងក្រុមហ៊ុនវាយនភណ្ឌធំៗ ដូចជាក្រុមហ៊ុនផលិតទូរសព្ទ iPhone, ក្រុមហ៊ុន Foxconn និងក្រុមហ៊ុន Tesla ត្រូវបង្ខំចិត្តកាត់បន្ថយម៉ោងធ្វើការ ឬត្រូវបិទដំណើរការទាំងស្រុង។ ការិយាល័យស្ថិតិរបស់ប្រទេសចិនបាននិយាយកាលពីខែសីហាថា ប្រាក់ចំណេញនៅក្នុងឧស្សាហកម្មដែក និងដែកថែបតែមួយមុខបានធ្លាក់ចុះជាង ៨០% ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

    នៅទីបំផុត ទីក្រុងប៉េកាំងបានចាត់វិធានការជួយសង្គ្រោះជាមួយនិងទឹកប្រាក់រាប់សិបពាន់លានដុល្លារ ដើម្បីគាំទ្រដល់ក្រុមហ៊ុនថាមពល និងកសិករ។

    ៥. ក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់ចិនកំពុងបាត់បង់អ្នកវិនិយោគ

    ការបង្រ្កាបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ខរបស់ប្រទេសចិនតាមរយៈបទបញ្ញត្តិក្នុងរយៈពេល ២ឆ្នាំមកនេះ មិនអាចជួយអ្វីបាននោះទេ។

    ក្រុមហ៊ុន Tencent និង Alibaba បានរាយការណ៍អំពីការធ្លាក់ចុះនៃប្រាក់ចំណូលដំបូងរបស់ពួកគេនៅក្នុងត្រីមាសចុងក្រោយនេះ ពោលគឺប្រាក់ចំណេញរបស់ក្រុមហ៊ុន Tencent បានធ្លាក់ចុះ ៥០% ខណៈដែលប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Alibaba បានធ្លាក់ចុះពាក់កណ្តាល។

    កម្មករវ័យក្មេងរាប់ម៉ឺននាក់បានបាត់បង់ការងារធ្វើ ដែលជាការបន្ថែមបន្ទុកទៅលើវិបត្តិការងារដែលមានស្រាប់ ដែលក្នុងនោះមនុស្សដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំចំនួន ២០% គ្មានការងារធ្វើ។ ការនេះអាចធ្វើឱ្យប៉ះពាល់ដល់ផលិតភាព និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងរយៈពេលវែង។

    វិនិយោគិនជាច្រើនក៏កំពុងទទួលអារម្មណ៍ពីការផ្លាស់ប្តូរមួយនៅក្នុងទីក្រុងប៉េកាំងផងដែរ ពោលគឺក្រុមហ៊ុនឯកជនដ៏ជោគជ័យបំផុតមួយចំនួនរបស់ប្រទេសចិនបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងជាងមុន នៅពេលដែលលោក Xi កាន់តែក្ដោបក្ដាប់អំណាច។ នៅពេលដែលក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ហាក់ដូចជាទទួលបាននូវការអនុគ្រោះជាង អ្នកវិនិយោគបរទេសជាច្រើននឹងដកដើមទុនរបស់ពួកគេចេញពីប្រទេសចិន។

    ជាក់ស្ដែង ក្រុមហ៊ុនវិនិយោគ Softbank របស់ជប៉ុនបានដកសាច់ប្រាក់យ៉ាងច្រើនពីក្រុមហ៊ុន Alibaba ខណៈដែលក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffet ក៏កំពុងលក់ភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ផងដែរ។ គ្រាន់តែនៅឆមាសទី២ នៃឆ្នាំនេះប៉ុណ្ណោះ វិនិយោគិនបានដកប្រាក់ប្រមាណជាង ៧ ពាន់លានដុល្លារចេញពីក្រុមហ៊ុន Tencent ទៅហើយ។

    មិនតែប៉ុណ្ណោះ សហរដ្ឋ​អាមេរិក​កំពុង​តែ​បង្ក្រាប​ក្រុមហ៊ុន​ចិន​ដែល​បានចុះ​បញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់ខ្លួនទៀតផង។ ទីភ្នាក់ងារ S&P Global Ratings បាននិយាយនៅក្នុងកំណត់ត្រាថ្មីៗនេះថា «ការសម្រេចចិត្តវិនិយោគមួយចំនួននៅក្នុងប្រទេសចិន កំពុងត្រូវបានពន្យារពេលហើយក្រុមហ៊ុនបរទេសមួយចំនួនកំពុងស្វែងរកការពង្រីកផលិតកម្មរបស់ពួកគេនៅក្នុងប្រទេសផ្សេងទៀត»។

    ពិភពលោក​កំពុង​តែស៊ាំទៅនឹងការពិតដែលថា ​ទីក្រុង​ប៉េកាំង​អាច​នឹងលែងបើក​ចំហ​សម្រាប់​អាជីវកម្ម ដូច​ពេល​មុនទៀតហើយ ប៉ុន្តែ​នោះគឺជាការបង្ហាញថា លោក Xi កំពុង​តែប្រថុយ​ប្រថាននឹង​ការធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ច ​ដែល​ជាកត្តាធ្វើឱ្យចិនកាន់តែមានអំណាចនៅក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះប៉ុណ្ណោះ៕

    BBC News