ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 660
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា

    នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបិទមហាសន្និបាតកាយរឹទ្ធិជាតិកម្ពុជា។

    ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាងកន្លះម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

    1. សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា អនុម័តជាឯកច្ឆ័ន្ទអញ្ជើញធ្វើជាគរុគុណនៃកាយរឹទិ្ធជាតិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការសម្រេចនេះ។
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងកាយរឹទ្ធិជាតិកម្ពុជាដែលបាន ខិតខំប្រឹងប្រែងជំរុញចលនាកាយរឹទិ្ធជាតិកម្ពុជា ឱ្យមានការរីកចម្រើនដូចបណ្តាប្រទេសនានា ដោយបានកសាងកម្លាំងបន្តវេនប្រកបដោយសក្តានុពល និងមានភក្តីភាពជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចអភិវឌ្ឍជាតិមាតុភូមិ។
    3. សម្តេចតេជោ ហ៊ុន សែន បានឧទ្ទិសសមិទ្ធផលរបស់កាយរឹទ្ធិជាតិកម្ពុជា ជូនសម្តេចវិបុលបញ្ញា សុខ អាន ព្រមទាំងកាយរឹទ្ធាចារ្យដែលបានខិតខំ និងលះបង់កម្លាំងកាយចិត្តដើម្បីអភិវឌ្ឍចលនាកាយរឹទិ្ធជាតិកម្ពុជារយៈពេល កន្លងមក ។
    4. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ១៩៩៩ សម្តេចបានជួបពិភាក្សាជាមួយលោក គីម គូយ៉ុង អតីតនាយកការិយាល័យ អង្គការពិភពលោកនៃចលនាកាយរឹទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីរៀបចំចលនាកាយរឹទិ្ធជាតិកម្ពុជា។
    5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីពេលនោះមក សម្តេចវិបុលបញ្ញា សុខ អាន បានចូលរួមចំណែកយ៉ាងសំខាន់រហូតរៀបចំបាននូវមហាន្និបាតលើកទី១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០០៦ និងបានដឹកនាំចលនានេះ រហូតបានទទួលស្គាល់ជាសមាជិកពេញសិទ្ធិរបស់អង្គការពិភពលោកនៃចលនាកាយរឹទិ្ធនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០០៨។
    6. ពេលមានប្រសាសន៍ដល់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីផលលំបាកកើតចេញពីសង្គ្រាម គឺមិនត្រឹមតែនាំមកនូវភាពខ្ទេចខ្ទាំរបស់ជាតិនោះទេ សូម្បីតែចលនាកាយរឹទ្ធិជាតិកម្ពុជា កាកបាទក្រហមកម្ពុជា និងចលនាផ្សេងៗក៏ត្រូវបានបែងចែកជាបក្ខជាពួក និងដណ្តើមគ្នាទាមទារការទទួលពីស្ថាប័នអន្តរជាតិ។
    7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអត់មានស្តង់ដាទេ គឺមានតែផលប្រយោជន៍។ មានតែកីឡាប៉ុណ្ណោះ ដែលមានស្តង់ដាតែមួយ។
    8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពចំពោះការរីកចម្រើននៃចលនាកាយរឹទិ្ធជាតិកម្ពុជានៅទូទាំងប្រទេស ជាមួយនឹងការកសាងបាននូវសមាជិកកាយរឹទ្ធិក្នុងស្រទាប់កុមារ និងយុវជន ទាំងក្នុងគ្រឹះ- ស្ថានសិក្សា និងសហគមន៍គ្រប់មជ្ឈដ្ឋានប្រមាណជាង ១៧ ម៉ឺននាក់។
    9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាយរឹទិ្ធជាតិកម្ពុជា គឺជាអង្គការចាត់តាំងយុវជន ដ៏សកម្មដែលមានគោលនយោបាយ និងកម្មវិធីច្បាស់លាស់ ធ្វើឱ្យយុវជនកម្ពុជាផ្លាស់ប្តូរឥរិយាបថការរស់នៅ ហើយក្លាយជាពលរដ្ឋល្អ និងជាពលរដ្ឋគំរូ ជាមួយនឹងការចេះយោគយល់អធ្យាស្រ័យគ្នា ចាប់ផ្តើមពីបុគ្គល ក្រុមគ្រួសារនិងសហគមន៍។
    10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពលើការពង្រឹងសកម្មភាពបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ តាមរយៈសកម្មភាពចលនាកាយរឹទ្ធិកម្ពុជាដែលជាកម្លាំងចលករសម្រាប់ ការងារអប់រំ ការហាត់ពត់លត់ដំ ទាំងប្រាជ្ញា ស្មារតី ព្រមទាំងកាយសម្បទា ប្រកបដោយសក្តានុពល រួមជាមួយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ក្លាយជាពលរដ្ឋគំរូ ស្របតាមចក្ខុវិស័យអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ គឺការកសាង ពិភពលោកមួយប្រកបដោយសមត្ថភាពសម្រាប់យុវជនទាំងបច្ចុប្បន្ន និងអនាគត។
    11. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពង្រឹងភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាលជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាពិសេសមេកងឯកភាព ដែលជាសកលវិទ្យាធិការ នាយក នាយិកា គ្រឹះស្ថានសិក្សា-សាធារណៈ និងឯកជនទូទាំងប្រទេស ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស និងពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា។
    12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបតិ្តកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់អាណត្តិទី៤ នេះ ត្រូវបន្តលើកកម្ពស់ការងារអប់រំ និងបណ្តុះ បណ្តាលធនធានយុវជន តាមរយៈការជំរុញចូលរួមក្នុងចលនាកាយរឹទិ្ធ និងអភិវឌ្ឍកម្មវិធីស្វ័យអប់រំខ្លួនឯង ដើម្បីក្លាយជា ពលរដ្ឋកាយរឹទិ្ធ ដែលផ្តល់ផលប្រយោជន៍ចំពោះសង្គមជាតិ។ ត្រូវបន្តរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ឯកសារគតិយុត្ត លិខិតបទដ្ឋានរដ្ឋបាលនានា ដើម្បីធានាប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អ។
    13. សម្តេចតេជោ ហ៊ុន សែន ណែនាំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធ-ជាតិកម្ពុជាថ្នាក់ជាតិ ត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ «គោលនយោបាយ និងកម្មវិធីសម្រាប់កាយរឹទិ្ធរៀមច្បង» និងបង្កើត «ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង» ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ។ គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដើម្បីកសាងកម្លាំងកាយរឹទិ្ធរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួន ដោយធានាទាំងបរិមាណ និងគុណភាព។
    14. សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រឹះស្ថានអប់រំទាំងអស់ឱ្យគិតគូរបង្កើតក្រុមកាយរឹទ្ធិ។
    15. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្ម ដល់មេដឹកនាំកាយរឹទិ្ធតាមបណ្តា គ្រប់កងឯកភាព ស្របតាមកម្រិតបទដ្ឋានអន្តរជាតិឱ្យក្លាយ ជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ក្នុងការរៀបចំផែនការសកម្មភាព និងកម្មវិធីកាយរឹទិ្ធកម្មក្នុងកងឯកភាពរបស់ខ្លួន។
    16. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យកាយរឹទ្ធិជាតិកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់បំផុសសកម្មភាពកាយរឹទិ្ធជាតិកម្ពុជាគ្រប់លំដាប់ថ្នាក់ ស្វែងរកមូលនិធិគ្រាំទ្រ និងរៀបចំព្រឹតិ្តការណ៍ប្រចាំឆ្នាំ ជាមួយនឹងការចូលរួមក្នុងព្រឹតិ្តការណ៍កាយរឹទិ្ធអន្តរជាតិនានា។
    17. សម្តេចតេជោ ហ៊ុន សែន អំពាវនាវសប្បុរសជន វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល បន្តចូលរួមឧបត្ថម្ភជាធនធាន និងមធ្យោបាយនានា ដើម្បីជំរុញចលនាអប់រំ តាមប្រព័ន្ធកាយរឹទិ្ធកម្ម រួមចំណែកលើកកម្ពស់ការអប់រំចំណេះដឹង ជំនាញ និងសីលធម៌ក្នុងស្រទាប់យុវជនកម្ពុជាប្រកបដោយប្រសិទ្ធភាព។
    18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងតបទៅក្រុមប្រឆាំងថា តើអ្នកណាមិនខ្លាចស្លាប់ បើក្រុមប្រឆាំងមិនខ្លាចស្លាប់ មិនមែនរត់ចោលស្រុកនោះទេ។
    19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើលោកិយនេះមិនមាននរណាមិនខ្លាចស្លាប់នោះទេ។ សម្តេចតេជោ បានថ្លែងថា ព្រោះតែខ្លាចស្លាប់នោះហើយ ទើបសម្តេចដឹកនាំចលនាតស៊ូរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍។
    20. សម្តេចតេជោ ហ៊ុន សែន បានតបទៅក្រុមប្រឆាំងច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រី បានចែងថា នាយករដ្ឋមន្ត្រីអាចទូលថ្វាយព្រះមហាក្សត្រ ដើម្បីដកសមាជិករាជរដ្ឋាភិបាល។
    21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាត្រា ១១៩ថ្មី នៃរដ្ឋធម្មនុញ្ញ គឺចែងពីការបង្កើតរាជរដ្ឋាភិបាល៕

    Fresh News

    អត្ថបទទាក់ទង