ខ្មែរប៉ុស្ដិ៍ Close

    វាដល់ពេលហើយដែលមីយ៉ាន់ម៉ាត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1550
    វាដល់ពេលហើយដែលមីយ៉ាន់ម៉ាត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនវាដល់ពេលហើយដែលមីយ៉ាន់ម៉ាត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន

    ចាប់តាំងពីការ បង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦៧ អាស៊ានបានឆ្លងផុតបញ្ហាប្រឈមជាច្រើន ដោយក្នុងនោះបញ្ហាខ្លះត្រូវបានដោះស្រាយយ៉ាងរលូននិងជោគជ័យ ខណៈបញ្ហាខ្លះទៀតក៏ត្រូវបានដោះស្រាយមិន សូវបានល្អ។ ទោះយ៉ាងណាក៏ដោយ ការគំរាមកំហែងដ៏ធំបំផុតចំពោះអាស៊ាននៅពេលបច្ចុប្បន្ននេះគឺកើតចេញមកពីផ្ទៃក្នុងគ្រួសាររបស់អាស៊ានតែម្ដង។

    បន្ទាប់ពីបានចំណាយពេលអស់ ២១ ខែក្នុងការអនុវត្ត «វិធីសាស្ត្ររង់ចាំមើលសិន» ចំពោះស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា «មាគ៌ាអាស៊ាន» បាននាំមកនូវក្តីអាម៉ាស់យ៉ាងខ្លាំងសម្រាប់ប្លុកនេះ។ ដើម្បីបន្តរក្សាសារៈសំខាន់ និងភាពអាចទុកចិត្តបាន ពេលនេះអាស៊ានត្រូវប្រើធម៌ក្ដៅដើម្បីដោះស្រាយបញ្ហាជាមួយសមាជិកគ្រួសារដែលមិនស្ដាប់បង្គាប់។

    គេបានដឹងយ៉ាងច្បាស់ថា «នៅពេលដែលអាស៊ានប្រឈមមុខ នឹងបញ្ហាណាមួយមិនថាជាបញ្ហានយោបាយ, សេដ្ឋកិច្ច ឬសង្គមនោះទេ ប្លុកនេះនឹងប្រើគ្រប់វិធីដើម្បីធានាថា បញ្ហានឹងត្រូវបានដោះស្រាយដោយសន្តិវិធីដោយនឹងមិនធ្វើឱ្យសមាជិកណាម្នាក់រងនូវការខកចិត្ត»។

    អភិក្រមនេះបានដំណើរការទៅយ៉ាងល្អអស់រយៈពេលជាង ៥ ទសវត្សរ៍ ក៏ប៉ុន្តែស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅពេលនេះ កំពុងទាមទារឱ្យមានការចាត់វិធានការដាក់ទណ្ឌកម្មឱ្យបានកាន់តែខ្លាំង បូករួមនឹងការជំរុញការផ្លាស់ប្ដូរដ៏ធំនៅក្នុងការរៀបចំស្ថាប័នរបស់អាស៊ាន។ ការបដិសេធម្ដងហើយម្ដងទៀតរបស់មីយ៉ាន់ម៉ាក្នុងការអនុវត្តគោលការណ៍កុងសង់ស៊ីសទាំង៥ ចំណុច (5PC) បានធ្វើឱ្យបណ្តាប្រទេសអាស៊ានផ្សេងទៀតមានការខកចិត្តជាខ្លាំង។

    ចាប់តាំងពីគោលការណ៍នេះត្រូវបានអនុម័តនៅខែមេសាឆ្នាំមុន និងបន្ទាប់ពីមានការពិគ្រោះយោបល់អស់រយៈពេលដ៏យូរមក របបយោធាបានបន្តអូសបន្លាយពេលវេលាក្នុងការអនុវត្តដោយបានលើកឡើងពីជម្លោះដែលកំពុងបន្តរវាងយោធា និងក្រុមបះបោរនៅតាមតំបន់ផ្សេងៗ។ ក្នុងរយៈពេល ១០ ខែកន្លងមកនេះ លោក ប្រាក់ សុខុន ដែលតំណាងឱ្យប្រធានអាស៊ានបានព្យាយាមជួបជាមួយភាគីពាក់ព័ន្ធមួយចំនួននៅក្នុងជម្លោះ ចំនួន ២លើក ដោយក្នុងនោះរួមមានតំណាងគណបក្សនយោបាយនានា, អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារឯកទេសនានារបស់អង្គការសហប្រជាជាតិ។

    ទោះជាយ៉ាងណា ប្រេសិតពិសេសរបស់អាស៊ានរូបនេះ នៅមិនទាន់បានជួបជាមួយលោកស្រី Aung San Suu Kyi និងអ្នកតំណាងដែលមកពីរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) នៅឡើយទេ។ ការចែកចាយជំនួយមនុស្សធម៌ដល់ពលរដ្ឋមីយ៉ាន់ម៉ាដែលរងផលប៉ះពាល់នៅក្នុងតំបន់ដែលរងគ្រោះដោយជម្លោះ នៅមានភាពយឺតយ៉ាវខ្លាំង ដែលភាគច្រើនដោយសារតែការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើការធ្វើដំណើរដែលត្រូវបានដាក់ដោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃរបបយោធា។

    មកទល់ពេលនេះ មានតែជំនួយតិចតួចប៉ុណ្ណោះ (ដូចជាសម្ភារៈវេជ្ជសាស្រ្ត ដែលចាំបាច់ខ្លាំង) ដែលត្រូវបានបញ្ជូនដោយជោគជ័យទៅកាន់តំបន់ជម្លោះនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា។ បើគ្មានកិច្ចសហប្រតិបត្តិការពីសំណាក់ SAC ទេ មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) នឹងមិនអាចសម្រេចកិច្ចការរបស់ខ្លួនបានទេ។

    កាលពីខែសីហាកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរទៅកាន់មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដោយបានជំរុញឱ្យលោកសហការជាមួយអាស៊ាន និងប្រេសិតពិសេស ដើម្បីធ្វើឱ្យស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។

    ប៉ុន្តែ​ក្រោយ​ពី​ការរង់ចាំអស់​រយៈពេល​ ៥ ​សប្តាហ៍​ទីក្រុង​ភ្នំពេញ​មិន​បានទទួលនូវការ​ឆ្លើយ​តប​វិជ្ជមានណាមួយនោះទេ។ ដោយសារតែកង្វះការសហការពីទីក្រុង Nay PyiTaw ការធ្វើដំណើរជាលើកទី៣ របស់លោក ប្រាក់ សុខុន ក៏ត្រូវបានពន្យារពេល។ បញ្ហានេះក៏បានពន្យល់ផងដែរអំពីមូលហេតុដែលប្រធានអាស៊ានសម្រេចចិត្តមិនអញ្ជើញប្រមុខយោធាមីយ៉ាន់ម៉ាឱ្យមកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលគ្រោងនឹងធ្វើនៅខែក្រោយ។

    កម្ពុជាត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តដ៏លំបាក។ នៅក្នុងលិខិតផ្ញើទៅលោក Min Aung Hlaing លោក ហ៊ុន សែន បានលើកឡើងដោយចំៗ និងបានបន្ទរការអំពាវនាវរបស់លោកកាលពីពេលកន្លងមក និងបានអង្វរឱ្យរបបយោធាបញ្ឈប់ការប្រហារជីវិតសកម្មជនចំនួន ៤ នាក់ដែលបានបង្កឱ្យមានការថ្កោលទោសយ៉ាងធ្ងន់ធ្ងរពីសំណាក់អន្តរជាតិ និងទាំងពីសំណាក់អាស៊ានផងដែរ។

    ប្រធានអាស៊ានបានរំលឹកឡើងវិញថា «ការប្រហារជីវិតសកម្មជនទាំងនោះ បានធ្វើឱ្យអ្នកដែលធ្លាប់ចោទសួរអំពីអភិក្រមរបស់អាស៊ានចំពោះប្រទេសមីយ៉ាន់ម៉ាកាលពីពេលកន្លងទៅ មានហេតុផលក្នុងការលើកឡើងថា ពិភពលោកមិនអាចបន្តចូលរួមជាវិជ្ជមានជាមួយទីក្រុង Nay Pyi Taw បានទេ»។ លោក ហ៊ុន សែន ដែល​បាន​ហៅ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់​មីយ៉ាន់ម៉ា​ថា​ «ជា​បង​ប្អូន» ក៏​បាន​បញ្ជាក់​សារជា​ថ្មី​ទៅ​កាន់​មេដឹកនាំ​របប​យោធា​ថា «សមាជិក​អាស៊ាន​សំខាន់ៗ​មួយ​ចំនួន​បាន​ដាក់​សំណើយ៉ាង​ហោច​ណាស់​ចំនួន​៣ ដើម្បី​ឱ្យមានការដាក់​ទណ្ឌកម្ម​លើប្រទេសមីយ៉ាន់ម៉ា»។

    រឿងទី១ ដែលនឹងកើតឡើងគឺ​មី​យ៉ាន់​ម៉ា​នឹងមិនត្រូវ​បានគេ​អញ្ជើញ​ឱ្យចូលរួមនៅក្នុងគ្រប់​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​អាស៊ាន​ទាំងអស់​។ សម្រាប់ពេលនេះ អ្នកតំណាងមីយ៉ាន់ម៉ានៅតែអាចចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានមួយចំនួន ក៏ប៉ុន្តែនៅ​ពេល​អនាគតពួក​គេ​នឹង​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ចូល​រួមក្នុង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ានទាំង​អស់។

    បន្ថែមពីលើនេះប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបានជំរុញឱ្យអាស៊ានចូលរួមជាផ្លូវការជាមួយរដ្ឋាភិបាល NUG។ ប្រទេសទាំង២ នេះក៏មានផែនការក្នុងការអនុញ្ញាតឱ្យរដ្ឋាភិបាល NUG បង្កើតការិយាល័យតំណាងនៅក្នុងរដ្ឋធានីរបស់ពួកគេដែរ។ នៅទីបំផុត ការអំពាវនាវកាន់តែខ្លាំងឱ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើមីយ៉ាន់ម៉ាក៏បានកើតមាន។

    លោក ហ៊ុន សែន បាន​បញ្ជាក់​នៅក្នុង​លិខិតនោះ​ថា «កម្ពុជា​ប្ដេជ្ញា​ជួយ​មីយ៉ាន់ម៉ា​ឱ្យ​វិល​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ តាម​រយៈ​ការ​ចូល​រួមដែល​មានលក្ខណៈស្របទៅនឹងគោលការណ៍ 5PC និង​​ធម្មនុញ្ញរបស់អាស៊ាន»។ ប្រធានអាស៊ានសង្ឃឹមថា «មេដឹកនាំរបបយោធានឹងផ្តល់កិច្ចសហប្រតិបត្តិការដ៏ពិតប្រាកដ និងប្រកបដោយប្រសិទ្ធភាពដើម្បីឱ្យអាស៊ានអាចក្លាយជាគ្រួសារតែមួយឡើងវិញ»។

    ពាក់ព័ន្ធនឹងការវិវឌ្ឍនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងបើកកិច្ចប្រជុំពិសេសមួយនៅថ្ងៃទី ២៧ ខែតុលា មុនកិច្ចប្រជុំកំពូលអាស៊ានដើម្បីពិភាក្សាអំពីស្ថានភាពរបស់ប្រទេសមីយ៉ាន់ម៉ា និងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាពនៃគោលការណ៍ 5PC។ រដ្ឋមន្ត្រីអាស៊ានគ្រោងនឹងលើកយកមាត្រាទី៧ នៃធម្មនុញ្ញអាស៊ាន បូករួមនឹងបណ្ដាវិធានការនានា ដើម្បីថ្កោលទោសមីយ៉ាន់ម៉ាចំពោះការខកខានមិនបានអនុវត្តគោលការណ៍ 5PC។

    រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​មិន​ដែល​បើកកិច្ចប្រជុំពិភាក្សា​អំពី​វិធានការ​បែប​នេះនោះ​ទេ ចាប់​តាំង​ពី​ប្លុក​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ មាត្រា៧ នៃធម្មនុញ្ញអាស៊ានបានលើកឡើងអំពីតួនាទី និងសារៈសំខាន់នៃកិច្ចប្រជុំកំពូលអាស៊ាន ដោយបានចាត់ទុកវាជាស្ថាប័នបង្កើតគោលនយោបាយកំពូលរបស់អង្គការតំបន់មួយនេះ។ តួនាទីដ៏សំខាន់បំផុតមួយនៃកិច្ចប្រជុំកំពូលអាស៊ានគឺ «ការដោះស្រាយបណ្ដាស្ថានភាពអាសន្នដែលអាចបង្កផលប៉ះពាល់ដល់អាស៊ាន តាមរយៈការចាត់វិធានការសមស្រប»។

    វានៅសល់រយៈពេល ៣០ ថ្ងៃគត់ បើគិតចាប់ពីពេលនេះតទៅដែលក្រុមប្រឹិក្សារដ្ឋបាលរដ្ឋ SAC អាចនៅមានឱកាសក្នុងការវិលមកចូលរួមជាមួយគ្រួសារអាស៊ានឡើងវិញ ពុំនោះទេពួកគេនឹងប្រឈមមុខនឹងការត្រូវផ្ដាច់ខ្លួន។ វានឹងអាស្រ័យលើរបបយោធាក្នុងការធានាថា វឌ្ឍនភាពទាក់ទងនឹងគោលការណ៍ 5PC នឹងអាចកើតមាននៅថ្ងៃខាងមុខ»។ ឧត្តម​សេនីយ៍​ជាន់ខ្ពស់មីយ៉ាន់ម៉ា ពិតជាបានដឹង​យ៉ាងច្បាស់អំ​ពី​អ្វី​ដែល​ខ្លួន​ត្រូវធ្វើពីព្រោះលោក​បាន​ចូល​រួម​ជាមួយ​អាស៊ាន​ចាប់តាំង​ពី​ប្រទេសមីយ៉ាន់ម៉ា​បាន​ចូល​រួម​ជាមួយ​ប្លុក​នេះនៅឆ្នាំ ១៩៩៧។

    ជាក់ស្តែង ការសម្រេចចិត្តណាមួយក្នុងការទម្លាក់ឋានៈរបស់មីយ៉ាន់ម៉ាបន្ថែមទៀតនឹងធ្វើឱ្យប្រទេសនេះកាន់តែឯកោដែលនឹងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងក្នុងចំណោមសមាជិកអាស៊ាន ដែលមានព្រំដែនរួមជាមួយប្រទេសមីយ៉ាន់ម៉ា។ ប្រទេស​ថៃ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​របបយោធា បើទោះបី​ជាបានជួបប្រទះនឹង​ការលំបាក​យ៉ាងណាក៏ដោយ​។

    រដ្ឋាភិបាលថៃកំពុងខិតខំប្រឹងប្រែងនៅពីក្រោយឆាក ដើម្បីបញ្ចុះបញ្ចូលមីយ៉ាន់ម៉ាឱ្យគោរពតាមគោលការណ៍ 5PC។ បន្ទាប់ពីបានចូលកាន់តំណែងឡើងវិញកាលពីសប្ដាហ៍មុន លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha ចង់ធានាឱ្យបានថា «ពេលវេលាដែលនៅសេសសល់នៅក្នុងអាណត្តិរបស់លោក នឹងត្រូវបានគេចងចាំសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើតឱ្យមានសន្តិភាព និងនិរន្តរភាពសេដ្ឋកិច្ច ដោយក្នុងនោះមីយ៉ាន់ម៉ាគឺជា
    អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលៗរបស់លោក»។

    នៅក្នុងរយៈពេល ១០ ខែកន្លងមកនេះ អាស៊ានពិតជាបានបោះជំហានទៅមុខមួយចំនួនក្នុងការបញ្ចុះបញ្ចូលក្រុមប្រឹក្សា SAC ឱ្យដើរតាមគន្លងរបស់អាស៊ាន។ លោក ហ៊ុន សែន បានអំពាវនាវម្តងហើយម្តងទៀតទៅកាន់មេដឹកនាំរបបយោធា ដោយក្នុងនោះ លោកបាននិយាយថា «ក្នុងនាមជាគ្រួសារមួយយើងគួរតែផ្លាស់ប្តូរទស្សនៈ និងចែករំលែកចិត្តគំនិតជាមួយគ្នាដោយបើកចំហ និងដោយស្មោះត្រង់ដើម្បីបម្រើជាប្រយោជន៍ដ៏ល្អសម្រាប់គ្រួសាររបស់យើង»។ ប៉ុន្តែ ពាក្យទាំងនេះហាក់ដូចជាមិនទទួលបាននូវការអើពើទេ។

    ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​អាស៊ាន​បន្ទាប់ពីកម្ពុជា អាចនឹងមានភាពម៉ឺងម៉ាត់​ជាងនេះ ហើយក៏នឹង​មិន​ស្ទាក់ស្ទើរ​នោះដែរក្នុង​ការ​កាច់បំបាក់របបយោធា។ ទីក្រុងហ្សាការតាក៏អាចមានឆន្ទៈក្នុងការចាត់វិធានការដាក់ទណ្ឌកម្មកាន់តែខ្លាំងលើសមាជិកអាស៊ានមួយនេះផងដែរដើម្បីរក្សាសារៈសំខាន់ និងភាពជឿជាក់របស់អាស៊ាននៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។

    ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យធំជាងគេលំដាប់ទី៣ របស់ពិភពលោក និងជាសមាជិកនៃក្រុម G20 កេរ្តិ៍ឈ្មោះរបស់ប្រធានអាស៊ានថ្មីមួយនេះអាចនឹងត្រូវជួបប្រទះនឹងបញ្ហាប្រឈម៕

    Kavi Chongkitavorn / Bangkok Post

    អត្ថបទទាក់ទង