ខ្មែរប៉ុស្ដិ៍ Close

    តើការបង្វែរទិសដៅរបស់មីយ៉ាន់ម៉ាទៅរករុស្ស៊ីមានហេតុផលពិតប្រាកដ ឬគ្រាន់តែជាការមិនបានគិតគូរឱ្យបានដិតដល់?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1395
    តើការបង្វែរទិសដៅរបស់មីយ៉ាន់ម៉ាទៅរករុស្ស៊ីមានហេតុផលពិតប្រាកដ ឬគ្រាន់តែជាការមិនបានគិតគូរឱ្យបានដិតដល់?តើការបង្វែរទិសដៅរបស់មីយ៉ាន់ម៉ាទៅរករុស្ស៊ីមានហេតុផលពិតប្រាកដ ឬគ្រាន់តែជាការមិនបានគិតគូរឱ្យបានដិតដល់?

    ប្រមុខរបបយោធា មីយ៉ាន់ម៉ា Min Aung Hlaing និងប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអបអរ សាទរខួបលើកទី៧៥ នៃទំនាក់ទំនងរុស្ស៊ី-មីយ៉ាន់ម៉ា នៅពេលដែលពួកគេបានជួបគ្នាជាលើកដំបូងនៅក្នុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok កាលពីដើមខែកញ្ញា។

    ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើទំនាក់ទំនងរវាងទីក្រុងម៉ូស្គូនិងទីក្រុង Naypyidaw ទើបតែចាប់ផ្តើមជិតស្និតនៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះតែប៉ុណ្ណោះ។ លោក Min Aung Hlaing បាននិយាយទៅកាន់លោក Putin ថា «នៅក្នុងអំឡុងពេលនៃទំនាក់ទំនងទ្វេភាគី ៧៥ ឆ្នាំកន្លងមកនេះ វាមានការរអាក់រអួលខ្លះ។ ប៉ុន្តែនៅរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងរុស្ស៊ីមានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់»។

    ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា មានភាពស្និទ្ធស្នាលជាមួយនឹងទីក្រុងប៉េកាំង តែមូលហេតុដែលយោធាមីយ៉ាន់ម៉ាព្យាយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយវិមានក្រឹមឡាំងនោះក៏ព្រោះតែពាក្យ ២ ម៉ាត់គត់ គឺហេតុផលជាក់ស្តែង និងបញ្ហាភូមិសាស្ត្រនយោបាយ។

    អ្វីដែលជាកត្តាលើកទឹកចិត្តដ៏សំខាន់មួយនោះគឺដំណើរស្វះស្វែងរកអាវុធបន្ថែមឥតឈប់ឈររបស់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាព្រោះវាគឺជារឿងចាំបាច់សម្រាប់ប្រតិបត្តិការប្រឆាំងនឹងការបះបោរ និងដើម្បីការពារប្រទេសពីការគំរាមកំហែងពីខាងក្រៅ។

    បន្ទាប់ពីការធ្វើរដ្ឋប្រហារឆ្នាំ ១៩៨៨ កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានងាកទៅរកប្រទេសចិន នៅពេលដែលលោកខាងលិចបានដាក់បំរាមមិនឱ្យនាំចូលអាវុធ និងបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្សេងៗទៀត។

    ទោះបីជាមានភាពចាំបាច់ចំពោះតម្រូវការនេះក៏ដោយ ក៏នៅក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាហាក់មិនពេញចិត្តនឹងអាវុធដែលផលិតដោយប្រទេសចិននោះទេ ជាពិសេសគឺយន្តហោះចម្បាំងតែម្តង។

    អតីតឧត្តមសេនីយ៍ឯករបស់មីយ៉ាន់ម៉ាម្នាក់ដែលនិយាយនៅក្នុងលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះ បានបញ្ជាក់ឱ្យដឹងថា «យើងមានអារម្មណ៍ថា ប្រទេសចិនបានបន្ទាបគុណភាពសព្វាវុធសម្រាប់នាំចេញមកកាន់ប្រទេសមីយ៉ាន់ម៉ា ដែលរួមមានទាំងយន្តហោះចម្បាំងផងដែរ»។

    នេះជាមូលហេតុដែលបង្ខំឱ្យក្រុមឧត្តមសេនីយ៍ត្រូវសម្លឹងទៅរកអ្នកផ្គត់ផ្គង់អាវុធថ្មី ហើយប្រទេសមីយ៉ាន់ម៉ាបានទាក់ទងទៅប្រទេសរុស្ស៊ី ប្រទេសអឺរ៉ុបខាងកើត និងកូរ៉េខាងជើងថែមទៀតផង។

    ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាបានទិញយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី ក្រោយមានការប៉ះទង្គិចគ្នានៅជិតព្រំដែនជាមួយប្រទេសថៃកាលពីខែកុម្ភៈ ឆ្នាំ ២០០១ ព្រោះតែលក្ខណៈមិនគ្រប់គ្រាន់នៃយន្តហោះដែលផលិតដោយប្រទេសចិន ដូចជាយន្តហោះប្រភេទ F-7 IIK ដើម្បីប្រឆាំងនឹងយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិករបស់ប្រទេសថៃ។

    ភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែន កងទ័ពមីយ៉ាន់ម៉ាបានទិញយន្តហោះចម្បាំង MiG-29 ចំនួន ១២ គ្រឿងនៅក្នុងឆ្នាំ ២០០១។ នៅឆ្នាំ ២០០៩ ពួកគេក៏បានចរចាទិញយន្តហោះចម្បាំង MiG-29 ចំនួន ២០ គ្រឿងបន្ថែមទៀត ដែលនេះគឺជាកិច្ចព្រមព្រៀងយន្តហោះចម្បាំងដ៏ធំបំផុតរបស់រុស្ស៊ីចាប់តាំងពីប្រទេសអាល់ហ្សេរីបានលុបចោលកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង MiG-29 ចំនួន ៣៤ គ្រឿង។

    កងទ័ពមីយ៉ាន់ម៉ាក៏បានងាកទៅរកប្រទេសរុស្ស៊ីសម្រាប់ការធ្វើទំនើបកម្មយោធា និងការហ្វឹកហ្វឺនផងដែរ ហើយរឿងទាំងនេះបានចាប់ផ្តើមតាំងពីមុនពេលលោក Min Aung Hlaing ក្លាយជាអគ្គមេបញ្ជាការនៅក្នុងឆ្នាំ ២០១១ មកម្លេះ។ បើតាមប្រភពព័ត៌មានពីសំណាក់យោធា និងអ្នកដែលពាក់ព័ន្ធបានឱ្យដឹងថា ឧត្តមសេនីយ៍ Maung Aye ដែលជាមេបញ្ជាការរងទី២ នៃក្រុមប្រឹក្សាសន្តិភាពនិងអភិវឌ្ឍន៍រដ្ឋ (SPDC) បានធ្វើ សំណើដោយមានការយល់ព្រមពីសំណាក់ប្រមុខ SPDC គឺឧត្តមសេនីយ៍ជាន់ខ្ពស់ Than Shwe។

    ឧត្តមសេនីយ៍ទោដែលចូលនិវត្តន៍ដដែលនោះក៏បានបញ្ចេញមតិពីការមិនពេញចិត្តរបស់កងទ័ពមីយ៉ាន់ម៉ាជាមួយប្រទេសចិន ដោយគាត់បានចែករំលែកឱ្យដឹងថា «ឧត្តមសេនីយ៍កងទ័ពទាំង ២ រូប គឺ លោក Than Shwe និងលោក Maung Aye បានប្រឆាំងនឹងបក្សកុម្មុយនិស្តដែលគាំទ្រដោយប្រទេសចិន ហើយពួកគេទាំងពីរយល់យ៉ាងច្បាស់ថាអ្វីជាការគំរាមកំហែងពីខាងក្រៅពិតប្រាកដ»។

    គេក៏ឃើញមានភាពឆ្គាំឆ្គងខ្លះផងដែរនៅក្នុងទំនាក់ទំនងរបស់របបយោធាជាមួយប្រទេសចិន ក្រោយការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ ដោយសារក្តីកង្វល់របស់ប្រទេសចិនចំពោះការការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។ រឿងនេះបានធ្វើឱ្យក្រុមឧត្តមសេនីយ៍បច្ចុប្បន្ននឹកឃើញឡើងវិញដល់គំនិតរបស់អ្នកណែនាំរបស់ពួកគេពីមុនគឺ លោក Maung Aye ដែលបានប្រាប់ឱ្យមានការស្វែងរកដៃគូថ្មី និងអ្នកផ្គត់ផ្គង់អាវុធថ្មីជាមួយប្រទេសរុស្ស៊ី។

    ចាប់តាំងពីឡើងកាន់អំណាចមក លោក Min Aung Hlaing មិនបានទៅប្រទេសចិននោះទេ តាំងពីបានធ្វើរដ្ឋប្រហាររួចមកមិនដូចក្រុមឧត្តមសេនីយ៍ដទៃទៀតឡើយ។ របបយោធាក៏បានច្រានចោលសំណើរបស់ចិនដែលបានស្នើសុំឱ្យលោក Sun Guoxiang ដែលជាបេសកជនពិសេសរបស់ខ្លួនទទួលបន្ទុកកិច្ចការអាស៊ី ចូលជួបជាមួយលោកស្រី Aung San Suu Kyi ផងដែរ។

    មេទ័ពរុស្ស៊ីនិងមីយ៉ាន់ម៉ា ហាក់ដូចជាពេញចិត្តនឹងទំនាក់ទំនងក្នុងនាមជាអ្នកផ្គត់ផ្គង់-អ្នកទិញដែល មានអាយុកាលជាង ២ ទសវត្សរ៍របស់ពួកគេនេះ។

    នៅខែមិថុនាឆ្នាំ ២០២០ ទូរទស្សន៍រដ្ឋរបស់រុស្ស៊ី RT បានធ្វើការសម្ភាសន៍ជាមួយលោក Min Aung Hlaing នៅទីក្រុងម៉ូស្គូនៅក្នុងកម្មវិធីក្បួនដង្ហែរទិវាជ័យជំនះលើកទី ៧៥ របស់រុស្ស៊ី។ នៅពេលគេសួរថា តើគាត់ពេញចិត្តនឹងយន្តហោះ និងឧទ្ធម្ភាគចក្រដែលផលិតដោយរុស្ស៊ីឬអត់? គាត់បានឆ្លើយថា «ពួកវាពិតជាល្អ និងមានគុណភាពខ្ពស់»។

    កងទ័ពមីយ៉ាន់ម៉ាក៏បានស្វះស្វែងរកជំនួយពីរុស្ស៊ីក្នុងការធ្វើទំនើបកម្មប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនផងដែរ។ កងទ័ពមីយ៉ាន់ម៉ាបានបង្កើតការិយាល័យអគ្គមេបញ្ជាការការពារអាកាសនៅឆ្នាំ ១៩៩៧ និងបានចាប់ផ្តើមដំណើរការពេញលេញនៅឆ្នាំ ១៩៩៩។

    សម្ព័ន្ធមិត្តផ្នែកអាជីវកម្មដ៏សំខាន់មួយរូបរបស់មេទ័ពមីយ៉ាន់ម៉ាគឺជាអ្នកដែលបានធ្វើឱ្យការិយាល័យខាងលើត្រូវបានបង្កើតឡើង។ គាត់បានចែករំលែកជាមួយអ្នកសារព័ត៌មានថា គាត់បានផ្តល់អនុសាសន៍ដល់លោក Than Shwe និងលោក Maung Aye ថា «ប្រទេសមីយ៉ាន់ម៉ាត្រូវការប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ដើម្បីធ្វើទំនើបកម្មសមត្ថភាពការពារដែនអាកាសរបស់កងទ័ពមីយ៉ាន់ម៉ា»។

    ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មន្ត្រីយោធាមីយ៉ាន់ម៉ារាប់ពាន់នាក់បានទទួលការបណ្តុះបណ្តាលនៅក្នុងប្រទេសរុស្ស៊ី។ សេចក្តីរាយការណ៍បានឱ្យដឹងថា លោក MinAung Hlaing បានបង្កើតកម្មវិធីបណ្តុះបណ្តាលទាំងនោះ ហើយប្រធានបទមួយចំនួនរួមមានការសិក្សាផ្នែកយោធា បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាបច្ចេកវិទ្យាមីស៊ីល និងនុយក្លេអ៊ែរផងដែរ។

    សិក្ខាកាមមួយចំនួនដែលបានត្រឡប់មកវិញ ឥឡូវនេះកំពុងបម្រើការនៅក្នុងការិយាល័យសិក្សាយុទ្ធសាស្ត្រ ដែលជាស្ថាប័នមួយបម្រើដល់ការផ្តល់យោបល់ដល់ក្រុមឧត្តមសេនីយ៍កំពូលៗនៅការិយាល័យសង្គ្រាមនៅក្នុងទីក្រុង Naypyidaw។ ដូចនេះហើយទើបពួកគេមានឥទ្ធិពលមួយចំនួនទៅលើគោលនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាជាមួយប្រទេសរុស្ស៊ីនៅពេលបច្ចុប្បន្នដែលរួមមានទាំងការគាំទ្រចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ។

    ការបន្តផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីដល់មីយ៉ាន់ម៉ា ការទទួលស្គាល់ និងការគាំទ្ររបស់រុស្ស៊ីចំពោះរបបយោធា ចាប់តាំងពីការធ្វើរដ្ឋប្រហារឆ្នាំ ២០២១ មក ហាក់ដូចជាការបង្ហាញដល់ក្រុមឧត្តមសេនីយ៍ទាំងនោះថា «រុស្ស៊ីពិតជាស្ថិតនៅក្នុងចំណោមមិត្តដ៏កម្រ នៅចំពេលមានសម្ពាធអន្តរជាតិកាន់តែខ្លាំងឡើងៗពីសំណាក់ប្រទេសប្រជាធិបតេយ្យលោកខាងលិច និងបណ្តាប្រទេសជាមិត្តមួយចំនួនដូចជាចិន និងអាស៊ាន»។

    ខណៈកំពុងប្រឈមមុខនឹងការអំពាវនាវឱ្យដោះលែងលោកស្រី Aung San Suu Kyi និងសំណើឱ្យមានការសន្ទនាជាមួយលោកស្រី ក្រុមឧត្តមសេនីយ៍បានចាត់ទុកប្រទេសរុស្ស៊ីដែលមានអំណាចវេតូនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ជាផ្នែកដ៏សំខាន់នៃយុទ្ធសាស្ត្រតុល្យភាពអំណាចរបស់របបយោធា»។

    ប្រទេសរុស្ស៊ីដែលកំពុងទប់ទល់នឹងភាពរើសអើងជាសកលសម្រាប់ការឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ក៏មានបំណងក្នុងការស្វែងរកប្រទេសជាមិត្តភ័ក្តិផងដែរ។ ដោយប្រយ័ត្នប្រយែងក្នុងការធ្វើសេចក្តីថ្លែងការណ៍ពាកព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា ភ្លាមៗបន្ទាប់ពីការធ្វើរដ្ឋប្រហារ ឥឡូវនេះវិមានក្រឹមឡាំងមានឆន្ទៈក្នុងការពិភាក្សាអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុង Naypyidaw។

    មន្ត្រីជាន់ខ្ពស់ម្នាក់ដែលបានយល់ដឹងច្បាស់អំពីគោលនយោបាយរុស្ស៊ីបច្ចុប្បន្នចំពោះរបបយោធាបាននិយាយថា «បន្ទាប់ពីសង្គ្រាមអ៊ុយក្រែន ប្រទេសរុស្ស៊ីនិងមីយ៉ាន់ម៉ាកាន់តែមានភាពជិតស្និទ្ធ ខណៈពេលដែលពិភពលោកកំពុងដាក់ទណ្ឌកម្មទៅលើប្រទេសទាំង ២ ដូចគ្នា»។ គាត់បានសង្កេតឃើញថា គោលនយោបាយរបស់មីយ៉ាន់ម៉ាចំពោះរុស្ស៊ីនៅពេលឥឡូវនេះកំពុងត្រូវបានជំរុញដោយកត្តាភូមិសាស្ត្រនយោបាយ។

    ជាមួយនឹងការបន្តឱបក្រសោបវិមានក្រឹមឡាំង ប្រទេសមីយ៉ាន់ម៉ាអាចនឹងក្លាយទៅជាទីតាំងយុទ្ធសាស្ត្ររបស់រុស្ស៊ីដើម្បីពង្រីកតំបន់ភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមហាសមុទ្រឥណ្ឌា ហើយអាចនឹងបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់ថែមទៀតផងដែរ។

    ថាតើការបង្វែរទិសដៅរបស់កងទ័ពមីយ៉ាន់ម៉ាទៅរកប្រទេសរុស្ស៊ីអាចជាយុទ្ធសាស្ត្រខុសឆ្គងឬយ៉ាងណា គឺជារឿងដែលអាចមានការប្រែប្រួលទៅតាមការសម្របសម្រួលផ្នែកការទូតជួរមុខ ខណៈតួអង្គសំខាន់ៗបច្ចុប្បន្នមិនព្រមចុះចាញ់នោះឡើយ៕

    Channel News Asia

    អត្ថបទទាក់ទង