ខ្មែរប៉ុស្ដិ៍ Close

IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីត្រូវតែត្រៀមលក្ខណៈសម្បត្តិសម្រាប់បញ្ហាទាក់ទងនឹងការកើនឡើងនៃបំណុល និងការហូរចេញនៃមូលធន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1268
IMF ព្រមានថា សេដ្ឋកិច្ចអាស៊ីត្រូវតែត្រៀមលក្ខណៈសម្បត្តិសម្រាប់បញ្ហាទាក់ទងនឹងការកើនឡើងនៃបំណុល និងការហូរចេញនៃមូលធននាយករង IMF ទទួលខុសត្រូវលើនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Anne-Marie Gulde

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា «បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ី នឹងរួមមានការកើនឡើងនៃបំណុល និងការហូរចេញនៃមូលធន ខណៈពេលដែលអត្រាការប្រាក់នៅតែបន្តកើនឡើង»។ នាយករង IMF ដែលទទួលខុសត្រូវលើនាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិក លោកស្រី Anne-Marie Gulde បាននិយាយកាលពីថ្ងៃពុធថា «បំណុលបានបន្តកើនឡើងនៅក្នុងតំបន់អាស៊ី»។

លោកស្រីបានបន្ថែមថា «បំណុលនៅវិស័យឯកជនបានបន្តកើនឡើងចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកល ក៏ប៉ុន្តែចាប់តាំងពីពេលកើតមានវីរុសកូវីដ-១៩ បំណុលសាធារណៈក៏បានកើនឡើងផងដែរ។ ការកើនឡើងនៃអត្រាការប្រាក់សកលនឹងបង្កើនភាពតានតឹងកាន់តែខ្លាំងចំពោះសេដ្ឋកិច្ចអាស៊ី»។

លំហូរមូលធនបានកើនឡើងដល់កម្រិតមួយដែលធ្លាប់បានកើតមានចុងក្រោយបង្អស់ នៅក្នុងអំឡុងព្រឹត្តិការណ៍ «Taper Tantrum»។ អត្រាការប្រាក់កាន់តែខ្ពស់នឹងបង្កផលប៉ះពាល់ដល់ការខ្ចីប្រាក់នៅក្នុងតំបន់អាស៊ី ហើយករណីនេះ គឺក្តីកង្វល់ដ៏ធំសម្រាប់ពេលបច្ចុប្បន្ន។

អាន តើស្ថានភាព Taper Tantrum កំពុងតែកើតមានសារជាថ្មីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពិតមែនដែរឬទេ?

ព្រឹត្តិការណ៍ «Taper Tantrum» នៅឆ្នាំ 2013 បានកើតឡើងនៅពេលដែលអ្នកវិនិយោគមានប្រតិកម្មចំពោះផែនការរបស់ធនាគារកណ្តាលអាមេរិកក្នុងការបន្ធូរបន្ថយកម្មវិធីបង្កើនល្បឿនសេដ្ឋកិច្ច (Quantitative Easing Program) តាមរយៈការលក់មូលបត្របំណុលយ៉ាងឆាប់រហ័ស ដែលជាហេតុបង្កឱ្យមានការធ្លាក់ចុះតម្លៃយ៉ាងគំហ៊ុក។

ស្ថាប័ន IMF បានព្រមានថា «វិបត្តិបំណុលបានកើតមាននៅក្នុងប្រទេសជាច្រើននៅក្នុងទ្វីបអាស៊ី ហើយបណ្តាប្រទេសដែលមានរូបិយបណ្ណកំពុងធ្លាក់ចុះតម្លៃធៀបនឹងប្រាក់ដុល្លារអាមេរិក អាចជួបប្រទះនឹងវិបត្តិនៃការចំណាយកាន់តែខ្ពស់លើការរស់នៅប្រចាំថ្ងៃ»។ ឧទាហរណ៍ ប្រាក់ដុល្លារអាមេរិកកំពុងកើនឡើងជិតដល់កម្រិតខ្ពស់មួយក្នុងរយៈពេល ២៤ ឆ្នាំ បើធៀបនឹងប្រាក់យ៉េនរបស់ជប៉ុន។

IMF ក៏បានព្យាករដែរថា «កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកនៅត្រឹម ២,៧% នៅឆ្នាំ ២០២៣ ដែលជាកម្រិតទាបជាងការព្យាករកាលពីខែកក្កដាចំនួន ០,២%»។ ស្ថាប័ននេះក៏បានកាត់បន្ថយការព្យាករកំណើនសេដ្ធកិច្ចសម្រាប់ប្រទេសចិនផងដែរ ដោយមកនៅត្រឹម ៤,៤% ដែលធ្លាក់ចុះចំនួន ០,២% ពីការព្យាករកាលពីខែកក្កដា ខណៈដែលកំណើនសម្រាប់ក្រុមប្រទេសអាស៊ាន ៥ ដែលរួមមានឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, ថៃ និងវៀតណាម ត្រូវបានទម្លាក់មកនៅត្រឹម ៤,៩% ដូចៗគ្នា។

នៅពេលត្រូវបានសួរថា «តើវិបត្តិមូលបត្របំណុលរបស់ចក្រភពអង់គ្លេសនឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ីដែរឬទេ» លោកស្រី Gulde បាននិយាយថា «វានឹងបង្កផលប៉ះពាល់តិចតួចប៉ុណ្ណោះមកលើទីផ្សារអាស៊ី។ សម្រាប់តំបន់អាស៊ី រឿងរ៉ាវវិជ្ជមានមួយចំនួនកំពុងលេចចេញជារូបរាង។ នៅពេលដែលប្រទេសអាស៊ីជាច្រើន ដូចជាជប៉ុន និងហុងកុងជាដើម បានបើកប្រទេសឡើងវិញ ការកើនឡើងនៃការធ្វើដំណើររបស់មនុស្សនឹងបង្កើនសកម្មភាពសេដ្ឋកិច្ច ហើយការធ្លាក់ចុះនៃសេដ្ឋកិច្ចនឹងត្រូវបានកាត់បន្ថយ»។

លោកស្រីបានបន្តថា «បន្ថែមពីលើនេះ ការធ្លាក់ចុះនៃតម្លៃរូបិយបណ្ណនៅក្នុងតំបន់អាចធ្វើឱ្យការនាំចេញរបស់បណ្តាប្រទេសអាស៊ីមានការកើនឡើងកាន់តែខ្ពស់»។ ស្ថាប័ន IMF បានលើកឡើងថា «សេដ្ឋកិច្ចរបស់ចិនក៏អាចជួយបន្ធូរបន្ថយសម្ពាធអតិផរណានៅក្នុងតំបន់បានផងដែរ»៕

CNBC

អត្ថបទទាក់ទង