ខ្មែរប៉ុស្ដិ៍ Close

សញ្ញាព្រមានចំពោះសេដ្ឋកិច្ចសកលមានសភាពកាន់តែធ្ងន់ធ្ងរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1013
សញ្ញាព្រមានចំពោះសេដ្ឋកិច្ចសកលមានសភាពកាន់តែធ្ងន់ធ្ងរ សញ្ញាព្រមានចំពោះសេដ្ឋកិច្ចសកលមានសភាពកាន់តែធ្ងន់ធ្ងរ

ពាក្យថា «Polycrisis» ឬ «ពហុវិវិបត្តិ» ត្រូវបានប្រើដោយលោក Jean-Claude Juncker ដើម្បីពិពណ៌នាអំពីបញ្ហាប្រឈមដែលសហភាពអឺរ៉ុបបានជួបប្រទះនៅក្នុងឆ្នាំ ២០១៦ នៅពេលដែលលោកនៅជាប្រធានគណៈកម្មការអឺរ៉ុប។ កាលពីសប្តាហ៍មុន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានគូសបញ្ជាក់អំពីរបៀបដែលបញ្ហាជាច្រើនដែលពិភពលោកកំពុងប្រឈមមុខ បូករួមទាំងវិបត្តិថាមពលនៅអឺរ៉ុប, ការកើនឡើងនៃអត្រាការប្រាក់យ៉ាងឆាប់រហ័ស និងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។

សូមអាន IMF ទម្លាក់​ការ​ព្យាករណ៍ GDP សកល ខណៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​កើនឡើងនូវ«ភាពអាប់អួរ ​និង​ភាពមិន​ប្រាកដប្រជា»

កាន់តែធ្ងន់ធ្ងរនោះគឺ «បញ្ហាទាំងនេះហាក់ដូចជាកំពុងវេញត្របាញ់ចូលគ្នា» ហើយពិភពលោកទាំងមូលអាចនឹងត្រូវជួបប្រទះនឹងព្រឹត្តិការណ៌ «ពហុវិបត្តិ» ថ្មីមួយទៀត។ វាគឺជារឿងដ៏កម្រ ដែលក្បាលម៉ាស៊ីនជាច្រើននៃសេដ្ឋកិច្ចពិភពលោកនឹងត្រូវជាប់គាំងព្រមៗគ្នាក្នុងពេលតែមួយ។

ប្រទេសប្រហែល ១/៣ អាចនឹងត្រូវត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅឆ្នាំនេះ ឬនៅឆ្នាំក្រោយ (យោងតាម IMF)។ ជាក់ស្តែង ទស្សនវិស័យរបស់ IMF សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេ ដូចជាសហរដ្ឋអាមេរិក, តំបន់ចាយប្រាក់អឺរ៉ូ និងចិន គឺមានសភាពអាប់អួរខ្លាំងណាស់។

ដោយសារអត្រាអតិផរណាពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងរយៈពេល ៤០ ឆ្នាំ បណ្តាធនាគារកណ្តាលបាននាំគ្នាដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់នៅឆ្នាំនេះ ខណៈដែលនេះគឺជារឿងដែលមិនធ្លាប់បានឃើញនោះទេនៅក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ។ ប្រាក់ដុល្លារអាមេរិកក៏បានឈានដល់កម្រិតខ្ពស់បំផុតផងដែរ បើគិតចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក។

សូមអាន បណ្ដាប្រទេសអាស៊ាន​នឹង​រង​ផលប៉ះ​ពាល់​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០២៣

កម្លាំងទាំងនេះកំពុងជំរុញឱ្យមានការព្យាករដ៏អាប់អួរ បួករួមនឹងការនាំមកនូវបញ្ហាប្រឈមថ្មីៗជាច្រើន។ បណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន បាននិងកំពុងរងទុក្ខដោយសារបន្ទុកបំណុលដ៏ច្រើន ដែលគិតជាប្រាក់ដុល្លារ ក៏ដូចជាដោយសារលំហូរចេញនៃមូលធន។

ទន្ទឹមនឹងនេះដែរ អត្រាកម្ចីទិញផ្ទះនិងថ្លៃដើមនៃប្រាក់កម្ចីសាជីវកម្ម ក៏បាននិងកំពុងកើនឡើងនៅទូទាំងពិភពលោក។ សញ្ញាព្រមានកំពុងមានការកើនឡើងនៅក្នុងទីផ្សារហិរញ្ញវត្ថុដោយសារតែការកើនឡើងយ៉ាងឆាប់រហ័ស នៃអត្រាការប្រាក់ពីកម្រិតដ៏ទាបនៅក្នុងអំឡុងពេលកើតមានវីរុសរាតត្បាត។

ការលក់ចេញក្នុងតម្លៃដ៏ថោកគឺជាហានិភ័យមួយទៀត ដែលបាននិងកំពុងកើតមាន ដោយក្នុងនោះ មូលនិធិសោធននិវត្តន៍ (Pension Funds) របស់ចក្រភពអង់គ្លេស គឺជាឧទាហរណ៍ដ៏ជាក់ស្តែងមួយ។ មូលហេតុដែលនាំមកនូវភាពចលាចលជាសកលបែបនេះគឺ «ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រចំនួន២ ដែលបានកើតឡើងយ៉ាងឆាប់រហ័ស» ដែលនោះគឺវីរុសកូវីដ-១៩ និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ធនាគារកណ្តាលអាមេរិកបានធ្វើការដំឡើងអត្រាការប្រាក់ក្នុងល្បឿនដ៏លឿន បើគិតចាប់តាំងពីដើមទសវត្សរ៍ ឆ្នាំ ១៩៨០ នៅពេលដែលលោក Paul Volcker នៅកាន់តំណែងជាប្រធាន។ ការដំឡើងអត្រាការប្រាក់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងកាត់បន្ថយអត្រាអតិផរណាដែលបង្កឡើងដោយការរាតត្បាតនៃវីរុស និងការកកស្ទះនៅក្នុងការផ្គត់ផ្គង់។

ទន្ទឹមនឹងនេះដែរ ការដែលលោក Putin ប្រើប្រាស់លំហូរឧស្ម័នធម្មជាតិធ្វើជាអាវុធ បាននិងកំពុងធ្វើឱ្យអឺរ៉ុបទទួលរងនូវភាពជាប់គាំងយ៉ាងធ្ងន់ធ្ងរនៅក្នុងវិស័យពាណិជ្ជកម្ម ខណៈដែលសេដ្ឋកិច្ចរបស់ចិនក៏កំពុងរងទុក្ខផងដែរ ដោយសារគោលនយោបាយ «Zero Covid» រួមជាមួយនឹងការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។

សូមអាន មូលហេតុ ៥ យ៉ាង​ដែល​បញ្ជាក់ថា ​សេដ្ឋកិច្ច​របស់ចិនកំពុង​ជួប​បញ្ហា

ភាពរង្គោះរង្គើដ៏ច្រើនជាបន្តបន្ទាប់ទាំងនេះបានធ្វើឱ្យអ្នកបង្កើតគោលនយោបាយប្រឈមមុខនឹងកិច្ចការដ៏លំបាក។ សម្រាប់រដ្ឋាភិបាល កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើន និងដើម្បីផ្តល់ការគាំទ្រដល់បណ្តាគ្រួសារនិងអាជីវកម្មនានាត្រូវតែមានការពិចារណាឱ្យបានម៉ត់ចត់ដើម្បីចៀសវាងការចាក់សាំងបន្ថែមទៅលើភ្លើងអតិផរណា និងបន្ទុកបំណុលដ៏ធំ។

អត្រាការប្រាក់កាន់តែខ្ពស់នឹងបង្កើនហានិភ័យនៃការធ្លាក់ចុះកាន់តែខ្លាំងនៅក្នុងទីផ្សារលំនៅដ្ឋាន បូករួមនឹងភាពតានតឹងកាន់តែធ្ងន់ធ្ងរនៅក្នុងទីផ្សារហិរញ្ញវត្ថុ។ ប៉ុន្តែសម្រាប់ធនាគារកណ្តាល ការមិនរឹតបន្តឹងគោលនយោបាយរូបិយវត្ថុឱ្យបានគ្រប់គ្រាន់អាចនឹងធ្វើឱ្យអត្រាអតិផរណានៅតែស្ថិតក្នុងកម្រិតដ៏ខ្ពស់។

ទោះជាយ៉ាងណាក៏ដោយ គេអាចរៀនបានពីមេរៀនមួយចំនួនពីបញ្ហាប្រឈមទាំងនេះ។ សេដ្ឋកិច្ចដែលផុយស្រួយនៅពេលបច្ចុប្បន្ននេះ ទាមទារឱ្យមានគោលនយោបាយដ៏ល្អដែលអាចសម្របខ្លួនបានចំពោះហានិភ័យ។ ចក្រភពអង់គ្លេសគឺជាឧទាហរណ៍មួយដែលបានបង្ហាញឱ្យឃើញអំពីអ្វីដែលបណ្តាប្រទេសដទៃមិនត្រូវធ្វើតាម។

ភាពធ្ងន់ធ្ងរនៃវិបត្តិសកលលោកបានបង្កើននូវតម្រូវការក្នុងការកសាងភាពធន់។ បើទោះបីជាប្រព័ន្ធធនាគារត្រូវបានពង្រឹងនៅក្រោយវិបត្តិហិរញ្ញវត្ថុក៏ដោយ ក៏អ្នកបង្កើតគោលនយោបាយបានចាត់វិធានការតិចតួចណាស់ក្នុងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុមិនមែនធនាគារ (Non-bank Financial System)។

មនុស្សជាច្រើនក៏អាចនឹងសម្តែងនូវការសោកស្ដាយផងដែរចំពោះកង្វះខាតនៅក្នុងការវិនិយោគលើជំនាញ និងបច្ចេកវិទ្យា ក៏ដូចជាការបង្កើតឱ្យមានជម្រើសជំនួសឱ្យឥន្ធនៈហ្វូស៊ីលនៅក្នុងរយៈពេល ១ ទសវត្សរ៍កន្លងមកនេះ នៅពេលដែលអត្រាការប្រាក់នៅមានកម្រិតទាបនៅឡើយ។ បើគ្មានការគិតគូរឱ្យបានម៉ត់ចត់សម្រាប់រយៈពេលវែងទេសេដ្ឋកិច្ចពិភពលោកនឹងបន្តធ្លាក់ចុះពីវិបត្តិមួយទៅវិបត្តិមួយ៕

Financial Times

អត្ថបទទាក់ទង