ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារទប់ស្កាត់ហានិភ័យ នៃអាជ្ញាធរជាតិអប្សរា កំពុងជួយសង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១របស់ប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 226
ក្រុមការងារទប់ស្កាត់ហានិភ័យ នៃអាជ្ញាធរជាតិអប្សរា កំពុងជួយសង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១របស់ប្រាសាទអង្គរវត្ត ក្រុមការងារទប់ស្កាត់ហានិភ័យ នៃអាជ្ញាធរជាតិអប្សរា កំពុងជួយសង្គ្រោះបន្ទាន់ផ្នែកខ្លះនៃថែវនៅរួតទី១របស់ប្រាសាទអង្គរវត្ត

ដោយសារកត្តាធម្មជាតិ ភ្លៀង ខ្យល់ កម្តៅថ្ងៃ រុក្ខជាតិ និងអាយុកាល ធ្វើឱ្យផ្នែកខ្លះនៃរចនាសម្ពន្ធប្រាសាទរងការគំរាមកំហែងខូចខាតដោយអន្លើ។ ដើម្បីទប់ស្កាត់នូវហានិភ័យទាំងនោះ និងទប់ស្កាត់ការខូចខាតជាបន្តទៀត ទើបក្រុមការងារទប់ស្កាត់ហានិភ័យនៃអាជ្ញាធរជាតិអប្សរា ធ្វើការងារទល់ទ្របណ្តោះអាសន្នជាបន្ទាន់ ដើម្បីអភិរក្សសំណង់បុរាណទាំងនោះបានទាន់ពេលវេលា។

ក្នុងកិច្ចការនេះ ក្រុមការងារទប់ស្កាត់ហានិភ័យរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា បានសិក្សាផែនទីហានិភ័យ ដើម្បីកំណត់ឱ្យដឹងថាទីតាំងដែលចាំបាច់អន្តរាគមន៍ភ្លាមៗ ទប់ស្កាត់រាល់បញ្ហាណាមួយដែលអាចកើតមានឡើងដោយយថាហេតុ។ ក្នុងការងារទល់ទ្រជាបន្ទាន់មួយនៅថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត ប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រ កម្ពស់៧ម៉ែត្រ ជាទីតាំងដំបូងនៅក្នុងផែនទីហានិភ័យ ដើម្បីធានាដល់រចនាសម្ពន្ធមួយចំនួនកុំឱ្យឈានដល់ការខូចខាត។ បន្ទាប់មក ក្រុមការងារនឹងបន្តបំពេញការងារជាបន្តបន្ទាប់ទៅតាមទិសដៅដែលបានកំណត់នៅក្នុងផែនទីហានិភ័យ។

លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ពន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងរយៈពេល២-៣សប្ដាហ៍ចុងក្រោយនេះ ភ្លៀងបានធ្លាក់ខ្លាំង ហើយទឹកហូរបាចសាចចូលសព្វផ្នែកទាំងអស់នៃថែវ នៅរួតទី១ផ្នែកខាងត្បូងនៃប្រាសាទអង្គរវត្ត បណ្ដាលឱ្យប៉ះពាល់គ្រឹះ បង្កឱ្យផ្នែកខ្លះនៃថែវរំកិល ជញ្ជាំងហើប និងធ្នឹមចាប់ផ្ដើមញែកចេញពីគ្នា។

ដោយសារតែបញ្ហានេះ ក្រុមការងារទប់ស្កាត់ហានីភ័យ ក៏បានយកឈើ និងរន្ទាដែកមួយចំនួនធ្វើការទល់ទ្រជាបន្ទាន់ដើម្បីជួយសង្គ្រោះជាបណ្ដោះអាសន្ន នៅមុនពេលដែលឈានទៅដល់ការសុំអនុសាសន៍ពីគណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ ថាតើត្រូវធ្វើយ៉ាងណាបន្តទៀតនោះ។

ការទល់ទ្រមួយផ្នែកនៃថែវ នៅរួតទី១ភាគខាងត្បូង របស់ប្រាសាទអង្គរវត្តប្រវែង១០០ម៉ែត្រ និងទទឹង៥ម៉ែត្រនេះ គឺជាគម្រោងបន្ទាន់ដំបូងគេ ដែលក្រុមការងារបានអនុវត្តន៍។ នៅពេលខាងមុខ ក្រុមការងារទប់ស្កាត់ហានិភ័យ មានគម្រោងនឹងធ្វើការងារពង្រឹងធ្នឹម សសរ និងដំបូលនៃថែវរបស់ប្រាសាទអង្គរវត្ត ចំនួន៣៨ទីតាំងបន្ថែមទៀត៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា

អត្ថបទទាក់ទង