ខ្មែរប៉ុស្ដិ៍ Close

តើប្រទេសចិនអាចជួយសង្រ្គោះពិភពលោកបានដែរឬទេ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 586
តើប្រទេសចិនអាចជួយសង្រ្គោះពិភពលោកបានដែរឬទេ? ការផ្សាយបន្តផ្ទាល់នូវការថ្លែងសុន្ទរកថារបស់លោក ស៊ី ជិនពីង នាអំឡុងសមាជលើកទី២០ នៃគណបក្សកុំម្មុយនិស្តចិន

លោក ស៊ី ជីនពីង អាចជាបុរសដែលមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។ គូប្រជែងដ៏សំខាន់របស់លោកគឺលោក Joe Biden ដែលកំពុងដឹកនាំប្រព័ន្ធនយោបាយដែលគ្មានប្រសិទ្ធភាព ក្នុងការបង្កើតគោលនយោបាយទាំងនៅក្នុងស្រុក និងនៅបរទេស។

លោក ស៊ី ជីនពីង មិនបានប្រឈមមុខនឹងឧបសគ្គផ្ទៃក្នុងបែបនេះទេ ជាពិសេសនៅពេលដែលលោកនឹងទទួលបានអាណត្តិទី៣ ដែលជារឿងដែលមិនធ្លាប់មានពីមុនមក ក្នុងនាមជាប្រធានាធិបតីរបស់ប្រទេសចិន នៅឯសមាជជាតិរបស់បក្សកុម្មុយនិស្តចិន (CCP) លើកទី ២០ នៅទីក្រុងប៉េកាំង។

ការអត្ថាធិប្បាយនៅក្នុងប្រទេសចិនជុំវិញការវិវឌ្ឍទាំងនេះ កំពុងទទួលបានសន្ទុះយ៉ាងខ្លាំង។ វាអាចទៅរួចដែលថា «ក្រុមមនុស្សដែលប្រឆាំងនឹងចិននៅក្នុងប្រទេសមួយចំនួន ដូចជាអូស្ត្រាលី និងសហរដ្ឋអាមេរិក អាចនឹងចាត់ទុកការបន្តគ្រប់គ្រងអំណាច របស់លោក ស៊ី ជីនពីង ថាជាការប្រមូលផ្តុំដ៏គ្រោះថ្នាក់នៃអំណាចផ្តាច់ការ ដែលនឹងបង្កនូវការបំផ្លាញកាន់តែធ្ងន់ធ្ងរចំពោះសង្គមស៊ីវិលនៅក្នុងប្រទេសចិន ក៏ដូចជានឹងបង្កការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសជិតខាង»។

វាអាចជាការលើកឡើងដ៏ត្រឹមត្រូវ។ ចិនកំពុងបង្កើនការគាបសង្កត់កាន់តែខ្លាំងនៅខាងក្នុងប្រទេស ហើយបានបន្តសកម្មភាពកាន់តែគគ្លើននៅក្រៅប្រទេស។ ដូច្នេះសម្រាប់ពេលនេះ ប្រទេសចិនអាចមិនមែនជាតួអង្គអន្តរជាតិដ៏ល្អនោះទេ។

ប៉ុន្តែប្រសិនបើពិភពលោកពិតជាត្រូវរួមគ្នាដោះស្រាយបញ្ហាធំៗ ដូចជាការប្រែប្រួលអាកាសធាតុ, អស្ថិរភាពសេដ្ឋកិច្ច ឬការលុបបំបាត់សកម្មភាពបង្ខិតបង្ខំ ប្រទេសចិនអាចដើរតួនាទីដ៏សំខាន់នៅក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាទាំងនេះ។

ពិតហើយ អាកប្បកិរិយារបស់ចិនចំពោះកោះតៃវ៉ាន់ មិនទទួលបានការគាំទ្រទេ ហើយទំនាក់ទំនង «គ្មានដែនកំណត់» រវាងចិនជាមួយនិងរុស្ស៊ី (រុស្ស៊ីបានចាត់ទុកចិនជាមធ្យោបាយដ៏សំខាន់មួយក្នុងការប្រឆាំងនឹងអនុត្តរភាពរបស់អាមេរិក) បាននិងកំពុងបង្កជាបញ្ហាប្រឈមសម្រាប់ប្រទេសចិន ដោយសារការឈ្លានពានដ៏មហន្តរាយរបស់ Vladimir Putin។

សកម្មភាពនេះអាចជំរុញឱ្យលោក ស៊ី ជីនពីង គិតគូរឡើងវិញអំពីលទ្ធភាពក្នុងការដណ្តើមយកកោះតៃវ៉ាន់មកវិញដោយប្រើកម្លាំង។ ប៉ុន្តែ ប្រសិនបើលោក ស៊ី ជីនពីង មិនអាចបង្កើតឱ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងនាមជាបុរសម្នាក់ដែលអាចបង្រួបបង្រួមប្រទេសចិនឡើងវិញទេ «នោះតើនឹងមានអ្វីកើតឡើងចំពោះរូបលោកទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស?»

អតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Kevin Rudd ធ្លាប់បានបញ្ជាក់ថា «អ្នកបង្កើតគោលនយោបាយចិនមិនស្វាគមន៍ចំពោះដំបូន្មានផ្នែកគោលនយោបាយដែលផ្តល់ជូនដោយមិនគិតថ្លៃនោះទេ ជាពិសេសពីបណ្តាប្រទេសជិតខាងដែលមានទស្សនៈសុទិដ្ឋិនិយម និងដែលមានភាពជិតស្និទ្ធខ្លាំងជាមួយសហរដ្ឋអាមេរិក»។

ដោយសារលោក ស៊ី ជីនពីង អាចជាមេដឹកនាំអន្តរជាតិតែមួយគត់ដែលអាចធ្វើឱ្យលោក Putin ស្តាប់តាមបាន ប្រទេសចិនមានសក្តានុពលក្នុងការដើរតួនាទីដ៏សំខាន់ក្នុងការបិទបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លទ្ធផលបែបនេះអាចជាអ្វីដែលប្រទេសចិនចង់បាន ដោយផ្អែកលើហេតុផលមួយចំនួន។

លោក Putin កំពុងបង្កឱ្យមានអស្ថិរភាពនៅអឺរ៉ាស៊ី, បាននាំមកនូវការរួបរួមគ្នាកាន់តែខ្លាំងនៅក្នុងចំណោមបណ្តាប្រទេសលោកខាងលិច, នាំមកនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចពិភពលោក និងអាចបង្កឱ្យមានជម្លោះកាន់តែធំនៅទូទាំងពិភពលោក ដែលនឹងនាំមកនូវផលប៉ះពាល់សម្រាប់គ្រប់ប្រទេសទាំងអស់។

វាអាចជារឿងលំបាកក្នុងការវាស់ស្ទង់កម្រិតឥទ្ធិពលដែលលោក ស៊ី ជីនពីង មានទៅលើលោក Putin ក៏ប៉ុន្តែ វាអាចមានទំហំធំជាងអ្នកដទៃ។ ដូច្នេះ ការលើកឡើងរបស់លោក ស៊ី ជីនពីង អំពីភាពឥតប្រយោជន៍ និងគ្រោះថ្នាក់នៃជម្លោះនេះ អាចមានទម្ងន់ជាពិសេសប្រសិនបើការព្រមព្រៀងគ្នាអាចរួមបញ្ចូលនូវការទុកមុខខ្លះឱ្យរុស្ស៊ីដែលអាចជា «ការអនុញ្ញាតឱ្យរុស្ស៊ីបន្តការគ្រប់គ្រងលើដែនដីជម្លោះមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន»។

សភាពអគារ​ដែលត្រូវ​បាន​បំផ្លាញ​ កំលុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​អ៊ុយក្រែន ​និង​រុស្ស៊ី​ នៅ​ក្នុង​ក្រុង Staryi Saltiv តំបន់ Kharkiv ប្រទេស​អ៊ុយក្រែន (Carl Court/Getty Images)

ជាក់ស្តែង ប្រជាជនអ៊ុយក្រែនអាចនឹងសុខចិត្តទទួលយកលក្ខខណ្ឌនេះ ហើយប្រទេសចិនក៏អាចទទួលបានផលប្រយោជន៍មួយចំនួនផងដែរ។ បច្ចុប្បន្ន ប្រទេសចិនមានសមត្ថភាពខ្ពស់ និងកម្លាំងហូរហៀរ ពាក់ព័ន្ធនឹងការងារសាងសង់។

ដូច្នេះ ប្រទេសចិនអាចស្នើបញ្ជូនក្រុមការងារសាងសង់របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីសាងសង់ទីក្រុង ដែលបាននិងកំពុងរងនូវការបំផ្លិចបំផ្លាញ។ វាក៏អាចជួយដោះស្រាយផងដែរនូវបញ្ហាដែលប្រទេសចិនកំពុងជួបប្រទះ ដែលនោះគឺ «ការនៅសល់កម្លាំងពលកម្មច្រើនលើសលុប»។

«តើរដ្ឋាភិបាលអ៊ុយក្រែនអាចបដិសេធការផ្តល់ជូនបែបនេះទេ?» តើអ្នកណាអាចផ្តល់នូវដំណោះស្រាយដែលល្អជាងនេះ?» វាទំនងជាមិនអាចទៅរួចទេដែលថា «អាមេរិកនឹងជួយកសាងប្រទេសអ៊ុយក្រែនឡើងវិញ» ជាពិសេសដោយសារស្ថានភាពទ្រុឌទ្រោមនៃហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុករបស់សហរដ្ឋអាមេរិក។

សហភាពអឺរ៉ុបអាចនឹងជួយបាន ក៏ប៉ុន្តែពួកគេមិនមានអានុភាពក្នុងការបញ្ចុះបញ្ចូលលោក Putin ឱ្យបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបែបនេះទេ។ វាអាចទៅរួចដែលថា «អ្នកដឹកនាំយុទ្ធសាស្ត្រនិងអ្នកប្រាកដនិយមមួយចំនួននឹងគិតថា នេះជាគំនិតដែលឥតប្រយោជន៍»។

វាអាចជារឿងត្រឹមត្រូវ ក៏ប៉ុន្តែប្រសិនបើគ្មាននរណាម្នាក់ហ៊ានចេញមុខដឹកនាំបង្កើតឱ្យមានការចរចា ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែនទេនោះ ស្ថានការណ៍អាចនឹងវិវឌ្ឍទៅកាន់តែអាក្រក់ខ្លាំង។

ប្រទេសចិនអាចនឹងមិនយល់ព្រមទទួលយកតួនាទីអន្តរជាតិបែបនេះទេ ក៏ប៉ុន្តែប្រសិនបើលោក ស៊ី ជីនពីង ចង់ឱ្យសាធារណរដ្ឋប្រជាមានិតចិនទទួលបានការទទួលស្គាល់ និងត្រូវបានគោរពថាជា «មហាអំណាច ពិភពលោកដ៏មានឥទ្ធិពល» នេះអាចជាឱកាសដ៏ល្អសម្រាប់រូបលោក។ ទាំងនេះគឺជាអ្វីដែលអាមេរិកធ្លាប់បានធ្វើនៅក្រោយសង្គ្រាមលោកលើកទី ២។

ភាពជាអ្នកដឹកនាំប្រកបដោយការស្ថាបនារបស់ប្រទេសចិន អាចជួយពង្រឹងអំណាចទន់ដែលកំពុងធ្លាក់ចុះរបស់ខ្លួន, អាចធ្វើឱ្យ «សង្គមនិយមតាមបែបចិន» ទទួលបានការសាទរ ហើយថែមទាំងអាចធ្វើឱ្យទំនាក់ទំនងរវាងចិនជាមួយអូស្ត្រាលីមានភាពកាន់តែប្រសើរឡើងទៀតផង៕

The Interpreter

អត្ថបទទាក់ទង