ខ្មែរប៉ុស្ដិ៍ Close

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី សម្រេចការសាងសង់ប្រមាណ ៤០% ខណៈផែនការដាក់ដំណើរការនៅចុងឆ្នាំក្រោយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានទូទៅ 283

គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី បានសម្រេចការសាងសង់បានប្រមាណ ៤០% គិតមកដល់ពេលនេះ និងឈានទៅសម្រេចការសាងសង់ទាំងស្រុងនៅក្នុងខែមីនាឆ្នាំ២០២៣ ដើម្បីត្រៀមដាក់ឱ្យដំណើរការជាផ្លូវការនៅខែតុលា នៅឆ្នាំក្រោយ។ នេះបើតាមការឱ្យដឹងពីប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។

លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានប្រាប់ឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងឈានទៅសម្រេចការសាងសង់ឱ្យបាន ៧០% នៅដំណាច់ឆ្នាំនេះ និងសម្រេចការសាងសង់ ១០០% នៅខែមីនា ឆ្នាំ២០២៣ និងរៀបចំប្រតិបត្តិការ ត្រៀមដាក់ដំណើរការជាផ្លូវការ នៅតុលា ឆ្នាំ២០២៣។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ មិនមានចោទជាបញ្ហានោះទេ ដោយគ្រាន់តែយឺតជាផែនតិចតួចប៉ុណ្ណោះ ដោយសារតែសម្ភារៈ និងឧបករណ៍ ដែលបញ្ជាទិញពីចិនមិនទាន់មកដល់កម្ពុជា។

លោកបានអះអាងយ៉ាងដូច្នេះថា៖

«រហូតមកដល់ពេលនេះមិនទាន់មានបញ្ហាអ្វីជាការបារម្ភច្រើនទេ គ្រាន់តែវាយឺតជាងផែនការនៃការមកដល់សម្ភារៈឧបករណ៍ ប្រហែលជាមួយខែអី ព្រោះបើគេបិទមួយខែយឺតមួយ បិទ២យឺត២ខែ។ តែយ៉ាងណាអាស្រ័យលើការៀបចំ គឺត្រូវរួចរាល់ឱ្យអស់១០០%នៅខ្ទង់ខែមីនា អីចឹងវាអាចទៅដល់ខែឧសភា តែយើងបើកខែតុលា គ្មានបញ្ហាអ្វីទេ សំខាន់ត្រូវរៀបចំប្រតិបត្តិការផ្សេងៗឱ្យត្រូវ និងទទួលបានការបញ្ជាក់ពីស្តង់ដារគុណភាពនៃលក្ខខណ្ឌតម្រូវការសុវត្ថិភាព នៃសម្ភារៈ ទាំងអស់ដែលត្រូវយកមកប្រើ»។​

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co.,Ltd(AIAI) ក្រោមទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិនេះបាននិងកំពុងដំណើរការសាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានអង្គរ ដែលចម្ងាយនេះមិនធ្វើឱ្យប៉ះពាល់ដល់តំបន់ការពារបេតិកភណ្ឌនោះទេ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ម៉ែត្រ មានសមត្ថភាពឱ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុតសម្រាប់សុវត្ថិភាព និងសន្តិសុខដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ៣៨។ នៅពេលដាក់ឱ្យដំណើរ ដែលគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋាននេះអាចមានសមត្ថភាពទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ក្នុងមួយឆ្នាំ ហើយដំណាក់កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ៕

Fresh News

អត្ថបទទាក់ទង