ខ្មែរប៉ុស្ដិ៍ Close

តើនឹងមានអ្វីកើតឡើងចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1044
តើនឹងមានអ្វីកើតឡើងចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរវាងកម្ពុជា-ឡាវ-វៀតណាម? រូបភាព : The Diplomat

កាលពីខែមុន កម្ពុជា, ឡាវ និងវៀតណាម បានធ្វើសមយុទ្ធជួយសង្គ្រោះរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មានរវាងប្រទេសទាំង ៣។ ការវិវឌ្ឍនេះបានបង្ហាញថា «ប្រទេសទាំង៣ បានបង្កើនការយកចិត្តទុកដាក់ លើកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិត្រីភាគីរវាងពួកគេ បើទោះបីជាកំពុងកើតមានបញ្ហាប្រឈមទ្វេភាគី ភាពស្មុគស្មាញនៅក្នុងការប្រកួតប្រជែងក្នុងតំបន់ និងបរិស្ថានសកលក៏ដោយ»។

ក្នុងនាមជាប្រទេសអាស៊ីអាគ្នេយ៍ដីគោកចំនួន៣ ដែលមានប្រវត្តិសាស្ត្រស្មុគស្មាញ និងដែលនៅមានបញ្ហាព្រំដែនមួយចំនួនមិនទាន់បានដោះស្រាយរួចក៏ដោយ ក៏កម្ពុជា ឡាវ និងវៀតណាម បានបន្តធ្វើការតាមគ្រប់មធ្យោបាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមតាមរយៈយន្តការសហប្រតិបត្តិការជាច្រើន។

សកម្មភាពបឋមមួយចំនួនត្រូវបានធ្វើឡើងតាមរយៈយន្តការដែលផ្តោតលើសេដ្ឋកិច្ច ដូចជាតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា-ឡាវ-វៀតណាម (CLV) ជាដើម។ បន្ថែមពីលើនេះ វាក៏នៅមានកិច្ចខិតខំប្រឹងប្រែងផ្សេងៗ ទៀតក្នុងគោលបំណងកសាងកិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងវិស័យយោធា ក៏ដូចជានៅក្នុងវិស័យផ្សេងៗទៀត បូករួមទាំងស្ថាប័ននីតិប្បញ្ញត្តិផងដែរ។

បណ្តារដ្ឋអាស៊ីអាគ្នេយ៍ទាំងនេះក៏បានព្យាយាមបង្កើតរចនាសម្ព័ន្ធសន្តិសុខរួមគ្នាផងដែរ ដើម្បីជំរុញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេដែលមានលក្ខណៈស្រដៀងគ្នានឹងយន្តការខ្នាតតូច ដូចជា Quad ឬ AUKUS ជាដើម។ ភស្តុតាងមួយទាក់ទងនឹងរឿងនេះត្រូវបានបង្ហាញឱ្យឃើញកាលពីខែមុន ដែលនោះគឺ «ការធ្វើសមយុទ្ធសង្គ្រោះរួមគ្នាជាលើកដំបូងមិនធ្លាប់មានរវាងប្រទេសទាំង៣»។

សមយុទ្ធដែលបានធ្វើឡើងនៅស្រុក Naxaithong នៅទីក្រុងវៀងច័ន្ទរបស់ប្រទេសឡាវ បានកើតមានបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិរវាង កម្ពុជា-ឡាវ-វៀតណាម ដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីឆ្នាំ ២០១៩ ដែលនៅពេលនោះ ប្រទេសទាំង៣ បានព្រមព្រៀងគ្នារៀបចំទំនាក់ទំនង និងសកម្មភាពជាបន្តបន្ទាប់ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខរវាងគ្នា។

កាសែត The Vientiane Times បានឱ្យដឹងថា «សមយុទ្ធនោះមានការចូលរួមពីទាហានជិត ៥០០ នាក់មកពីប្រទេសទាំង៣ ដោយបានផ្តោតលើការស្វែងរក និងការជួយសង្គ្រោះក្នុងករណីកើតមានគ្រោះទឹកជំនន់, ការរអិលបាក់ដី និងការដួលរលំសំណង់អាគារដែលមានផ្ទុកសារធាតុគីមីពុល»។ ពិធីបិទសមយុទ្ធនេះមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣ និងពីមេដឹកនាំនៃប្រទេសឡាវ គឺលោកប្រធានាធិបតី Thongloun Sisoulith។

ទំនាក់ទំនងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់។ វាគឺជាសមយុទ្ធជួយសង្គ្រោះរួមគ្នាជាលើកដំបូងដែលមិនធ្លាប់មានពីមុនមករវាងប្រទេសទាំង៣ ដែលបានកើតមាននៅប៉ុន្មានឆ្នាំក្រោយពីមានការព្រមព្រៀងគ្នា និងបន្ទាប់ពីការផ្ទុះឡើងនូវការរាតត្បាតនៃវីរុសកូវីដ-១៩។

វាបានបង្ហាញអំពីការយកចិត្តទុកដាក់កាន់តែខ្លាំងលើកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិរវាងប្រទេសទាំង៣ ខណៈដែលទំនាក់ទំនងជាមួយប្រទេសជិតខាងនៅតែត្រូវបានចាត់ទុកជារឿងដ៏សំខាន់ ដូចដែលបានបង្ហាញនៅក្នុងឯកសារការពារជាតិចុងក្រោយបង្អស់របស់វៀតណាម (២០១៩) និងកម្ពុជា (២០២២)។

ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈទំនាក់ទំនងរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣ ដែលបានធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញានៅទីក្រុងវៀងចន្ទន៍ ដែលនៅពេលនោះ ពួកគេបានពិភាក្សាគ្នាអំពីប្រធានបទជាច្រើន បូករួមទាំងការបង្កើនការផ្លាស់ប្តូរយោធានៅក្នុងខេត្តជាប់ព្រំដែន ក៏ដូចជាការបង្កើនការសម្របសម្រួលនៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ ដូចជាការជួញដូរមនុស្សនិងគ្រឿងញៀន និងការរត់ពន្ធ។

សកម្មភាពទាំងនេះក៏បានផ្តល់ឱកាសដល់ការចូលរួមកាន់តែសកម្មជាងមុនផងដែរនៅពេលខាងមុខ បូករួមទាំងនៅក្នុងពិធីតាំងពិពណ៌វិស័យការពារជាតិអន្តរជាតិរបស់វៀតណាម ដែលនឹងប្រារព្ធឡើងដោយក្រសួងការពារជាតិនៅទីក្រុងហាណូយនៅក្នុងខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ទេថា «តើកិច្ចសហប្រតិបត្តិការត្រីភាគីកាន់តែទូលំទូលាយរវាងប្រទេសទាំង៣ នឹងវិវឌ្ឍទៅជាយ៉ាងណានៅថ្ងៃខាងមុខ»។

កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាម រហូតមកដល់ពេលនេះ មានការវិវឌ្ឍទៅមុខយឺត ហើយជាទូទៅវាតែងត្រូវការពេលជាច្រើនឆ្នាំដើម្បីអាចឱ្យគំនិតយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតា អាចដាក់ចេញបានដើម្បីអនុវត្ត បើទោះបីជាកម្រិតនៃការចូលរួមនិងទំនាក់ទំនង មានការកើនឡើងគួរឱ្យកត់សម្គាល់ក៏ដោយ។

ជាងនេះទៅទៀត បញ្ហាប្រឈមសំខាន់ៗនៅតែមានបន្តកើតមាននៅក្នុងកិច្ចសហប្រតិបត្តិការដែលរួមមានដូចជា បញ្ហាព្រំដែនដែលបន្តអូសបន្លាយ និងបញ្ហាទាក់ទងនឹងកេរ្តិ៍ដំណែលសង្រ្គាម ការជ្រៀតជ្រែកចូលភូមិសាស្ត្រនយោបាយរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោកពីសំណាក់មហាអំណាចធំៗបូករួមទាំងប្រទេសចិន និងសកម្មភាពរក្សាតុល្យភាពដែលប្រទេសឡាវនិងកម្ពុជា បាននិងកំពុងអនុវត្តជាមួយប្រទេសជិតខាងអាស៊ីអាគ្នេយ៍ដីគោកដែលមានទំហំធំជាងពួកគេ។

សម្រាប់ពេលខាងមុខ ការវិវឌ្ឍទាក់ទងនឹងរឿងទាំងនេះគឺជាអ្វីដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់។ វាពិតជាមានសារៈសំខាន់ខ្លាំងក្នុងការបន្តវាយតម្លៃអំពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចធំៗនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដីគោក បន្ទាប់ពីកើតមានការវិវឌ្ឍសំខាន់ៗ ដូចជាការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន និងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

បន្ថែមពីលើនេះ វាក៏មានសារៈសំខាន់ដូចគ្នាផងដែរក្នុងការបង្កើនការយកចិត្តទុកដាក់លើស្ថានការណ៍វិវឌ្ឍនៅក្នុងតំបន់ និងការចូលរួមរវាងបណ្តាប្រទេសក្នុងតំបន់។ ក្រៅពីការកសាងសមត្ថភាព និងលើកកម្ពស់ការជឿទុកចិត្តគ្នាកាន់តែច្រើនដែលបង្កើតឡើងដោយការចូលរួមទាំងនេះ វាក៏អាចបង្ហាញឱ្យឃើញអំពីព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងប្រទេសនីមួយៗផងដែរដែលអាចផ្តល់ភាពងាយស្រួលដល់ការឆ្លើយតបទៅនឹងឱកាស និងបញ្ហាប្រឈមដែលពួកគេកំពុងជួបប្រទះនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយរបស់ពួកគេ៕

The Diplomat

អត្ថបទទាក់ទង