ខ្មែរប៉ុស្ដិ៍ Close

    ការព្យាករណ៍ខុសលើលោក Xi និងការរះឡើងរបស់ លោក Li

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1911
    ការព្យាករណ៍ខុសលើលោក Xi និងការរះឡើងរបស់ លោក Liលោក Li Qiang ឥឡូវនេះ គឺជាមនុស្សលំដាប់ទី 2 របស់ប្រទេសចិន ជាការតែងតាំងដែលបង្ហាញពីការយកចិត្តទុកដាក់របស់លោក Xi ចំពោះអនាគតប្រទេសចិនមួយដែលនាំមុខដោយបច្ចេកវិទ្យាខ្ពស់។ រូបថត៖ Screengrab / NDTV

    ក្រុមអ្នកវិភាគអាជីពស្តីពីប្រទេសចិន និងក្រុមអ្នកបន្ទរនៅតាមបណ្តាញផ្សព្វផ្សាយលោកខាងលិច មានការភ្ញាក់ផ្អើលចំពោះការតែងតាំងប្រធានបក្សទីក្រុងសៀងហៃ លោក Li Qiang ឱ្យធ្វើជានាយករដ្ឋមន្ត្រីរបស់ប្រទេសចិន។ លោក Li គឺជាអ្នកគាំទ្រចំពោះសហគ្រិនភាពដែលផ្តោតលើបច្ចេកវិទ្យាទំនើប ដោយក្នុងនោះលោកជឿថា «អនាគតរបស់ចិននឹងពឹងផ្អែកលើសេដ្ឋកិច្ចឌីជីថល»។

    លោក Xi ត្រូវបានបណ្តាញផ្សព្វផ្សាយលោកខាងលិចលើកឡើងស្ទើរតែដូចៗគ្នាថា «លោកបានងាកទៅរករបបដឹកនាំតាមបែបលោក Mao»។ ប៉ុន្តែជាក់ស្តែង ក្រុមអ្នកវិភាគអាជីពទាំងនោះបានគិតខុស ហើយបណ្តាញផ្សព្វផ្សាយលោកខាងលិចកំពុងខិតខំព្យាយាមពន្យល់អំពីភាពចម្លែកនេះដែរ។

    កាសែត Bloomberg បានព្យាយាមពន្យល់នូវមូលហេតុដែលធ្វើឱ្យខ្លួនគិតខុសអំពីការរះឡើងរបស់លោក Li ដោយក្នុងនោះ កាសែតនេះបានលើកឡើងថា «នៅពេលដែលវិធីសាស្ត្រថ្នមសភាពការណ៍របស់លោក Li ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រ Zero-Covid ដ៏តឹងរឹងរបស់ចិន ត្រូវបានវាយប្រហារដោយវីរុសទម្រង់ Omicron កាលពីដើមឆ្នាំនេះ ការដំឡើងតំណែងរូបលោក បានស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»។

    «ភក្តីភាព» ដែលជាមូលហេតុនាំមកនូវការតែងតាំងលោក Li ត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់។ «ជាទូទៅមេដឹកនាំនយោបាយ (មិនថាជាមេដឹកនាំចិន ឬមេដឹកនាំនៅលោកខាងលិចនោះទេ) នឹងមិនតែងតាំងសហការីណាដែលគ្មានភក្តីភាពចំពោះខ្លួននោះឡើយ»។ ពួកឥស្សរជននយោបាយលោកខាងលិចបានមើល លោក Xi ខុសតាំងពីពេលចាប់ផ្តើម ហើយការតែងតាំងលោក Li គួរតែជាសារដាស់តឿនមួយសម្រាប់ពួកគេ។

    ការផ្តោតជ្រុលលើមនោគមវិជ្ជា និងការវាយតម្លៃលឿនពេកនៅក្នុងចំណោមឥស្សរជនគោលនយោបាយការបរទេស គឺជាមូលហេតុនៅពីក្រោយការមើលខុសជាប្រចាំទៅលើប្រទេសចិនដែលជាហេតុបង្កឱ្យមានប្រតិកម្មនយោបាយ ដែលបាននាំមកនូវផលវិបាកដ៏គ្រោះថ្នាក់។ ជាក់ស្តែង ការតែងតាំងលោក Li ជាបេក្ខជននាយករដ្ឋមន្ត្រីអាចជារឿងដែលអាចទាយទុកជាមុនបាន។

    លោក Xi Jinping និងអនុប្រធានថ្មីរបស់លោក គឺលោក Li Qiang នៅក្នុងរូបថតឯកសារមួយសន្លឹក។ រូបថត៖ NDTV / Screengrab

    កាសែត Asia Times បានសរសេរនៅថ្ងៃទី ២១ ខែតុលា ដោយបានព្យាករណ៍ថា «លោក Xi នឹងដាក់សមាជិក ៤ រូបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយឱ្យចូលនិវត្តន៍ បូករួមទាំងលោកនាយករដ្ឋមន្ត្រី Li Keqiang និងបេក្ខជននាយករដ្ឋមន្ត្រី Wang Yang ហើយលោក នឹងតែងតាំងមេដឹកនាំវ័យក្មេងមួយក្រុមថ្មី»។

    សូមអាន ការផ្លាស់ប្តូរធំជាងការរំពឹងទុកកំពុងលេចរូបរាងឡើង ខណៈពេលដែលលោក ស៊ី ជីនពីង នឹងផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ចិននៅក្នុងសមាជបក្សកុម្មុយនីស្តលើកទី ២០

    លោក Li គឺជាប្រធានបក្សក្រុងសៀងហៃ។ លោក Li បានសិក្សាមុខវិជ្ជាគ្រប់គ្រងធុរកិច្ច និងមានសញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង ដែលស្ថិតក្នុងចំណោមសាកលវិទ្យាល័យលំដាប់កំពូលនៅក្នុងតំបន់អាស៊ី និងដែលទទួលបានមូលនិធិពីមហាសេដ្ឋីហុងកុង គឺលោក Li Ka-shing។

    លោក Li គឺជាអ្នកគាំទ្រដ៏លេចធ្លោរបំផុតមួយរបស់លោក Jack Ma នៅក្នុងចំណោមថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន ហើយលោកក៏ជាអ្នកដែលបាននាំយកក្រុមហ៊ុន Tesla របស់លោក Elon Musk ទៅកាន់ទីក្រុងសៀងហៃផងដែរ។ ការតែងតាំងលោក Li គឺជាការបញ្ជាក់នូវ «ការគាំទ្ររបស់ថ្នាក់ដឹកនាំចំពោះឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ដែលដឹកនាំដោយវិស័យឯកជន»។ ការផ្តល់សន្ទុះដល់នវានុវត្តបច្ចេកវិទ្យា និងការអភិវឌ្ឍទេព្យកោសល STEM គឺជាពាក្យគន្លឹះនៅក្នុងរបាយការណ៍ការងាររបស់លោក Xi។

    លោក Li ត្រូវបានជ្រើសរើសដោយសារលោកមានស្នាដៃការងារ លើការធ្វើនវានុវត្តសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតំបន់ពាណិជ្ជកម្មសេរីសៀងហៃ (Shanghai Free Trade Zone) ដែលបាននាំយកមកនូវការវិនិយោគធំៗពីបរទេស (រហូតដល់ ៣២% នៅឆ្នាំ ២០២១ បើទោះបីជាកើតមានវីរុសកូវីដ-១៩ ក៏ដោយ) និងដោយសារគោលនយោបាយស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចដែលលោក បានរៀបចំឡើងសម្រាប់លោក Xi នៅក្នុងពេលដែលលោកនៅបម្រើការជាជំនួយការនៅខេត្ត Zhejiang។

    «វិបុលភាពរួម» របស់លោក Xi ភាគច្រើនគឺផ្ដោតលើនយោបាយផ្ទៃក្នុង ជាជាងមនោគមវិជ្ជា។ រូបថត៖ AFP

    ក្នុងអំឡុងពេល ២ ឆ្នាំកន្លងទៅនេះ លោក Xi បានប្រកាន់យកវោហាសាស្ត្រនៃការបែងចែកប្រាក់ចំណូលឡើងវិញក្រោមបាវចនា «វិបុលភាពរួម» និងបានបង្ក្រាបលើវិស័យអ៊ីនធឺណិតនៅចិន។ លោក Xi បានប្រកាន់យកវោហាសាស្ត្រទាក់ទងនឹងគោលការណ៍របស់គណបក្សកុម្មុយនិស្ត ក៏ប៉ុន្តែសកម្មភាពរបស់លោកបានដើរនៅក្នុងទិសដៅផ្ទុយពីវោហាសាស្ត្រ។

    អ្នកវិភាគនិងមន្ត្រីលោកខាងលិចដែលងងឹតងងល់នឹងមនោគមវិជ្ជាបានមើលរំលងលើចំណុចនេះ។ រដ្ឋចិនគឺជាស្ថាប័នដែលផ្តោតលើមនោគមវិជ្ជាតិចបំផុត និងដែលមានលក្ខណៈប្រាកដនិយមខ្លាំងបំផុតនៅក្នុងពិភពលោក។ ប្រទេសចិននឹងខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីអាចសម្រេចបាននូវវិបុលភាពនិងសន្តិសុខ ហើយនឹងប្រើប្រាស់រាល់គ្រប់មធ្យោបាយទាំងអស់ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ពួកគេ។

    លោក Xi បាន ដឹងថា «ឧស្សាហកម្មដែលគ្រប់គ្រងដោយរដ្ឋចិនមានភាពស្ពឹកស្រពន់ និងពុករលួយខ្លាំងដែលជាហេតុធ្វើឱ្យវាពិបាកក្នុងការឈានឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។ ដូច្នេះរដ្ឋចិនត្រូវការការដឹកមុខដោយសហគ្រិនឯកជន»។ លោក Deng Yuwen ដែលជាអតីតអនុប្រធានកាសែត Study Times ដែលជាកាសែតផ្លូវការរបស់ «សាលានយោបាយមជ្ឈឹមបក្ស» «Central Party School» បាននិយាយថា «លោក Li មានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយលោក Xi បើធៀបទៅនឹងលោក Li Keqiang។ លោក Xi អាចនឹងផ្តល់ឱ្យលោក Li នូវឱកាស និងអំណាចច្រើនជាងមុនក្នុងការគ្រប់គ្រងសេដ្ឋកិច្ច»។

    ដើម្បីអាចបន្តរក្សាអំណាច លោក Xi ឬមេដឹកនាំចិនណាក៏ដោយត្រូវតែបំពេញចិត្តឥស្សរជនចាស់ៗ បូករួមនឹងការបន្ធូរបន្ថយភាពច្រណែនរបស់ពលរដ្ឋទៅលើពួកអ្នកមានជាន់ថ្មី ទន្ទឹមនឹងការអនុញ្ញាតឱ្យសហគ្រិនដឹកនាំការធ្វើបរិវត្តកម្មសេដ្ឋកិច្ច។ ប៉ុន្តែរបៀបវារៈស្នូលរបស់លោក Xi គឺ «ការធ្វើឱ្យប្រទេសចិនក្លាយជាសេដ្ឋកិច្ចដែលមានវិបុលភាពកម្រិតមធ្យមនៅត្រឹមឆ្នាំ ២០៣៥»។

    ដើម្បីអាចសម្រេចគោលដៅនេះបាន ប្រទេសចិនចាំបាច់ត្រូវតែសម្រេចឱ្យបាននូវអត្រាកំណើន GDP ប្រចាំឆ្នាំចន្លោះពី ៤% ទៅ ៥%។ លោក Li បានបង្ហាញថា «លោកមានថាមពល និងមានសមត្ថភាពដឹកនាំដើម្បីឈានទៅសម្រេចគោលដៅនេះ»។

    រថយន្ត Tesla 3 ដែលផលិតនៅប្រទេសចិនដំបូងគេ បានដាក់ឱ្យដំណើរការនៅរោងចក្រ Shanghai Gigafactory ខណៈពេលដែលបុគ្គលិកនៃរោងចក្រថ្មីនេះកំពុងសម្លឹងមើល។ រូបថត៖ Ti Gong, Shine.com

    ការសិក្សារបស់ស្ថាប័ន Brookings បានឱ្យដឹងថា «នៅឆ្នាំ ២០១៨-២០១៩ លោកបានកៀរគរសមត្ថភាព និងកម្លាំងពលកម្មរបស់ទីក្រុងសៀងហៃ រួមជាមួយលោក Elon Musk ដើម្បីសាងសង់រោងចក្រ Tesla មួយដែលមានសមត្ថភាពផលិតរថយន្តអគ្គិសនីបានចំនួន ៥ សែនគ្រឿងក្នុងមួយឆ្នាំៗ»។ កាន់តែអស្ចារ្យទៀតនោះគឺ «ពួកគេបានចំណាយពេលត្រឹមតែ ១០ ខែប៉ុណ្ណោះក្នុងការបោះជំហានពីការសាងសង់រហូតដល់ការធ្វើប្រតិបត្តិការពេញលេញ»។

    ការផ្លាស់ប្តូរខ្លាំងនៅក្នុងថ្នាក់ដឹកនាំចិនបានបង្ហាញឱ្យឃើញនូវចំណុចរបត់មួយ។ ការធ្វើកំណែទម្រង់នៅឆ្នាំ ១៩៧៩ របស់លោក Deng Xiaoping នៅទីបំផុតបានបម្លាស់ទីពលរដ្ឋចិនជិត ៧០០ លាននាក់ពីតំបន់ជនបទទៅកាន់ទីក្រុង និងបានផ្លាស់ប្តូរសេដ្ឋកិច្ចដាំដុះតាមបែបប្រពៃណីចិនទៅជាសេដ្ឋកិច្ចឧស្សាហកម្មដែលគ្រប់គ្រងដោយសហគ្រាសរដ្ឋ។

    វិស័យរដ្ឋចិនបានក្លាយជាមូលដ្ឋាននៃអំណាចនយោបាយ។ លោក Xi បានសន្និដ្ឋានថា «លោកត្រូវការអំបោសថ្មីដើម្បីបោសសម្អាតឧបសគ្គនៅចំពោះមុខដើម្បីអាចបោះជំហានឆ្ពោះទៅកាន់សេដ្ឋកិច្ចឧស្សាហកម្មបែបឌីជីថលូបនីយកម្ម»។ តាមរយៈការតែងតាំងលោក Li មកធ្វើជាអនុប្រធានរបស់លោក Xi ពិតជាកំពុងស្ថិតនៅលើផ្លូវដ៏ល្អឆ្ពោះទៅរកគោលដៅរបស់លោក៕

    Asia Times

    អត្ថបទទាក់ទង