ខ្មែរប៉ុស្ដិ៍ Close

    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង ៣ពាន់គ្រួសារ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 1295
    ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង ៣ពាន់គ្រួសារប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ ជូនកសិករខេត្តកំពង់ឆ្នាំង ជាង ៣ពាន់គ្រួសារ

    បេសកកម្មសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះចែកស្រូវពូជជូនកសិកររងគ្រោះដោយទឹកជំនន់ នៅខេត្តជុំវិញបឹងទន្លេសាប បានចូលដល់ខេត្តកំពង់ឆ្នាំងហើយ បន្ទាប់ពីប្រើពេលប្រមាណ៤ថ្ងៃ។ នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់។ គ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។

    ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណ១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

    1. ផ្តើមកិច្ចសំណេះសំណាលជាមួយពលរដ្ឋនៅខេត្តកំពង់ឆ្នាំង សម្តេចតេជោ ហ៊ុន សែន បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ សាកសួរសុខទុក្ខជូនពលរដ្ឋចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋទូទាំងខេត្ត។
    2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះមហាក្សត្រ និងសម្តេចម៉ែ តែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
    3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារចុះជួយខេត្ត និងអាជ្ញាធរខេត្ត ដែលបានប្រឹងប្រែងរួមគ្នាដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋពេលជួបទឹកជំនន់។
    4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលពលរដ្ឋមានទុក្ខតែមានមុខ មានវត្តមានមន្ត្រីបក្សប្រជាជនកម្ពុជា ដែលបានបំពេញការងារនៅតាមមូលដ្ឋាន។
    5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃម្សិលមិញមិនមានការឆ្លងជំងឺកូវីដ-១៩នោះទេ។ នេះជាថ្ងៃទី៦ហើយ ដែលកម្ពុជាមិនមានការឆ្លងជំងឺកូវីដ-១៩ ករណីថ្មី។
    6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គម្រប់៣ឆ្នាំនៃការឆ្លងជំងឺកូវីដ-១៩នៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា ជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ មិនមែនពឹងតែលើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋផងដែរ។
    7. សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការអនុវត្តន៍វិធានការនានា ជាពិសេសការចាក់វ៉ាក់សាំង។
    8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មិនបង្កផលប៉ះពាល់ដល់អាយុជីវិតនោះឡើយ។
    9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រោះទឹកជំនន់ជាទម្ងន់មួយបន្ថែមទៀតសម្រាប់កម្ពុជា ពីលើវិបត្តិនៃជំងឺកូវីដ-១៩។
    10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សកាន់អំណាចខុសពីបក្សប្រឆាំង ដែលមានមុខតែពេលបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែមានមុខគ្រប់ពេលពលរដ្ឋមានទុក្ខ និងការលំបាក មិនមែនឃើញមុខតែពេលបោះឆ្នោតនោះទេ។
    11. សម្តេចតេជោ ហ៊ុន សែន បានប្រៀបធៀបរឿងនេះ ទៅនឹងគ្រួសារដែលមានកូននៅជិត និងកូននៅឆ្ងាយ។ កូននៅជិតថែទាំរាល់ថ្ងៃ តែគុណសម្បត្តិមិនស្មើកូននៅឆ្ងាយយូរៗមកលេងម្តង។
    12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សប្រជាជនតែងតែនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ។
    13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយបក្សប្រជាជន អ្នកដែលនៅតែពេលមានសុខ ហើយរត់ពេលមានទុក្ខ គឺមិនត្រូវបានតែងតាំងកាន់មុខតំណែង ឬតួនាទីអ្វីមួយនោះឡើយ។
    14. សម្តេចេជោ ហ៊ុន សែន ណែនាំលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យរៀបចំកាត់ឆ្កៀលដីតំបន់៣នៅបឹងទន្លេសាបជូនពលរដ្ឋឱ្យបានមុនចូលឆ្នាំខ្មែរ។
    15. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជា ព្រោះជាបក្សទ្រទ្រង់សុខសន្តិភាព។ បើគ្មានវត្តមានបក្សប្រជាជនកម្ពុជា ភ្លើងសង្គ្រាម និងចលលាចលជាតិនឹងកើតឡើង។
    16. សម្តេចតេជោ ហ៊ុន សែន សួរទៅកាន់មេដឹកនាំបក្សភ្លើងទៀនថា តើសម្តីប្រមាថរបស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រត្រឹមត្រូវដែរទេ?
    17. សម្តេចតេជោ ហ៊ុន សែន ស្នើទៅសមាជិកបក្សភ្លើងទៀន ឱ្យរង់ចាំមើលថា តើមេបក្សខ្លួនមានសមត្ថភាពឆ្លើយតបនឹងសំណួរសម្តេចដែរទេ?
    18. សម្តេចតេជោ ហ៊ុន សែន ស្នើថ្នាក់ដឹកនាំ សមាជិកបក្សភ្លើងទៀនចាកចេញពីបក្សភ្លើងទៀនបន្ទាន់ ព្រោះបក្សនេះប្រឈមនឹងផ្លូវច្បាប់។
    19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានខ្សែអាត់សំឡេងនានានៃការពាក់ព័ន្ធគ្នារវាងបក្សភ្លើងទៀន ជាមួយក្រុមទណ្ឌិត រត់ចោលស្រុក។
    20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភស្តុតាងជាតម្រុយនៃការប្រព្រឹត្តខុសនឹងច្បាប់បក្សនយោបាយ កំពុងស្ថិតនៅក្នុងដៃសម្តេច។
    21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ច្រកតែមួយគត់របស់បក្សភ្លើងទៀនពីការមិនជាប់ពាក់ព័ន្ធក្រុមអ្នកទោស គឺត្រូវបង្ហាញឱ្យច្បាស់ តើសម្តីប្រមាថព្រះចេស្តាព្រះមហាក្សត្រជារឿងត្រឹមត្រូវទេ?
    22. សម្តេចតេជោ ហ៊ុន សែន ក៏បានឱ្យសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីបក្សភ្លើងទៀន ត្រូវចេញមុខឆ្លើយតប ឬថ្កោលទោសចំពោះសម្តីប្រមាថ របស់ សម រង្ស៉ី លើព្រះចេស្តាព្រះមហាក្សត្រ។
    23. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់មកពីបក្សភ្លើងទៀន កុំបារម្ភរឿងគេដេញចេញពីតំណែង ចំពោះការនិយាយថ្កោលទោស សម រង្ស៉ី។ សម្តេចតេជោ បញ្ជាក់ថា គ្មាននរណាអាចដកបានឡើយ បើគ្មានការឯកភាពពីសម្តេចក្រឡាហោម ស ខេង។
    24. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកបក្សភ្លើងទៀន ចាកចេញពីបក្សទៅកាន់បក្សដទៃ ព្រោះបក្សនេះអាចប្រឈមនឹងការរំលាយ។
    25. សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ និងសមាជិកបក្សប្រជាជន ក៏ដូចជាបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម និងរាជបល្លង្កពីជនក្បត់ជាតិ៣ជំនាន់។
    26. សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរស្រូតចែកស្បៀងដែលសម្តេចផ្តល់ឱ្យ ជូនកសិកររងគ្រោះទឹកជំនន់៕

    Fresh News

    អត្ថបទទាក់ទង