ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋខេត្តព្រៃវែង ជាង៦ពាន់គ្រួសារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 380

នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២គ្រួសារ។

ខេត្តព្រៃវែង ជាខេត្តមួយដែលមានអំណោយផលខ្ពស់សម្រាប់ដំណាំស្រូវ ហើយផ្ទៃដីសម្រាប់ធ្វើស្រែជិត៣៤ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីស្រែវស្សា មានរហូតដល់ទៅ ២៥ម៉ឺនហិកតា។ ខេត្តនេះធ្លាប់ជាខេត្តជាប់ចំណាត់លេខមួយលើទិន្ន​ផលស្រូវ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

  1. ជាកិច្ចចាប់ផ្តើមសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ សួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង។
  2. សម្តេចតេជោ ហ៊ុន សែន បានចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កសិករពីសង្គមចាស់ ពេលជួបការលិចលង់មិនមានអ្នកជួយអន្តរាគមន៍ទេ តែបច្ចុប្បន្នខុសគ្នា គឺមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល មានទាំងស្រូវពូជ និងស្បៀងអាហារផ្សេងៗ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរអាជ្ញាធរ និងក្រុមគ្រូពេទ្យនៅខេត្តព្រៃវែង ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
  6. សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំង។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនជារឿងតូចតាចទេ សម្រាប់កម្ពុជា ពលរដ្ឋមានត្រឹមជាង ១៦លាននាក់ តែពលរដ្ឋស្លាប់ជាង៣ពាន់នាក់ ក្នុងរយៈពេលខ្លី ព្រោះតែជំងឺកូវីដ១៩។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សល់តែពីរថ្ងៃទៀតទេ ខួបមួយឆ្នាំ ដែលកម្ពុជា បានបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩។
  9. សម្តេចេជោ ហ៊ុន សែន បានឱ្យដឹងថា នៅថ្ងៃម្សិលមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់។
  10. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
  11. សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជំុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេច នឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី១ ខែវិច្ឆិកា វេលាម៉ោង ៤រសៀល៕

Fresh News

អត្ថបទទាក់ទង