ខ្មែរប៉ុស្ដិ៍ Close

គុណសម្បត្តិ និងគុណវិបត្តិនៃការចរចាជាមួយរុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 2053
គុណសម្បត្តិ និងគុណវិបត្តិនៃការចរចាជាមួយរុស្ស៊ីគុណសម្បត្តិ និងគុណវិបត្តិនៃការចរចាជាមួយរុស្ស៊ី

នៅពេលថ្មីៗនេះ សមាជិកសភាអាមេរិកបានអំពាវនាវឱ្យបន្តការចរចាដោយផ្ទាល់រវាងលោកខាងលិច ជាមួយនឹងប្រទេសរុស្ស៊ីរបស់លោក Vladimir Putin។ ដូច្នេះ វាគឺជាពេលវេលាដ៏ល្អក្នុងការពិចារណាអំពីរបៀបដែលកិច្ចពិភាក្សាបែបនេះអាចប្រព្រឹត្តិទៅបាន ក៏ដូចជាផលចំណេញ ឬការខាតបង់ដែលនឹងទទួលបានពីការចរចា។

នៅពេលដែលការខាតបង់ផ្នែកយោធារបស់រុស្ស៊ីបានបន្តកើនឡើងនៅក្នុងប្រទេសអ៊ុយក្រែន វោហាសាស្ត្រដែលប្រើដើម្បីពិពណ៌នាសង្រ្គាមរបស់រុស្ស៊ីក៏កាន់តែមានលក្ខណៈអាក្រក់ទៅៗ។ មានមនុស្សតិចណាស់នៅក្នុងប្រទេសអ៊ុយក្រែន ដែលអំពាវនាវចង់ឱ្យមានការចរចា ខណៈដែលប្រធានាធិបតី Joe Biden ក៏បានផ្តល់សញ្ញាដែរថា «លោកនឹងគោរពតាមបំណងប្រាថ្នារបស់អ៊ុយក្រែន»។

«តើការពិភាក្សាដោយផ្ទាល់រវាងមេដឹកនាំកំពូលរុស្ស៊ី និងលោកខាងលិចអាចជួយបញ្ចៀសគ្រោះមហន្តរាយបានដែរឬទេ?» ក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀតនិងលោកខាងលិចបានព្យាយាមបន្តកិច្ចសន្ទនាប្រកបដោយជោគជ័យលើបញ្ហាជាច្រើន បូករួមទាំងការកាត់បន្ថយការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ។ ឧទាហរណ៍នៃសង្រ្គាមត្រជាក់បានបង្ហាញថា «ការសន្ទនាកម្រិតខ្ពស់ដោយស្មើភាពគ្នាអាចជាចំណុចចាប់ ផ្តើមនៃការកាត់បន្ថយភាពតានតឹង»។

តើមានអំណះអំណាងអ្វីខ្លះប្រឆាំងនឹងការចរចាកម្រិតខ្ពស់បែបនេះ?

អ្នកអត្ថាធិប្បាយខ្លះបានលើកឡើងថា «ការចរចានឹងផ្តល់រង្វាន់ដល់លោក Putin សម្រាប់ការដែលលោកបានគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ»។ ដូច្នេះ ជាជាងការចរចា វិធានការខ្លាំងក្លាជាងនេះគួរត្រូវតែបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការលុកលុយ។

អំណះអំណាងមួយទៀតបានលើកឡើងថា «គោលបំណងចុងក្រោយរបស់លោក Putin គឺការបញ្ចូលអ៊ុយក្រែនទៅក្នុងប្រទេសរុស្ស៊ី។ ហេតុដូច្នេះហើយ រាល់ការចរចានឹងនាំមកនូវភាពបរាជ័យ»។ អ្នកផ្សេងទៀត យល់ថា «បើនិយាយដល់ផ្នែកសីលធម៌ វាគឺជារឿងដែលមិនអាចទទួលយកបានទេ ក្នុងការនិយាយជាមួយអ្នកឈ្លានពាន»។

នេះមិនមែនជាប្រធានបទថ្មីសម្រាប់ការជជែកដេញដោលនោះទេ មេដឹកនាំនានាតែងតែប្រឈមមុខនឹងបញ្ហាថា «តើពួកគេគួរនិយាយជាមួយសត្រូវដែរឬអត់»។ ជាឧទាហរណ៍ សំណួរស្រដៀងគ្នានេះធ្លាប់បានលើក ឡើងពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ នៅក្នុងយុទ្ធនាការរវាងបេក្ខជនប្រធានាធិបតី Barack Obama និង John McCain ក្នុងឆ្នាំ ២០០៨។

នៅពេលនេះ មេដឹកនាំលោកខាងលិច រាប់ចាប់ពីលោក Biden រហូត ដល់នាយករដ្ឋមន្ត្រីហ្វាំងឡង់ Sanna Marin បានទទួលយកជំហរដ៏តឹងរ៉ឹងរបស់លោក McCain។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលនឹងអំពាវនាវឱ្យមានការពិភាក្សា អាចនឹងចោទសួរថា «តើវាអាចទៅរួចទេក្នុងការរំពឹងថា សង្រ្គាមនឹងបញ្ចប់តាមរយៈការបន្តរង់ចាំឱ្យអ្នកឈ្លានពានសារភាពទទួលកំហុស»។

ជាក់ស្តែង ជម្រើសមួយផ្សេងទៀតគឺ «ការរង់ចាំឱ្យសង្គ្រាមបញ្ចប់ទៅដោយខ្លួនឯង»។ ប៉ុន្តែ ធនធានរបស់រុស្ស៊ីសម្រាប់ទ្រទ្រង់សង្គ្រាមនឹងមិនអស់នៅក្នុងពេលឆាប់ៗនោះទេ។ ការជ្រើសរើសមិននិយាយជាមួយភាគី ម្ខាងទៀត គឺជារឿងដែលអាចយល់បាន ដោយក្នុងនោះដោយសារតែសង្រ្គាមគឺសាហាវនិងអយុត្តិធម៌ វាត្រូវតែទទួលរងនូវការថ្កោលទោស។

ប៉ុន្ដែ ប្រសិនបើយើងប្រកាន់យកការមិនពេញចិត្ត ដោយជ្រើសរើសមិននិយាយជាមួយគ្នា ហើយសង្រ្គាមដែលយើងមិនពេញចិត្តនឹងបន្តអូសបន្លាយពេលកាន់តែយូរ នោះតើវាអាចបង្កផលវិបាកកាន់តែធ្ងន់ធ្ងរដែរឬទេ? តើមនុស្សនឹងត្រូវស្លាប់ជាច្រើនទៀតដែរឬទេ? តើវាគឺជារឿងសមហេតុផលទេ ក្នុងការបន្ទោសភាគីម្ខាងទៀតចំពោះការស្លាប់មនុស្សកាន់តែច្រើន ឬតើយើងគួរនិយាយគ្នាដើម្បីកាត់បន្ថយការអូសបន្លាយនៃសង្គ្រាម បើទោះបីជាយើងមិនមែនជាអ្នកចាប់ផ្តើមសង្គ្រាមក៏ដោយ?

សង្រ្គាមពីមុនៗបានកើតឡើងមួយផ្នែកដោយសារតែភាពអយុត្តិធម៌ ក៏ប៉ុន្តែភាពអយុត្តិធម៌មិនគួរត្រូវបានប្រើដើម្បីផ្តល់ភាពស្របច្បាប់ដល់ការធ្វើសង្គ្រាមឡើយ។ រុស្ស៊ីប្រហែលមិនអាចទទួលយកនូវការពិតដែលថា «តួនាទីរបស់ខ្លួននៅក្រោយសង្គ្រាមត្រជាក់បានថយចុះជាលំដាប់» ហើយហេតុផលរបស់រុស្ស៊ី ក្នុងការបើកការវាយប្រហារអ៊ុយក្រែន អាចបណ្តាលមកពីបញ្ហាដែលជាប់ទាក់ទងនឹងភាពអយុត្តិធម៌នេះ។

ទាហានរបស់រុស្ស៊ី

សម្រាប់អ៊ុយក្រែន សង្គ្រាមនេះគឺជាការតស៊ូប្រឆាំងដើម្បីអធិបតេយ្យភាព និងជាការតស៊ូដើម្បីតម្លៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាព ដែលពិតជាមានតម្លៃខ្លាំងណាស់ក្នុងការតស៊ូប្រយុទ្ធ។ នៅក្នុងសុន្ទរកថាដែលនិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ីក្នុងការកាត់ខេត្តភាគខាងកើតចំនួន ៤ ចេញពីប្រទេសអ៊ុយក្រែន លោក Putin បានផ្តោតលើអំពើខុសឆ្គងរបស់លោកខាងលិច។ លោកបានលើកឡើងអំពីកំណត់ត្រារបស់លោកខាងលិចពាក់ព័ន្ធនឹងការធ្វើអាណានិគម, ការបង្កើតឱ្យមានទាសករ និងការធ្វើឱ្យប្រជាជននិងអំណាចដទៃទៀតចុះខ្សោយ។ លោកមិនបានលើកឡើងអំពីកំហុសផ្ទាល់របស់រុស្ស៊ីនោះទេ។

តើកិច្ចប្រជុំកំពូលអាចនឹងមានលក្ខណៈបែបណា?

នៅពេលនេះ អ្នកសិក្សាស្រាវជ្រាវ និងអ្នកនយោបាយជាច្រើនកំពុងរំពឹងទុកនូវកិច្ចប្រជុំកំពូលមួយ។ ប្រសិនបើកិច្ចប្រជុំកំពូលពិតជាអាចកើតឡើងមែន នោះវាអាចរួមបញ្ចូលប្រទេសរុស្ស៊ីនិងមហាអំណាចពិភពលោកឈានមុខគេផ្សេងទៀត ក្នុងនាមជាភាគីសំខាន់ៗ ហើយអង្គការសហប្រជាជាតិ ឬរដ្ឋាភិបាលអព្យាក្រឹតណាមួយ អាចដើរតួនាទីជាម្ចាស់ផ្ទះ។

ប៉ុន្តែ «តើភាគីនានានឹងនិយាយអំពីអ្វី?» សង្រ្គាមជាច្រើនបានកើតឡើងដោយសារការប៉ះទង្គិចគ្នានៃគុណតម្លៃ។ បើគ្មានការដោះស្រាយបញ្ហានេះទេ យើងនឹងមិនអាចបញ្ចប់សង្គ្រាមបានទេ។ ជាឧទាហរណ៍ នៅប្រទេសអៀរឡង់ខាងជើង! កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ 1998 បានអនុម័តជាផ្លូវការ នូវគុណតម្លៃដូចជា «ការគោរពគ្នាទៅវិញទៅមក» និង «សមភាព»។

វានឹងមិននាំមកនូវការខាតបង់អ្វីទេសម្រាប់ភាគីនៅក្នុងសង្រ្គាមបច្ចុប្បន្ន ក្នុងការស្តាប់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងគុណតម្លៃ។ ជាឧទាហរណ៍ វានឹងមិនបង្កអន្តរាយដល់មហាអំណាចលោកខាងលិចនោះទេក្នុងការទទួលស្គាល់គុណតម្លៃរបស់សត្រូវ ហើយយើងពិតជាគួរគោរពសមិទ្ធិផលវិទ្យាសាស្ត្រ និងវប្បធម៌ប្រវត្តិសាស្ត្រ របស់រុស្ស៊ី។

នៅក្នុងកិច្ចប្រជុំកំពូល ការចុះហត្ថលេខាលើសន្ធិសញ្ញាអាចជារឿងល្អ ក៏ប៉ុន្តែវាមិនមែនជារឿងចាំបាច់នោះទេ។ សេចក្តីថ្លែងការណ៍ក្រៅផ្លូវការស្អំស្តីពីការគោរពគ្នាទៅវិញទៅមករវាងប្លុកប្រវត្តិសាស្ត្រគួរត្រូវបានធ្វើឡើង។ រុស្ស៊ីហាក់ដូចជាចង់បានការទទួលស្គាល់នូវឋានៈដ៏ខ្ពស់របស់ខ្លួន ក្នុងនាមជាមហាអំណាចពិភពលោក និងជាមនុស្សដ៏ជោគជ័យ។

នេះមិនមែនជាសម្បទានដ៏លំបាក សម្រាប់លោកខាងលិចក្នុងការធ្វើនោះទេ។ ពួកគេអាចទុកមុខមាត់ឱ្យលោក Putin ដើម្បីចាប់ផ្តើមកាត់បន្ថយភាពតានតឹង។ ច្បាប់នៃកិច្ចប្រជុំកំពូលគួរត្រូវបានកំណត់ឱ្យបានច្បាស់លាស់ដែលអាចរួមបញ្ចូលនូវការពិភាក្សាគ្នា ដោយផ្អែកលើយោគយល់គ្នាទៅវិញទៅមក។ ឧទាហរណ៍ ភាគីនីមួយៗអាចទទួលស្តាប់អំពីគុណតម្លៃ និងភាពអយុត្តិធម៌របស់ភាគីម្ខាងទៀត។

ចុងក្រោយ ការកំណត់លក្ខខណ្ឌទុកជាមុន មិនគួរត្រូវបានបង្កើតឡើងនៅមុនកិច្ចប្រជុំកំពូលនោះទេ។ យើងត្រូវតែមានភាពប្រាកដនិយមជាងនេះ។ ការបង្កើតសន្តិភាពតែងតែតម្រូវឱ្យមានការចូលរួមពីសំណាក់ភាគីចំនួន ២ ឬច្រើន។ មិនយូរមិនឆាប់ កិច្ចពិភាក្សាកំពូលអាចនឹងប្រព្រឹត្តទៅ ក៏ប៉ុន្តែសំណួរដ៏សំខាន់តែមួយគត់គឺថា «តើវានឹងកើតឡើងនៅពេលណា»។ បណ្តាមេដឹកនាំលោកខាងលិច ដែលតំណាងឱ្យប្រជាជនដែលមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការលុកលុយរបស់រុស្ស៊ី ប្រហែលជាមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយនោះទេ។

ទឡ្ហីករណ៍គាំទ្រកិច្ចប្រជុំកំពូលមានភាពច្បាស់លាស់ និងរឹងមាំដូចគ្នានឹងទឡ្ហីករណ៍ប្រឆាំង។ ជាមួយនឹងការបង្កើតឡើង និងការរៀបចំយ៉ាងប្រុងប្រយ័ត្ន បូករួមនឹងសំណាងតិចតួច កិច្ចប្រជុំកំពូលមួយអាចកំណត់ឡើងវិញនូវសុន្ទរកថាជុំវិញសង្រ្គាមដែលបច្ចុប្បន្នកំពុងជាប់គាំងនៅក្នុងវដ្តនៃភាពតានតឹង៕

Asia Times

អត្ថបទទាក់ទង