ខ្មែរប៉ុស្ដិ៍ Close

    សង្គ្រាមនៅអ៊ុយក្រែន៖ ផលប៉ះពាល់ចំពោះតំបន់អាស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1930
    សង្គ្រាមនៅអ៊ុយក្រែន៖ ផលប៉ះពាល់ចំពោះតំបន់អាស៊ីតើសង្រ្គាមប្រព្រឹត្តទៅយ៉ាងដូចម្ដេច, តើនៅពេលណា និងតើមានលក្ខខណ្ឌអ្វីខ្លះដែលសង្គ្រាមនឹងត្រូវបញ្ចប់, ទាំងអស់នេះសុទ្ធតែបង្កផលប៉ះពាល់ដល់តំបន់អាស៊ី និងដល់សណ្តាប់ធ្នាប់ពិភពលោក (Sergey Bobok/AFP តាមរយៈ Getty Images)

    បច្ចុប្បន្ននេះ សង្គ្រាមនៅអ៊ុយក្រែនបានក្លាយជាជម្លោះអន្តររដ្ឋដ៏ធំបំផុតមួយ បើគិតចាប់តាំងពីសង្គ្រាមកូរ៉េមក ដោយសម្អាងលើកត្តាជាច្រើន ដូចជាការស្លាប់នៅសមរភូមិ, ចំនួនទាហានដែលបានចូលរួម និងអាវុធយុទ្ធភណ្ឌដែលត្រូវបានប្រើ។ វាក៏ជាសង្គ្រាមកូនអុកលើកដំបូងផងដែរ រវាងមហាអំណាចនុយក្លេអ៊ែរ បើគិតចាប់តាំងពីការធ្វើអន្តរាគមរបស់រុស្ស៊ីនៅក្នុងសង្គ្រាមនៅស៊ីរីមក។

    ដូច្នេះវាគឺជារឿងសមហេតុផលណាស់ក្នុងការចោទសួរថា «តើជម្លោះនៅអ៊ុយក្រែនបាននិងកំពុងបង្កផលប៉ះពាល់អ្វីខ្លះដល់តំបន់អឺរ៉ុប និងនៅតំបន់ផ្សេងទៀត?» អ្នកវិភាគនិងអ្នកបង្កើតនូវគោលនយោបាយនៅក្នុងប្រទេសនីមួយៗនៅតំបន់អាស៊ីកំពុងឃ្លាំមើលសង្រ្គាមនៅអ៊ុយក្រែនយ៉ាងយកចិត្តទុកដាក់។

    ទស្សនៈយល់ឃើញពាក់ព័ន្ធនឹងជម្លោះនេះ បានប្រមូលផ្ដុំជុំវិញសំណួរជាមូលដ្ឋានចំនួន ៤ គឺ៖

    1. ហេតុអ្វីបានជាសង្រ្គាមនេះផ្ទុះ ឡើង?
    2. តើសង្រ្គាមនេះបានប្រព្រឹត្តទៅយ៉ាងដូចម្ដេច?
    3. តើសង្រ្គាមនេះមាន ន័យយ៉ាងណាសម្រាប់សណ្តាប់ធ្នាប់ពិភពលោក?
    4. តើវានឹងបញ្ចប់នៅពេលណា និងត្រូវការលក្ខខណ្ឌអ្វីខ្លះ?

    នៅក្នុងការជជែកដេញដោលគ្នាជុំវិញសំណួរទាំង ៤ នេះ យើងអាចចាប់ផ្តើមមើលឃើញអំពីផលប៉ះពាល់យ៉ាងទូលំទូលាយមួយចំនួននៃសង្គ្រាមនៅអ៊ុយក្រែនចំពោះតំបន់អាស៊ី។

    ១. ហេតុអ្វីបានជាសង្រ្គាមនេះផ្ទុះឡើង?

    ចម្លើយជាក់ស្តែងចំពោះសំណួរនេះគឺថា «រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២»។ មានចម្លើយចំនួន ៣ ដែលឆ្លើយតបទៅនឹងសំណួរនេះ ហើយចម្លើយនីមួយៗសុទ្ធតែភ្ជាប់មកជាមួយនូវផលប៉ះពាល់ជាច្រើនសម្រាប់កិច្ចការយុទ្ធសាស្ត្ររបស់តំបន់អាស៊ី។

    ចម្លើយទី១ ៖ គឺ «លោកខាងលិចបានញុះញង់រុស្ស៊ីឱ្យវាយប្រហារអ៊ុយក្រែន តាមរយៈការពង្រីកសមាជិកភាពរបស់ NATO ឱ្យទៅជិតព្រំដែនរបស់រុស្ស៊ីខ្លាំងពេក»។

    ចម្លើយនេះត្រូវបានលើកឡើងជាលើកដំបូងដោយលោក John Mearsheimer កាលពីឆ្នាំ ២០១៤ ជាមួយនឹងការអះអាងថា «ការពង្រីក NATO ឆ្ពោះទៅទិសខាងកើត បានរំលោភលើការយោគយល់គ្នាជាមូលដ្ឋាន រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នៅក្រោយសង្រ្គាមត្រជាក់ ហើយលោក Vladimir Putin មានហេតុផលសមស្របក្នុងការព្រួយបារម្ភអំពីវត្តមានរបស់សម្ព័ន្ធភាពដ៏គ្រោះថ្នាក់មួយ នៅជិតព្រំដែនរបស់រុស្ស៊ី»។

    មេរៀនជាយុទ្ធសាស្ត្រសម្រាប់អ្នកដែលជឿជាក់លើចម្លើយនេះគឺ «មហាអំណាចត្រូវការលំហយុទ្ធសាស្ត្រ ហើយសន្តិភាពអាចធានាបានតាមរយៈការទទួលស្គាល់ថា មហាអំណាចនីមួយៗត្រូវការលំហឥទ្ធិពលនៅជុំវិញព្រំដែនរបស់ខ្លួន ដោយពុំគិតពីការយល់ឃើញរបស់ប្រទេសជិតខាងរបស់ពួកគេ»។ ជាក់ស្ដែង ផលប៉ះពាល់ទៅលើប្រទេសជិតខាងរបស់ចិន, របស់ឥណ្ឌា និងរបស់ឥណ្ឌូណេស៊ី អាចមានទំហំធំធេងណាស់។

    ចម្លើយទី២ ៖ គឺ «សកម្មភាពរបស់លោកខាងលិចនៅក្រោយសង្គ្រាមត្រជាក់គឺជាការបង្កហេតុ, ជាការបញ្ឆេះកំហឹង និងជាការញុះញង់ឱ្យរុស្ស៊ីឈ្លានពាន»។ ការប្រើប្រាស់កម្លាំងទ័ពរបស់ NATO ទៅលើកូសាវ៉ូ កាលពីឆ្នាំ ១៩៩៩ និងការផ្ដួលរំលំរបប Gaddafi នៅប្រទេសលីប៊ី កាលពីឆ្នាំ ២០១១ ព្រមទាំងការឈ្លានពានដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ (ទង្វើនីមួយៗសុទ្ធតែបានបំពានលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ) គឺជាការទម្លាក់ឋានៈដ៏មានតម្លៃរបស់រុស្ស៊ី ដែលជាសមាជិកអចិន្រ្តៃយ៍របស់ស្ថាប័នមួយនេះ។

    ដូច្នេះការឈ្លានពានរបស់រុស្ស៊ីគឺជាការបង្ហាញអំពីភាពចាំបាច់ក្នុងការបញ្ជាក់ឡើងវិញនូវតួនាទីរបស់មហាអំណាច និងការយល់ឃើញរបស់ពួកគេអំពីរបៀបអនុវត្តសកម្មភាពទៅលើប្រទេសតូចៗដែលមិនមានអាវុធនុយក្លេអ៊ែរ។ មេរៀនជាយុទ្ធសាស្ត្រដែលទទួលបានពីការបកស្រាយនេះគឺ «សណ្តាប់ធ្នាប់នៅតំបន់អាស៊ីនឹងមិនអាចធានាបានដោយច្បាប់ និងស្ថាប័នណាមួយនោះទេ ដូច្នេះការរំពឹងទុកដ៏ល្អបំផុតសម្រាប់សន្តិភាព គឺភាពល្អូកល្អឺនរវាងមហាអំណាចនុយក្លេអ៊ែរ»។

    ការជជែកដេញដោលគ្នាចំនួន ៣ ជុំវិញមូលហេតុដែលលោក Vladimir Putin សម្រេចឈ្លានពានអ៊ុយក្រែន (Kremlin.ru)

    ចម្លើយទី៣ ៖ «លោក Putin មិនមែនត្រូវបានគំរាមកំហែងដោយការពង្រីកដែនឥទ្ធិពលរបស់ NATO នោះទេប៉ុន្តែគឺដោយសារទំនោររបស់អ៊ុយក្រែនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ និងការត្រូវរ៉ូវគ្នាជាមួយអឺរ៉ុប ជាជាងជាមួយរុស្ស៊ី»។ ការឈ្លានពានរបស់រុស្ស៊ីដែលមានចេតនាផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីលើកបន្តុបរបបមួយដែលមានភក្ដីភាពជាមួយនឹងទីក្រុងមូស្គូ គឺជាការធ្វើឱ្យរបបផ្ដាច់ការនៅបណ្ដាប្រទេសអតីតសហភាពសូវៀតមានសុវត្ថិភាព។

    ផលប៉ះពាល់ជាយុទ្ធសាស្ត្រនៃអំណះអំណាងនេះគឺ «សមរភូមិនៅពេលបច្ចុប្បន្ននេះគឺធ្វើឡើងរវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ ដូច្នេះនៅពេលដែលរបបផ្ដាច់ការបង្កើនការប្តេជ្ញាចិត្តរួមគ្នាកាន់តែខ្លាំងនៅតំបន់អាស៊ី លទ្ធិប្រជាធិបតេយ្យក៏ត្រូវតែបង្កើនការសហការគ្នាផងដែរ។

    ២. តើសង្រ្គាមនេះបានប្រព្រឹត្តទៅយ៉ាងដូចម្ដេច?

    ចម្លើយចំនួន ៣ ពាក់ព័ន្ធនឹងការប្រព្រឹត្តទៅនៃសង្រ្គាមនៅអ៊ុយក្រែនដែលបានបង្កផលប៉ះពាល់ដល់សក្ដានុពលយុទ្ធសាស្ត្រនៅតំបន់អាស៊ី។

    ចម្លើយទី១៖ គឺ «ការប្រកួតគ្នានេះមិនមានភាពត្រដុំត្រសងគ្នានោះទេ ពោលគឺភាគីដែលតូចជាងកំពុងមានប្រៀបនាំមុខ»។

    ការវិភាគជាច្រើនត្រូវបានធ្វើឡើងជុំវិញមូលហេតុ ដែលធ្វើឱ្យរុស្ស៊ីបរាជ័យក្នុងការអាចយកឈ្នះសង្គ្រាម និងមូលហេតុដែលធ្វើឱ្យអ៊ុយក្រែនមិនត្រឹមតែអាចទប់ទល់នឹងការឈ្លានពានបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចដណ្ដើមយកទឹកដីដែលរុស្ស៊ីធ្លាប់ដណ្ដើមបានទៀតផង។

    ផលប៉ះពាល់ជាយុទ្ធសាស្រ្តអំពីរបៀបដែលសង្រ្គាមកំពុងប្រព្រឹត្តទៅគឺ «ការផ្លាស់ប្តូរតុល្យភាពនៃការវាយលុក-ការពារ» ដោយក្នុងនោះវាមានជាប់ពាក់ព័ន្ធនឹងការយល់ឃើញរបស់អ្នកវិភាគ និងអ្នកបង្កើតគោលនយោបាយអំពីបញ្ហាថា «តើនៅក្នុងជម្លោះមួយ ស្ថានភាពនៃបច្ចេកវិទ្យាយោធាបច្ចុប្បន្ននឹងផ្តល់អទិភាពខ្ពស់ដល់អ្នកវាយប្រហារ ឬដល់អ្នកការពារខ្លួនពីការវាយប្រហារ»។

    មីស៊ីលរយៈចម្ងាយឆ្ងាយកាន់តែទំនើបៗ, ការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូម៉ាញេទិកដើម្បីបិទការការពារដែនអាកាស និងការវិវឌ្ឍទៅនៃសមយុទ្ធយោធារួមគ្នាចាប់តាំងពីសង្គ្រាមឈូងសមុទ្រពែក្ស ឆ្នាំ ១៩៩៩១ មក បានចាប់ផ្តើមផ្តល់នូវការយល់ឃើញយ៉ាងច្បាស់នៅក្នុងចិត្តគំនិតរបស់ក្រុមអ្នកវិភាគ និងអ្នកបង្កើតគោលនយោបាយអំពីតុល្យភាពរវាងការវាយលុក-ការពារចំពោះភាគីអ្នកវាយប្រហារ។

    ផលប៉ះពាល់ជាយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ីមានជាប់ទាក់ទងនឹងការយល់ឃើញអំពីឥទ្ធិពលនៃការវាយលុកដែលតែងបង្កឱ្យមានអស្ថិរភាព។ រដ្ឋនីមួយៗមានការព្រួយបារម្ភខ្លាចគូប្រជែងរបស់ពួកគេអាចយកប្រៀបលើខ្លួន តាមរយៈការបើកការវាយប្រហារមុន។ ម៉្យាងវិញទៀត ភាពលេចធ្លោនៃអំណាចនៃការការពារខ្លួន អាចធ្វើឱ្យអ្នករៀបចំផែនការយោធារបស់ចិនមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ជាងមុនអំពីលទ្ធភាពនៃការទទួលបានជោគជ័យនៅក្នុងការឈ្លានពានកោះតៃវ៉ាន់។

    អ្នករៀបចំផែនការយោធារបស់ចិន អាចនឹងមានការប្រុងប្រយ័ត្នបន្ថែមទៀតអំពីលទ្ធភាពនៃជោគជ័យក្នុងការឈ្លានពានកោះតៃវ៉ាន់ (Annabelle Chih/Getty Images)

    ចម្លើយទី២៖ «ការប្រព្រឹត្តទៅនៃសង្រ្គាម គឺជាអំណាចនៃសង្គ្រាមព័ត៌មាន»។ ប្រហែលនេះគឺជាសង្គ្រាមដំបូងបំផុតហើយ បើគិតចាប់តាំងពីសង្គ្រាមត្រជាក់មកដែលភាគីទាំងពីរបានប្រើប្រាស់ធនធានសំខាន់ៗ ដើម្បីព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃទង្វើរបស់ខ្លួន និងដើម្បីបង្កការខូចខាតដល់ភាពស្របច្បាប់របស់គូសត្រូវ។

    ចាប់តាំងពីការចូលឈ្លានពានប្រទេសហ្សកហ្ស៊ីកាលពីឆ្នាំ ២០០៨ រហូតដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ បណ្ដាប្រទេសលោកខាងលិចបានចំណាយពេលវេលា និងកិច្ចខិតខំប្រឹងប្រែងយ៉ាងច្រើន ដើម្បីប្រមូល និងបង្ហាញជាសាធារណៈនូវព័ត៌មានសម្ងាត់ ដើម្បីទប់ទល់នឹងប្រតិបត្តិការព័ត៌មានរបស់រុស្ស៊ី។

    លទ្ធផលនេះ គឺជាជ័យជំនះយ៉ាងដាច់ណាត់របស់ប្រទេសអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន នៅក្នុងការគ្រប់គ្រងវោហាសាស្ត្រ តាមរយៈការផ្តល់ព័ត៌មានភ្លាមៗអំពីការបរាជ័យ ការដកថយ, អំពើ ឃោរឃៅ និងឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី។

    ជាលទ្ធផល សាមគ្គីភាពនៅផ្ទៃក្នុងលោកខាងលិច និងសាមគ្គីភាពរបស់ពួកគេជាមួយអ៊ុយក្រែន បានផ្តល់នូវសម្ភារៈ និងការគាំទ្រខាងផ្នែកសីលធម៌ជាបន្តបន្ទាប់ដល់អ៊ុយក្រែន ទន្ទឹមនឹងការព្យាយាមបង្កការលំបាកដល់អ្នកដែលមានទំនោរគាំទ្ររុស្ស៊ី ឬអ្នកដែលមិនព្រមបញ្ចេញមតិប្រឆាំងនឹងរុស្ស៊ី។ ដូច្នេះសារៈសំខាន់នៃសង្គ្រាមព័ត៌មានគឺជាអ្វីដែលមិនអាចខ្វះបាននោះទេ ហើយវាអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រឈម មុខដាក់គ្នាកាន់តែស៊ីជម្រៅនៅតំបន់អាស៊ី។

    ចម្លើយទី៣ ៖ «សង្រ្គាមអ៊ុយក្រែនបានផ្តល់ឱ្យសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត នូវឱកាសដ៏ល្អបំផុតក្នុងការកាត់បន្ថយឥទ្ធិពលរបស់គូប្រជែងផ្តាច់ការ បើគិតចាប់តាំងពីពេលដែលសហភាពសូវៀតដកខ្លួនចេញពីអាហ្វហ្គានីស្ថាននៅឆ្នាំ ១៩៨៩»។

    ប្រទេសអ៊ុយក្រែនបានក្លាយជាសង្វៀន «សង្រ្គាមកូនអុក» មួយដែលមានប្រទេសមហាអំណាចជាអ្នកផ្គត់ផ្គង់អាវុធ, ផ្ដល់ការស៊ើបការណ៍សម្ងាត់ និងការបណ្តុះបណ្តាលកងទាហានការពារខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវដ៏មានឥទ្ធិពល។

    សហភាពសូវៀតបានធ្វើរឿងនេះនៅវៀតណាមកាលពីទសវត្សរ៍ឆ្នាំ ១៩៦០ ហើយសហរដ្ឋអាមេរិកបានធ្វើរឿងនេះនៅអាហ្វហ្គានីស្ថានក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ លោកខាងលិចបានបង្កើតទីតាំងដ៏មានសក្តានុពលមួយនៅក្នុងប្រទេសអ៊ុយក្រែន ដែលជាទីដែលខ្លួនអាចកាត់បន្ថយសមត្ថភាពយោធានិងសេដ្ឋកិច្ចរបស់រុស្ស៊ី តាមរយៈអាវុធយុទ្ធភណ្ឌ និងរបៀបហ្វឹកហ្វឺនដែលពួកគេផ្តល់ឱ្យអ៊ុយក្រែន និងទណ្ឌកម្មដែលពួកគេបាននិងកំពុងដាក់លើប្រទេសរុស្ស៊ី។

    លោកខាងលិច បានបន្ថែមការទទួលខុសត្រូវទៅឱ្យរុស្ស៊ី ដែលរួមមានដូចជាការប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរស៊ីវិលជាខែល, ការគំរាមកំហែងទម្លាក់គ្រាប់បែកលើផ្លូវផ្គត់ផ្គង់នៅអឺរ៉ុប និងការគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិចជាដើម។ វិធានការ ២ ចុងក្រោយនឹងធ្វើឱ្យកម្លាំងរបស់រុស្ស៊ីកាន់តែចុះខ្សោយ។

    អ្វីដែលនៅតែមិនច្បាស់លាស់នៅឡើយនោះ គឺគោលបំណងចុងក្រោយសម្រាប់លោកខាងលិច។ «តើវាជាការដកខ្លួនរបស់រុស្ស៊ី ឬជាការផ្លាស់ប្តូររបប ឬជាការកាត់បន្ថយអំណាចរបស់រុស្ស៊ី?» លទ្ធភាពនីមួយៗ បូករួមជាមួយនឹងការរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមកក្នុងចំណោមបណ្ដារដ្ឋលោកខាងលិច អាចនឹងត្រូវបានលើកយកទៅពិភាក្សានៅក្នុងចំណោមអ្នកយុទ្ធសាស្រ្តចិន ឬកូរ៉េខាងជើង។

    ៣. តើសង្រ្គាមនេះមានន័យយ៉ាងណា សម្រាប់សណ្តាប់ធ្នាប់ពិភពលោក?

    ការឈ្លានពានរបស់រុស្សីទៅលើប្រទេសជិតខាងរបស់ខ្លួនដោយផ្អែកលើហេតុផលស្រដៀងគ្នា (ការរំលោភសិទ្ធិមនុស្ស និងការតម្រង់ទិសគោលនយោបាយការបរទេសដែលមិនអាចទទួលយកបាន) ទៅនឹងការលុកលុយទៅលើអ៊ីរ៉ាក់ និងប្រតិបត្តិការប្រឆាំងនឹងកូសាវ៉ូ និងលីប៊ី គឺជាជំហានមួយទៀតឆ្ពោះទៅរកការលុបបំបាត់នូវបទដ្ឋានមូលដ្ឋាន។

    សណ្តាប់ធ្នាប់សកលលោកដែលចងភ្ជាប់ដោយផលប្រយោជន៍រួមជាមូលដ្ឋាន និងការយល់ឃើញរួមគ្នា កំពុងរងនូវការធ្លាក់ចុះ។ នៅពេលដែលមហាអំណាចនានា មិនអាចសូម្បីតែយល់ស្របគ្នាលើផលប្រយោជន៍រួម នោះមូលដ្ឋាននៃការអត់ធ្មត់ចំពោះគ្នាទៅវិញទៅមក និងការបញ្ចៀសពីមហន្តរាយ នឹងបន្តធ្លាក់ចុះ។ ជាលទ្ធផល អាស៊ីដែលជាតំបន់នៃជម្លោះនឹងកាន់តែងាយរងគ្រោះថ្នាក់។

    ល្បែងដូមីណូដ៏គ្រោះថ្នាក់មួយទៀត គឺជាស្ថានភាពនៃបទដ្ឋានមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ តាមរយៈការឈ្លានពានអ៊ុយក្រែននៅក្នុងឆ្នាំ ២០១៤ និង ២០២២ រុស្ស៊ីបានរំលោភលើលក្ខខណ្ឌនៃអនុស្សរណៈទីក្រុង Budapest ឆ្នាំ ១៩៩៤ ដែលអ៊ុយក្រែន, បេឡារុស្ស និងកាហ្សាក់ស្ថាន បានយល់ព្រមប្រគល់ក្បាលគ្រាប់នុយក្លេអ៊ែររបស់សហភាពសូវៀត ដែលមាននៅលើដីរបស់ពួកគេទៅឱ្យរុស្ស៊ី ជាថ្នូរនឹងការសន្យាថា «ពួកគេនឹងមិនត្រូវបានវាយប្រហារនៅពេលអនាគតដោយប្រទេសរុស្ស៊ីឡើយ»។

    នៅពេលដែលរថពាសដែករបស់រុស្ស៊ីបានរំកិលឆ្ពោះទៅទីក្រុង គៀវ កាលពីខែកុម្ភៈ អ្នកដែលតែងតែគោរពលើកិច្ចព្រមព្រៀងដ៏ល្ងង់ខ្លៅមួយនេះ មិនមែនមានតែអ៊ុយក្រែនមួយប៉ុណ្ណោះទេ។ អ្នកយុទ្ធសាស្ត្រជាច្រើនអាចនឹងគិតត្រឡប់ទៅរកការវាយប្រហារលើអ៊ីរ៉ាក់និងលីប៊ី និងការអត់ធ្មត់ចំពោះប៉ាគីស្ថាន, កូរ៉េខាងជើង និងអ៊ីរ៉ង់ ដើម្បីស្វែងយល់អំពីភាពខុសគ្នារវាងអ្នកដែលលះបង់សមត្ថភាពនុយក្លេអ៊ែរចោល និងអ្នកដែលបន្តដើរទៅមុខក្នុងគោលបំណងរក្សាសន្តិសុខ និងអធិបតេយ្យភាព។

    លោក Volodymyr Zelenskyy កំពុងចុះត្រួតពិនិត្យការខូចខាតនៅទីក្រុង Bucha កាលពីខែឧសភា បន្ទាប់ពីតំបន់នេះត្រូវបានរំដោះពីការកាន់កាប់របស់រុស្ស៊ី (ប្រធានាធិបតីអ៊ុយក្រែន / Flickr)

    ជាងនេះទៅទៀត ជាមួយនឹងការបញ្ជាក់ម្តងហើយម្តងទៀតថា «សហរដ្ឋអាមេរិកនឹងមិនធ្វើសង្គ្រាមលោកលើកទី៣ នៅអ៊ុយក្រែន» ប្រធានាធិបតី Joe Biden បានបង្កើតឱ្យមានការសង្ស័យ នៅក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន ដែលពឹងផ្អែកលើការការពារកម្រិតខ្ពស់ប្រឆាំងនឹងគូប្រជែងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ។ ដូច្នេះ ជម្រើសក្នុងការទិញអាវុធនុយក្លេអ៊ែរត្រូវតែស្ថិតនៅក្នុងចិត្តគំនិតរបស់អ្នកបង្កើតគោលនយោបាយ និងអ្នកវិភាគទាំងឡាយ ជាពិសេសក្រុមអ្នកដែលនៅតំបន់អាស៊ី។

    នៅពេលដែលការប្រឈមមុខដាក់គ្នារវាងលោកខាងលិច និងបណ្តាប្រទេសផ្តាច់ការ មានភាពតានតឹងកាន់តែខ្លាំងជុំវិញបញ្ហាអ៊ុយក្រែន ការជ្រើសរើសយកភាគីម្ខាងនឹងចៀសមិនផុតពីការបង្កផលប៉ះទង្គិចដល់ភាគីម្ខាងទៀត ជាពិសេសសម្រាប់ប្រទេសឥណ្ឌា, ឥណ្ឌូណេស៊ី និងបណ្តាប្រទេសអាស៊ីជាច្រើនទៀត ដែលប្រាថ្នាចង់បានពហុភាគីនិយមដើម្បីគ្រប់គ្រងភាពចលាចលនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ពួកគេ។

    ៤. តើវានឹងបញ្ចប់នៅពេលណា និងតើវានឹងត្រូវការនូវលក្ខខណ្ឌអ្វីខ្លះ?

    មានកត្តាចំនួន ៣ អាចនឹងជួយបិទបញ្ចប់សង្គ្រាមមួយនេះ ហើយកត្តានីមួយៗសុទ្ធតែនាំមកនូវផលប៉ះពាល់ជាយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី។ មានភាគរយតិចតួចបំផុតដែលថា «រុស្ស៊ីនឹងឈ្នះសង្គ្រាមនេះ»។

    ទីក្រុងមូស្គូបានពង្រឹងឆន្ទៈ និងបានបន្តបញ្ជូនសម្ភារៈយោធាបន្ថែមទៀត ដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ទន្ទឹមនឹងការព្យាយាមកាត់បន្ថយសមត្ថភាពផ្គត់ផ្គង់អាវុធ និងសមត្ថភាពផ្ដល់ព័ត៌មានចារកម្មយោធារបស់លោកខាងលិច។ នៅពេលដែលកងកម្លាំងនិងទឹកចិត្តប្រយុទ្ធរបស់ទីក្រុង គៀវ រងនូវការធ្លាក់ចុះ រុស្ស៊ីនឹងដណ្តើមយកតំបន់មួយចំនួនពីអ៊ុយក្រែនមកវិញ ហើយនឹងផ្តល់កិច្ចព្រមព្រៀងសន្តិភា មួយដល់ទីក្រុង គៀវ។

    អ៊ុយក្រែននឹងយល់ព្រមទទួលយកទម្រង់ដែលមានលក្ខណៈដូចគ្នា នឹងការបង្កើតប្រទេសហ្វាំងឡង់ (Finlandisation) ដែលប្រជាធិបតេយ្យអាចប្រព្រឹត្តិទៅបាន តែត្រូវមានដែនកំណត់ ពោលគឺការមិនអាចចូលជាសមាជិករបស់ NATO, EU ឬនឹងត្រូវតម្រូវឱ្យចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយជាមួយរុស្ស៊ី និងបេឡារុស្ស។ មេរៀនដ៏សំខាន់មួយសម្រាប់តំបន់អាស៊ីគឺ «ភាពជាអ្នកដឹកនាំកិច្ចការរដ្ឋរបស់រុស្ស៊ី» ដែលរួមមានការធ្វើវិទ្ធង្សនា, សង្គ្រាមព័ត៌មាន និងការធ្វើអន្តរាគមន៍យោធាដ៏ឃោរឃៅ ពីព្រោះវិធីទាំងនេះពិតជាមានប្រសិទ្ធភាព។

    អ្វីដែលទំនងបំផុតនោះគឺ «អ៊ុយក្រែននឹងឈ្នះ»។ ប្រតិបត្តិការយោធារបស់អ៊ុយក្រែនបានបង្ខំទាហានរុស្ស៊ីឱ្យដកថយចេញពីភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែពួកគេនឹងនៅតែបន្តព្យាយាម ដណ្តើមយកតំបន់ គ្រីមេ មកវិញ។ រុស្ស៊ីនឹងយល់ព្រមបង្កើតឱ្យមានសន្តិភាពក្នុងលក្ខខណ្ឌដែលលោកខាងលិចយល់ព្រមដកទណ្ឌកម្មចេញ ហើយទីក្រុង គៀវ យល់ព្រមទទួលស្គាល់ការបាត់បង់តំបន់ Crimea ជាផ្លូវការ។

    អ៊ុយក្រែននឹងចូលរួមជាមួយ NATO និងសហភាពអឺរ៉ុប។ កេរ្តិ៍ឈ្មោះនិងភាពស្របច្បាប់របស់រុស្ស៊ីនឹងរងនូវការធ្លាក់ចុះ ហើយប្រទេសរុស្ស៊ីនឹងត្រូវពឹងផ្អែកលើចិនកាន់តែខ្លាំង។ ករណីនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ទីក្រុងប៉េកាំង។ ជាមួយនឹងប្រទេសជិតខាងដ៏ទន់ខ្សោយ និងស្តាប់បង្គាប់ ដែលស្ថិតនៅកៀកនឹងព្រំប្រទល់តំបន់អាស៊ី ប្រទេសចិនអាចបង្កើនការយកចិត្តទុកដាក់កាន់តែច្រើនជាងមុនទៅលើមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា។

    ប៉ុន្តែប្រធានាធិបតី ស៊ី ជីនពីង ក៏នឹងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុនផងដែរ។ លោកនឹងកត់សម្គាល់អំពីការរួបរួមគ្នាមិនធ្លាប់មានពីមុនមករបស់លោកខាងលិច បន្ទាប់ពីកើតមានការឈ្លានពាននៅអ៊ុយក្រែន, ឆន្ទៈក្នុងការស៊ូទ្រាំនឹងទុក្ខលំបាករបស់ក្រុមប្រទេសទាំងនេះក្នុងការដាក់ទណ្ឌកម្មលើអ្នកឈ្លានពាន និងសមត្ថភាពនៃការធ្វើសង្គ្រាមព័ត៌មានដ៏មហិមា ដែលសុទ្ធសឹងតែជាសុបិន្តដ៏អាក្រក់សម្រាប់ប្រទេសចិន។

    លទ្ធភាពមួយទៀតនោះគឺ «គ្មានភាគីណាមួយឈ្នះឡើយ» ហើយសង្រ្គាមនេះនឹងបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៣ ហើយអាចឈានទៅរកភាពទាល់ច្រកយ៉ាងធ្ងន់ធ្ងរ។ អង្គការសហប្រជាជាតិអាចនឹងចាប់ផ្តើមដំណើរការចរចាមួយផ្សេងទៀតដើម្បីបង្កើតឱ្យមានបទឈប់បាញ់នៅតាមបណ្តោយ «ខ្សែបន្ទាត់ព្រំដែននៃការគ្រប់គ្រងជាក់ស្តែង» ដែលអាចនឹងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

    ភាគីទាំងសងខាងអាចនឹងរងគ្រោះដោយសារការវាយប្រហារភេរវកម្ម ហើយផលប៉ះពាល់សម្រាប់តំបន់អាស៊ីអាចនឹងមានលក្ខណៈជ្រាលជ្រៅណាស់។ នៅពេលដែលការប្រឈមមុខដាក់គ្នានៅទ្វីបអឺរ៉ុបឈានទៅរកភាពជាប់គាំង តំបន់អាស៊ីអាចនឹងក្លាយជាទីតាំងថ្មីមួយសម្រាប់ការប្រឈមមុខដាក់គ្នារវាងលទ្ធិប្រជាធិបតេយ្យ និងរបបផ្ដាច់ការ។ នេះគឺជាអ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមកូរ៉េ ពោលគឺបន្ទាប់ពីការដួលរលំនៃជញ្ជាំងប៊ែរឡាំង លោក Stalin ក៏បានសម្លឹងឆ្ពោះទៅកាន់ទិសខាងកើតសម្រាប់ឱកាសមួយផ្សេងទៀត។

    អាំងតង់ស៊ីតេ និងតុល្យភាពនៃជម្លោះបានបង្ហាញឱ្យឃើញអំពីការលាក់ពុត និងលទ្ធភាពនៃអាវុធដែលត្រូវបានផលិតឡើងនៅក្នុងយុគសម័យព័ត៌មាន ដែលជារឿងដែលមិនធ្លាប់មានពីមុនមកនោះទេ ហើយរឿងនេះនឹងផ្លាស់ប្តូរការយល់ឃើញរបស់ក្រុមអ្នកវិភាគ និងអ្នកបង្កើតនូវគោលនយោបាយនៅតំបន់អាស៊ី។

    អស់ជាច្រើនទសវត្សរ៍មកហើយ ពិភពលោកបានរស់នៅជាមួយនឹងផលប៉ះពាល់ជាយុទ្ធសាស្ត្រដែលបង្កឡើងដោយសង្គ្រាមកូរ៉េ។ ដូច្នេះនៅពេលនេះ យើងទាំងអស់គ្នាដែលកំពុងរស់នៅក្នុងតំបន់អាស៊ី អាចនឹងត្រូវរស់នៅជាមួយនឹងលទ្ធផលដែលបន្សល់ទុកពីការដួលរលំនៃសង្រ្គាមនៅអ៊ុយក្រែននៅក្នុងរយៈពេលរាប់ទសវត្សរ៍ទៅមុខទៀត៕

    The Interpreter