ខ្មែរប៉ុស្ដិ៍ Close

វៀតណាមស្ថិតក្នុងស្ថានភាពលំបាកសម្រេចចិត្ត ខណៈពេលដែលចិនបន្តពង្រីកអំណាច និងឥទ្ធិពល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1080
វៀតណាមស្ថិតក្នុងស្ថានភាពលំបាកសម្រេចចិត្ត ខណៈពេលដែលចិនបន្តពង្រីកអំណាច និងឥទ្ធិពល អ្នក​បើក​បរ​ម្នាក់​ជិះ​កាត់​រថយន្ត​កុងតឺន័រ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម-ចិន ក្នុង​ខេត្ត Lang Son។ រូបថត៖ STR/AFP

វៀតណាមមានសុភាសិតដ៏ល្បីមួយឃ្លាដែលពោលថា «អ្នកជិតខាងល្អជាងបងប្អូនដែលនៅឆ្ងាយ»។ បើផ្ទះមួយត្រូវភ្លើងឆេះ អ្នកជិតខាងអាចប្រមូលគ្នាផ្តល់ជំនួយ ខណៈដែលបងប្អូនមិនអាចជួយបានទេ ដោយសារស្ថិតនៅឆ្ងាយពីគ្នាពេក។ ឃ្លានេះត្រូវបានគេប្រើយ៉ាងទូលំទូលាយដើម្បីបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងល្អជាមួយបណ្តាប្រទេសជិតខាងដើម្បីរក្សាសន្តិភាព។ នៅពេលក្រឡេកមើលទំនាក់ទំនងដ៏តានតឹងរវាងវៀតណាមនិងចិន សុភាសិតនេះមានបង្កប់នូវមេរៀនដ៏ល្អ។

ប្រទេសចិនបានបន្តការឈ្លានពានកាន់តែខ្លាំងលើប្រទេសវៀតណាមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ ថ្វីបើមានមនោគមវិជ្ជានយោបាយដូចគ្នាក៏ដោយ ក៏ចិនបាននិងកំពុងប្រើប្រាស់សមត្ថភាពហិរញ្ញវត្ថុ និងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រកួតប្រជែងជាមួយវៀតណាម ក្នុងការដណ្តើមយកឥទ្ធិពលពីប្រទេសកម្ពុជា និងឡាវ ដែរ។ សម្រាប់ប្រទេសចិន ទាំងអស់នេះគឺជាការបោះជំហានឈានទៅមុខឆ្ពោះទៅរកការគ្រប់គ្រងលើអាងទន្លេមេគង្គ។

នៅពេលដែលប្រទេសចិនបន្តពង្រីកឥទ្ធិពលរបស់ខ្លួនលើប្រទេសឡាវ និងកម្ពុជា តាមរយៈគម្រោងនានា ដូចជាវេទិកាខ្សែក្រវ៉ាត់និងផ្លូវ ដែលជាកិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ចអន្តរជាតិ ដែលផ្តល់នូវជំនួយហិរញ្ញវត្ថុដ៏ទាក់ទាញឥទ្ធិពលកាន់តែខ្លាំងឡើងរបស់មហាអំណាចអាស៊ីមួយនេះកំពុងបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងសម្រាប់វៀតណាម។

ប្រសិនបើប្រទេសជិតខាងរបស់ខ្លួនគាំទ្រចិន វៀតណាមនឹងស្ថិតនៅឯកោ និងងាយរងគ្រោះពីបញ្ហាភូមិសាស្ត្រនយោបាយ។ ប្រទេសកុម្មុយនីស្តដ៏មានឥទ្ធិពលមួយនេះក៏មិនមានការភ័យខ្លាចនោះដែរក្នុងការផ្តល់សញ្ញាដល់សហគមន៍អន្តរជាតិថា «វត្តមានយោធារបស់ខ្លួនកំពុងកើនឡើងកម្លាំងកាន់តែខ្លាំង»។ អ្នកសង្កេតការណ៍អាចក្រឡេកទៅមើលជម្លោះនៅសមុទ្រចិនខាងត្បូង និងអាចយល់បានថា «ប្រទេសចិនពិតជាហានិភ័យផ្នែកយោធាដ៏សកម្ម»។

វៀតណាមនិងចិនមានទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាដ៏យូរអង្វែង ក៏ប៉ុន្តែជម្លោះទឹកដីបានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេមានភាពតានតឹងកាន់តែខ្លាំង។ វិធានការមួយចំនួនអាចជួយឱ្យវៀតណាមបញ្ចៀសជម្លោះជាមួយចិន ក៏ប៉ុន្តែវានឹងតម្រូវឱ្យមានការផ្លាស់ប្តូរនៅក្នុងកិច្ចការការទូត បូករួមនឹងគោលនយោបាយថ្មីមួយចំនួនទាំងជាមួយប្រទេសជិតខាងឡាវនិងកម្ពុជា។

ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc (ឆ្វេង) ចាប់ដៃជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ក្នុងជំនួបនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក)/អាន ឃួន សំអូន

បច្ចុប្បន្ន វៀតណាមគឺជាវិនិយោគិនបរទេសធំលំដាប់ទី ៥ របស់កម្ពុជា។ បន្ទាប់ពីការវិនិយោគទឹកប្រាក់ចំនួន ២៥ លានដុល្លារសម្រាប់ការសាងសង់រដ្ឋសភារបស់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ ២០២១ ប្រទេសទាំងីរ បានប្រារព្ធខួបលើកទី ៥៥ នៃទំនាក់ទំនងការទូតកាលពីខែមិថុនា ដោយក្នុងនោះវៀតណាមបាន វិនិយោគទឹកប្រាក់ចំនួន ៣ លានដុល្លារបន្ថែមទៀតទៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទាកម្ពុជា។

ទំនាក់ទំនងរវាងប្រទេសទាំងពីរ បាននិងកំពុងរីកចម្រើននៅក្នុងវិស័យជាច្រើន បូករួមទាំងពាណិជ្ជកម្ម វប្បធម៌ និងកាលពីពេលថ្មីៗនេះ គឺជំនួយទាក់ទងនឹងវីរុសកូវីដ-១៩។ បន្ថែមពីលើសម្ភារៈបរិក្ខារពេទ្យ រដ្ឋវៀតណាមបានផ្តល់ជំនួយហិរញ្ញវត្ថុប្រហែល ៣ សែនដុល្លារដល់ព្រះរាជាណាចក្រកម្ពុជាដើម្បីដោះស្រាយបញ្ហាវីរុសកូវីដ-១៩។

ប៉ុន្តែកម្ពុជាបានងាកខិតទៅជិតប្រទេសចិនកាន់តែខ្លាំង បន្ទាប់ពីទទួលបានការវិនិយោគយ៉ាងច្រើនពីប្រទេសចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំទាស់នឹងការគាំទ្ររបស់អាស៊ានចំពោះតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍របស់ទីក្រុងឡាអេ ស្តីពីបញ្ហាសមុទ្រចិនខាងត្បូងកាលពីខែមិថុនា ដោយសារលោកបារម្ភថា «វាអាចបង្កការមិនចុះសម្រុងគ្នារវាងអាស៊ាន និងប្រទេសចិន»។

អ្នកខ្លះយល់ឃើញថា «នេះគឺជាការបន្តព្យាយាមពង្រីកយុទ្ធសាស្ត្ររបស់ចិននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» ខណៈដែលប្រទេសមួយចំនួនដូចជាឡាវនិងកម្ពុជា បាននិងកំពុងផ្តល់ការកំពុងគាំទ្រដល់មហិច្ឆតារបស់ចិន ក្នុងការកសាងបណ្តាញសម្ភារៈយោធានិងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅជុំវិញពិភពលោក តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ប៉ុន្តែប្រទេសឡាវកំពុងប្រឈមមុខនឹងបញ្ហាដោយសារការ ពឹងផ្អែកលើមូលនិធិរបស់ចិន។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ លោក Viengsavath Siphandone (ស្តាំ) និងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ លោក Jiang Zaidong បានបើកសម្ពោធផ្លូវរថភ្លើងល្បឿនលឿន Lane Xang នៅទីក្រុងវៀងចន្ទន៍។ រូបថត៖ STR/AFP

បច្ចុប្បន្នបំណុលបរទេសរបស់ឡាវ មានចំនួនជាង ១៤ ពាន់លានដុល្លារ  ស្មើនឹង ៨៨% នៃ GDP របស់ប្រទេស ហើយពាក់កណ្តាលនៃចំនួននេះគឺជំពាក់ប្រទេសចិន។ ក្នុងនាមជាប្រទេសដ៏ក្រីក្របំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ការងាកទៅរកសេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ី គឺជារឿងដែលងាយស្រួលយល់ ក៏ប៉ុន្តែប្រទេសឡាវគួរតែប្រុងប្រយ័ត្នកុំឲ្យធ្លាក់ទៅក្នុងអន្ទាក់នៃការពឹងផ្អែកជ្រុលហួសហេតុលើចិន។

សូមអាន ប្រទេសចិននឹងមិនធ្វើឱ្យឡាវក្លាយជាអន្ទាក់បំណុលនៃផែនការខ្សែក្រវ៉ាត់ និងផ្លូវនោះឡើយ

ប្រាក់កម្ចីពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាច្រើនត្រូវបានព្រមព្រៀងក្នុងអត្រាការប្រាក់ពាណិជ្ជកម្ម និងការអនុវត្តនូវលក្ខខណ្ឌ ដូចជាការបង់ប្រាក់តាមរយៈការលក់ធនធានធម្មជាតិ។ ចក្ខុវិស័យរបស់ប្រទេសឡាវសម្រាប់ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ នៅចំពេលអត្រាអតិផរណាកំពុងកើនឡើង បូករួមនឹងហានិភ័យនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច អាចបង្កើតឱ្យមានវដ្តនៃបំណុលដែលឡាវអាចនឹងមិនមានលទ្ធភាពបង់សងប្រទេសចិន។

វៀតណាមអាចកាត់បន្ថយឥទ្ធិពលរបស់ចិនតាមរយៈការបង្កើនជំនួយដល់កម្ពុជានិងឡាវ ដើម្បីជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងដើម្បីពង្រឹងផលប្រយោជន៍រួមរវាងគ្នាបន្ថែមទៀត។ វៀតណាម, ឡាវ និងកម្ពុជា អាចចូលរួមនៅក្នុងគម្រោងរួមគ្នាដើម្បីបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្ស, ការផ្គត់ផ្គង់ស្បៀងអាហារ និងការចែករំលែកទិន្នន័យដើម្បីកសាងភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ បូករួមទាំងទឹកជំនន់, គ្រោះរាំងស្ងួត និងព្យុះទីហ្វុង។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង (ឆ្វេង​ទី​៣) នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន សួនហ្វុក (ឆ្វេង​ទី​២) នាយក​រដ្ឋមន្ត្រី​ថៃ ប្រាយុទ្ធ ចាន់អូចា (ឆ្វេង) នាយករដ្ឋមន្ត្រី​ឡាវ លោក ថងលូន ស៊ីស៊ូលីត (ស្តាំទី២) និងអនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Myint Swe (ស្តាំ) ចាប់ដៃគ្នានៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨។ រូបថត៖ តាំង ឈិនសុធី/AFP

កិច្ចសហប្រតិបត្តិការផ្នែកអំណាចទន់ជាមួយចិនក៏អាចដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងការអភិវឌ្ឍតំបន់មេគង្គ។ អ្នកប្រាជ្ញនិងអ្នកសិក្សាស្រាវជ្រាវ អាចត្រូវបានបញ្ជូនទៅកាន់ប្រទេសចិន ដើម្បីពង្រឹង និងអភិវឌ្ឍជំនាញដើម្បីនាំយកជំនាញទាំងនោះមកកាន់ប្រទេសកំណើតរបស់ពួកគេវិញ។ ការចូលរួមរបស់ចិននឹងបង្កើតឱ្យមានផលប្រយោជន៍រួមនៅក្នុងស្ថិរភាពនៃតំបន់មេគង្គដែលជាកត្តាដ៏សំខាន់ សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន។

ការទូតប្រជាជនគឺជាវិស័យមួយទៀត ដែលអាចជួយឱ្យវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ និងកម្ពុជា។ វៀតណាមបានបន្តផ្តល់អាហារូបករណ៍រាប់រយកន្លែងក្នុងមួយឆ្នាំៗដល់និស្សិតកម្ពុជា។ ជាថ្នូរត្រឡប់មកវិញ កម្ពុជាក៏បានផ្តល់អាហារូបករណ៍ចំនួន ៣៥ កន្លែងផងដែរដល់និស្សិតវៀតណាម ដើម្បីឱ្យមកសិក្សាភាសា និងវប្បធម៌ខ្មែរនៅកម្ពុជា។

បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតទាំងនោះអាចបន្តផ្លាស់ប្តូរវប្បធម៌ និងចូលរួមនៅក្នុងព្រឹត្តិការណ៍រួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះគឺជាឧទាហរណ៍អំពីរបៀបដែលប្រជាជនអាចកសាងស្ពាន និងបង្កើនទំនាក់ទំនងរវាងប្រទេសវៀតណាម, ឡាវ និង កម្ពុជា។

ទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់វៀតណាមជាមួយចិន ក៏បានកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងការទូត និងការយល់ដឹងអំពីសារៈសំខាន់នៃការរក្សាសន្តិភាពផងដែរ។ ប្រសិនបើមិនមានការប្រឈមមុខដាក់គ្នាជាមួយចិននៅសមុទ្រចិនខាងត្បូងទេ វៀតណាមច្បាស់ជានឹងមិនឈរនៅខាងមហាអំណាចផ្សេងទៀតនោះឡើយ។

ការបង្កើតនូវផលប្រយោជន៍រួមបន្ថែមទៀតនឹងជួយពង្រឹងទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ និងការពារការធ្លាក់ចុះនៃទំនាក់ទំនងពាណិជ្ជកម្ម។ ការអនុវត្តវិធីសាស្រ្តបង្រួបបង្រួម មិនត្រឹមតែអាចជួយពង្រឹងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយពង្រឹងអាស៊ានទាំងមូលបានផងដែរ៕

Southeast Asia Globe

អត្ថបទទាក់ទង