ខ្មែរប៉ុស្ដិ៍ Close

ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1509
ប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាកប្រទេសចិនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាក

កាលពីខែមុន ការយកចិត្តទុកដាក់របស់ពិភពលោកបានផ្តោតលើសមាជជាតិលើកទី ២០ របស់គណបក្សកុម្មុយនីស្តចិន (CPC)។ ក្រៅពីការបញ្ជាក់អំពីការបន្តកាន់តំណែងសម្រាប់អាណត្តិទី៣ របស់លោក ស៊ី ជីនពីង សមាជក៏បានបញ្ចេញនូវរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ដោយក្នុងនោះ លោក ស៊ី ជីនពីង បានលើកឡើងថា «នៅចំពេលកើតមានបញ្ហាប្រឈមទាំងខាងក្រៅ និងខាងក្នុងប្រទេស ដែលមិនធ្លាប់មានពីមុនមក គណបក្សនិងប្រទេសជាតិត្រូវតែត្រៀមខ្លួនសម្រាប់ពេលវេលាដ៏លំបាកខាងមុខ»។

លោកប្រធានាធិបតី ស៊ី ជីនពីង បានបន្តកាន់តំណែងសម្រាប់អាណត្តិទី៣ ដែលជារឿងមិនធ្លាប់មានពីមុនមក ក៏ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺ «វាមិនមានសញ្ញាណាមួយដែលបានបង្ហាញថា លោក ស៊ី ជីនពីង នឹងត្រួតពិនិត្យឡើងវិញលើគោលនយោបាយដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ចនោះទេ»។

សូមអាន លោក ស៊ី ជីនពីង ចាំបាច់ត្រូវនិយាយស្តីឱ្យបានរម្យទម និងត្រូវបង្កើនការប្រើប្រាស់អំណាចកែទម្រង់

ក្នុងរយៈពេល ២ អាណត្តិដំបូង លោក ស៊ី ជីនពីង បានផ្តោតជាចម្បងលើការបង្រួបបង្រួមអំណាច និងការលុបបំបាត់អំពើពុករលួយ។ ទាក់ទិនទៅនឹងគោលនយោបាយសង្គមនិងសេដ្ឋកិច្ច អាទិភាពចម្បងរបស់លោក ស៊ី ជីនពីង គឺ «ការលុបបំបាត់ភាពក្រីក្រទាំងស្រុង និងការកសាងសង្គមដែលមានវិបុលភាពកម្រិតមធ្យម»។

ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លោក ស៊ី ជីនពីង នឹងរៀបចំផែនការដែលនឹងនាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំង នៅក្នុងគោលនយោបាយចិន ជាមួយនិងការផ្តោតខ្លាំងលើការពង្រឹងសន្តិសុខជាតិ ជាជាងការអភិវឌ្ឍ សេដ្ឋកិច្ចដែលធ្លាប់ជាគោលដៅចម្បងនៃការគ្រប់គ្រងរបស់លោក។ សេដ្ឋកិច្ចត្រូវតែបម្រើផលប្រយោជន៍ចំពោះសន្តិសុខជាតិតាមរយៈការសម្រេចឱ្យបាន នូវការពឹងផ្អែកលើខ្លួនឯងផ្នែកបច្ចេកវិទ្យា និងសម្ភារៈសំខាន់ៗដូចជាបន្ទះអេឡិចត្រូនិក (Semi conductor) ជាដើម។ នេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «ផលិតនៅក្នុងប្រទេសចិន – Made in China» ឆ្នាំ 2025 របស់លោក ស៊ី ជីនពីង។

ជាក់ស្តែងសេដ្ឋកិច្ចចិនកំពុងរងនូវផលប៉ះពាល់យ៉ាងខ្លាំង។ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចចិននៅតែបន្តធ្លាក់ចុះ (៣,៩%) ដោយសារតែគោលនយោបាយ «Zero-COVID» ដែលបាននាំមកនូវការបិទខ្ទប់ទីក្រុង និងតំបន់ជាច្រើន។ ទីផ្សារអចលនទ្រព្យកាន់តែមានភាពមិនច្បាស់លាស់ ខណៈដែលទីផ្សារភាគហ៊ុនក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតបន្ទាប់ពីសមាជជាតិ ហើយភាពអត់ការងារធ្វើក៏បាននិងកំពុងកើនឡើងដែរ។

ទន្ទឹមគ្នានេះដែរ ទំនាក់ទំនងអន្តរជាតិរបស់ចិនបានបន្តវិវឌ្ឍទៅកាន់តែតានតឹង។ ការរឹតត្បិតថ្មីរបស់អាមេរិកលើការលក់បន្ទះអេឡិចត្រូនិកទៅឱ្យប្រទេសចិន គឺជាភាពតានតឹងចុងក្រោយបង្អស់មួយនៅក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ របស់ពិភពលោក។ ការព្រមានពីមន្ត្រីជាន់ខ្ពស់អាមេរិកដែលថា «អាមេរិកត្រូវតែត្រៀមរៀបចំសម្រាប់ការឈ្លានពានរបស់ចិនលើកោះតៃវ៉ាន់» បានធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំង។

សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

សហរដ្ឋអាមេរិកប្រឆាំងដាច់ខាតចំពោះការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់ ដោយហេតុថា «ជនជាតិចិនស្ទើរតែទាំងអស់នឹងចាត់ទុកវាជាការប្រកាសសង្គ្រាមជាមួយប្រទេសចិន»។ ព្រឹត្តិការណ៍បែបនេះនឹងបង្កមហន្តរាយសម្រាប់ពិភពលោក ពីព្រោះវាងាយនឹងឈានទៅរកជម្លោះនុយក្លេអ៊ែរណាស់។ ដូច្នេះបញ្ហាកោះតៃវ៉ាន់ចាំបាច់ត្រូវតែដោះស្រាយឱ្យបានម៉ត់ចត់។

អ្នកវិទ្យាសាស្ត្រនយោបាយ Zheng Yongnian បានកត់សម្គាល់នៅក្នុងឆ្នាំ ២០១៩ ថា «ប្រទេសចិនអាចប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចូលទៅក្នុងអន្ទាក់ពីរ គឺ៖ អន្ទាក់ចំណូលមធ្យម និងអន្ទាក់ធូស៊ីឌីឌីស (Thucydides Trap)»។ ការបញ្ចៀសបញ្ហាទាំងពីរនេះ និងការកសាងប្រទេសចិនឱ្យរីកចម្រើន, ទំនើប, សុវត្ថិភាព និងដែលផ្តោតលើប្រជាជន នឹងតម្រូវឱ្យមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃ។

ភាពជាអ្នកដឹកនាំថ្មីដែលត្រូវបានបង្រួបបង្រួមនៅក្រោមលោក ស៊ី ជីនពីង អាចនឹងទទួលបានការជឿជាក់ ពីព្រោះពួកគេភាគច្រើនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកនៅ Fujian, Zhejiang និងនៅ Shanghai មុនពេលដែលលោកឡើងមកដល់ថ្នាក់ដឹកនាំមជ្ឈឹម។ សមាជិកថ្មីនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ រួមមាននាយករដ្ឋមន្ត្រីថ្មី ដែលអាចជាលោក Li Qiang ដែលមានតួនាទីជាលេខាធិការបក្សនៅទីក្រុងសៀងហៃ។

សូមអាន ការព្យាករណ៍ខុសលើលោក ស៊ី ជីនពីង និងការរះឡើងរបស់ លោក Li

ឧបនាយករដ្ឋមន្ត្រីទី១ ថ្មីអាចជាលោក Ding Xuexiang ដែលជាអតីតប្រធានបុគ្គលិករបស់លោក ស៊ី ជីនពីង។ លេខាធិការបក្ស នៅ Guangdong និង Beijing គឺលោក Li Xi និងលោក Cai Qi ក៏កំពុងចូលរួមជាមួយក្រុមថ្នាក់ដឹកនាំកំពូលរបស់គណបក្សផងដែរ។ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ស៊ី ជីនពីង។

លោក Wang Huning ដែលអាចទទួលបានតំណែងជាប្រធានសន្និសីទប្រឹក្សានយោបាយជាតិ បានបម្រើការជាទីប្រឹក្សានយោបាយដ៏គួរឱ្យទុកចិត្តទាំងសម្រាប់លោក ស៊ី ជីនពីង ក៏ដូចជាអ្នកកាន់តំណែងមុនៗលោក ស៊ី ជីនពីង ដូចជាលោក Jiang Zemin និងលោក Hu Jintao។ លោក Zhao Leji ដែលនឹងក្លាយជាប្រធានសភាប្រជាជនជាតិថ្មី គឺជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយនៅក្នុងអំឡុងពេលអាណត្តិចុងក្រោយរបស់លោក ស៊ី ជីនពីង។

ការដំឡើងទៅកាន់តំណែងកម្រិតខ្ពស់ទាំងនៅថ្នាក់ជាតិនិងថ្នាក់ខេត្ត នឹងអាស្រ័យលើការបោះឆ្នោតជ្រើសរើសមន្ត្រីនៅគណៈកម្មាធិការមជ្ឈឹមបក្ស ដែលរួមមានសមាជិកចំនួន ២០៣ រូប និងសមាជិកបម្រុងចំនួន ១៦៨ រូប។ បើទោះបីជាចំនួនសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស ដែលមានប្រភពមកពីគ្រឹះស្ថានឧត្តមសិក្សាបរទេស (ឬស្ថាប័នហិរញ្ញវត្ថុបរទេស) បានធ្លាក់ចុះក៏ដោយ ក៏ចំនួននេះនៅតែមិនតិចពេកនោះទេ។

ជាក់ស្ដែង លោក Yin Yong ដែលជាអតីតទេសាភិបាលរងនៃធនាគារប្រជាជនចិនបានសិក្សានៅសាកលវិទ្យាល័យ Harvard ខណៈដែលលោក He Lifeng ដែលបច្ចុប្បន្នជាប្រធានទីភ្នាក់ងារផែនការរដ្ឋរបស់ចិន និងដែលអាចក្លាយឧបនាយករដ្ឋមន្ត្រីថ្មី បានសិក្សាទាំងនៅប្រទេសចិន និងនៅសហរដ្ឋអាមេរិក។

ប្រការនេះបានបង្ហាញថា«មេដឹកនាំចិនបានទទួលស្គាល់នូវសារៈសំខាន់នៃការចូលរួមឡើងវិញជាមួយភាគីពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុអន្តរជាតិ»។ ជាក់ស្តែង ដោយសារបរិយាកាសសេដ្ឋកិច្ចដ៏លំបាក នៅខាងក្រៅប្រទេស រួមជាមួយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល បូករួមនឹងប្រាក់ដុល្លារអាមេរិកដ៏រឹងមាំ ក្រុមអ្នកដឹកនាំថ្មីអាចនឹងផ្តល់ភាពកក់ក្តៅជាងមុនដល់ធុរកិច្ច, វិនិយោគិនបរទេស និងដៃគូពាណិជ្ជកម្ម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

លោក Li Qiang ដែលទទួលបានការកោតសរសើរដោយសារការនាំយករោងចក្រ Tesla ទៅកាន់ទីក្រុងសៀងហៃ មានបទពិសោធន៍ច្រើនក្នុងការគ្រប់គ្រងទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ ថ្នាក់ដឹកនាំចិននឹងផ្តោតលើការលើកទឹកចិត្តដល់មន្ត្រីក្នុងស្រុក និងសហគ្រិនឯកជនដើម្បីជំរុញអាជីវកម្មចិន និងបង្កើនការងារ។

ពួកគេនឹងធ្វើការកាត់បន្ថយការចំណាយលើយុទ្ធសាស្ត្រ «Zero-COVID» ដែលបានបង្កផលប៉ះពាល់ដល់សហគ្រាសធុនតូចនិងមធ្យម, វិស័យសេវាកម្ម និងអចលនទ្រព្យ។ ដើម្បីស្តារទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវកម្ម ឧបករណ៍សារពើពន្ធ និងរូបិយវត្ថុនឹងត្រូវប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយជាងនេះ ដើម្បីស្តារការធ្វើពាណិជ្ជកម្ម, ការវិនិយោគ, ប្រាក់ចំណូល និងការប្រើប្រាស់ឡើងវិញ។

សំណាងល្អ ដែលប្រទេសចិនមានលំហសារពើពន្ធ និងរូបិយវត្ថុគ្រប់គ្រាន់ ក្នុងការដោះស្រាយតម្រូវការ និងការជាប់គាំងនៃកំណើនសេដ្ឋកិច្ច។ បញ្ហាប្រឈមរយៈពេលវែង ដូចជាការកើនឡើងនៃតម្រូវការសម្រាប់ការ ថែទាំសុខភាព និងអត្ថប្រយោជន៍សម្រាប់អ្នកចូលនិវត្តន៍, សារៈសំខាន់នៃការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន និងបញ្ហាដែលទាក់ទងនឹងការផ្តល់មូលនិធិពីរដ្ឋាភិបាលក្នុងតំបន់ ក៏ត្រូវការការដោះស្រាយជាបន្ទាន់ផងដែរ។

ផ្អែកលើប្រវត្តិសាស្ត្រ ប្រទេសចិនតែងអនុវត្តនូវកំណែទម្រង់ដ៏សំខាន់បំផុតរបស់ខ្លួននៅក្នុងគ្រាកំពុងកើតមានវិបត្តិ។ សមាជលើកទី២០ បានផ្តល់ឱ្យថ្នាក់ដឹកនាំចិននូវអំណាចកាន់តែរឹងមាំក្នុងការធ្វើការសម្រេចចិត្តនៅក្នុងគ្រាដ៏លំបាក និងតានតឹង។ មិនថាពួកគេជោគជ័យ ឬបរាជ័យនោះទេ ពិភពលោកទាំងមូលនឹងទទួលរងនូវឥទ្ធិពល៕

Project Syndicate