ខ្មែរប៉ុស្ដិ៍ Close

    ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកមិនត្រឹមតែបង្កផលប៉ះពាល់ដល់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបញ្ជូនសារទៅកាន់តំបន់អាស៊ី និងពិភពលោកទាំងមូលផងដែរ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1642

    ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងឈានកាន់តែកៀកដល់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិនៅថ្ងៃទី ០៨ វិច្ឆិកាខាងមុខ អ្វីៗមើលទៅហាក់ដូចជាមិនល្អទាល់តែសោះសម្រាប់ប្រធានាធិបតី ចូ បៃឌិន និងគណបក្សរបស់លោក។ គណបក្សរបស់ប្រធានាធិបតីរូបនេះអាចនឹងបាត់បង់អាសនៈនៅក្នុងសភាទាំងពីរ។

    ខណៈពេលដែលគណបក្សប្រជាធិបតេយ្យកំពុងកាន់កាប់សំឡេងភាគច្រើនដ៏ស្តួចស្តើងនៅក្នុងសភាទាំងពីរ គណបក្សសាធារណៈរដ្ឋអាចនឹងទទួលបានសំឡេងភាគច្រើន យ៉ាងហោចណាស់ក៏នៅក្នុងសភាតំណាងរាស្ត្រដែរ។ អាសនៈទាំងអស់ចំនួន ៤៣៥ នៅសភា និងប្រមាណ ១/៣ នៃអាសនៈចំនួន ១០០ នៅព្រឹទ្ធសភានឹងត្រូវបោះឆ្នោតឡើងវិញ។

    នៅឆ្នាំនេះ ទិដ្ឋភាពសេដ្ឋកិច្ចនិងនយោបាយ ដែលមានលក្ខណៈផុយស្រួយខ្លាំង បានធ្វើឱ្យការបោះឆ្នោតនេះមានភាពលំបាកខ្លាំងក្នុងការព្យាករ។ ធនាគារកណ្តាលអាមេរិកបានបន្តដំឡើងអត្រាការប្រាក់យ៉ាងគំហ៊ុក ដោយក្នុងនោះ ការដំឡើងចុងក្រោយបំផុតមានចំនួន ០,៧៥ ពិន្ទុ (ថ្ងៃទី ០២ វិច្ឆិកា)។

    ទោះជាយ៉ាងណាក៏ដោយ អត្រាអតិផរណានៅតែស្ថិតនៅកម្រិតមួយដ៏ខ្ពស់ដោយមិនទាន់បានធ្លាក់ចុះនៅឡើយនោះទេ ហើយបញ្ហានេះពិតជាបានបង្កនូវការខកចិត្តដល់អ្នកបោះឆ្នោតអាមេរិក។ «អ្វីដែលត្រូវបានគេឃើញយ៉ាងច្បាស់នោះគឺ «ប្រសិនបើគណបក្សប្រជាធិបតេយ្យបាត់បង់ការគ្រប់គ្រងសភាណាមួយ នោះអាណត្តិដឹកនាំ ២ ឆ្នាំទៀតរបស់លោក បៃឌិន អាចនឹងប្រឈមមុខនឹងការជាប់គាំងនៅក្នុងបញ្ហានយោបាយ»។

    តើវានឹងជះឥទ្ធិពលយ៉ាងដូចម្តេចដល់ពិភពលោកទាំងមូល?

    ខណៈដែលការ បោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកតែងតែផ្តោតលើបញ្ហាក្នុងស្រុកដែលកំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋអាមេរិក វាអាចនាំមកនូវផលវិបាកយ៉ាងទូលំទូលាយ។ លោក បៃឌិន កំពុងមានការព្រួយបារម្ភខ្លាំងអំពីលទ្ធភាពក្នុងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន ប្រសិនបើគណបក្សសាធារណរដ្ឋឈ្នះការបោះឆ្នោត។

    បណ្តាសម្ព័ន្ធមិត្តអឺរ៉ុបក៏បានលើកឡើងនូវក្តីកង្វល់រួចហើយដែរ អំពីសមត្ថភាពក្នុងការរក្សាសាមគ្គីភាពនៅក្នុងចំណោមប្រទេសលោកខាងលិច ក្នុងការផ្តល់ការគាំទ្រដល់អ៊ុយក្រែនក្នុងករណីដែលសហរដ្ឋអាមេរិកកាត់បន្ថយការគាំទ្ររបស់ខ្លួន នេះបើយោងតាមកាសែត The Washington Post។

    ការប្រកាសរបស់មនុស្សមកពីគណបក្សសាធារណរដ្ឋ ដែលមានទំនោរគាំទ្រលោក ត្រាំ ដូចជាលោកស្រី Marjorie Taylor Greene ដែលបានលើកឡើងនូវការកោតសរសើរចំពោះប្រធានាធិបតី Vladimir Putin បានមើលស្រាលការគាំទ្រចំពោះជំនួយដែលផ្តល់ដល់អ៊ុយក្រែន ខណៈដែលសភាអាមេរិកបានអនុម័តរួចហើយនូវកញ្ចប់ជំនួយចំនួន៣ ដែលមានតម្លៃសរុបជិត ៦៦ ពាន់លានដុល្លារអាមេរិក។

    ជំហររកាន់តែរឹងមាំរបស់គណបក្សសាធារណរដ្ឋនៅសភា បូករួមទាំងជំហររបស់សមាជិកសភាប្រចាំរដ្ឋ Texas គឺលោក Michael McCauly ដែលអាចនឹងឡើងកាន់កាប់គណៈកម្មាធិការកិច្ចការបរទេសនៅសភាតំណាងរាស្ត្រ គឺថា «ជំនួយគួរតែបន្តផ្តល់ ឬបង្កើន ក៏ប៉ុន្តែវាត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត»។

    ប៉ុន្តែការគាំទ្របែបនេះអាចប្រែប្រួល ជាពិសេសខណៈដែលការបោះឆ្នោតឆ្នាំ ២០២៤ ក៏ខិតជិតមកដល់។ ប្រសិនបើឥទ្ធិពលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ លើគណបក្សសាធារណរដ្ឋបន្តកើនឡើង បេក្ខជនអាចត្រូវសម្របសម្រួលការយល់ឃើញរបស់ពួកគេឱ្យស្របទៅនឹងទស្សនៈរបស់លោក ត្រាំ។

    បើទោះបីជាការយល់ឃើញរបស់លោក ត្រាំ អំពីបញ្ហានៅអ៊ុយក្រែន មានទំនោរមិនសូវគាំទ្ររុស្ស៊ី ចាប់តាំងពីលោកបានហៅលោក Putin ថា «មានភាពវៃឆ្លាតខាងការឈ្លានពាន» ក៏ដោយ ក៏លោកនៅតែបន្តគាំទ្រឱ្យមានការចរចា និងការបង្កើតឱ្យមានបទឈប់បាញ់។

    រាល់ការចរចាណាមួយដែលនឹងបើកចំហដល់លទ្ធភាពនៃការកាត់ទឹកដីទៅឱ្យរុស្ស៊ី ត្រូវបានគេចាត់ទុកជា «រឿងដែលអ៊ុយក្រែនមិនអាចទទួលយកបានទេ» ហើយករណីនេះអាចនឹងបង្កការស្មុគស្មាញកាន់តែខ្លាំងដល់ការឆ្លើយតបរបស់រដ្ឋបាលអាមេរិកចំពោះសង្គ្រាមនេះ។

    បរិយាកាសគោលនយោបាយការបរទេសមួយទៀតដែលត្រូវការនូវការឃ្លាំមើលនៅក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិនោះគឺ «ការចូលរួមរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី»។ ចាប់តាំងពីរដ្ឋបាលរបស់លោក ត្រាំ មក គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យតែងមានការយល់ស្របគ្នាលើជំហរដ៏ម៉ឺងម៉ាត់ចំពោះប្រទេសចិន។

    នៅក្នុងការបង្ហាញនូវការគាំទ្រដ៏កម្រពីគណបក្សទាំងពីរ ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋចំនួន ២៦ រូប រួមទាំងមេដឹកនាំសំឡេងភាគតិច លោក Mitch McConnel បានគាំទ្រដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រ គឺលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា។

    កាលពីពេលថ្មីៗនេះ បម្រាមរបស់លោក បៃឌិន លើការលក់បច្ចេកវិទ្យាបន្ទះឈីបរបស់អាមេរិកទៅឱ្យប្រទេសចិន ដែលមានលក្ខណៈដូចគ្នានឹងការរឹតត្បិតរបស់លោក ត្រាំ លើក្រុមហ៊ុន Huawei បានបង្ហាញនូវការបន្តជំហរយ៉ាងកម្រោលចំពោះប្រទេសចិន។

    សូមអាន ការហាមឃាត់របស់សហរដ្ឋអាមេរិកលើការនាំចេញបន្ទះឈីបបានបង្កផលប៉ះពាល់ដល់ដំណើរការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ចិន

    សហរដ្ឋអាមេរិកក៏កំពុងផ្តោតគោលដៅលើការអនុវត្តយុទ្ធសាស្ត្រពហុភាគីផងដែរនៅក្នុងសង្គ្រាមបច្ចេកវិទ្យាជាមួយចិន តាមរយៈការជំរុញឱ្យសម្ព័ន្ធមិត្តដូចជាហូឡង់និងជប៉ុន ដែលមានក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបន្ទះឈីបសំខាន់ៗ ឱ្យដាក់ចេញនូវបម្រាមចំពោះប្រទេសចិនដែរ។ បញ្ហានេះអាចនឹងមិនមានការប្រែប្រួលនោះទេ បើទោះបីជាមានសមាសភាពផ្សេងនៅក្នុងសភាក៏ដោយ។

    ទំនាក់ទំនងអន្តរជាតិដ៏លេចធ្លោរបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិកដែលប្រហែលជាមិនមានការផ្លាស់ប្តូរនៅក្នុងរយៈពេលខ្លី បើទោះបីជាបោះឆ្នោតពាក់កណ្តាលអាណត្តិមានលទ្ធផលបែបណាក៏ដោយ គឺ «គោលនយោបាយ ស្តីពីបម្រែបម្រួលអាកាសធាតុ»។ អ្នកវិភាគនៅស្ថាប័ន «Chatham House» ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ បានគូសបញ្ជាក់ថា «រដ្ឋាភិបាលអាមេរិកដែលពោរពេញទៅដោយការបែកបាក់ នឹងប្រឈមមុខនឹងការលំបាកកាន់តែខ្លាំងក្នុងការដោះស្រាយបញ្ហាដែលមានការខ្វែងគំនិតគ្នាខ្លាំង»។

    បណ្តាអ្នកប្រាជ្ញនៅសាកលវិទ្យាល័យ «Duke University» យល់ឃើញថា «ការបោះឆ្នោតនេះមានសារៈសំខាន់ណាស់សម្រាប់បរិស្ថាន»។ ច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act) គឺជាបញ្ញត្តិច្បាប់អាកាសធាតុដ៏មានមហិច្ឆតាបំផុត ដែលត្រូវបានអនុម័តនៅសហរដ្ឋអាមេរិក។

    ច្បាប់នេះនឹងផ្តល់ឥណទានពន្ធទៅឱ្យប្រជាពលរដ្ឋដើម្បីជួយទូទាត់ការចំណាយលើថាមពល និងទៅឱ្យបណ្តាអាជីវកម្ម ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ ច្បាប់នេះក៏នឹងត្រួតពិនិត្យលើការវិនិយោគទ្រង់ទ្រាយធំផងដែរនៅក្នុងថាមពលកកើតឡើងវិញ និងការស្តុកទុកថាមពល។

    សភាតំណាងរាស្ត្រនិងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ អាចរាំងខ្ទប់វិធានការមួយចំនួន ឬអាចប្រើប្រាស់អំណាចមកលើរបៀបវារៈរបស់គណបក្សផ្សេង។ នៅទីបំផុត បរាជ័យរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោត នឹងនាំមកនូវការវិលត្រឡប់មកវិញនូវរដ្ឋបាលមួយដែលផ្តោតកាន់តែខ្លាំងលើ «ផលប្រយោជន៍របស់អាមេរិកជាចម្បង – American First» បើទោះបីជាមាន ឬគ្មានវត្តមាន របស់លោក ត្រាំ ជាមេដឹកនាំនៅឆ្នាំ ២០២៤ ក៏ដោយ។

    បញ្ហានេះនឹងនាំមកនូវភាពមិនប្រាកដប្រជាលើសមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្ត និងក្នុងការដឹកនាំដោះស្រាយបញ្ហាប្រឈមជាសកល។ «តើគណបក្សប្រជាធិបតេយ្យ អាចផ្លាស់ប្តូរបណ្តាសារនេះនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខបានដែរឬទេ?»

    រយៈពេលប៉ុន្មានខែចុងក្រោយនេះបានផ្តល់ឱ្យគណបក្សប្រជាធិបតេយ្យនូវសន្ទុះមួយចំនួន ដូចជាការសម្រេចចិត្តរបស់តុលាការកំពូលនៅខែមិថុនាក្នុងការលុបចោលសេចក្តីសម្រេច « Roe v Wade» ស្តីអំពីសិទ្ធិរំលូតកូន ដែលអាចផ្តល់កម្លាំងដល់មូលដ្ឋានអ្នកបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ឱ្យនាំគ្នាចេញទៅបោះឆ្នោតក្នុងចំនួនកាន់តែច្រើន។

    ប្រជាប្រិយភាពរបស់លោក បៃឌិន បានកើនឡើងខ្លាំងជាងមុននៅខែសីហា បន្ទាប់ពីបានធ្លាក់ចុះនៅក្រោម ៥០% ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក។ ជ័យជម្នះនយោបាយដ៏លេចធ្លោរមួយចំនួនដូចជាការសម្លាប់មេដឹកនាំ Al-Qaeda លោក Ayman al-Zawahiri នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន, ការអនុម័តច្បាប់កាត់បន្ថយអតិផរណាដើម្បីបន្ទាបអត្រាអតិផរណា និងការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈបានបង្ហាញថា «គណបក្សប្រជាធិបតេយ្យអាចនៅមានសង្ឃឹមខ្លះ»។

    ប៉ុន្តែ សុទិដ្ឋិនិយមបែបនេះអាចត្រូវបានបំផ្លើសបន្តិច ជាពិសេសនៅចំពេលកើតមានបញ្ហាប្រឈមមួយចំនួននៅក្នុងសង្គម។ ការស្ទង់មតិកាលពីពេលថ្មីៗនេះបានបង្ហាញថា «សេដ្ឋកិច្ចគឺជាបញ្ហាដ៏សំខាន់បំផុតសម្រាប់អ្នកបោះឆ្នោតដែលកំពុងមានការខ្វល់ខ្វាយអំពីអតិផរណា ជាពិសេសតម្លៃឥន្ធនៈនិងអត្រាប្រាក់បង់រំលោះផ្ទះ ក៏ដូចជាការភ័យខ្លាចអំពីការកើតមានវិបត្តិសេដ្ឋកិច្ច»។

    បន្ថែមពីលើនេះ អ្នកបោះឆ្នោតស្បែកស និងដែលមានវ័យចំណាស់ (ដែលមានទំនោរគាំទ្រគណបក្សសាធារណរដ្ឋ) បាននិយាយថា «ពួកគេមានឆន្ទៈកាន់តែខ្ពស់នៅក្នុងការបោះឆ្នោតលើកនេះ»។ នៅក្នុងការស្ទង់មតិកាលពីពេលជិត ១ ខែមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ អ្នកបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីចំនួន ១៣% នៅមិនទាន់ប្រាកដថា «តើពួកគេនឹងបោះឆ្នោតឱ្យគណបក្សណា» នៅឡើយនោះទេ។

    លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ ២០២២ របស់សហរដ្ឋអាមេរិក នឹងបញ្ជូនសញ្ញាទៅកាន់ពិភពលោកទាំងមូល ហើយផលប៉ះពាល់អាចមានលក្ខណៈរីកសាយភាយខ្លាំងនៅចំពេលកើតមានភាពចលាចលផ្នែកភូមិសាស្ត្រនយោបាយដូចបច្ចុប្បន្ន៕

    Channel News Asia

    អត្ថបទទាក់ទង