ខ្មែរប៉ុស្ដិ៍ Close

    ការងើបឡើងវិញនៅក្រោយវីរុសរាតត្បាត និងផលលំបាកដែលពលករចំណាកស្រុកអាស៊ានជួបប្រទះ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1511
    ការងើបឡើងវិញនៅក្រោយវីរុសរាតត្បាត និងផលលំបាកដែលពលករចំណាកស្រុកអាស៊ានជួបប្រទះការងើបឡើងវិញនៅក្រោយវីរុសរាតត្បាត និងផលលំបាកដែលពលករចំណាកស្រុកអាស៊ានជួបប្រទះ

    បន្ទាប់ពីរយៈពេល ២ ឆ្នាំនៃការកើតមានផលវិបាកដ៏អាក្រក់ ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ទីផ្សារការងារនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានរងនូវផលប៉ះពាល់យ៉ាងខ្លាំង ជាពិសេសនៅពេលនិយាយដល់ស្ថិរភាពការងារសម្រាប់ពលករ ដែលធ្វើការនៅក្រៅប្រទេស។ ឧស្សាហកម្មនិងអាជីវកម្មជាច្រើនដែលធ្លាប់តែជួលពលករចំណាកស្រុក ភាគច្រើនត្រូវបង្ខំចិត្តផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ឬបញ្ឈប់ដំណើរការអាជីវកម្ម ទាំងស្រុង ដោយសារតែបញ្ហាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផង និងកង្វះតម្រូវការនៅក្នុងទីផ្សារពិភពលោកផង។

    អង្គការពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា «តំបន់អាស៊ានតែមួយ បានបាត់បង់ម៉ោងធ្វើការប្រហែល ៨,៤% នៅក្នុងឆ្នាំ ២០២០ ដែលបាននាំមកនូវការបាត់បង់ការងារធ្វើជាង ១០,៦ លានកន្លែង និង ៧,៨% នៃប្រាក់ចំណូលពីការងារនៅក្នុងទីផ្សារការងារទាំងមូល»។ ការងាររបស់ពលករចំណាកស្រុកដែលមានជំនាញទាបគឺមានភាពងាយរងគ្រោះខ្លាំងណាស់។ បើគិត​ត្រឹម​ឆ្នាំ​នេះ ពលករ​ចំណាក​ស្រុក​ជាង ២,៤ លាន​នាក់​ បាន​វិល​ត្រឡប់​ទៅ​កាន់ប្រទេស​កំណើតវិញ។

    «នៅចុងឆ្នាំ ២០២១ ពលករចំណាកស្រុកជនជាតិខ្មែរប្រមាណ ២៦ ម៉ឺននាក់ បានវិលត្រឡប់មកពីបរទេស ដែលភាគច្រើនមកពីប្រទេសថៃ»។ ស្រដៀងគ្នានេះដែរ ពលករចំណាកស្រុកជនជាតិឡាវប្រមាណ ១៤ ម៉ឺននាក់ ក៏បានវិលត្រឡប់មកពីប្រទេសថៃវិញផងដែរ។ ជាឧទាហរណ៍ នៅក្នុងរបាយការណ៍របស់អង្គការ ILO ឆ្នាំ ២០២១ ការបិទវិស័យកាត់ដេរ និងសម្លៀកបំពាក់នៅក្នុងប្រទេសម៉ាឡេស៊ីបានបណ្តាលឱ្យមនុស្សចំនួន ៩៥១ ០០០ នាក់បាត់បង់ការងារធ្វើ ដោយក្នុងនោះ ៦៨% ជាពលករចំណាកស្រុកដែលមានជំនាញទាប។

    ករណីនេះបានបង្ហាញថា «វាមិនត្រឹមតែពលករចំណាកស្រុកដែល មានជំនាញទាប នោះទេដែលងាយរងគ្រោះ ពីការផ្លាស់ប្តូរភ្លាមៗនៅ ក្នុងសេដ្ឋកិច្ចពិភពលោក ប៉ុន្តែវា បានបង្កការព្រួយបារម្ភនៅទូទាំងតំបន់ផងដែរ ដែលចាំបាច់ត្រូវតែដោះស្រាយជាបន្ទាន់»។ វាមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់អាស៊ានក្នុងការបង្កើនការវិនិយោគបន្ថែមទៀតនៅក្នុងការពង្រឹងជំនាញដល់ពលករចំណាកស្រុករបស់ខ្លួន។

    តាមរយៈយុទ្ធសាស្ត្រគោលនយោបាយប្រកបដោយប្រសិទ្ធភាពមួយចំនួន ពលករចំណាកស្រុកនៅទូទាំងតំបន់អាស៊ានអាចត្រៀមខ្លួនបានកាន់តែល្អ ដើម្បីទប់ទល់នឹងវិបត្តិដែលមិននឹកស្មានដល់នៅពេលអនាគត និងអាចប្រឈមមុខទៅនឹងការផ្លាស់ប្តូរនៃទម្រង់ការងារ ហើយតំបន់ទាំងមូលនឹងទទួលបានអត្ថប្រយោជន៍ពីការបង្កើននូវផលិតភាពនិងស្ថិរភាពរយៈពេលវែងនៃពលករចំណាកស្រុក ដែលមានជំនាញខ្ពស់ និងដែលមានសមត្ថភាពជាងមុន។

    បញ្ហាកម្លាំងពលកម្មកំពុងតែមានភាពតានតឹងជាងពេលណាៗទាំងអស់ ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងដោយសារការងារបានផ្លាស់ប្ដូរទម្រង់។ វីរុសរាតត្បាតសកលនៅពេលអនាគត និងវិបត្តិស្រដៀងៗគ្នានេះ មិនមែនជាបញ្ហាចម្បងតែមួយគត់ ដែលកម្លាំងពលកម្មនឹងត្រូវត្រៀមខ្លួនដើម្បីប្រឈមមុខនោះទេ។

    ទម្រង់នៃការងារ ពោលគឺរបៀបដែលមនុស្សធ្វើការ, កន្លែងដែលពួកគេធ្វើការ និងអត្ថិភាពនៃការងារ ក៏ត្រូវបានផ្លាស់ប្តូរយ៉ាងសកម្មផងដែរ ហើយនិន្នាការទាំងនេះនឹងក្លាយជាការគំរាមកំហែងចំពោះពលករ ដែលមានជំនាញទាបនៅទូទាំងតំបន់។ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់យ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យាទំនើបថ្មីៗ រាប់ចាប់ពីបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robot) រហូតដល់បច្ចេកវិទ្យាប្លុកឆេន (Blockchain) និងការបោះពុម្ព 3D ពិភពនៃការងារជាពិសេសការងារ ដែលពីមុនត្រូវបានគេចាត់ទុកជាការងារជំនាញទាប ឬមធ្យមអាចនឹងរងនូវការផ្លាស់ប្តូរ។

    ការងារមួយចំនួននឹងរងផលប៉ះពាល់ ឬត្រូវបានជំនួសទាំងស្រុងដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម ខណៈដែលការងារថ្មីៗជាច្រើននឹងត្រូវបានបង្កើតឡើងនៅក្នុងយុគសម័យថ្មីនៃសេដ្ឋកិច្ចឌីជីថល។ វីរុសរាតត្បាតអាចនឹងក្លាយជាកត្តាមួយដែលនឹងពន្លឿនដំណើរការនេះ។ វីរុសកូីដ-១៩ បានបង្ហាញអំពីរបៀបដែលខ្សែច្រវ៉ាក់ផ្គត់ផ្គង់និងទីផ្សារការងារទាំងមូលអាចត្រូវរងនូវការរំខានយ៉ាងឆាប់រហ័ស។ ការរំខាននេះអាចជំរុញឱ្យមានក្រុមហ៊ុនកាន់តែច្រើនងាកទៅរកការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម, AI ឬបច្ចេកវិទ្យាផ្សេងទៀតដើម្បីរក្សាអាជីវកម្មរបស់ពួកគេឱ្យបន្តដំណើរការបាននៅក្នុងករណីកើតមានវិបត្តិនៅពេលអនាគត។ នៅទូទាំងពិភពលោក និន្នាការនេះកំពុងក្លាយជាការពិតហើយ។

    ការស្ទង់មតិមួយដោយក្រុមហ៊ុនគណនេយ្យ EY បានរកឃើញថា «ប្រហែលពាក់កណ្តាលនៃថៅកែក្រុមហ៊ុននៅក្នុងប្រទេសចំនួន ៤៥ ដែលបានចូលរួមនៅក្នុងការស្ទង់មតិបាននិយាយថា ពួកគេកំពុងពន្លឿនផែនការធ្វើឱ្យអាជីវកម្មរបស់ពួកគេដំណើរការដោយស្វ័យប្រវត្តិ ហើយប្រហែល ៤១% បាននិយាយថា ពួកគេកំពុងវិនិយោគលើការបង្កើនល្បឿនស្វ័យប្រវត្តិកម្ម បន្ទាប់ពីវីរុសកូវីដ-១៩»។

    លោក Gary Rynhart ដែលជាអ្នកឯកទេសជាន់ខ្ពស់អំពីសកម្មភាព និយោជករបស់អង្គការ ILO បានឱ្យដឹងថា «បច្ចេកវិទ្យាដែលនឹងកាត់បន្ថយ ឬលុបបំបាត់តម្រូវការកម្លាំងពលកម្មនៅតាមបណ្ដារោងចក្រឧស្សាហកម្ម ដែលភាគច្រើនប្រើប្រាស់ពលករចំណាកស្រុកដែលមានជំនាញទាប គឺកំពុងកើតមានរួចស្រេចទៅហើយ ជាពិសេសនៅតំបន់អាស៊ីអាគ្នេយ៍»។

    លោក Rynhart បានបន្តថា «រោងចក្រកាត់ដេរនិងឧស្សាហកម្មបកបង្គា គឺជាវិស័យចំនួន២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងហានិភ័យនៃការថយចុះនូវតម្រូវការកម្លាំងពលកម្ម ដោយសារតែប្រព័ន្ធស្វ័យប្រវត្តិកម្ម»។ វិស័យផ្សេងទៀត ដូចជាការលក់រាយ, បដិសណ្ឋារកិច្ច, កសិកម្ម, ផលិតកម្ម, ការថែទាំសុខភាព និងវិស័យផ្សេងៗទៀត បច្ចុប្បន្នបាននិងកំពុងផ្លាស់ប្តូរប្រតិបត្តិការរបស់ពួកគេបន្តិចម្តងៗ ឆ្ពោះទៅកាន់ប្រព័ន្ធអនឡាញវិញ ដូចជាការប្រើប្រាស់កម្មវិធីទូរសព្ទ និងការពឹងផ្អែកកាន់តែខ្លាំងជាងមុនលើប្រព័ន្ធស្វ័យប្រវត្តិកម្ម។

    កត្តាទាំងអស់នេះកំពុងស្ថិតនៅក្នុងដំណើរការផ្លាស់ប្តូរទិដ្ឋភាពការងាររបស់ពលករចំណាកស្រុក ហើយអាស៊ានត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្លាំងជាងមុន និងត្រូវផ្តល់មូលនិធិបន្ថែមទៀតដើម្បីធ្វើឱ្យប្រាកដថា «ពលករទាំងអស់នៅទូទាំងតំបន់ពិតជាបានត្រៀមខ្លួនរួចរាល់»។ វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសដើមនិងប្រទេសគោលដៅនៃការងារនៅក្នុងអាស៊ាន ក្នុងការធានាឱ្យបានថា «គោលនយោបាយចំណាកស្រុក និងកម្មវិធីបណ្តុះបណ្តាលរបស់ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទាំងនេះ»។

    បើទោះបីជាមានភាពធ្ងន់ធ្ងរនៃការបាត់បង់ការងារ និងផលប៉ះពាល់នៅក្នុងទីផ្សារការងារ នៅពេលថ្មីៗនេះក៏ដោយ ក៏វាអាចជាឱកាសដ៏ល្អសម្រាប់អ្នកបង្កើតគោលនយោបាយក្នុងការអភិវឌ្ឍគោលនយោបាយសម្រាប់ពេលអនាគត ដើម្បីការពារការធ្វើចំណាកស្រុកនៅពេលអនាគត។ របាយការណ៍ Thematic Background Paper ឆ្នាំ ២០២១ របស់អង្គការ ILO បានណែនាំថា «ការបង្កើនជំនាញអាចជាមធ្យោបាយមួយក្នុងការការពារពលករចំណាកស្រុកពីភាពងាយរងគ្រោះនៃការងារ»។

    ការបង្កើនជំនាញដែលរួមមានទាំងជំនាញរឹង និងជំនាញទន់ នឹងជួយបង្កើនប្រសិទ្ធភាពការងារ និងការអនុវត្តការងាររបស់ពលករដែលអាចជួយពួកគេឱ្យកាន់តែមានសារៈសំខាន់ និងអាចប្រកួតប្រជែងបាននៅក្នុងឧស្សាហកម្ម ដែលពួកគេធ្វើការ។ រហូតមកដល់ពេលនេះ គំនិតផ្តួចផ្តើមជាច្រើនក្នុងការបង្កើនជំនាញ ត្រូវបានអនុម័តនៅក្នុងតំបន់ផ្សេងៗ។ ជាឧទាហរណ៍ សហភាពអឺរ៉ុបបានបង្កើតយន្តការមូលនិធិជាច្រើនសម្រាប់ការបង្កើនជំនាញ។

    គោលបំណងរួមនៃមូលនិធិនេះ គឺ «ការជំរុញការអភិវឌ្ឍជំនាញ, កិច្ចសហប្រតិបត្តិការ និងភាពធន់នៅក្នុងចំណោមកម្មករ»។ តាមរយៈការវិនិយោគលើការកែលម្អវិស័យអប់រំ, ការបណ្តុះបណ្តាល, ការចូលរួមរបស់យុវជននៅក្នុងលទ្ធិប្រជាធិបតេយ្យ, បច្ចេកវិទ្យាបៃតង និងឌីជីថល និងវិស័យជាច្រើនទៀត សហភាពអឺរ៉ុបរំពឹងថា «ខ្លួននឹងអាចពង្រឹងឱកាសការងារនិងការលើកកម្ពស់កម្រិតជីវភាពរបស់ពលកររបស់ខ្លួន»។

    សម្រាប់អាស៊ាន ពលករចំណាកស្រុកត្រូវតែទទួលបានការអប់រំបន្ថែមទៀតអំពីសេវាកម្មឌីជីថល, សន្តិសុខអ៊ីនធឺណិត និងហានិភ័យនៃព័ត៌មានក្លែងក្លាយ។ ការប្រើប្រាស់បច្ចេកវិទ្យានិងថ្នាលមួយចំនួនសម្រាប់ទទួលបានចំណេះដឹងនិងព័ត៌មាន នឹងមានអត្ថប្រយោជន៍ខ្លាំងចំពោះពលករចំណាកស្រុកដើម្បីអាចឱ្យពួកគេចិញ្ចឹមជីវិតបាននៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថល។

    «ប្រទេសមួយចំនួនដូចជាកម្ពុជាជាដើម ដែលជាប្រភពនៃពលករចំណាកស្រុកដ៏ច្រើនលើសលប់ ចាំបាច់ត្រូវតែមានកម្លាំងពលកម្មដែលមានជំនាញនិងមានសមត្ថភាព ដើម្បីអាចរក្សាការប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងនៅក្នុងទីផ្សារពិភពលោក»។ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ បានបង្ហាញអំពីតម្រូវការក្នុងការលើកកម្ពស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ចាប់ពីកម្រិតបឋមសិក្សាដល់វិទ្យាល័យ គួបផ្សំនឹងកំណែទម្រង់កម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សាឡើងទៅ។

    រដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយជាតិ TVET (The National TVET Policy) និងគោលនយោបាយជាតិនៃមុខរបរ (The National Employment Policy) ឆ្នាំ ២០១៥-២០២៥ ផងដែរដើម្បីដោះស្រាយបញ្ហាកង្វះជំនាញ និងភាពមិនស៊ីគ្នានៃជំនាញតាមរយៈការធានាថា «ការអប់រំ, ការបណ្ដុះបណ្ដាលជំនាញនិងវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្សនឹងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ»។

    ប្រទេសផ្សេងៗទៀត ដូចជាវៀតណាម ឡាវ និងមីយ៉ាន់ម៉ា ជាដើម ដែលពឹងផ្អែកខ្លាំងលើពលករចំណាកស្រុក និងទៅលើប្រាក់ដែលពួកគេផ្ញើត្រឡប់មកប្រទេសវិញ ក៏គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការបង្កើនជំនាញរបស់ពលករចំណាកស្រុករបស់ខ្លួនផងដែរ។ ជាឧទាហរណ៍ រដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់យ៉ាងមុតមាំលើជំនាញ, ការពង្រឹងជំនាញ និងការបង្កើនជំនាញ របស់កម្លាំងពលកម្មវៀតណាមតាមរយៈយុទ្ធសាស្ត្រជាតិសម្រាប់បរិវត្តកម្មឌីជីថល (National Strategy for Digital Transformation) ក៏ដូចជាគោលនយោបាយពាក់ព័ន្ធផ្សេងៗទៀត។

    លោក Park Mihyung ដែលជាប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) ប្រចាំប្រទេសវៀតណាមបាននិយាយកាលពីពេលថ្មីៗនេះថា «ទីផ្សារការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយ សារការប្រើប្រព័ន្ធស្វ័យប្រវត្តិកម្ម ហើយវានឹងបង្កនូវផលប៉ះពាល់យ៉ាងធំធេងចំពោះពលករវ័យក្មេង បូករួមទាំងពលករចំណាកស្រុកផងដែរ។ ប្រសិនបើពួកគេមិនមានលទ្ធភាពក្នុងការទទួលបានឱកាសបង្កើនជំនាញទេ នោះពួកគេអាចត្រូវបានគេទុកចោលដោយមិនអើពើ»។

    កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានលើបញ្ហានេះ ក៏អាចនឹងនាំមកនូវគោលនយោបាយដែលកាន់តែមានប្រសិទ្ធភាពផងដែរ តាមរយៈការពន្លឿនដំណើរការផ្លាស់ប្តូរ ពលករចំណាកស្រុក ដែលមានជំនាញខ្ពស់។ នេះគឺជាគោលដៅដ៏សំខាន់មួយនៃការធ្វើសមាហរណកម្មអាស៊ាន។ កម្លាំងពលកម្មដែលមានជំនាញខ្ពស់នឹងរួមចំណែកកាន់តែច្រើនដល់កំណើនប្រកបដោយនិរន្តរភាព និងនវានុវត្តន៍ប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជានឹងជំរុញការប្រកួតប្រជែងរបស់តំបន់អាស៊ីអាគ្នេយ៍នៅក្នុងទីផ្សារពិភពលោកទៀតផង៕

    The Diplomat

    អត្ថបទទាក់ទង