ខ្មែរប៉ុស្ដិ៍ Close

ការទូតដើមឬស្សី៖ មនោសញ្ចេតនាចិន-អាស៊ីអាគ្នេយ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 993
ការទូតដើមឬស្សី៖ មនោសញ្ចេតនាចិន-អាស៊ីអាគ្នេយ៍ លោក លី​ ខឺឈាង កំលុងចូលរួមប្រជុំនៅកម្ពុជា

អាស៊ានកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនៅក្នុងរយៈពេល ១០ថ្ងៃនេះ ជាមួយនឹងកិច្ចប្រជុំកំពូលក្នុងតំបន់និងអន្តរជាតិជាច្រើន។ ការឈប់សំចតដំបូងគេគឺនៅទីក្រុងភ្នំពេញសម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី ២៥, កិច្ចប្រជុំកំពូលអាស៊ានបូក៣ (APT) លើកទី ២៥ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៧ ដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃអាទិត្យ។

ព្រឹត្តិការណ៍បន្ទាប់នឹងកើតមាននៅសប្តាហ៍ក្រោយនៅកោះបាលីសម្រាប់កិច្ចប្រជុំ G20 និងបន្ទាប់មកទៀត គឺនៅទីក្រុងបាងកកសម្រាប់កិច្ចប្រជុំកំពូល APEC (កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក)។ ការវិវឌ្ឍផ្នែកការទូតនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងផ្តោតលើអភិបាលកិច្ចសកលដែលកំពុងឈានឆ្ពោះទៅរក «ពេលវេលាអាស៊ី–Asian Moment» ដែលជាពាក្យមួយត្រូវបានបង្កើតឡើងដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

លោក Wang Yi

វាគឺជាពេលវេលាមួយដែលអាចនឹងមានរយៈពេលមួយសតវត្សរ៍ ឬយូរជាងនេះ។ ស្របពេលជាមួយគ្នានេះដែរ ការទូតចិនក៏អាចនឹងទទួលបានជោគជ័យយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។ នាយករដ្ឋមន្ត្រី លី ខឺឈាង ដែលនឹងត្រូវចុះចេញពីតំណែងនៅខែមីនាឆ្នាំក្រោយ បន្ទាប់ពីកាន់តំណែងបាន ២ អាណត្តិ បានដឹកនាំគណៈប្រតិភូចិនមកកាន់កម្ពុជា បន្ទាប់ពីមានដំណើរទស្សនកិច្ចសំខាន់ៗចំនួន ២ នៅតំបន់អាស៊ីអាគ្នេយ៍ ដែល នោះគឺដំណើរទស្សនកិច្ចរបស់មេដឹកនាំវៀតណាម Nguyen Phu Trong ទៅកាន់ប្រទេសចិន និងដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីចិន Han Zheng ទៅកាន់ប្រទេសសិង្ហបុរី។

អ្វីៗទាំងអស់មានលក្ខណៈស៊ីគ្នានឹងការបង្កើនការធ្វើសមាហរណកម្មរវាងចិននិងតំបន់អាស៊ីអាគ្នេយ៍។ ចាប់តាំងពីឆ្នាំ 2020 មក អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយប្រទេសចិនក៏ជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានផងដែរ បើគិតចាប់តាំងពីឆ្នាំ ២០០៩ មក។ ការធ្វើពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានបានឈានដល់ចំនួន ៨៧៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ដែលបានកើនឡើងពីចំនួន ៦៨៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០។ ក្នុងឆ្នាំ ១៩៩១ វាមានចំនួនត្រឹមតែ ៩ ពាន់លានដុល្លារតែប៉ុណ្ណោះ។

ការវិនិយោគរវាងចិននិងអាស៊ានមានចំនួនជាង ៣៤០ ពាន់លានដុល្លារ បើគិតត្រឹមខែកក្កដាឆ្នាំមុន (ក្រសួងពាណិជ្ជកម្មចិន)។ ចំណាប់អារម្មណ៍ជាពិសេសបានផ្តោតលើការពង្រឹងកិច្ចព្រមព្រៀង RCEP ឱ្យបានកាន់តែស៊ីជម្រៅ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងពិភពលោក។ វាបានបង្កើនការធ្វើ សមាហរណកម្មកាន់តែជិតស្និទ្ធនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងច្រករបៀងពាណិជ្ជកម្មដីគោកអន្តរជាតិថ្មីៗ។

ដូច្នេះ ពាក្យស្លោកទាំងអស់សម្រាប់កិច្ចប្រជុំកំពូលរយៈពេល ១០ ថ្ងៃនេះ នឹងឆ្លុះបញ្ចាំងអំពីការធ្វើសមាហរណកម្មកាន់តែជិតស្និទ្ធ។ ប្រធានបទអាស៊ានឆ្នាំ ២០២២ គឺ «ASEAN A C T : ដោះស្រាយបញ្ហាប្រឈមរួមគ្នា»។ ប្រជាជនឥណ្ឌូណេស៊ីបានចាត់ទុកកិច្ចប្រជុំ G20 ជា «ការងើបឡើងវិញរួមគ្នា, ការងើបឡើងវិញកាន់តែរឹងមាំ» ខណៈដែលថៃបានចាត់ទុក APEC ជា «ការបើកចំហ, ការតភ្ជាប់ និងការរក្សាតុល្យភាព»។

បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនបានកំណត់យន្តការនៃ «ការធ្វើទំនើបភាវូបនីយកម្មដោយសន្តិវិធី» និងរបៀបដែលចិននឹងអភិវឌ្ឍសកលភាវូបនីយកម្ម ២.០ តាមបែបចិន ការទូតចិន បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបន្តការវាយលុកមិនត្រឹមតែនៅតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ។

នៅតំបន់អាស៊ីខាងត្បូង ចិនបានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។ មិនថាអ្នកណាកាន់អំណាចនៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដនោះទេ ប្រទេសប៉ាគីស្ថាននឹងនៅតែជាយុទ្ធសាស្ត្រដ៏សំខាន់ដោយសារច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលតភ្ជាប់ទៅកាន់មហាសមុទ្រឥណ្ឌាខាងលិច, ឈូងសមុទ្រពែក្ស, សមុទ្រក្រហម និងហួសទៅកាន់តំបន់អឺរ៉ុប។

ប្រទេសប៉ាគីស្ថានមិនអាចទុកឱ្យដួលរលំដោយសារសម្ពាធផ្នែកហិរញ្ញវត្ថុបានទេ។ ដូច្នេះ លោក ស៊ី ជីនពីង បានសន្យាថា «ប្រទេសចិននឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីផ្តល់ការគាំទ្រដល់ប៉ាគីស្ថានក្នុងការរក្សាស្ថិរភាពស្ថានភាពហិរញ្ញវត្ថុ»។ អាទិភាពនៃច្រករបៀង CPEC គឺ «ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំពង់ផែ Gwadar នៅសមុទ្រអារ៉ាប់ និងការពង្រឹងគម្រោងផ្លូវរថភ្លើង Karachi Circular Railway»។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif កំលុងពេលធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង។ រូបថត៖ Creative Commons

នៅទ្វីបអាហ្រ្វិក ប្រទេសចិនបានទទួលស្វាគមន៍ប្រធានាធិបតីតង់ហ្សានី Samia Suluhu។ ប្រទេសចិនបានបន្តអញ្ជើញមេដឹកនាំអាហ្វ្រិកឥតឈប់ឈរដើម្បីពិភាក្សាអំពីការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើផែនការ «South-South»។ ប្រទេសចិននិងតង់ហ្សានី ឥឡូវនេះគឺជា «ដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ហើយនេះគឺពិតជាសំខាន់ណាស់ ពីព្រោះឥឡូវនេះតង់ហ្សានីកំពុងស្ថិតនៅក្នុងកម្រិតដូចគ្នានឹងប្រទេសវៀតណាមនិងកម្ពុជា រួមជាមួយនឹងកេនយ៉ា, ហ្ស៊ីមបាវ៉េ និងម៉ូសំប៊ិកនៅក្នុងរចនាសម្ព័ន្ធ/ឋានានុក្រម «មិត្តភាព» ដ៏ស្មុគស្មាញបំផុតរបស់ចិន។

នៅអឺរ៉ុប ប្រទេសចិនបានទទួលអធិការបតីអាល្លឺម៉ង់ Olof Scholz សម្រាប់ដំណើរទស្សនកិច្ចលឿនដូចផ្លេកបន្ទោរ ហើយដែលមានការអមដំណើរដោយក្រុមនាយកប្រតិបត្តិអាជីវកម្ម។ ប្រទេសមិនអាច «ជួយសង្គ្រោះ» ទីក្រុងប៊ែកឡាំងពីស្ថានភាពលំបាកនៅពេលបច្ចុប្បន្នបានទេ ក៏ប៉ុន្តែយ៉ាងហោចណាស់វាបានបង្ហាញយ៉ាងច្បាស់ថា «អាជីវកម្មរបស់អាល្លឺម៉ង់នឹងមិនផ្តាច់ខ្លួនចេញពីប្រទេសចិនបានឡើយ»។

ប្រទេសវៀតណាម, ប៉ាគីស្ថាន និងតង់ហ្សានី គឺសុទ្ធតែជាដៃគូដ៏សំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ ដោយក្នុងនោះ ជ្រលងភ្នំ Ruhr គឺជាច្រកផ្លូវ BRI ដ៏សំខាន់នៅសហភាពអឺរ៉ុប។ អ្វីៗទាំងអស់នេះបានដណ្តើមយកភាពមានប្រៀបលើក្រុម Quad, AUKUS, Indo-Pacific Framework និង Partners for a Blue Pacific។

ប្រទេសចិនបានដឹងយ៉ាងច្បាស់អំពីតួនាទីរបស់សិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ/បច្ចេកវិទ្យាដ៏សំខាន់នៅតំបន់អាស៊ីអាគ្នេយ៍ដែលបាននាំមកនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេរភាគីចំនួន ១៩ ដែលមួយចំនួនមានជាប់ទាក់ទងនឹងបច្ចេកវិទ្យាខ្ពស់។ ភ្ញៀវ​ដ៏សំខាន់​អាច​ជា​ប្រទេសវៀតណាម ហើយសម្រាប់ប្រទេសចិន អ្វីដែលសំខាន់នោះគឺ «លោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចភ្លាមៗ បន្ទាប់ពីសមាជគណបក្សកុម្មុយនីស្តចិនបានបិទបញ្ចប់»។

វៀតណាមអាចនឹងមិនខ្វល់នោះទេអំពីការធ្លាក់ចូលទៅក្នុង​យុទ្ធសាស្ត្រ​របស់ប្រទេសចិន។ លោក Trong បានកត់សម្គាល់ថា «ប្រទេសវៀតណាមបានចាត់ទុកកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយចិនជា អាទិភាពទី១ នៃគោលនយោបាយការបរទេសរបស់ខ្លួន»។ តែនេះមិនមែនមានន័យថា «ទីក្រុងហាណូយកំពុងផ្តល់អភ័យឯកសិទ្ធិដល់ទីក្រុងប៉េកាំងច្រើនជាងទីក្រុងវ៉ាស៊ីនតោននោះទេ»។

អត្ថន័យនៃពាក្យ «អាទិភាពទី១» មានលក្ខណៈច្បាស់លាស់ ដែលនោះគឺ «ប្រទេសចិននិងវៀតណាមបានព្រមព្រៀងគ្នាបង្កើនការធ្វើការលើក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង – COC»។ បញ្ហានេះក៏អាចជា រឿងអាទិភាពដ៏សំខាន់របស់ចិនផងដែរ។ លោក Trong គឺជាមនុស្សដំបូងគេដែលបានបង្កើតគំនិតដ៏គួរឱ្យចាប់អារម្មណ៍ស្តីអំពី «ការទូតដើមឬស្សី» ដែលមានលក្ខណៈទន់ភ្លន់, ឆ្លាត, អត់ធន់ និងមានការតាំងចិត្ត។ គំនិតនេះអាចត្រូវបានអនុវត្តយ៉ាងងាយស្រួលចំពោះទំនាក់ទំនងរវាងចិន និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។

លោក Nguyen Phu Trong ជួបជាមួយលោក ស៊ី ជីនពីង ក្នុងដំណើរទស្សនកិច្ចកាលពីពេលកន្លងទៅ។ រូបថត៖ VNA

សូមអាន តើមានអ្វីទៅនៅពីក្រោយកិច្ចពិភាក្សា «ការទូតដើមឫស្សី» របស់ប្រទេសវៀតណាម?

នៅសប្តាហ៍នេះនៅទីក្រុងភ្នំពេញកិច្ចពិភាក្សានឹងផ្តោតលើការពង្រឹងកិច្ចព្រមព្រៀង RCEP, បញ្ហាទាក់ទងនឹងអាហារនិងថាមពល និង​ការពន្លឿនការ​ចរចាលើតំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន (ASEAN–China Free Trade Area)។ ទាំងអស់នេះមានជាប់ពាក់ព័ន្ធនឹងបញ្ហាដ៏សំខាន់មួយ ដែលនោះគឺ «អន្តរទំនាក់ទំនងនៃគម្រោង BRI ជាមួយនឹងចក្ខុវិស័យឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាស៊ាន។

ឧទាហរណ៍ដ៏ល្អមួយគឺ «រឿងរ៉ាវទាក់ទងនឹងផ្លូវដែកល្បឿនលឿនដែលនឹងតភ្ជាប់ខេត្តយូណាននៅភាគខាងត្បូងនៃប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី»។ ការ​កសាង​ផ្នែកនៅក្នុងប្រទេស​ថៃ​ត្រូវ​បាន​ស្នើ​ឡើងនៅមុនការសាងសង់ផ្នែក​នៅក្នុងប្រទេសឡាវទៅទៀត ក៏ប៉ុន្តែ Kunming-Vientiane បានត្រៀមលក្ខណៈរួចរាល់មុន ខណៈពេលដែលថៃនៅតែបន្តឈ្លោះប្រកែកគ្នាមិនចេះចប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងជម្លោះផ្ទៃក្នុង។

ដូចគ្នានេះដែរ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីនៅតែមិនអាចបង្កើតឱ្យមានកិច្ចព្រមព្រៀង ដោយក្នុងនោះករណីមួយគឺ «ច្រករបៀងតភ្ជាប់ដ៏សំខាន់មួយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍» ដែលកំពុងជួបប្រទះបញ្ហាផ្ទៃក្នុង។ ស្រប​គ្នា​នេះដែរ ការ​សាង​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ​Jakarta-Bandung បាន​ដំណើរ​ការទៅមុខ​តិចតួច​ប៉ុណ្ណោះ។

នៅពេលដែលប្រទេសចិននិងអាស៊ានបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយជាផ្លូវការនៅឆ្នាំ ២០២១ គម្រោង BRI សំខាន់ៗជាច្រើនត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយតំបន់អាស៊ីអាគ្នេយ៍។ បន្ថែមពីលើនេះ លោក ស៊ី ជីនពីង បានដាក់ចេញនូវគោលគំនិតស្តីអំពីផ្លូវសូត្រសមុទ្រ (Maritime Silk Road) នៅទីក្រុងហ្សាកាតាកាលពីជាង ៩ ឆ្នាំមុន។ សេចក្តីថ្លែងការណ៍ ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង – DOC ត្រូវបានចុះហត្ថលេខាដោយប្រទេសចិននិងអាស៊ានកាលពី ២០ ឆ្នាំមុន។

«ការធ្វើពាណិជ្ជកម្មតែងតែជាអាវុធសម្ងាត់» ដែលមានលក្ខណៈទ្វេរភាគីរវាងប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍។ ប្រវត្តិសាស្ត្របានប្រាប់យើងថា «ឆន្ទៈរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ក្នុងការចុះញ៉មចំពោះប្រទេសចិន បានបង្ហាញអំពីស្មារតីនៃការចង់បានការធ្វើពាណិជ្ជកម្មជាជាងការចង់បានសង្គ្រាម»។ ករណីលើកលែងដ៏សំខាន់គឺ «ប្រទេសវៀតណាម» ដែលធ្លាប់ត្រូវបានកាន់កាប់ដោយប្រទេសចិនតាំងពីឆ្នាំ ១១១ មុនគ.ស រហូតដល់គ.ស ៩៦៣-៩៧៩។

ប៉ុន្តែ បើទោះបីជាវៀតណាមបានទទួលឯករាជ្យពីប្រទេសចិនកាលពីមួយសហស្សវត្សរ៍មុនក៏ដោយ ក៏វានៅតែទទួលរងនូវឥទ្ធិពលនៃវប្បធម៌ចិនយ៉ាងទូលំទូលាយ។ សាស្រ្តាចារ្យ Wang Gungwu ដែលស្ថិតនៅប្រទេសសិង្ហបុរី បានកត់សម្គាល់ «ការគោរព និងការស្នើសុំការការពារពីអធិរាជចិន មិនមែនមានន័យថា ប្រទេសចិនអាចធ្វើអ្វីៗគ្រប់យ៉ាងតាមតែចិត្តចង់នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នោះទេ»។ ប៉ុន្តែនៅក្នុង​យុគសម័យ​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន ប្រទេសចិន​ពិតជា​មិន​ចាប់អារម្មណ៍ឡើយចំពោះការអនុវត្តយុទ្ធសាស្ត្របំបែកបំបាក់ និងគ្រប់គ្រង (Divide and Rule) នៅ​តំបន់អាស៊ីអាគ្នេយ៍​។

អ្នករៀបចំផែនការយុទ្ធសាស្រ្តរបស់ចិនអាចនឹងយល់ថា «អាស៊ានមានអំណាចទន់ជាច្រើនដែលអាចផ្តល់នូវការសម្របសម្រួលដល់ដំណើរការការងាររបស់មហាអំណាចនៅទូទាំងអាស៊ីអាគ្នេយ៍ តាមរយៈការផ្តល់នូវវេទិកាដើម្បីភ្ជាប់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក»។ គ្មាន​នរណា​ម្នាក់​មិន​ទុក​ចិត្ត​អាស៊ាននោះ​ទេ ហើយនេះគឺជាមូលហេតុដែលធ្វើឱ្យតំបន់នេះអាចប្រារព្ធកម្មវិធីជាច្រើនរាប់ចាប់ពី ASEM និង ASEAN+3 រហូត ដល់ APEC ។

លោក ស៊ី ជីនពីង ផ្ទាល់បាននិយាយនៅពេលលោកចាប់ផ្តើមផ្លូវសូត្រសមុទ្រនៅទីក្រុងហ្សាកាតាក្នុងឆ្នាំ ២០១៣ ថា «ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍បណ្តាប្រទេសអាស៊ាន។ ប្រទេសចិនប្តេជ្ញាចិត្តក្នុងការតភ្ជាប់កាន់តែទូលំទូលាយជាមួយបណ្តាប្រទេសអាស៊ាន ហើយប្រទេសចិននឹងស្នើ​ឱ្យបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ីដែល​នឹង​ផ្តល់​អាទិភាព​ដល់​តម្រូវការ​របស់​បណ្តាប្រទេស​អាស៊ាន​»។

ទំនាក់ទំនងទ្វេភាគីរវាងចិន និងសមាជិកអាស៊ាននីមួយៗ អាចមានលក្ខណៈស្មុគស្មាញរៀងៗខ្លួន ក៏ប៉ុន្តែ​ការ​ឯកភាព​គ្នា​ដ៏សំខាន់មួយគឺថា «គ្មាន​ទំនាក់ទំនងទ្វេរភាគី​ណាមួយ​អាចកំណត់​អនាគត​នៃ​ទំនាក់ទំនង​រវាងចិន និងតំបន់​អាស៊ីអាគ្នេយ៍ឡើយ»។ ការពិភាក្សានៅទីក្រុងភ្នំពេញកាលពីសប្ដាហ៍មុន នៅកោះបាលីក្នុងសប្ដាហ៍នេះ និងនៅទីក្រុងបាងកកបានបង្ហាញថា «តំបន់អាស៊ីអាគ្នេយ៍នឹងមិនច្រានចោលឡើយទាំងការកោត សរសើរចិន និងការរិះគន់ចិន»។

អស់ជាច្រើនទសវត្សរ៍មកហើយ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ជនភៀសខ្លួនចិនត្រូវបានគេហៅក្រៅផ្លូវការថា «ក្រុមអ៊ីនធឺណិតដើមឬស្សី» ដែលជាពាក្យ​ដូចគ្នា​នឹងពាក្យដែលត្រូវបានប្រើ​ចំពោះទំនាក់ទំនងការទូត​រវាងចិន​ និងតំបន់អាស៊ីអាគ្នេយ៍ដែលមានលក្ខណៈដូចដើមឬស្សី ដែល «ទន់ភ្លន់, ឆ្លាត, ធន់ និងពូកែស៊ូទ្រាំ»៕

Asia Times

អត្ថបទទាក់ទង