ខ្មែរប៉ុស្ដិ៍ Close

    អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុក និងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 700
    អាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុក និងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្តអាជ្ញាធរជាតិអប្សរា បិទបំពេញបាយអរនៅតាមជង្ហុក និងចន្លោះថ្មភក់កម្រាលស្ពានហាលមុខប្រាសាទអង្គរវត្ត

    ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ដែលបាត់ ឬខូចផ្នែកខ្លះនៃកម្រាលស្ពានហាលប្រាសាទអង្គរវត្តឱ្យប្រសើរឡើង បំណងបញ្ចៀសហានិភ័យផ្សេងៗ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។ បិទបំពេញបាយអនេះ បញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែរ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់។

    មន្ត្រីបច្ចេកទេសអភិរក្ស និងជួសជុលថ្ម (ITALIA) នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក មុំ សុផុន លើកឡើងថា កម្រាលស្ពានហាលធ្វើពីថ្មភក់ នៅផ្ទៃផ្នែកខាងលើមិននៅល្អពេញលេញ១០០ភាគរយដូចដើមនោះ ជ្រុងខ្លះនៃថ្មភក់ពុកផុយ បាក់បែក ខូចខាតដោយអន្លើរៗ បណ្តាលឱ្យមានជង្ហុកខ្លះៗ អាចធ្វើឱ្យក្រឡាច់ឬជំពប់ជើងដួលពេលភ្ញៀវទេសចរដើរឆ្លងកាត់។ លោក សុផុន បន្តថា ការងារនេះធ្វើឡើងតាមដំណាក់កាលៗ និងបានចាប់ផ្តើមតាំងពីដើមខែកញ្ញា គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។ ដំណាក់កាលទី១សម្រេចបានប្រវែងទទឹង៦ម៉ែត្រ បណ្តោយ១០ម៉ែត្រ និងនៅដំណាក់កាលទី២នេះ កំពុងបន្តប្រវែងទទឹង៦ម៉ែត្រ និងបណ្តោយ១០ម៉ែត្រជាបន្តទៀត។

    លោក មុំ សុផុន បានឱ្យដឹងទៀតថា វត្ថុធាតុដើមសម្រាប់ផលិតបាយអរួមមានខ្សាច់ ម្សៅថ្មភក់ ម្សៅឥដ្ឋ កំបោរ និងទឹកជាដើម ជាវត្ថុធាតុដើមអាចរកបាននៅក្នុងស្រុក និងមិនធ្វើឱ្យប៉ះពាល់ខូចខាតដល់សាច់ថ្មឡើយ។ ក្រុមអ្នកជំនាញរំពឹងថា ក្រោយបំពេញនៅតាមជង្ហុកនៅស្ពានហាលផ្លូវចូលប្រាសាទអង្គរវត្តរួចរាល់ភ្ញៀវទេសចរអាចដើរឆ្លងកាត់ដោយមានសុវត្ថិភាព ដែលនេះ ក៏ជាផ្នែកមួយដ៏សំខាន់ស័ក្តិសមនិងតម្លៃរបស់ប្រាសាទអង្គរវត្តផង៕

    អត្ថបទ និងរូបភាព៖ យី សុថា

    អត្ថបទទាក់ទង