ខ្មែរប៉ុស្ដិ៍ Close

    ការតស៊ូដើម្បីអាកាសធាតុ គឺជាឱកាសសម្រាប់ភាពជាអ្នកដឹកនាំរបស់តំបន់អាស៊ី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1200
    ការតស៊ូដើម្បីអាកាសធាតុ គឺជាឱកាសសម្រាប់ភាពជាអ្នកដឹកនាំរបស់តំបន់អាស៊ីការតស៊ូដើម្បីអាកាសធាតុ គឺជាឱកាសសម្រាប់ភាពជាអ្នកដឹកនាំរបស់តំបន់អាស៊ី

    កាលពីឆ្នាំមុន បន្ទាប់ពីការជាប់ឆ្នោតរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ពហុភាគីនិយមបានក្លាយជាបេះដូងនៃវិធានការដោះស្រាយបញ្ហាអាកាសធាតុពិភពលោក។ មេដឹកនាំ G20 បានព្រមព្រៀងគ្នាចំពោះគោលដៅអាកាសធាតុរយៈពេលខ្លីដ៏មានមហិច្ឆតាដើម្បីសម្រេចឱ្យបាននូវការបំភាយឧស្ម័នសូន្យនៅត្រឹមពាក់កណ្តាលសតវត្សរ៍។

    ពួកគេបានប្តេជ្ញាបញ្ចប់ការឧបត្ថម្ភធន ឥន្ធនៈហ្វូស៊ីល បូករួមនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ថាមពលស្អាតដើម្បីលុបបំបាត់ការប្រើប្រាស់ធ្យូងថ្មឱ្យបានកាន់តែឆាប់រហ័ស។ ឆន្ទៈរបស់ប្រទេសចិននិងឥណ្ឌាក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងឥន្ធនៈហ្វូស៊ីលបានឆ្លុះបញ្ចាំងអំពីការយល់ដឹងកាន់តែទូលំទូលាយអំពីហានិភ័យចំពោះម៉ាក្រូសេដ្ឋកិច្ច ដែលបង្កឡើងដោយការប្រឆាំងនឹងការងាកទៅរកការប្រើប្រាស់ថាមពលស្អាត។

    លទ្ធផលទាំងនេះបាននាំមកនូវគំនិតផ្តួចផ្តើមថ្មីៗជាច្រើននៅឯសន្និសិទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន នៅទីក្រុង Glasgow (COP26) ជាមួយនឹងគោលដៅ «Keeping 1.5 Alive» ដែលមានលក្ខណៈស្របតាមគោលដៅនៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបានកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោកនៅត្រឹម ១,៥ អង្សាសេ ធៀបនឹងអាកាសធាតុជាមធ្យមនៅ
    មុនយុគសម័យឧស្សាហកម្ម។

    ពួកគេក៏បានជួយរៀបចំលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងអាកាសធាតុ Glasgow ផងដែរ ដែលតម្រូវឱ្យគ្រប់ប្រទេសទាំងអស់បញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម បើទោះបីជាឥណ្ឌានិងចិន អាចរារាំងការអំពាវនាវឱ្យបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មទាំងស្រុងក៏ដោយ។ ជាអកុសល លក្ខខណ្ឌនៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីនៅសប្តាហ៍នេះក៏អាចនឹងមិនមានលក្ខណៈខុសគ្នាដែរ។

    បច្ចុប្បន្ន ស្ថានភាពភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច មិនសូវមានភាពអំណោយផលទេ ដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយក្នុងនោះបណ្តាប្រទេស G7 បានកាត់បន្ថយការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ឈប់ការវិនិយោគលើឥន្ធនៈហ្វូស៊ីល។ ភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងត្រូវបានបន្ធូរ បន្ថយខ្លះ តាមរយៈជំនួបទ្វេភាគីរវាងលោក បៃឌិន និងប្រធានាធិបតី ស៊ី ជីនពីង នៅកោះបាលី។

    ប៉ុន្តែការព្យាយាមបង្កើតឱ្យមានលទ្ធផលល្អប្រសើរខ្លាំងជាងនេះអាចជារឿងដ៏លំបាក។ ដោយសារប្រទេស G20 មានចំណែកប្រហែល ៨០% នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល កិច្ចប្រជុំកំពូលអាចនឹងនាំមកនូវការកំណត់លទ្ធផលចុងក្រោយនៃសន្និសីទស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP27) ដែលប្រព្រឹត្តទៅនៅប្រទេសអេហ្ស៊ីបបន្ទាប់ពីកិច្ចប្រជុំ G20 នៅឥណ្ឌូណេស៊ី។

    ដំណើរការនៅក្នុងទីក្រុង Sharm El-Sheikh ត្រូវបានគ្របដណ្តប់ទៅដោយការអំពាវនាវរបស់បណ្តាប្រទេសដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ដែលចង់បានភាពយុត្តិធម៌ផ្នែកអាកាសធាតុ និងទាមទារឱ្យអ្នកបញ្ចេញឧស្ម័នធំៗបង់ប្រាក់ដើម្បីផ្តល់ការគាំទ្រដល់ការផ្លាស់ប្តូរ និងដល់សុខុមាលភាពរបស់ពួកគេ។ នេះជាមូលហេតុដែលការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុអាចជាឱកាសបង្កើតឱ្យមានការរួបរួមគ្នា ដូចអ្វីដែលក្រុម G20 តែងចង់បាន។

    សមាជិកអាស៊ីរបស់ក្រុម G20 ក៏មានតួនាទីយ៉ាងសំខាន់ផងដែរនៅក្នុងរឿងនេះ។ ជាជាងការកាត់បន្ថយសម្មភាពអាកាសធាតុនៅក្នុងអំឡុងពេលកំពុងកើតមានវិបត្តិជាច្រើននៅក្នុងឆ្នាំកន្លងទៅ បណ្តាប្រទេសអាស៊ីបានបន្តពង្រឹងការប្តេជ្ញាចិត្តកាន់តែស៊ីជម្រៅ។ អ្នកបញ្ចេញឧស្ម័នសំខាន់ៗនៅក្នុងតំបន់អាស៊ីបានក្លាយជាតួអង្គដ៏សំខាន់ក្នុងនាមជាប្រទេសដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់កិច្ចព្រមព្រៀង «Glasgow Climate Pact» ឱ្យបង្កើនមហិច្ឆតាអាកាសធាតុនៅឆ្នាំ ២០២២។

    ឥណ្ឌា ឥណ្ឌូណេស៊ី អារ៉ាប់រួម, វៀតណាម និងរដ្ឋាភិបាលថ្មីនៅប្រទេសអូស្ត្រាលី បាននិងកំពុងពង្រឹងគោលដៅរបស់ពួកគេ។ ខណៈពេលដែលមហិច្ឆតាកាន់តែធំជាងនេះនឹងមានសារៈសំខាន់ចំពោះការប្តេជ្ញាចិត្ត ក្នុងការដើរឱ្យស្របតាមគោលដៅ ១,៥ អង្សារសេនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស សន្ទុះនៅក្នុងតំបន់កំពុងបោះជំហានទៅមុខក្នុងទិសដៅដ៏ត្រឹមត្រូវ។

    តំបន់អាស៊ីមានគោលនយោបាយដ៏ល្អ។ ការស្រាវជ្រាវដែលធ្វើឡើងដោយគណៈកម្មការគោលនយោបាយជាន់ខ្ពស់ស្តីពីការជំរុញតំបន់អាស៊ីឆ្ពោះទៅកាន់ការបញ្ចេញឧស្ម័នសូន្យ បានបង្ហាញថា «សកម្មភាពអាកាសធាតុប្រកបដោយមហិច្ឆតានឹងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់»។

    ប្រសិនបើតំបន់អនុវត្តយ៉ាងពេញលេញនូវគោលដៅអាកាសធាតុ ដូចដែលខ្លួនបានកំណត់នៅ COP26 វានឹងជំរុញកំណើន GDP បានរហូតដល់ ៥,៤% នៅត្រឹមឆ្នាំ ២០៣០ បូករួមនឹងការបង្កើតការងារថ្មីៗកាន់តែច្រើន, ការកាត់បន្ថយថ្លៃដើមថាមពល និងការពង្រឹងសន្តិសុខថាមពល។ វាគឺជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់រដ្ឋាភិបាលនានាដែលកំពុងព្យាយាមគេចចេញពីបញ្ហាអតិផរណា និងការកើនឡើងនៃតម្លៃថាមពល។

    បណ្តាប្រទេសកំពុងអភិវឌ្ឍក៏បានដឹងដែរថា «ការទទួលយកការផ្លាស់ប្តូរបៃតងអាចនាំមកនូវការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់»។ ឧទាហរណ៍ ប្រទេសស្រីលង្កានិងបង់ក្លាដែស គឺស្ថិតក្នុងចំណោមអ្នកបោះពុម្ពផ្សាយ «ផែនការវិបុលភាពអាកាសធាតុ» ដែលប្រសិនបើទទួលបានការផ្តល់មូលនិធិនឹងជួយបង្កើនភាពធន់, កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

    ដូចគ្នានេះដែរ ប្រទេសឥណ្ឌូណេស៊ីនិងវៀតណាម ត្រូវបានគេរំពឹងថានឹងប្រកាសអំពី «ភាពជាដៃគូផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌» ដែលមានលក្ខណៈដូចគ្នានឹងគំរូមួយដែលប្រទេសអភិវឌ្ឍបានប្តេជ្ញាផ្តល់ នូវទឹកប្រាក់ចំនួន ៨,៥ ពាន់លានដុល្លារដល់អាហ្វ្រិកខាងត្បូងកាលពីឆ្នាំមុន ដើម្បីជំរុញការងាកចេញពីការប្រើប្រាស់ធ្យូងថ្មឱ្យបានកាន់តែលឿនជាងមុន ទន្ទឹមនឹងការផ្តល់ការការពារដល់ជីវភាពរបស់កម្មករនៅក្នុងវិស័យនេះ។

    ឆន្ទៈនយោបាយនិងភាពប្រាកដប្រជានៃគោលនយោបាយ គឺជាឧបករណ៍ដ៏មានអានុភាពសម្រាប់ការបញ្ចេញលំហូរមូលធនពីសំណាក់ប្រទេសម្ចាស់ជំនួយ, កាត់បន្ថយហានិភ័យនៃការវិនិយោគហិរញ្ញវត្ថុឯកជន និងការបើកប្រភពធនធានក្នុងស្រុកថ្មីៗ។ ប្រទេសឥណ្ឌានឹងធ្វើជាប្រធាន G20 បន្ទាប់ពីកិច្ចប្រជុំកំពូលនៅប្រទេសឥណ្ឌូណេស៊ីនៅសប្តាហ៍នេះ ខណៈដែលប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅឆ្នាំក្រោយ ហើយអារ៉ាប់រួមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអាកាសធាតុ COP28 នៅឆ្នាំក្រោយ។

    សកម្មភាពអាកាសធាតុអាចនឹងជួយបង្កើតឱ្យមានការឯកភាពគ្នាឡើងវិញសម្រាប់ពហុភាគីនិយម។ ក្រុមប្រទេស G20 អាចចាប់ផ្តើមតាមរយៈការពង្រឹងការប្តេជ្ញាចិត្តរួមចំពោះសកម្មភាពអាកាសធាតុក្នុង ចំណោមប្រទេសជាសមាជិកដែលជាកត្តាជំរុញការងើបឡើងវិញ និងកំណើនសេដ្ឋកិច្ច។ បន្ទាប់ពីប្រទេសឥណ្ឌា ប្រធាន G20 នឹងបង្វិលទៅកាន់ប្រទេសប្រេស៊ីល ដែលអាចនឹងក្លាយជាឱកាសដ៏ពិសេសមួយក្នុងការស្វែងយល់ពីទស្សនៈរបស់ប្រទេសធំៗដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

    ប្រទេសដូចជាឥណ្ឌូណេស៊ី, ឥណ្ឌា និងប្រេស៊ីល អាចសង្កត់ធ្ងន់លើអត្ថប្រយោជន៍ឈ្នះ-ឈ្នះ នៃកិច្ចសហប្រតិបត្តិការស៊ីជម្រៅ។ វិធីមួយទៀតដែលក្រុម G20 អាចធ្វើបានគឺ «ការលើកកម្ពស់របៀបវារៈ Bridgetown ដែលត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី Barbados Mia Mottley ដើម្បីផ្តល់សាច់ប្រាក់ងាយស្រួលក្នុងករណីបន្ទាន់, ពង្រីកការផ្តល់ប្រាក់កម្ចីពហុភាគី និងកៀរគរការចូល រួមពីវិស័យឯកជន»។

    ការជំរុញរបៀបវារៈ Bridgetown នឹងតម្រូវឱ្យមានឆន្ទៈនយោបាយពីសំណាក់អ្នកផ្តល់ប្រាក់កម្ចី និងភាគីពាក់ព័ន្ធដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ នៅក្រោមការដឹកនាំរបស់ឥណ្ឌានៅឆ្នាំក្រោយ G20 គួរតែខិតខំព្យាយាមសម្រេចឱ្យបាននូវលទ្ធផលជាក់ស្តែងដែលអាចរួមបញ្ចូលនូវការរៀបចំប្លង់មេសម្រាប់ប្រព័ន្ធថាមពលដែលមានលក្ខណៈទំនើបនិងធន់, ការដាក់ចេញនូវហេដ្ឋារចនាសម្ព័ន្ធគោលនយោបាយដើម្បីគាំទ្រដល់បច្ចេកវិទ្យាអាកាសធាតុសំខាន់ៗ និងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ។

    ឥណ្ឌាក៏អាចប្រើប្រាស់ប្លុក G77 នៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍជាកត្តាជំរុញផងដែរដើម្បីធានាថា «G20 នឹងអាចសម្រេចតាមតម្រូវការរបស់ប្រទេសដែលងាយរងគ្រោះបំផុតរបស់ពិភពលោក»។ ពហុភាគីនិយមកំពុងត្រូវការការគាំទ្រនៅក្នុងពេលវេលាដ៏សំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់មនុស្សជាតិ។

    ជាមួយនឹងការចាត់ទុកសកម្មភាពអាកាសធាតុជាបេះដូងនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងការឯកភាពគ្នា និងការពង្រឹងពហុភាគីនិយមឡើងវិញ បណ្តាប្រទេសអាស៊ីនឹងបង្កើតឱ្យមានឱកាសជាលក្ខណៈអន្តរជាតិ ក្នុងការទប់ស្កាត់គ្រោះ មហន្តរាយអាកាសធាតុដែលអាចផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គមដ៏ធំដែលត្រូវបានបង្កើតឡើងតាមរយៈការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលបៃតង៕

    Project Syndicate