ខ្មែរប៉ុស្ដិ៍ Close

រាជរដ្ឋាភិបាល សម្រេចបញ្ចេញទុនបន្ថែម ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 188
រាជរដ្ឋាភិបាល សម្រេចបញ្ចេញទុនបន្ថែម ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា រាជរដ្ឋាភិបាល សម្រេចបញ្ចេញទុនបន្ថែម ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលជាធនាគាររបស់រដ្ឋ បានប្រកាសពីការបញ្ចេញទុនបន្ថែម ចំនួន ១០លានដុល្លារអាមេរិក សម្រាប់ការប្រមូលទិញស្រូវនៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា​ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន ១០លាន ដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្នានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។

ការណ៍នេះ ធ្វើឲ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។ ហេតុដូចនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមអំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្អាប់ថ្លៃស្រូវ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសហព័ន្ធស្រូវ-អង្ករ កម្ពុជា (Cambodia Rice Federation) ដែលបានជួយទិញស្រូវ ពីប្រជាកសិករក្នុងតម្លៃសមរម្យនាពេលកន្លងមក និងជួយទិញបន្តទៀត៕

Fresh News

អត្ថបទទាក់ទង