ខ្មែរប៉ុស្ដិ៍ Close

ហេតុផលនៅពីក្រោយគំនិតផ្តួចផ្តើមរថយន្តអគ្គិសនី អាមេរិក-អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1568
ហេតុផលនៅពីក្រោយគំនិតផ្តួចផ្តើមរថយន្តអគ្គិសនី អាមេរិក-អាស៊ានហេតុផលនៅពីក្រោយគំនិតផ្តួចផ្តើមរថយន្តអគ្គិសនី អាមេរិក-អាស៊ាន

ប្រធានាធិបតី ចូ បៃឌិន បានស្នើបង្កើតគំនិតផ្តួចផ្តើមរថយន្តអគ្គិសនី អាមេរិក-អាស៊ាន (Electric Vehicle Initiative) ក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅប្រទេសកម្ពុជាក្នុងខែនេះ។ តាមរយៈការ ប្រកាសអំពីគំនិតផ្តួចផ្តើមដ៏សំខាន់នៃភាពជាដៃគូនៃកិច្ចសន្ទនាផ្នែកដឹកជញ្ជូនរវាងសហរដ្ឋអាមេរិកនិងអាស៊ាន លោក បៃឌិន សង្ឃឹមថានឹងអាចធ្វើការជាមួយសមភាគីអាស៊ានរបស់លោកដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីរថយន្តអគ្គិសនីរួមបញ្ចូលគ្នា (EV) នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

សូមអាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក អាស៊ានគួរឯកភាពចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ប៉ុន្តែមិនគួរគាំទ្រចំពោះសម្ព័ន្ធភាពសន្តិសុខនោះទេ

គំនិតផ្តួចផ្តើមនេះនឹងផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរថយន្ត EV នៅក្នុងតំបន់, ការប្រើប្រាស់រថយន្ត EV នៅទូទាំងតំបន់ និងការអភិវឌ្ឍដំណោះស្រាយ និងបច្ចេកវិទ្យាទាក់ទងនឹងរថយន្ត EV សម្រាប់តំបន់។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏នឹងជួយអាស៊ានផងដែរក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការប្រើប្រាស់រថយន្ត EV។

ទី១ «គំនិតផ្តួចផ្តើមនេះត្រូវបានគេយល់ថាជាការពង្រីករបៀបវារៈក្នុងស្រុករបស់រដ្ឋបាលរបស់លោក បៃឌិន»។ ចំណាប់អារម្មណ៍ និងការគាំទ្ររបស់លោក បៃឌិន ចំពោះរថយន្ត EV ដែលផលិតនៅសហរដ្ឋអាមេរិកត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់តាំងតែពីក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។

បន្ថែមពីលើការបញ្ជាក់ថា «រថយន្ត EV គឺជាអនាគតនៃឧស្សាហកម្មរថយន្តរបស់អាមេរិក» លោក បៃឌិន បានប្តេជ្ញាថានឹងដើរតួនាទីឱ្យបានកាន់តែសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍរថយន្ត EV របស់សហរដ្ឋអាមេរិក។ កាលពីពេលថ្មីៗនេះ លោក បៃឌិន ថែមទាំងបាននិយាយថា «រថយន្ត EV គឺជាផ្នែកដ៏សំខាន់មួយនៃការស្ដារឡើងវិញនូវភាពអស្ចារ្យរបស់អាមេរិក»។ ចាប់តាំងពីចូលកាន់តំណែងមក លោក បៃឌិន បានចាត់វិធានការជាក់ស្តែងមួយចំនួន ដើម្បីលើកកម្ពស់ការផលិត និងការប្រើប្រាស់រថយន្ត EV នៅសហរដ្ឋអាមេរិក។

សូមអាន វៀតណាមបានតោងចាប់ខ្សែច្រវ៉ាក់តម្លៃបន្ទះឈីប

ជាឧទាហរណ៍ : ជាមួយនឹងច្បាប់ស្តីពីការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការងារ (Infrastructure Investment and Jobs Act) រដ្ឋបាល បៃឌិន អាចវិនិយោគទឹកប្រាក់រហូតដល់ ៧,៥ ពាន់លានដុល្លារទៅលើទីតាំងសាកថ្មរថយន្ត EV, អាចវិនិយោគប្រាក់ច្រើនជាង ៧ ពាន់លានដុល្លារ លើការផ្តល់សារធាតុរ៉ែសំខាន់ៗ និងសមាសធាតុចាំបាច់ផ្សេងៗទៀតសម្រាប់ដំណើរការផលិតថ្មរថយន្ត EV និងអាចវិនិយោគប្រាក់ជាង ១០ ពាន់លានដុល្លារលើមធ្យោបាយធ្វើដំណើរ និងរថយន្តក្រុងដឹកសិស្សសាលាដែលដើរដោយថាមពលស្អាត។

បើទោះបីជាមិនមានមាត្រាជាក់លាក់ណាមួយនៅក្នុងច្បាប់វិទ្យាសាស្រ្ត និងបន្ទះឈីប (ដែលទើបត្រូវបានអនុម័តថ្មីៗនេះ) បានលើកឡើង ជាពិសេសអំពីរថយន្ត EV ក៏ដោយ ក៏ច្បាប់នេះអាចនឹងជួយជំរុញការអភិវឌ្ឍ រថយន្ត EV ដោយសារតែសារៈសំខាន់នៃបន្ទះឈីបចំពោះរថយន្តអគ្គិសនី។ ពាក់ព័ន្ធនឹងរឿងនេះ រដ្ឋបាលរបស់លោក បៃឌិន កំពុងព្យាយាមបង្កើតមូលដ្ឋានផលិតកម្មនៃរថយន្ត EV និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់រថយន្ត EV នៅសហរដ្ឋអាមេរិក។

ដោយមើលឃើញពីសក្តានុពលទីផ្សារដ៏ធំនៅតំបន់អាស៊ីអាគ្នេយ៍ គំនិតផ្តួចផ្តើមរថយន្តអគ្គិសនីអាមេរិក-អាស៊ាន អាចជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មរថយន្ត EV រវាងសហរដ្ឋអាមេរិកនិងតំបន់ ក៏ដូចជានឹងបង្កើនឱកាសនាំចេញកាន់តែច្រើនសម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV ដែលមានមូលដ្ឋាននៅអាមេរិក។

ការធ្វើការជាមួយអាស៊ានក៏មានចាំបាច់ខ្លាំងសម្រាប់សហរដ្ឋអាមេរិកផងដែរ ដោយសារតែតម្លៃពលកម្មទាបនៅក្នុងតំបន់ និងភាពសម្បូរហូរហៀរនៃសារធាតុរ៉ែដែលមានសារៈសំខាន់សម្រាប់ការផលិតរថយន្ត EV និងដែលអាចធានាបាននូវសុវត្ថិភាព និងភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់សហរដ្ឋអាមេរិក។

ទី២ «គំនិតផ្តួច ផ្តើមនេះក៏អាចដើរតួនាទីជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកក្នុងការប្រកួតប្រជែងដណ្តើមភាពជាអ្នកដឹកនាំលើរថយន្ត EV ជាមួយប្រទេសចិនផងដែរ»។ រដ្ឋបាល បៃឌិន មានការមិនពេញចិត្តជាយូរណាស់មកហើយចំពោះចំណែកទីផ្សារនៃរថយន្ត EV របស់សហរដ្ឋអាមេរិក ជាពិសេសនៅពេលប្រៀបធៀបជាមួយចំណែករបស់ប្រទេសចិន។

រដ្ឋបាលអាមេរិកបានប្តេជ្ញាថានឹង «យកឈ្នះលើប្រទេសចិន» នៅក្នុងឧស្សាហកម្មរថយន្ត EV។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនកាន់តែច្រើនបានចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងព្យាយាមស្វែងរកឱកាសពង្រីកខ្លួននៅក្នុងតំបន់នេះ។ ជាឧទាហរណ៍ : ក្រុមហ៊ុន BYD, Great Wall Motor (GMW), Hozon និង Aiways សុទ្ធតែបាននិងកំពុងចែកចាយរថយន្ត EV របស់ពួកគេនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។

ក្រុមហ៊ុន SAIC-GM-Wuling (SGMW) និង BYD បានធ្វើមូលដ្ឋានីយកម្មនៃរោងចក្រផលិតរថយន្ត EV របស់ពួកគេនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងថៃ។ លើសពីនេះ ក្រុមហ៊ុន BYD ក៏បានសហការជាមួយទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវរបស់ប្រទេសសិង្ហបុរីផងដែរលើការស្រាវជ្រាវ និងការអភិវឌ្ឍ ប្រព័ន្ធរថយន្ត EV សម្រាប់ការដឹកជញ្ជូនជាសាធារណៈ។

ទិន្នន័យបានបង្ហាញថា «ចំណែកទីផ្សាររបស់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិននៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថា នឹងកើនឡើងពីចំនួន ៥៨% ក្នុងឆ្នាំ ២០២១ ដល់ចំនួនជិត ៨០% នៅឆ្នាំនេះ»។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មី រដ្ឋបាល បៃឌិន ហាក់ដូចជាមានបំណងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីរថយន្ត EV នៅក្នុងតំបន់ដោយប្រើប្រាស់ដំណោះស្រាយ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក ដោយរាប់ចាប់ពីការផលិតរថយន្ត EV រហូតដល់ការបង្កើតហេដ្ឋារចនាសម្ព័ន្ធរថយន្ត EV ដូចជាស្ថានីយ៍សាកថ្មជាដើម។

ភ្លាមៗបន្ទាប់ពីរដ្ឋបាល បៃឌិន សម្រេចចិត្តដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថយន្តអគ្គិសនីអាមេរិក-អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលនៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន «Global Times» បានលើកឡើងថា «វាគ្រាន់តែជាកាយវិការនិមិត្តរូបប៉ុណ្ណោះដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ដើម្បីទាក់ទាញអាស៊ាន ហើយវាមិនមែនជាកិច្ចសហប្រតិបត្តិការដើម្បីធ្វើឱ្យអាស៊ានអាចសម្រេចបាននូវភាពរីកចម្រើន និងសន្តិភាពពិតប្រាកដនោះទេ»។

វាអាចទៅរួចដែលថា «ការសន្យារបស់អាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍នឹងមិនទទួលបានការប្តេជ្ញាចិត្តផ្នែកធនធាននោះទេ»។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននៅក្នុងទីក្រុងភ្នំពេញនៅខែនេះ លោក បៃឌិន បានប្រកាសថា «លោកបានស្នើសុំទឹកប្រាក់ចំនួន ៨២៥ លានដុល្លារសម្រាប់ជំនួយគ្រប់ប្រភេទសម្រាប់តំបន់អាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ ២០២៣» ដែលនេះគឺជាចំនួនដ៏តិចតួចបំផុត បើប្រៀបធៀបនឹងតម្រូវការរបស់តំបន់នេះ។

បើទោះបីជាលោក បៃឌិន អាចនឹងបង្កើនការចំណាយសម្រាប់គម្រោងរថយន្ត EV នៅតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ក៏វានៅតែមិនទាន់ច្បាស់ទេថា «តើវានឹងមានចំនួនប៉ុន្មាន»។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសអំពីគំនិតផ្តួចផ្តើមនេះនឹងធ្វើឱ្យការប្រកួតប្រជែងទាក់ទងនឹងរថយន្ត EV កាន់តែមានភាពតានតឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីលើនេះគំនិតផ្តួចផ្តើមនេះគឺជាការប៉ុនប៉ងដំបូងបង្អស់របស់សហរដ្ឋអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិទាក់ទងនឹងរថយន្ត EV រួមជាមួយនឹងកិច្ចព្រមព្រៀងថ្មីមួយទៀត ជាមួយប្រទេសម៉ិកស៊ិក។ ដោយសារសហរដ្ឋអាមេរិកនឹងប្រកួតប្រជែងកាន់តែខ្លាំងក្លាជាមួយប្រទេសចិន វាអាចទៅរួចដែលថា «ឧស្សាហកម្មរថយន្ត EV ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងក្លាយទៅជាចំណុចក្តៅមួយផ្សេងទៀតនៃការប្រកួតប្រជែងរវាងចិននិងអាមេរិក»៕

The Diplomat