ខ្មែរប៉ុស្ដិ៍ Close

ក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកំពុងមានការកើនឡើង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 941
ក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកំពុងមានការកើនឡើង ក្តីព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចកំពុងមានការកើនឡើង

តាមរយៈការក្រឡេកទៅមើលទីផ្សារ គេអាចមានអារម្មណ៍ថា «សេដ្ឋកិច្ចពិភពលោកកំពុងតែមានភាពប្រសើរឡើងវិញហើយ»។ ប៉ុន្តែការប៉ាន់ស្មានបឋមលើសកម្មភាពអាជីវកម្មនៅក្នុងវិស័យឯកជននៅពេលបច្ចុប្បន្ននេះ បានបង្ហាញអំពីការធ្លាក់ចុះយ៉ាងខ្លាំងទាំងនៅក្នុងបណ្តាប្រទេសអភិវឌ្ឍ និងនៅបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលភាគច្រើនគឺបណ្តាលមកពីការកើនឡើងនៃការចំណាយលើការរស់នៅប្រចាំថ្ងៃ បូករួមនឹងសម្ពាធអតិផរណា។

វិស័យសាជីវកម្មបានឆ្លើយតបទៅនឹងចក្ខុវិស័យមិនច្បាស់លាស់ តាមរយៈការកាត់បន្ថយការចំណាយ និងការបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងហានិភ័យ។ ជាឧទាហរណ៍ : ធនាគារពាណិជ្ជនៅសហរដ្ឋអាមេរិកបានសម្រេចរឹតបន្តឹងលើលក្ខខណ្ឌផ្តល់ប្រាក់កម្ចី សម្រាប់អាជីវកម្មខ្នាតមធ្យមនិងធំ ហើយបណ្ណឥណទាន និងកិច្ចសន្យាកម្ចីដទៃទៀតក៏ត្រូវបានកែសម្រួលឡើងវិញផងដែរ។

បញ្ហាសំខាន់គឺថា «បណ្តាសាជីវកម្មនានានឹងប្រឈមមុខនឹងការចំណាយកាន់តែខ្ពស់លើអត្រាការប្រាក់»។ ផ្អែកលើបរិបទនេះ អ្នកវិភាគរបស់ស្ថាប័ន «Standard & Poor» បានព្យាករថា «ភាពមិនអាចបង់សង់បំណុលបាន (Default) នឹងបន្តកើនឡើងកាន់តែខ្ពស់នៅខែកញ្ញាខាងមុខ ដោយក្នុងនោះ អត្រា Default សម្រាប់រយៈពេល ១២ ខែបន្ទាប់អាចនឹងឈានដល់ចំនួន ៣,៧៥%»។

សេដ្ឋវិទូនៅស្ថាប័ន «Fitch Ratings» បានលើកឡើងនូវក្តីរំពឹងថា «ការមិនអាចមានលទ្ធភាពទូទាត់មូលបត្រ (Bond Defaults) នឹងកើនឡើងនៅចុងឆ្នាំនេះ ដោយសារតែការដោះដូរលក្ខខណ្ឌបំណុល (Distressed Debt Exchanges-DDEs) នៅពេលខាងមុខ»។ បន្ថែមពីលើនេះ បំណុលគ្រួសារបានកើនឡើងចំនួន ៣៥១ ពាន់លានដុល្លារអាមេរិកសម្រាប់រយៈពេលចាប់ពីខែកក្កដាដល់ខែកញ្ញា ដោយបានឡើងដល់ចំនួនសរុប ១៦,៥ ទ្រីលានដុល្លារ។

ដើម្បីការពារខ្លួនពីការជាប់គាំងផ្នែកហិរញ្ញវត្ថុ ឧស្សាហកម្មធនាគារបានរក្សាទុកប្រាក់ ១៣,០៥ ពាន់លានដុល្លារសម្រាប់ហានិភ័យឥណទាន (Credit Risk) នៅក្នុងត្រីមាសទី៣ ដែលជាចំនួនច្រើនជាងការបម្រុងទុកចំនួន ១០,៩៥ ពាន់លានដុល្លារនៅត្រីមាសមុន។ សរុបមក ស្ថាប័នហិរញ្ញវត្ថុបានបង្កើនប្រាក់បម្រុងទុករបស់ពួកគេសម្រាប់ ៦ ត្រីមាសជាប់ៗគ្នា ដើម្បីត្រៀមដោះស្រាយការខាតបង់លើប្រាក់កម្ចីដែលមានបញ្ហា។

តើសេណារីយ៉ូដ៏អាក្រក់បំផុតអាចក្លាយជាការពិតដែរឬទេ? ចម្លើយគឺអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចនៅពេលអនាគត។ អ្នកវិភាគនៅស្ថាប័ន «Deutsche Bank Securities» បានព្យាករអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ នៃ ឆ្នាំ ២០២៣ ដែលនឹងនាំទៅរកការកើនឡើងនៃអត្រាគ្មានការងារធ្វើដល់ចំនួន ៥,៦%។

ប៉ុន្តែដំណឹងល្អគឺថា «ការរឹតបន្តឹងរបស់ធនាគារលើស្តង់ដារផ្តល់ប្រាក់កម្ចីអាចផ្តល់នូវភាពងាយស្រួលមួយចំនួនដល់ធនាគារកណ្តាលអាមេរិក ដោយក្នុងនោះនិយតករអាចនឹងមិនដំឡើងអត្រាច្រើនជាង ៥% នោះទេ»។ សម្រាប់តំបន់អាស៊ី វិនិយោគិនគួរតែតាមដានស្ថានភាពនៃការរីករាលដាលនៃវីរុសនៅក្នុងប្រទេសចិនដែលអាចនាំមកនូវវិធានការបិទខ្ទប់សារជាថ្មី។

ពាក់ព័ន្ធនឹងទស្សនវិស័យ អ្នកវិភាគនៅទីផ្សារ Wall Street ជឿជាក់លើ «ការកែសម្រួលទីផ្សារចិនឡើងវិញ» នៅឆ្នាំក្រោយ បើទោះបីជាលទ្ធផលចុងក្រោយនៅមិនទាន់ត្រូវបានដឹងថានឹងទៅជាយ៉ាងណាក៏ ដោយ។ ដើម្បីកាត់បន្ថយហានិភ័យជាប្រព័ន្ធ វាអាចជារឿងដ៏ចាំបាច់ក្នុងការពឹងផ្អែកទៅលើភាគហ៊ុនដែលអាចផ្តល់នូវប្រាក់ចំណេញខ្ពស់។ ការធ្វើបែបនេះនឹងអនុញ្ញាតឱ្យវិនិយោគិនអាចឆ្លងផុតបញ្ហាប្រឈមថ្មីៗ បូករួមទាំងអាចទទួលបានប្រាក់ចំណេញមួយចំនួនទៀតផង៕

Asia Times

អត្ថបទទាក់ទង