ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ មឿន តុលា និងបក្ខពួកកំពុងប្រើប្រាស់អង្គការសង់ត្រាល់ធ្វើនយោបាយក្រោមការរៀបចំរបស់អង្គការអេស៊ីល ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 126
អ្នកវិភាគចៅចាក់ស្មុក៖ មឿន តុលា និងបក្ខពួកកំពុងប្រើប្រាស់អង្គការសង់ត្រាល់ធ្វើនយោបាយក្រោមការរៀបចំរបស់អង្គការអេស៊ីល ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា អ្នកវិភាគចៅចាក់ស្មុក៖ មឿន តុលា និងបក្ខពួកកំពុងប្រើប្រាស់អង្គការសង់ត្រាល់ធ្វើនយោបាយក្រោមការរៀបចំរបស់អង្គការអេស៊ីល ដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ចេតនាទុច្ចរិតរបស់ មឿន តុលា និងគូកនក្នុងអង្គការសង់ត្រាល់ ត្រូវបានបកអាក្រាតក្រោយពីលេចធ្លាយនូវផែនការលួចអូសទាញកម្លាំងពីប្រភពផ្សេងៗក្នុងសហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជាក្រោមការជួយគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុរបស់មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ដើម្បីឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី និងចូលរួមជាមួយក្រុមខ្លួន ហើយទិសដៅអនាគតបង្កើតជាកម្លាំងនយោបាយមួយដើម្បីអុកឡុកកម្ពុជាដូចដែលគេបានធ្វើកាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។ នេះជាល្បិចកលចាស់ដែលគេធ្លាប់បានប្រើប្រាស់រួចមកហើយកាលពីដើមឆ្នាំ២០០០ ក្នុងការរៀបចំកម្លាំងនយោបាយឱ្យ កឹម សុខា តាមរយៈការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាអ្នកគាំទ្រនិងជួយរៀបចំកម្លាំងនៅមូលដ្ឋាននិងក្រោយមកបង្កើតជាគណសិទ្ធិមនុស្ស និងបន្ទាប់មកបញ្ចូលគ្នាជាគណបក្សសង្គ្រោះជាតិ ដែលបានអនុវត្តផែនការបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលតាមបែបមិនប្រជាធិបតេយ្យនៅឆ្នាំ២០១៣ និង២០១៤ និងឆ្នាំបន្តបន្ទាប់។ ការបកស្បែកមុខ មឿង តុលា ឃុន ថារ៉ូ នៃអង្គការសង់ត្រាល់នៅពេលនេះគឺជាភាពចាំបាច់និងមានសារៈសំខាន់បំផុតព្រោះជាការទប់ស្កាត់និងបង្ការជាមុនការបង្កើតអង្គការចាត់តាំងនយោនាយបដិវត្តន័ពណ៌ថ្មី បន្តវេនពីអតីតបក្សសង្គ្រោះជាតិដើម្បីសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ដែលតំណាងឱ្យសមាជិកភាគច្រើនក្នុងប្រទេសកម្ពុជា បានចេញលិខិតតវ៉ាប្រឆាំងទៅនឹងសកម្មភាពបំបែកបំបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិតនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងដោយអង្គការ ACIL ដោយបានបញ្ជាក់ថា អង្គការមួយនេះបាននិងកំពុងផ្តល់ការគាំទ្រដោយផ្ទាល់និងប្រយោលផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់ចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានជាសមាជិករបស់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា ឱ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មី។ តាមរយៈលិខិតចេញដោយថ្នាក់ដឹកនាំសហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជាផ្ញើទៅ កាន់លោក WILLIAM CONKLIN នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACIL) ចេញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ លើកឡើងថា សកម្មភាពរបស់អង្គការ ACIL គឺជាការចូលរួមក្នុងការធ្វើឱ្យមានការបែកបាក់សាមគ្គីភាព និងឯកភាពក្នុងចលនាកម្មករនិយោជិត ដែលធ្វើឱ្យចុះទន់ខ្សោយដល់សំឡេងឯកភាពរួមរបស់សហជីព ដែលនឹងធ្វើឱ្យប៉ះពាល់និងខូចខាតផលប្រយោជន៍បច្ចុប្បន្ន និងអនាគតរបស់កម្មករនិយោជិតនៅកម្ពុជា។

លើសពីនេះសកម្មភាពទាំងនេះ គឺផ្ទុយនឹងគោលការណ៍ទូទៅក្នុងការលើកកម្ពស់ចលនាកម្លាំងកម្មករនិយោជិត និងអាចឈានទៅរំលោភបំពានច្បាប់ជាធរមាន។ សហភាពសហជីពនិងសហព័ន្ធសហជីពនៃកម្ពុជាប្រឆាំងដាច់អហង្ការចំពោះការផ្តល់ការគាំទ្រសកម្មភាពទាំងអស់នេះ ដែលបង្កប់នូវចេតនាទុច្ចរិត និងទាមទារជាដាច់ខាតឲ្យអង្គការ ACIL បញ្ឈប់ជាបន្ទាន់នូវការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេសនិងហិរញ្ញវត្ថុដល់សកម្មភាពទាំងនេះ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍និងគោលដៅរួមក្នុងការលើកកម្ពស់សំឡេងនិងកម្លាំងឯកភាពគ្នានៃចលនាកម្មករនិយោជិតនៅកម្ពុជា និងបានស្នើបញ្ឈប់សកម្មភាពទុច្ចរិតទាំងនេះទេ។

មកដល់ដំណាក់កាលនេះ គ្មានអ្វីស្រពិចស្រពិលទៀតឡើយចំពោះអង្គការសង់ត្រាល់ដែលដឹកនាំដោយមឿន តុលា និង ឃុន ថារ៉ូ នោះគឺជាចលនានយោបាយជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាល ធ្វើសកម្មភាពបម្រើឱ្យរបៀបវារៈនយោបាយ និងផែនការបរទេសដូចអង្គការ និងចលនាមួយចំនួនទៀតដែរ។ មឿន តុលា បានប្រើប្រាស់តួនាទីជាប្រធានអង្គការសង់ត្រាល់ ដើម្បីកសាងកម្លាំងនយោបាយ និងបានធ្វើសកម្មភាពយ៉ាងសកម្មជាមួយក្រុមប្រឆាំងក្នុងការអនុវត្តនយោបាយ បំផ្លាញកម្ពុជា ៣កុំ គឺកុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា។ មឿន តុលា បានដើរបរិហារនិងបំភ្លៃការពិតពីស្ថានភាពការងារនៅកម្ពុជាដើម្បីឱ្យបរទេសឈប់ទិញទំនិញ និងឈប់វិនិយោគនៅកម្ពុជា។ ដោយសារតែមានរបៀបវារៈនយោបាយពីក្រោយយ៉ាងដូច្នេះ បានជាសកម្មភាពទាំងអស់របស់អង្គការសង់ត្រាល់ និងអង្គការបរទេសដែលនៅពីក្រោយខ្នងខិតខំប្រឹងប្រែងក្នុងការចិញ្ចឹមទំនាស់ និងព្យាយាមបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា។ ជាក់ ស្តែងដូចជាបាតុកម្មរបស់អតីតបុគ្គលិកណាហ្គាវើល មឿន តុលា និងឃុន ថារ៉ូ បានដើរតួនាទីយ៉ាងសំខាន់នៅពីក្រោយការធ្វើបាតុមម្មដាក់ខែរបស់អតីតបុគ្គលិក។ ពួកគេបានដើរតួនាទីជំនួសកម្មករ និងជាអ្នករៀបចំផែនការសព្វបែបយ៉ាងរួមទាំងសម្របសម្រួលទទួលប្រាក់ពីប្រភពផ្សេងៗដើម្បីគាំទ្រធ្វើបាតុកម្ម និងការនិយាយញុះញង់កម្មករបន្ទរតាមប្រព័ន្ធផ្សព្វផ្សាយថែមទៀតផង។

អង្គការសង់ត្រាល់ដែលមានមឿន តុលា ឃុន ថារ៉ូ ដឹកនាំនេះមិនមែនមិនមែនជាអង្គការឯករាជ្យ មិនមែនជាអង្គការវិជ្ជាជីវៈដែលបម្រើ ឬក៏ការឃ្លាំមើលសិទ្ធិការងារ និងសិទ្ធិកម្មករនោះទេ តែពួកគេធ្វើផ្ទុយនឹងច្បាប់ស្តីពីច្បាប់សហជីព ជាពិសេសគឺបានក្បត់សេចក្តីទុកចិត្តថែមទៀតផង។ ដើម្បីសម្រេចគោលដៅបង្កើតកម្លាំងនយោបាយរបស់ខ្លួន អង្គការសង់ត្រាល់បានចាប់ដៃជាច្រើនជាមួយសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនទៀតដែលគេដឹងថាជាប្រតិបត្តិករបដិវត្តន៍ពណ៌យ៉ាងសកម្មជាមួយអតីតគណបក្សសង្គ្រោះជាតិដូចជាសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់ វន ពៅ អង្គការ CFCC របស់ ថេង សាវឿន ផ្ទះសាមគ្គីដែលជាបណ្តុំអង្គការដែលមាននិន្នាការនយោបាយទៅរកបក្សប្រឆាំង និងការរៀបចំប្រព័ន្ធការងារប្រទាក់ក្រឡាជាមួយក្រុមអង្គការសិទ្ធិមនុស្សលីកាដូ អង្គការអាដហុក ក្រុមសកម្មជនក្រៅច្បាប់មួយចំនួន ព្រមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានឧបករណ៍បំពងសំឡេងរបស់ក្រុមប្រឆាំងរួមមាន វិទ្យុអាស៊ីសេរី ឌឹខេមបូឌា ដេលី វីអូឌី និងសមាគមអ្នកកាសែត ខេមបូចា ជាដើម ដែលធ្វើសកម្មភាពផ្គុំគ្នាក្រោម រូបភាពអង្គការក្រៅរដ្ឋាភិបាលដែលគិតគូរពីសិទ្ធិមនុស្ស សិទ្ធិកម្មករ លំហប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ ប៉ុន្តែតាមពិត ក្រុមសមាគមនិងអង្គការក្រៅរដ្ឋាភិបាលខ្លះបានធ្វើសកម្មភាពនយោបាយដ៏គួរឱ្យស្អប់ខ្ពើមបំផុតដើម្បីសម្រេចគោលដៅទុច្ចរិតរបស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលតាមរយៈបដិវត្តន៍ពណ៌។ ហេតុដូច្នេះបាន ជាពួកគេត្រូវប្រើប្រាស់ឧបាយកលសព្វបែបយ៉ាងដើម្បីចឹញ្ចឹមចលនាបាតុកម្មរនានានិងចិញ្ចឹមទំនាស់បញ្ហានានា របស់ពួកបាតុករសុីឈ្នួល ដើម្បីបង្កើតឱ្យទៅជាជំងឺមហារីកសង្គម សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

ដូច្នេះចាំបាច់ណាស់ដែលក្រសួងស្ថាប័នមានសមត្ថកិច្ចត្រូវពិនិត្យមើលឡើងវិញលើករណីទាំងនេះ ជៀសវាងការបង្កើតចលាចលណាមួយដោយបានជំនួយពីក្រៅប្រទេស ដើម្បីបង្កជាបបញ្ហាធ្វើឱ្យបាត់បង់សន្តិភាព ស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ព្រោះភស្តុតាងបានបង្ហាញយ៉ាងច្បាស់តាមរយៈសកម្មភាពក្រុមសមាគមនិងអង្គការមួយចំនួនដែលធ្វើសកម្មមិនបម្រើផលប្រយោជន៍ជាតិនិងប្រជាជនពិតប្រាកដទេ តែបានដើរតាមផែនការបរទេសដើម្បីបានជំនួយ និងការងារធ្វើ ប្រាក់ខែសម្រាប់ខ្លួន ហ៊ានបំផ្លាញជាតិ បំផ្លាញសេចក្តីសុខ និងសន្តិភាពរបស់ប្រទេស។ ជាមួយគ្នានេះ សូមលើកទឹកចិត្តសហជីព សហព័ន្ធសហជីពកម្ពុជារួមនឹងបងប្អូនកម្មករកម្មការិនីទាំងអស់សូមចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងការអភិឌ្ឍដែលកម្ពុជាមាន និងការពារលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាមាន និងមិនត្រូវចាញ់បោកក្រុមស៊ីឈ្នួលបរទេស និងក្រុមជនបរទេសដែលមានចេតនាទុច្ចរិតចំពោះកម្ពុជា៕

ដោយ៖ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២