ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 755
    សម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីនសម្តេចតេជោ ហ៊ុន សែន សម្រេចទម្លាក់ថវិកាជាតិ ៣០លានដុល្លារក្នុងផែនការដោះមីន និងអំពាវនាវសប្បុរសជនជួយទ្រទ្រង់ សកម្មភាពបោសសំអាតមីន

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចទើបនឹងសម្រេចទម្លាក់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក ដាក់ចូលទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ថវិកានេះរួមជាមួយថវិកាពីដៃគូអភិវឌ្ឍអាចបន្តប្រើប្រាស់បានក្នុងឆ្នាំ២០២៣។

    នៅលើទំព័រហ្វេសប៊ុកនៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថវិកាសរុបប្រមាណ ១៨,៤៧៣,៥៧០ដុល្លារ ដែលជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រមទាំងសប្បុរសជនសម្រាប់ការដោះមីនត្រូវចំណាយអស់ហើយនៅត្រឹមព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២នេះ។

    សម្តេចតេជោ បានគូសបញ្ជាក់ទៀតថា ដើម្បីធានាថាឆ្នាំ២០២៥ កម្ពុជានឹងអស់គ្រាប់មីន សម្តេចបានពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចេញថវិកាសន្សំរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដាក់ទៅជាមូលនិធិបំផ្លាញចោលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្នុងករណីខ្វះ និងសម្រាប់ឆ្នាំ២០២៤ និង២០២៥ អាជ្ញាធរមីន ត្រូវធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីរៀបចំថវិកាប្រចាំឆ្នាំ។

    ជាមួយនឹងការបញ្ជាក់ពីការទម្លាក់ថវិកាជាតិទៅក្នុងកម្មវិធីបោសសំអាតមីននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់សប្បុរសជនចូលរួមតាមលទ្ធភាព ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានមីន ផ្តល់ដីដោយសុវត្តិភាព និងដោយស្នាមញញឹមជូនប្រជាពលរដ្ឋ។

    សម្តេចតេជោ ហ៊ុន សែន ក៏ឱទ្ទិសបួងសួងសូមឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំគ្មានមនុស្សស្លាប់ របួស និងជាឆ្នាំប្រកបដោយស្នាមញញឹមបន្ទាប់ពីរងគ្រោះដោយគ្រាប់មីនរយៈពេល ៥៥ឆ្នាំ (១៩៧០-២០២៥)៕

    Fresh News

    អត្ថបទទាក់ទង