ខ្មែរប៉ុស្ដិ៍ Close

ការចាប់កំណើតនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1367
ការចាប់កំណើតនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មីការចាប់កំណើតនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

យើងគ្រប់គ្នាកំពុងមើលឃើញនូវការលេចឡើងដំណាលគ្នានៃវិបត្តិធំតូចជាច្រើនដែលមិនធ្លាប់មានពីមុនមក ដោយរាប់ចាប់ពីវីរុសកូវីដ-១៩, ការកើនឡើងនៃតម្លៃថាមពល, ការវិលត្រឡប់មកវិញនៃអតិផរណានៅបណ្ដាប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍ រហូតដល់ការរាំងស្ទះនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។

វិបត្តិទាំងនេះមិនត្រឹមតែលាតត្រដាងឱ្យឃើញអំពីភាពផុយស្រួយនៃសណ្ដាប់ធ្នាប់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បាននាំមកនូវការចាប់កំណើតឡើងនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយទៀតផងដែរ។ នៅពេលដែលស្លាកស្នាមនៃសណ្ដាប់ធ្នាប់ទ្វេរប៉ូលនៅសតវត្សរ៍ទី២០ បានរលត់រលាយទៅ នៅទីបំផុតសណ្ដាប់ធ្នាប់នៃពិភពលោកថ្មីមួយក៏បាននិងកំពុងលេចចេញជារូបរាងឡើង។

សហរដ្ឋអាមេរិកនិងចិនដែលជាមហាអំណាចយោធា, បច្ចេកវិទ្យា និងសេដ្ឋកិច្ចធំទាំងពីរនៅសតវត្សរ៍នេះ នឹងក្លាយជាតួអង្គដែលលេចធ្លោ ខណៈដែលអឺរ៉ុប, ជប៉ុន និងឥណ្ឌា នឹងក្លាយជាតួអង្គដ៏មានឥទ្ធិពលនៅផ្នែកដ៏ធំនៃពិភពលោក។ ភាពមិនច្បាស់លាស់ដ៏ធំកំពុងកើតមាននៅក្នុងប្រទេសរុស្ស៊ី ពីព្រោះ «ស្ថានភាពនៅពេលអនាគតរបស់រុស្ស៊ី ក៏ដូចជាសមត្ថភាព និងជំហរយុទ្ធសាស្ត្ររបស់ប្រទេសនេះនឹងអាស្រ័យទៅលើលទ្ធផលនៃសង្រ្គាមឈ្លានពានដ៏ធ្វេសប្រហែសរបស់ខ្លួន»។

នៅក្រោមការដឹកនាំរបស់លោក Putin ប្រទេសរុស្ស៊ីបានជាប់គាំងយ៉ាងធ្ងន់ធ្ងរនៅក្នុងអតីតកាល ជាមួយនឹងការប៉ុនប៉ងបង្កើតឡើងវិញនូវសណ្ដាប់ធ្នាប់នៅសតវត្សរ៍ទី២០ ឬនៅចុងសតវត្សរ៍ទី១៩។ ប៉ុន្តែ​ជាមួយនឹង​ការ​ប្រឹងប្រែង​ដ៏ខុសឆ្គង​ និងដ៏​មហន្តរាយ​តាមរយៈការ​បំផ្លិចបំផ្លាញ​អ៊ុយក្រែន នៅទីបំផុត​រុស្ស៊ី​កំពុង​តែបំផ្លាញ​ខ្លួន​ឯង។ ការបរាជ័យផ្នែកយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនគឺជារឿងដែលចៀសមិនរួចនោះទេ។

ប៉ុន្តែសម្រាប់ពេលនេះ វានៅតែលឿនពេកក្នុងការទស្សន៍ទាយអំពីផលប៉ះពាល់ដែលអាចកើតមានដោយសារសង្គ្រាមនេះ។ «តើរបបរបស់លោក Putin អាចនៅបន្តរស់រានមានជីវិតដែរឬទេ ឬថាតើការបរាជ័យរបស់រុស្ស៊ីនឹងឈានទៅដល់ដំណាក់កាលមួយទៀតនៃការបែកបាក់ផ្ទៃក្នុងនិងការមិនអាចផ្សះផ្សារបាន?»

ដរាបណាសំណួរទាំងនេះនៅតែមិនទាន់មានចម្លើយ នោះយើងនឹងមិនអាចដឹងបានទេថា «តើរុស្ស៊ីនឹងនៅតែបន្តរក្សាការទាមទារពីមុនរបស់ខ្លួនចំពោះអនុត្តរភាពនៅតំបន់អឺរ៉ុបខាងកើត និងតំបន់ភាគច្រើននៃតំបន់អឺរ៉ាស៊ីដែរឬក៏យ៉ាងណា»។

ប្រសិនបើវិមានក្រឹមឡាំងត្រូវបានបង្ខំឱ្យបោះបង់នូវការទាមទារនេះចោល នោះតួនាទីរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោកអាចនឹងត្រូវចប់។ ការបន្ទាបបន្ថោកណាមួយដែលធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខ នឹងនៅតែជាប្រភពដ៏សំខាន់នៃអស្ថិរភាពនៅក្នុងសណ្តាប់ធ្នាប់ពិភពលោកថ្មី ជាពិសេសនៅទ្វីបអឺរ៉ុប។

ប៉ុន្តែឥឡូវនេះឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំរបស់រុស្ស៊ីលែងគ្រប់គ្រាន់ហើយ ក្នុងការអាចធានាបាននូវស្ថានភាពភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងសតវត្សទី២១ នេះ។ សេដ្ឋកិច្ច​របស់រុស្ស៊ី​កំពុងដាំក្បាលចុះ​យ៉ាងគំហ៊ុក ខណៈ​ពេលដែលប្រទេស​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​កំពុងងាកចេញពីការប្រើប្រាស់​ឥន្ធនៈ​ហ្វូស៊ីល ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​រុស្ស៊ី។

នៅពេលដែលរុស្ស៊ីកាន់តែផុយស្រួយ និងថមថយឥទ្ធិពល ប្រទេសចិននឹងបន្តបង្កើនទ្រព្យសម្បត្តិ ក៏ដូចជាអានុភាពរបស់ខ្លួន។ ដោយសារតែរលកដ៏ធំនៃសកលភាវូបនីយកម្ម ដែលបានចាប់ផ្តើមនៅដើមទសវត្សរ៍ឆ្នាំ ២០០០ ប្រទេសចិនបានងើបចេញពីភាពក្រីក្រ និងបានប្ដេជ្ញាសម្រេចឱ្យបាននូវឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់។

ខណៈពេលដែលវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ បានធ្វើឱ្យលោកខាងលិចបាត់បង់ការជឿទុកចិត្តមួយចំនួន ប្រទេសចិនបានបន្តពង្រីក និងពង្រឹងនូវតួនាទីជាអ្នកដឹកនាំពិភពលោក និងបានបង្ហាញខ្លួនក្នុងនាមជាមហាអំណាចពិភពលោក ទន្ទឹមជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនមិនបានប្រព្រឹត្តកំហុសដោយផ្តោតតែទៅលើអំណាចយោធា ដូចដែលសហភាពសូវៀតបានធ្វើនៅអំឡុងសង្គ្រាមត្រជាក់នោះទេ។

ផ្ទុយទៅវិញ ការលេចត្រដែតឡើងជាសកលរបស់ចិនបានឆ្លុះបញ្ចាំងអំពីការទទួលយកសមាហរណកម្មរបស់ប្រទេសនេះនៅក្នុងទីផ្សារពិភពលោកដែលស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងលោកខាងលិច តាមរយៈការដើរតួនាទីជា «រោងចក្រដ៏ធំ» របស់ពិភពលោក ព្រមជាមួយនឹងការវិនិយោគដ៍មហិមា ដើម្បីប្រកួតប្រជែងជាមួយប្រទេសលោកខាងលិចនៅក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

ប៉ុន្តែប្រទេសចិនមិនបានកាត់បន្ថយការវិនិយោគផ្នែកយោធានោះទេ ដោយពួកគេគ្រាន់តែមិនចំណាយលើវិស័យការពារជាតិនិងសន្តិសុខ ច្រើនជាងវិស័យផ្សេងទៀតប៉ុណ្ណោះ។ ភាពខុសគ្នារវាងចិននិងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺថា «មេដឹកនាំចិនមិនដូចលោក Putin នោះទេ ពោលគឺមេដឹកនាំចិនបានរស់នៅក្នុងសតវត្សរ៍ទី ២១ អស់មួយរយៈពេលមកហើយ» ហើយកិច្ចប្រជុំកំពូល G20 នៅពេលថ្មីៗ នេះនៅកោះបាលី ពិតជាបានបង្ហាញឱ្យឃើញនូវភាពខុសគ្នានេះ។

នៅពេលដែលរុស្ស៊ីមានភាពឯកោផ្នែកការទូត ប្រទេសចិនបានក្លាយជាចំណុចកណ្តាលនៃកិច្ចពិភាក្សាទាំងអស់ និងបានក្លាយជាអ្នកកែសម្រួលសេចក្តីថ្លែងការណ៍ចុងក្រោយគេ។ ពាក់ព័ន្ធនឹងវិបត្តិនៅអ៊ុយក្រែន បើទោះបីជាមិនបានអនុវត្តតាមលោកខាងលិចក៏ដោយ ក៏ប្រទេសធំៗមួយចំនួន ដូចជាចិន និង ឥណ្ឌា ជាដើម បានប្រើប្រាស់ឱកាសនេះដើម្បីរក្សាគម្លាតពីវិមានក្រឹមឡាំង តាមរយៈការថ្កោលទោសគោលនយោបាយ សង្រ្គាម និងការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។

ប្រសិនបើការចរចាដោយផ្ទាល់រវាងប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីចិន Xi Jinping អាចជួយបន្ធូរបន្ថយភាពតានតឹងរវាងចិននិងអាមេរិកបាន នោះកិច្ចប្រជុំកំពូលនៅកោះបាលី នឹងបើកទ្វារឆ្ពោះទៅរកការផ្លាស់ប្តូរទំនាក់ទំនងអន្តរជាតិនៅក្នុងសតវត្សទី ២១។

លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកបានផ្តល់នូវក្តីសង្ឃឹមថ្មីមួយ។ គណបក្សសាធារណៈរដ្ឋបានបរាជ័យក្នុងការដណ្ដើមយកអាសនៈព្រឹទ្ធសភា និងអាចទទួលបានសំឡេងភាគច្រើនតិចតួចនៅក្នុងរដ្ឋសភាតែប៉ុណ្ណោះ។

ដូចគ្នានឹងឆ្នាំ ២០១៨ និង ២០២០ ដែរ អតីតប្រធានាធិបតី Donald Trump បានប្រកាសឈរឈ្មោះនៅក្នុងគណបក្សរបស់លោកសារជាថ្មីម្ដងទៀត។ ជនជាតិអាមេរិកភាគច្រើនមិនចង់បានការវិលត្រឡប់មកវិញនូវគោលនយោបាយ «ការផ្តោតលើអាមេរិកជាធំ» (America First) នោះទេ។ សរុបមកវិញ ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក និងកិច្ចប្រជុំកំពូលនៅកោះបាលី បានផ្តល់នូវសញ្ញាសុទិដ្ឋិនិយមមួយចំនួននៅក្នុងកាលៈទេសៈដ៏ផុយស្រួយដូចសព្វថ្ងៃ។

ប៉ុន្តែ​យើង​នៅ​ត្រូវ​ការវឌ្ឍនភាព​ជាច្រើន​ទៀត​ដើម្បីឆ្ពោះ​ទៅ​រក​កិច្ច​សហប្រតិបត្តិការ​ជាសកល។ នៅទីបំផុត វិបត្តិដ៏ធំបំផុតទាំងពីរ របស់យើងគឺ «សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ» នឹងអាចដោះស្រាយបាន លុះត្រាតែមហាអំណាចធំៗរបស់ពិភពលោកស្វែងរកវិធីដើម្បីធ្វើការរួមគ្នា៕

Project Syndicate