ខ្មែរប៉ុស្ដិ៍ Close

វៀតណាមមិនបានងាកទៅរកសហរដ្ឋអាមេរិក ឬចិននោះទេ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1405
វៀតណាមមិនបានងាកទៅរកសហរដ្ឋអាមេរិក ឬចិននោះទេវៀតណាមមិនបានងាកទៅរកសហរដ្ឋអាមេរិក ឬចិននោះទេ

វាអាចជារឿងធម្មតាក្នុងការគិតថា «វៀតណាមបានងាកកាន់តែខិតទៅជិតសហរដ្ឋអាមេរិក ឬចិន នៅរាល់ពេលដំណើរទស្សនកិច្ចកម្រិតខ្ពស់បានកើតឡើងរវាងវៀតណាម និងមហាអំណាច»។ នៅពេលដែលលោក Nguyen Phu Trong បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២២ ដែលជាដំណើរទៅក្រៅប្រទេសជាលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អ្នកសង្កេតការណ៍មួយចំនួនបានលើកឡើងថា «វៀតណាមបានងាកទៅរកចិន ឬវៀតណាមអាចមានទំនាក់ទំនងពិសេសជាមួយប្រទេសចិន»។

ស្រដៀងគ្នានេះដែរ នៅពេលដែលលោក Nguyen Phu Trong ដែលជាអគ្គលេខាធិការរបស់វៀតណាមដំបូងគេ ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក នៅក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់កាលពីខែកក្កដា ឆ្នាំ ២០១៥ អ្នកជំនាញមួយចំនួនបានលើកឡើងថា «វាគឺជាការឈានទៅរកយុគសម័យថ្មីនៃទំនាក់ទំនងដែលនឹងត្រួសត្រាយផ្លូវសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ»។ ប៉ុន្តែ ៧ ឆ្នាំកន្លងទៅ ប្រទេសទាំងពីរ នៅតែស្ថិតនៅក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៅឡើយ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣។

ដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong ទៅកាន់ប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២២ គឺជាសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ។ វាបានបង្ហាញអំពីភាពខុសប្លែកគ្នាពីដំណើរទស្សនកិច្ចមុនៗរបស់អគ្គលេខាធិការបក្សដែលទើបជាប់ឆ្នោតថ្មី ឬទើបជាប់ឆ្នោតម្តងទៀត ពីព្រោះបើតាមទម្លាប់កន្លែងឈប់សំចតនៅក្រៅប្រទេសជាលើកដំបូងគេបង្អស់តែងតែជាប្រទេសឡាវ។

បន្ថែមពីលើនេះ កិច្ចព្រមព្រៀងចំនួន ១៣ ត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនពាក់ព័ន្ធនឹងវិស័យជាច្រើន ដោយរាប់ចាប់ពីកិច្ចការបក្ស, ខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ពាណិជ្ជកម្ម និងពន្ធគយ រហូតដល់សុវត្ថិភាពចំណីអាហារ វប្បធម៌និងកិច្ចសហប្រតិបត្តិការទេសចរណ៍។ តួលេខនេះអាចមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ ក៏ប៉ុន្តែវានៅមានចំនួនតិចជាងកិច្ចព្រមព្រៀងចំនួន ១៩ ដែលត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសវៀតណាមកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។

ជាងនេះទៅទៀត កិច្ចព្រមព្រៀងចំនួន ១៥ ត្រូវបានចុះហត្ថលេខានៅពេលដែលលោក Nguyen Phu Trong បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិនកាលពីខែមករា ឆ្នាំ ២០១៧។ កាន់តែសំខាន់នោះគឺ «ដំណើរទស្សនកិច្ចរបស់លោក Trong មិនបានបង្ហាញអំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីជាមួយប្រទេសចិននោះទេ»។

ដំណើរទស្សនកិច្ចនេះអាចជាការតបស្នងនូវអ្វីដែលលោក Xi បានធ្វើ នៅពេលដែលប្រទេសចិនបានជ្រើសយកប្រទេសវៀតណាមជាប្រទេសដំបូងគេសម្រាប់ការមកបំពេញទស្សនកិច្ចនៅឆ្នាំ ២០១៧ បន្ទាប់ពីលោក Xi បានជាប់ឆ្នោតឡើងវិញជាអគ្គលេខាធិការបក្សនៅក្នុងសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ កាលពីខែតុលាឆ្នាំដដែល។

ជាក់ស្តែង លោក Trong ធ្លាប់បានសន្យាជាមួយលោក Xi ថា «លោកនឹងយកប្រទេសចិនជាទីឈប់សំចតក្រៅប្រទេសជាលើកដំបូងរបស់លោក ប្រសិនបើលោកជាប់ឆ្នោតជាអគ្គលេខាបក្សវៀតណាមសារជាថ្មីនៅក្នុងសមាជបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ដែលបានធ្វើឡើងកាលពីខែមករា ឆ្នាំ ២០២១»។ ដូច្នេះ នេះអាចជាការបំពេញតាមការសន្យារបស់លោក ជាមួយនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅខែតុលា ឆ្នាំ ២០២២។

ការផ្លាស់ប្តូរទ្វេភាគីនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងវៀតណាម និងសហរដ្ឋអាមេរិកក៏មិនបានផ្តល់នូវលទ្ធផលគួរឱ្យកត់សម្គាល់អ្វីនោះដែរ។ ជាទូទៅ វាមានកត្តាជំរុញដ៏សំខាន់ ២ នៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងវៀតណាម ដោយក្នុងនោះ កត្តាជំរុញ៖

  • ទី១ ៖​ គឺ «អត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការរបស់ពួកគេ» ហើយកត្តាជំរុញ
  • ទី២ ៖​ គឺ «ការយល់ឃើញរួមរវាងប្រទេសទាំងពីរ អំពីហានិភ័យដែលបង្កឡើងដោយប្រទេសចិន»។

ទោះជាយ៉ាងណាក៏ដោយ នៅពេលខ្លះវៀតណាមបានប្រឈមមុខនឹងស្ថានភាពដ៏លំបាកក្នុងការព្យាយាមច្រានចោលនូវការយល់ឃើញដែលថា ខ្លួនបានខិតទៅជិតប្រទេសចិន។ មិនយូរប៉ុន្មានបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក Trong វៀតណាមបានប្រកាសថា «ខ្លួននឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដើម្បីរៀបចំឱ្យមានការសន្ទនាតាមទូរសព្ទរវាងលោក Trong និងប្រធានាធិបតី Biden»។

វៀតណាមបានបន្ថែមទៀតថា «ប្រទេសទាំងពីរ នឹងរៀបចំឱ្យមានដំណើរទស្សនកិច្ចកម្រិតខ្ពស់នៅពេលវេលាសមស្របណាមួយ និងនៅពេលដែលស្ថានការណ៍មានភាពអំណោយផល»។ សរុបមក ការវិវឌ្ឍចុងក្រោយរបស់វៀតណាមជាមួយសហរដ្ឋអាមេរិក មិនបានបង្ហាញថា «វៀតណាមចង់ខិតទៅជិតសហរដ្ឋអាមេរិកនោះទេ» ក៏ប៉ុន្តែវាត្រូវបានធ្វើឡើងដើម្បីកាត់បន្ថយការយល់ឃើញដែលថា «ខ្លួនបានខិតទៅជិតចិនខ្លាំងពេក»។

វានៅសេសសល់ការអញ្ជើញសម្រាប់លោក Trong ឱ្យទៅបំពេញទស្សនកិច្ចនៅសហរដ្ឋ អាមេរិក។ ការអញ្ជើញនេះត្រូវបានធ្វើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់លោក Trong នៅពេលដែលអតីតប្រធានាធិបតីរូបនេះបានមកបំពេញទស្សនកិច្ចនៅទីក្រុងហាណូយ សម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទីពីរ កាលពីខែកុម្ភៈ ឆ្នាំ ២០១៩។

តាមការរាយការណ៍ លោក Trong ពិតជាចង់ទៅសហរដ្ឋអាមេរិក និងបានត្រៀមរៀបចំរួចហើយសម្រាប់ដំណើរទស្សនកិច្ចនេះ ដែលគ្រោងនឹងធ្វើឡើងនៅខែកក្កដា ឆ្នាំ ២០១៩។ ប៉ុន្តែដោយមិននឹកស្មានដល់ លោក Trong បានទទួលរងជម្ងឺដាច់សរសៃឈាមខួរក្បាលនៅក្នុងខែមេសា ឆ្នាំ ២០១៩ ហើយដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក៏ត្រូវបានពន្យារពេល។

នៅមុនពេលមានការអញ្ជើញរបស់លោក Trump លោក Trong ក៏បានបំបែកកំណត់ត្រារួចស្រេចទៅហើយ នៅពេលដែលលោកបានក្លាយជាអគ្គលេខាធិការបក្សវៀតណាមទី១ ដែលបានទៅបំពេញទស្សនកិច្ចនៅអាមេរិកនៅក្នុងឆ្នាំ ២០១៥។ វាមិនទំនងទេដែលលោក Trong អាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដោយសារស្ថានភាពសុខភាពបច្ចុប្បន្នរបស់លោក។

នៅពេលដែលលោក Trong បានធ្វើដំណើរទៅកាន់ប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២២ វីដេអូជាសាធារណៈនៃដំណើរទស្សនកិច្ចបានបង្ហាញឱ្យឃើញថា «លោកមានសុខភាពខ្សោយ និងមានការពិបាកក្នុងការដើរ»។ ព្រឹត្ដិការណ៍បន្ទាប់ដែលគ្រប់គ្នាគួរផ្តោតលើគឺ «ដំណើរទស្សនកិច្ចកម្រិតខ្ពស់ដែលអាចធ្វើឡើងដោយប្រធានាធិបតី Biden ទៅកាន់ប្រទេសវៀតណាមនៅក្នុងឆ្នាំ ២០២៣ ដើម្បីប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងរបស់ពួកគេ»។

អ្នកកាន់តំណែងមុនលោក Biden គឺលោក Trump បានធ្វើទស្សនកិច្ចចំនួន ២ លើកទៅកាន់ប្រទេសវៀតណាម ដោយម្តងក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់មេដឹកនាំ APEC និងលើកទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៩ សម្រាប់កិច្ចប្រជុំកំពូល Trump-Kim។

ដំណើរទស្សនកិច្ចរបស់លោក Biden នឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងហាណូយក៏ដូចជានឹងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនការចូលរួមនៅក្នុងតំបន់នេះ។ វៀតណាមគឺជាដៃគូដ៏សំខាន់មួយ ជាពិសេសនៅពេលដែលភាពគឃ្លើនរបស់ចិនមានការកើនឡើងកាន់តែខ្លាំង។

មនុស្សមួយចំនួនបានលើកឡើងថា «ប្រទេសទាំងពីរ អាចនឹងលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រនៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក Biden»។ បើទោះបីជារឿងនេះពិតជាអាចកើតឡើងក៏ដោយ ក៏យើងអាចរំពឹងបានថា «វានឹងមានដែនកំណត់មួយចំនួននៅក្នុងទំនាក់ទំនងរវាងវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកដោយសារភាពខុសគ្នារបស់ពួកគេជុំវិញបញ្ហាសិទ្ធិមនុស្ស និងកាន់តែសំខាន់ជាងនេះទៅទៀត គឺប្រព័ន្ធនយោបាយ និងគុណតម្លៃខុសគ្នារវាងពួកគេ»។

មិនថាលទ្ធផលនៃដំណើរទស្សនកិច្ចកម្រិតខ្ពស់នឹងវិវឌ្ឍទៅជាបែបណានោះទេ វៀតណាមត្រូវបានគេរំពឹងថានឹងនៅតែបន្តរក្សាទំនាក់ទំនងរបស់ខ្លួនជាមួយទាំងសហរដ្ឋអាមេរិកនិងចិន ដែលជាផ្នែកមួយនៃគោលនយោបាយការបរទេសពហុទិសដៅរបស់ខ្លួន។ ប្រវត្តិសាស្ត្ររបស់ប្រទេសនេះគឺពោរពេញដោយមេរៀនពាក់ព័ន្ធនឹងគ្រោះថ្នាក់នៃការត្រួតត្រារបស់មហាអំណាច និងការពឹងផ្អែកខ្លាំងពេកទៅលើមហាអំណាចតែមួយ។ លោក Trong និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនេះពិតជានៅចងចាំមេរៀនទាំងនេះ៕

Fulcrum