ខ្មែរប៉ុស្ដិ៍ Close

    គោលនយោបាយ សេដ្ឋកិច្ចស្តីអំពីការផ្តោតលើអាមេរិកជាធំ (American First) របស់លោក Biden អាចបង្កជាហានិភ័យនៃការ ប្រេះឆាជាមួយអឺរ៉ុប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1920
    គោលនយោបាយ សេដ្ឋកិច្ចស្តីអំពីការផ្តោតលើអាមេរិកជាធំ (American First) របស់លោក Biden អាចបង្កជាហានិភ័យនៃការ ប្រេះឆាជាមួយអឺរ៉ុបគោលនយោបាយ សេដ្ឋកិច្ចស្តីអំពីការផ្តោតលើអាមេរិកជាធំ (American First) របស់លោក Biden អាចបង្កជាហានិភ័យនៃការ ប្រេះឆាជាមួយអឺរ៉ុប

    បន្ទាប់ពីរយៈពេលជិត ២ ឆ្នាំនៃភាពសុខស្រួលចាប់តាំងពីការឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកលោក Joe Biden បាននិងកំពុងបង្កឱ្យមានភាពប្រេះឆាកាន់តែធំឡើងៗរវាងទីក្រុងវ៉ាស៊ីនតោន ជាមួយនិងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនជុំវិញគោលនយោបាយសេដ្ឋកិច្ច។ ប្រសិនបើមិនមានការដោះស្រាយបញ្ហាស្តីពីការប្រេះឆាគ្នានេះទេ នោះចក្ខុវិស័យរបស់រដ្ឋបាល Biden អំពីសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកថ្មីដែលសហរដ្ឋអាមេរិកមានបំណងចង់ធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូនៅអឺរ៉ុបនិងអាស៊ី ដើម្បីទប់ស្កាត់មហិច្ឆតារបស់ចិននិងរុស្ស៊ី អាចនឹងប្រឈមមុខនឹងការធ្លាក់ចូលទៅក្នុងពិភពនៃការប្រកួតប្រជែងរវាងប្លុកសេដ្ឋកិច្ច។

    បន្ទាប់ពីភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែមក ការព្រលយពាក្យសម្ដីបានផ្ទុះឡើងកាលពីសប្តាហ៍មុន ដោយក្នុងនោះលោក Thierry Breton ដែលជាស្នងការទីផ្សារផ្ទៃក្នុងរបស់សហភាពអឺរ៉ុបបានប្រកាសថា «លោកនឹងដកខ្លួនចេញពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យាអាមេរិក-សហភាពអឺរ៉ុប ដែលជាស្ថាប័នសម្របសម្រួលដ៏សំខាន់សម្រាប់គោលនយោបាយសេដ្ឋកិច្ចឆ្លងមហាសមុទ្រអាត្លង់ទិក ដែលនឹងប្រារព្ធទៅនៅសប្តាហ៍នេះនៅរដ្ឋ Maryland»។

    លោកបាននិយាយថា «របៀបវារៈនៃកិច្ចប្រជុំមិនបានផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់បញ្ហាដែលជាក្តីកង្វល់របស់រដ្ឋមន្ត្រីឧស្សាហកម្ម និងធុរកិច្ចអឺរ៉ុបជាច្រើននោះទេ» ដោយក្នុងនោះលោកបានលើកឡើងអំពីការត្អូញត្អែររបស់ EU ជុំវិញការឧបត្ថម្ភធនថ្មីរបស់អាមេរិកសម្រាប់រថយន្តអគ្គិសនី និងថាមពលស្អាត ដែលបានបង្កផលប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបនិងក្រុមហ៊ុនដទៃទៀត។

    ប្រធានាធិបតីបារាំង Emmanuel Macron ដែលបានស្ថិតនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនដើម្បីចូលរួមពិធីជប់លៀងថ្នាក់រដ្ឋលើកដំបូងរបស់សេតវិមាន បើគិតចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូវីដ-១៩ បាននិយាយថា «ការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិកគឺជារឿងដ៏ល្អសម្រាប់សេដ្ឋកិច្ចរបស់អាមេរិក ក៏ប៉ុន្តែវាមិនមានភាពស៊ីសង្វាក់គ្នានោះទេជាមួយសេដ្ឋកិច្ចអឺរ៉ុប»។

    នៅមុនដំណើរទស្សនកិច្ចនេះ លោក Bruno Le Maire ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបារាំង បានចោទសហរដ្ឋអាមេរិកអំពីការប្រើប្រាស់គោលនយោបាយឧស្សាហកម្មតាមបែបចិន។ ការឧបត្ថម្ភធនដ៏ចម្រូងចម្រាស់គឺជាផ្នែកមួយនៃសេចក្តីព្រាងច្បាប់ដ៏ធំចំនួន២ ដែលត្រូវបានអនុម័តដោយសភាអាមេរិកកាលពីដើមឆ្នាំនេះ ដោយក្នុងនោះរួមមានច្បាប់កាត់បន្ថយអតិផរណា (IRA) និងច្បាប់ CHIPS និងវិទ្យាសាស្ត្រ។

    សូមអាន មេដឹកនាំលោកខាងលិចខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងអនាគតនៃទំនាក់ទំនងជាមួយប្រទេសចិន

    ច្បាប់កាត់បន្ថយអតិផរណា (IRA) នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣៧០ ពាន់លានដុល្លារសម្រាប់ការប្រើប្រាស់ថាមពលស្អាតឱ្យបានឆាប់រហ័សនៅសហរដ្ឋអាមេរិក។ វាក៏មានរាប់បញ្ចូលទាំងឥណទានពន្ធសម្រាប់អ្នកទិញរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិកផងដែរ ក៏ប៉ុន្តែវាគិតបញ្ចូលតែយានយន្តដែលត្រូវបានផលិតនៅអាមេរិកខាងជើង និងដែលសមាសធាតុត្រូវបានផលិតនៅក្នុងសហរដ្ឋអាមេរិក ឬនៅបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មសេរីប៉ុណ្ណោះ។ ភាសាកំណត់បែបនេះបានបង្កនូវផលប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តអឺរ៉ុបដូចជា Volkswagen និង BMW ជាដើម។

    ច្បាប់ CHIPS និងវិទ្យាសាស្រ្តនឹងផ្តល់ជំនួយចំនួន ៥២ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតអេឡិចត្រូនិក Semiconductor ដើម្បីសាងសង់រោងចក្រផលិតផលិតផលលំដាប់ខ្ពស់ថ្មីនៅសហរដ្ឋអាមេរិក។ មេដឹកនាំអឺរ៉ុបយល់ថា «វិធានការទាំងពីរនេះ គឺជាការឧបត្ថម្ភធនដ៏អយុត្តិធម៌ដល់ក្រុមហ៊ុនអាមេរិក ដែលនឹងធ្វើឱ្យការប្រកួតប្រជែងកាន់តែមានលក្ខណៈលំបាក ហើយអាចបង្ខំឱ្យអឺរ៉ុបធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងដ៏ថ្លៃជាមួយសហរដ្ឋអាមេរិក និងចិន»។

    សូមអាន ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

    រដ្ឋាភិបាលហូឡង់ក៏បានលើកឡើងនូវការប្រឆាំងជាសាធារណៈផងដែរកាលពីសប្តាហ៍មុនដើម្បីទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិកមកលើអ្នកផលិតឧបករណ៍សំខាន់ៗសម្រាប់បន្ទះឈីប ដូចជា ASML និង ASM International ឱ្យកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន។

    សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការដ៏ខ្លាំងក្លាមួយដើម្បីទប់ស្កាត់ការលក់ឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងឧបករណ៍ផលិតបន្ទះឈីបទៅឱ្យប្រទេសចិន ក៏ប៉ុន្តែមិនទាន់បានបញ្ចុះបញ្ចូលសម្ព័ន្ធមិត្ត ដូចជាជប៉ុន និងហូឡង់ ឱ្យដើរតាមខ្លួននៅឡើយទេ។

    រដ្ឋមន្ត្រីសេដ្ឋកិច្ចហូឡង់ លោកស្រី Micky Adriaansens បានប្រាប់កាសែត Financial Times ថា «ប្រទេសរបស់លោកស្រីមានទស្សនៈវិជ្ជមានចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយអឺរ៉ុបនិងហូឡង់គួរតែមានយុទ្ធសាស្ត្រផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីគ្រប់គ្រងលើការនាំចេញទៅកាន់ប្រទេសចិន»។

    សូមអាន ពិភពលោកកំពុងស្ថិតនៅលើចំណុចរបត់មួយ

    ការបែកបាក់គ្នាកាន់តែខ្លាំងឡើង គឺជាផលវិបាកមួយដែលមួយផ្នែកបង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ខណៈពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានរក្សាការរួបរួមលើការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី បូករួមនឹងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន អឺរ៉ុបបានបន្តរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

    តម្លៃឧស្ម័នធម្មជាតិនៅក្នុងបណ្តាប្រទេសអឺរ៉ុប ភាគច្រើនបានកើនឡើង ១០ ដង បើធៀបនឹងតម្លៃនៅអាមេរិកដែលជាហេតុធ្វើឱ្យឧស្សាហកម្មអឺរ៉ុបប្រឈមនឹងការប្រកួតប្រជែងដ៏លំបាក។ បើទោះបីជាសហរដ្ឋអាមេរិកបានជួយអឺរ៉ុបប៉ះប៉ូវការបាត់បង់ឧស្ម័នរបស់រុស្ស៊ី តាមរយៈការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ក៏ដោយ ក៏វាកំពុងត្រូវបានលក់ចេញក្នុងតម្លៃទីផ្សារអតិផរណានៅពេលបច្ចុប្បន្ន។

    ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Phillipe Étienne បានប្រាប់សារព័ត៌មាន Foreign Policy ថា «យើងថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ឱ្យអឺរ៉ុបនូវឧស្ម័ន LNG ក៏ប៉ុន្តែតម្លៃរបស់វានៅតែជាបញ្ហា»។ សហរដ្ឋអាមេរិកចង់បង្កើតឱ្យមានខ្សែច្រវ៉ាក់ផ្គត់ផ្គង់ដ៏រឹងមាំដើម្បីកាត់បន្ថយតួនាទីរបស់ចិនក្នុងការផ្គត់ផ្គង់បច្ចេកវិទ្យាសំខាន់ៗ ក៏ដូចជាធាតុចូលសម្រាប់ឧស្សាហកម្មនៅពេលអនាគត ដែលនឹងតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត។

    បន្ថែមពីលើនេះ រដ្ឋបាលមានបំណងចង់ឃើញការរស់ឡើងវិញនៃផលិតកម្មដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជាមួយនឹងការជឿថា «ការបាត់បង់ផលិតកម្មមួយផ្នែកដោយសារការប្រកួតប្រជែងរបស់ចិនបានធ្វើឱ្យសន្តិសុខរបស់អាមេរិកធ្លាក់ចុះខ្សោយ និងបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច»។

    ការបាត់បង់ការងារនៅក្នុងដំណើរការផលិតកម្មក៏បានបំផ្លាញការគាំទ្ររបស់គណបក្សប្រជាធិបតេយ្យផងដែរ ជាពិសេសនៅក្នុងរដ្ឋដែលមានការផ្លាស់ប្តូរផ្នែកឧស្សាហកម្ម ដូចជា Michigan, Pennsylvania និង Wisconsin។ វិធានការថ្មីនីមួយៗរបស់អាមេរិកមានគោលដៅផ្តោតខ្លាំងលើក្រុមហ៊ុនដែលវិនិយោគនៅសហរដ្ឋអាមេរិកជាជាងនៅអឺរ៉ុប ឬដៃគូជិតស្និទ្ធផ្សេងទៀត។

    រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់លោក Biden គឺលោកស្រី Gina Raimondo ដែលឪពុករបស់លោកស្រីបានបាត់បង់ការងាររយៈពេល ២៨ ឆ្នាំនៅឯរោងចក្រនាឡិកា Bulova នៅក្នុងទីក្រុង Rhode Island នៅពេលដែលក្រុមហ៊ុនបានផ្លាស់ប្តូរផលិតកម្មទៅកាន់ប្រទេសចិន បាននិយាយយ៉ាងច្បាស់នៅក្នុងសុន្ទរកថាមួយកាលពីសប្តាហ៍មុនថា «នៅថ្ងៃអនាគត យើងមិនត្រឹមតែបង្កើតបច្ចេកវិទ្យាសម្រាប់ពេលអនាគតនៅអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នឹងផលិតនូវផលិតផលនៅទីនេះផងដែរ»។

    ប៉ុន្តែវានឹងមិនមានដំណើរការល្អនោះទេជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក និងបណ្តាដៃគូពាណិជ្ជកម្មផ្សេងទៀត ដែលអាចប្រឈមមុខនឹងការបាត់បង់ទីផ្សារនៅក្នុងប្រទេសចិន ខណៈដែលសហរដ្ឋអាមេរិកនៅតែទទូចឱ្យពួកគេទទួលយកការរឹតបន្តឹងថ្មី ដោយក្នុងនោះក្រុមហ៊ុនចម្រុះជាតិសាសន៍នឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់សហរដ្ឋអាមេរិក ឬពង្រីកផលិតកម្មនៅសហរដ្ឋអាមេរិក ដើម្បីទាញយកអត្ថប្រយោជន៍ពីថាមពលដែលមានតម្លៃថោក បូករួមនឹងការឧបត្ថម្ភធនដ៏សប្បុរស។

    វាមិនមែនមានតែអឺរ៉ុបមួយទេដែលកំពុងមានការព្រួយបារម្ភអំពីរឿងនេះ។ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោក ស្រី Ngozi Okonjo-Iweala កំពុងព្យាយាមការពារបទដ្ឋាន មិនរើសអើងដែលជាតម្រូវការមួយដែលដៃគូពាណិជ្ជកម្មត្រូវអនុវត្តសកម្មភាពដោយស្មើភាពគ្នា។ នេះគឺជាបេះដូងនៃការធ្វើពហុភាគីនិយកម្មពាណិជ្ជកម្មអស់រយៈពេល ៧៥ ឆ្នាំកន្លងមកហើយ។

    លោកស្រីបាននិយាយនៅក្នុងសុន្ទរកថានៅឯវិទ្យាស្ថាន Lowy ក្នុងប្រទេសអូស្ត្រាលីថា «ប្រទេសជាច្រើនមិនចង់ឱ្យមានការជ្រើសរើសរវាងប្លុក ២ នោះទេ។ ការបង្ខំឱ្យមានជម្រើសបែបនេះអាចបំផ្លាញវឌ្ឍនភាពលើការដោះស្រាយបញ្ហាដែលសហរដ្ឋអាមេរិក, ចិន និងប្រទេសផ្សេងទៀត គ្មានជម្រើសអ្វីក្រៅតែពីការធ្វើការជាមួយគ្នា។ ការអនុវត្តនូវគោលនយោបាយដែលផ្តោតលើការកាត់ផ្តាច់ទំនាក់ទំនង ដើម្បីកសាងភាពធន់ និងពង្រឹងសន្តិសុខ អាចបង្កផលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការលើបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ, វីរុសរាតត្បាត ឬវិបត្តិបំណុល»។

    ពាក្យសម្ដីរបស់លោក Biden នៅមុនពេលអាហារពេលល្ងាចថ្នាក់រដ្ឋជាមួយលោក Macron បានបង្ហាញថា «លោកបានដឹងយ៉ាងច្បាស់អំពីការព្រួយបារម្ភរបស់អឺរ៉ុប ហើយលោកក៏មានឆន្ទៈក្នុងការបន្ធូរបន្ថយវាផងដែរ» ដោយក្នុងនោះលោកបាននិយាយថា «មេដឹកនាំទាំងពីរបានយល់ព្រមពិភាក្សាគ្នាអំពីជំហានជាក់ស្តែងមួយចំនួន ដើម្បីសម្របសម្រួលវិធីសាស្រ្តរបស់យើង និងដើម្បីធានាថាការផលិត និងការច្នៃប្រឌិតនឹងត្រូវបានពង្រឹងនៅទូទាំងមហាសមុទ្រអាត្លង់ទិក»។

    លោក Biden បានបន្តថា «ខ្ញុំជឿថា យើងអាចដោះស្រាយភាពខុសគ្នាមួយចំនួនដែលយើងកំពុងមាន» ហើយលោក Biden ក៏បានសារភាពដោយស្មោះត្រង់ផងដែរថា «វាមានកំហុសឆ្គងមួយចំនួននៅក្នុងច្បាប់ដែលគួរតែត្រូវបានដោះស្រាយ»។ ប៉ុន្តែគេនៅមិនច្បាស់ទេថា «តើភាសាដែលត្រូវបានប្រើនៅក្នុងច្បាប់ IRA ស្តីពីការពង្រីកការឧបត្ថម្ភធនដល់ទំនិញដែលត្រូវបានផលិតដោយបណ្តាដៃគូពាណិជ្ជកម្មសេរី អាចនឹងរួមបញ្ចូលសហភាពអឺរ៉ុបដែរឬទេ»។ លោក Biden និងបណ្តាមេដឹកនាំអឺរ៉ុបបានដឹងយ៉ាងច្បាស់ថា «ពួកគេមិនគួរបង្កើតឱ្យមានការប្រេះឆាជាមួយគ្នានៅមហាសមុទ្រអាត្លង់ទិកនោះឡើយ»។

    ខ្លាំងជាងពេលណាៗទាំងអស់ បើគិតចាប់តាំងពីសង្គ្រាមត្រជាក់មក ការគំរាមកំហែងរបស់រុស្ស៊ីនិងចិនកំពុងបង្ខំឱ្យសហរដ្ឋអាមេរិក និងអឺរ៉ុបសហការគ្នា និងធ្វើការដោះស្រាយជម្លោះសេដ្ឋកិច្ចដែលអាចនឹងអូសបន្លាយ អស់រយៈពេលជាច្រើនឆ្នាំ ដូចជាជម្លោះរយៈពេលវែងលើការឧបត្ថម្ភធនដល់ក្រុមហ៊ុន Airbus និង Boeing។ លោក Macron បាននិយាយថា «កាលៈទេសៈនៅពេលនេះមានន័យថា យើងគ្មានជម្រើសអ្វីផ្សេង
    ក្រៅតែពីការធ្វើការជាមួយគ្នានោះទេ»៕

    Foreign Policy

    អត្ថបទទាក់ទង