ខ្មែរប៉ុស្ដិ៍ Close

    ហានិភ័យនៃការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1706
    ហានិភ័យនៃការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនហានិភ័យនៃការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

    ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីទៅលើបណ្តាទីក្រុងនានារបស់អ៊ុយក្រែន បានបន្តផ្តោតគោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងលើជនស៊ីវិលក្នុងគោលបំណងបំផ្លាញការប្តេជ្ញាចិត្តរបស់ប្រជាជនអ៊ុយក្រែន។ គោលបំណងនៃសង្គ្រាមរបស់រុស្ស៊ីគឺ «ការបំផ្លាញរដ្ឋ និងប្រជាជាតិអ៊ុយក្រែន»។

    ការជួសជុលហេដ្ឋារចនាសម្ព័ន្ធគឺជារឿងចាំបាច់ត្រូវធ្វើជាបន្ទាន់ ខណៈពេលដែលសីតុណ្ហភាពនៅរដូវរងាបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងការរំខានដល់ប្រព័ន្ធកម្ដៅ ឬការផ្គត់ផ្គង់ទឹកដែលអាចនាំមក នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ការបង្កទុក្ខវេទនាដល់មនុស្ស និងការជំរុញឱ្យមានការផ្លាស់ទីលំនៅគឺជាផ្នែកមួយនៃចេតនារបស់រុស្ស៊ី។

    ទន្ទឹមនឹងនេះដែរ កងទ័ពអ៊ុយក្រែនកំពុងត្រៀមរៀបចំសម្រាប់ការវាយលុកបន្ថែមទៀត ក៏ប៉ុន្តែពួកគេក៏កំពុងតែស្ថិតក្រោមសម្ពាធផងដែរ ជាពិសេសគឺនៅតំបន់ Donbas ដែលជាកន្លែងដែលរុស្ស៊ីបានប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានដកថយចេញពីទីក្រុង Kherson និងតំបន់មួយចំនួនដែលស្ថិតនៅជុំវិញ។

    បើទោះបីជាការគាំទ្រយ៉ាងទូលំទូលាយរបស់លោកខាងលិចនៅតែមានសម្រាប់អ៊ុយក្រែនក្នុងការការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីក៏ដោយ ក៏គំនិតស្តីអំពីការចរចាបញ្ចប់សង្រ្គាម នៅតែត្រូវបានលើកឡើងម្តងហើយម្តងទៀត ហើយវាកំពុងតែទទួលបានសន្ទុះសារជាថ្មីនៅក្នុងពេលបច្ចុប្បន្ននេះ។ ភាពខុសប្លែកគ្នានោះគឺថា «នៅពេលនេះគំនិតមិនច្បាស់លាស់ស្តីពីការចរចាត្រូវបានផ្សព្វផ្សាយ ដោយមន្ត្រីរបស់សហរដ្ឋអាមេរិក បូករួមទាំងទីប្រឹក្សាសន្តិសុខជាតិ Jake Sullivan ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Kyiv កាលពីពេលថ្មីៗនេះ»។

    ជំនួយផ្នែកយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែនមានសារៈសំខាន់ណាស់ចំពោះការការពារប្រទេសនេះចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ មក ក៏ប៉ុន្តែវិសាលភាពនិងតម្លៃនៃការគាំទ្រប្រភេទនេះ បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែដិតដល់នៅពេលថ្មីៗនេះពីសំណាក់ស្ថាប័នមួយចំនួនរបស់គណបក្សសាធារណរដ្ឋ។

    ខណៈពេលដែលប្រធានាធិបតី Joe Biden បានខ្នះខ្នែងក្នុងការបញ្ជាក់ជាសាធារណៈថា «វានៅមិនទាន់ដល់ពេលសម្រាប់ការចរចានៅឡើយទេ» ប្រធានាធិបតីបារាំង Emmanuel Macron បានបង្កឱ្យមានការសង្ស័យជាថ្មីលើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចំពោះអ៊ុយក្រែន។

    សូមអាន គោលនយោបាយ សេដ្ឋកិច្ចស្តីអំពីការផ្តោតលើអាមេរិកជាធំ (American First) របស់លោក Biden អាចបង្កជាហានិភ័យនៃការប្រេះឆាជាមួយអឺរ៉ុប

    ក្រោយការត្រឡប់ មកវិញនៅថ្ងៃទី ២ ធ្នូ ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន លោក Macron មិនត្រឹមតែនិយាយអំពីតម្រូវការសម្រាប់ការចរចាប៉ុណ្ណោះទេ ប៉ុន្តែលោកថែមទាំងលើកឡើងអំពីតម្រូវការក្នុងការធានានូវសន្តិសុខជាក់ស្តែងសម្រាប់ប្រទេសរុស្ស៊ីទៀតផង នៅក្នុងសណ្តាប់ធ្នាប់សន្តិសុខអឺរ៉ុបនៅពេលអនាគត។ លោក Macron បាននិយាយយ៉ាងច្បាស់ថា «ការពង្រីកខ្លួនឆ្ពោះទៅកាន់ទិសខាង កើតរបស់អង្គការ NATO គឺជារឿងដែលរុស្សីមិនអាចទទួលយកបាននោះឡើយ»។

    សេចក្តីថ្លែងការណ៍នេះបានបង្កឱ្យមានក្តីបារម្ភនៅក្នុងរដ្ឋធានីភាគខាងលិចផ្សេងទៀត បូករួមទាំងនៅទីក្រុងប៊ែរឡាំង ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងប៉ារីស។ លោក Macron ហាក់ដូចជាបានភ្លេចថា «ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានលើកឡើងអំពីការចរចានៅត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីបានចាប់ផ្តើម»។

    នៅពេលនោះ ប្រធានាធិបតីរុស្ស៊ី Vladimir Putin មិនមានចំណាប់អារម្មណ៍ក្នុងការចរចានោះទេ ដោយក្នុងនោះ លោកបានបញ្ជាក់យ៉ាងច្បាស់ថា «សង្រ្គាមនេះមិនជាប់ទាក់ទងនឹងអង្គការ NATO ទេ ក៏ប៉ុន្តែវាមានជាប់ទាក់ទងនឹងអធិបតេយ្យភាពរបស់អ៊ុយក្រែន»។ អធិការបតីអាល្លឺម៉ង់ Olaf Scholz ក៏បានរងនូវការរិះគន់ផងដែរចំពោះការសន្ទនាតាមទូរសព្ទចុងក្រោយបំផុតរបស់លោកជាមួយលោក Putin កាលពីថ្ងៃទី ២ ខែធ្នូ។

    ខណៈពេលដែលលោក Putin បានជំរុញលោក Scholz ឱ្យបោះបង់ចោលនូវការគាំទ្រផ្នែកយោធារបស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន និងការអំពាវនាវឱ្យមានការចរចា លោក Scholz ត្រូវបានគេរាយការណ៍ថា បានលើកឡើងអំពីតម្រូវការក្នុងការដកទាហានរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន នៅមុនពេលការចរចាអាចចាប់ផ្តើម។

    គេមិនឃើញមានភាពមិនច្បាស់លាស់មួយចំនួននៅក្នុងប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប និងការជជែកដេញដោលជាសាធារណៈណាមួយ អំពីការជំរុញការចរចា ដូចដែលត្រូវបានលើកឡើងដោយលោក Scholz នោះទេ។ បើទោះបីជាតម្លៃថាមពល និងការចំណាយលើការរស់នៅប្រចាំថ្ងៃបានបន្តកើនឡើងក៏ដោយ ក៏សាធារណៈជនអាល្លឺម៉ង់នៅតែបង្ហាញនូវការគាំទ្រយ៉ាងទូលំទូលាយចំពោះប្រទេសអ៊ុយក្រែន រួមទាំងចំពោះការបន្តផ្តល់ជំនួយផ្នែកយោធាផងដែរ។

    ប៉ុន្តែនៅពេលដែលបញ្ហាទាក់ទងនឹងការបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីឈានទៅបញ្ចប់សង្រ្គាមត្រូវបានគេដាក់បញ្ចូលនៅក្នុងការស្ទង់មតិកាលពីខែវិច្ឆិកា ឥឡូវនេះមតិភាគច្រើនបានសម្តែងនូវបំណងចង់ឱ្យមានការចូលរួមបន្ថែមទៀតនៅក្នុងបញ្ហានេះ។ មតិសាធារណៈនៅផ្នែកខ្លះនៃសហភាពអឺរ៉ុបមានភាពផ្ទុយគ្នាកាន់តែខ្លាំងឡើងរវាងការបន្តការគាំទ្រសម្រាប់អ៊ុយក្រែន បូករួមទាំងតាមរយៈជំនួយផ្នែកយោធាជាមួយនឹងបំណងប្រាថ្នាសម្រាប់ការបង្កើនកិច្ចការការទូត។

    នេះជាប្រភេទនៃការបែកបាក់ដែលលោក Putin និងរដ្ឋរុស្ស៊ីចង់បង្កើតឱ្យមានដើម្បីបម្រើឱ្យផលប្រយោជន៍របស់ពួកគេ។ សមាជិកផ្សេងៗនៃក្រុមឥស្សរជនរុស្ស៊ីបានលើកឡើងអំពីលទ្ធភាពនៃការចរចា ក៏ប៉ុន្តែមិនបានបង្ហាញអំពីឆន្ទៈនយោបាយជាក់ស្តែងណាមួយឡើយ មិនថាជាការធ្វើសម្បទាន ឬការដកខ្លួនចេញពីអ៊ុយក្រែន។

    សេចក្តីថ្លែងការណ៍អំពីវិសាលភាពសម្រាប់ការចរចាភាគច្រើនត្រូវបានដាក់ចេញដោយអ្នកនាំពាក្យរបស់ប្រធានាធិបតី គឺលោក Dmitry Peskov ក៏ប៉ុន្តែតែងត្រូវបានច្រានចោលភ្លាមៗដោយមន្ត្រីម្នាក់ទៀត គឺលោក Dmitry Medvedev ដែលជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។

    ភាពខ្វែងគំនិតគ្នាដ៏សំខាន់នេះមានគោលបំណង ២ ដែលទី១ គឺ «វាជាផ្នែកមួយនៃការប្រាស្រ័យទាក់ទងរវាងវិមានក្រឹមឡាំងជាមួយអ្នកតាមដានក្នុងស្រុកដើម្បីបង្ហាញថា ភាគីអ៊ុយក្រែនគឺជាអ្នកគ្មានឆន្ទៈចង់បញ្ចប់សង្រ្គាម»។ ការធ្វើបែបនេះអាចជួយបញ្ចៀសការស្តីបន្ទោសមកលើរុស្ស៊ី ហើយអាចបង្វែរកំហុសទៅឱ្យអ៊ុយក្រែន និងអ្នកគាំទ្រនៅលោកខាងលិច ថាជាអ្នកមានចេតនាចង់អូសបន្លាយសង្រ្គាម។

    គោលបំណងទី២ គឺ «ការបង្កើតឱ្យមានភាពមិនច្បាស់លាស់នៅក្នុងផែនការរបស់រុស្ស៊ី គឺដើម្បីផ្តល់វេទិកាសម្រាប់ការជជែកពិភាក្សាដល់បណ្តាប្រទេសលោកខាងលិច និងដើម្បីពង្រីកបំណងប្រាថ្នាសង្គមដ៏ស្មុគស្មាញ នៅក្នុងប្រទេសមួយចំនួន ដូចជាអាល្លឺម៉ង់ ឬបារាំងជាដើម»។

    នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការពិភាក្សាអំពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញបានទទួលនូវសន្ទុះយ៉ាងខ្លាំងទាំងនៅទីក្រុង Kyiv ក៏ដូចជានៅទីក្រុង Brussels និងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅទីក្រុងប៊ែកឡាំងកាលពីថ្ងៃទី ២៥ តុលា ដែលមានការចូលរួមឧបត្ថម្ភដោយប្រទេសអាល្លឺម៉ង់, អ៊ុយក្រែន និង G7។

    ដោយមើលឃើញអំពីការបំផ្លិចបំផ្លាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ វាគឺជារឿងដ៏សំខាន់ដែលត្រូវដឹងថា «ការកសាងប្រទេសអ៊ុយក្រែនឡើងវិញត្រូវតែចាប់ផ្តើមនៅពេលនេះ ឬនៅភ្លាមៗបន្ទាប់ពីសង្គ្រាមនេះបានបញ្ចប់»។ បន្ថែមពីលើនេះ ការកសាងឡើងវិញមិនអាចញែកចេញពីការបន្តផ្តល់ជំនួយយោធាឡើយ។

    មានតែការរួមផ្សំគ្នានៃជំនួយយោធា និងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងឡើងវិញនៅពេលនេះទេ ដែលអាចធ្វើឱ្យអ៊ុយក្រែនស្ថិតនៅក្នុងជំហរមួយដើម្បីសម្រេចចិត្តថា «តើខ្លួនចង់ចរចារដែរឬទេ និងចង់ចរចានៅពេលណា»។ នៅពេលនេះ រាល់បទឈប់បាញ់ ឬការចរចាសន្តិភាពអាចមានឥទ្ធិពលតែមួយប៉ុណ្ណោះ ដែលនោះគឺ «ការធ្វើឱ្យរុស្សីមានពេលត្រៀមរៀបចំក្រុម និងយុទ្ធសាស្ត្រឡើងវិញដើម្បីបន្តការវាយប្រហាររបស់ខ្លួនសារជាថ្មីនៅនិទាឃរដូវខាងមុខ»៕

    Carnegie Europe

    អត្ថបទទាក់ទង