ខ្មែរប៉ុស្ដិ៍ Close

    របៀបដែលប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលពួកគេត្រូវការ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1367
    របៀបដែលប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានហេដ្ឋារចនាសម្ព័ន្ធដែលពួកគេត្រូវការជនមូស្លីមរាប់ពាន់នាក់ ត្រឡប់មកផ្ទះសម្បែងវិញតាមរថភ្លើងដែលមានមនុស្សច្រើនកកកុញ បន្ទាប់ពីបានចូលរួមការអធិស្ឋានចុងក្រោយរបស់ Bishwa Ijtema ដែលជាការជួបជុំមូស្លីមធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីពិធីបុណ្យ Haj នៅទីក្រុង Tongi ជាយក្រុង Dhaka ប្រទេសបង់ក្លាដែស កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ 2020។ រូបថត៖ Reuters

    វិបត្តិសកលដែលយើងគ្រប់គ្នាកំពុងប្រឈមមុខ បាននាំយើងទៅកាន់ពេលវេលាដ៏សំខាន់មួយក្នុងការអភិវឌ្ឍដែលទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់។

    បម្រែបម្រួលអាកាសធាតុ, កូវីដ-១៩ និងសង្រ្គាមនៅអឺរ៉ុប បានបង្កើតជាព្យុះមួយដែលបានបង្កការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ជាងនេះទៅទៀត ឥទ្ធិពលផ្សេងៗដែលកំពុងតែជះមកលើសេដ្ឋកិច្ចពិភពលោកក្នុងទម្រង់នៃការកើនឡើងនៃសម្ពាធសារពើពន្ធ, បំណុលសាធារណៈ, អត្រាការប្រាក់, អតិផរណា និងហានិភ័យសម្រាប់អ្នកវិនិយោគ បានធ្វើឱ្យការខិតខំប្រឹងប្រែងសម្រាប់ការអភិវឌ្ឍ ត្រូវប្រឈមមុខនឹងបញ្ហា។

    ទន្ទឹមនឹងនេះ មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវរស់នៅដោយមិនទទួលបាននូវអត្ថប្រយោជន៍ ពីហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសំខាន់ៗ ដែលធ្វើឱ្យឱកាសសេដ្ឋកិច្ច និងគុណភាពជីវិតរបស់ពួកគេនៅមានកម្រិត ហើយការពិតទាំងនេះគឺជារឿងដែលមិនអាចប្រកែកបានឡើយ។

    យើងនៅសល់រយៈពេលតែ ៨ ឆ្នាំទៀតប៉ុណ្ណោះ ពីឆ្នាំ ២០៣០ ប៉ុន្តែមាគ៌ាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ ចំណុច នៅតែមានសភាពស្មុគស្មាញ។

    វិស័យហេដ្ឋារចនាសម្ព័ន្ធមិនអាចត្រូវបានបំបែកចេញពីសកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុនោះទេ ព្រោះវិស័យនេះបានរួមចំណែកដ៏ធំចំពោះការបំភាយឧស្ម័ន ហើយក៏ជាវិស័យដែលផ្តល់នូវឱកាសដ៏អស្ចារ្យបំផុតមួយសម្រាប់ការកាត់បន្ថយសារធាតុកាបូនផងដែរ។ គេមិនអាចជួសជុលវាបានដោយឆាប់រហ័សនោះទេ។ ផ្ទុយទៅវិញ សហគមន៍ពិភពលោកត្រូវការយុទ្ធសាស្ត្ររយៈពេលវែងដែលមានភាពស៊ីសង្វាក់គ្នា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពកាន់តែប្រសើរបន្ថែមទៀត។

    សូមអាន ហេតុអ្វីបានជាប្រទេសជប៉ុននៅតែនាំមុខគេលើការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ីអាគ្នេយ៍?

    អ្វីដែលកាន់តែសំខាន់ជាងនេះទៅទៀត គឺការបង្កើតនូវការឯកភាពគ្នាក្នុងចំណោមរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ពិភពលោក ទៅលើសកម្មភាពសំខាន់ៗចំនួន៤ រួមមាន៖

    ទី១៖ ត្រូវខិតខំបង្កើនការសន្សំសំចៃ, បង្កើតការគាំទ្រ, ត្រូវមានការប្តេជ្ញាចិត្តពីផ្នែកនយោបាយ, បង្កើតឱកាសវិនិយោគ និងទទួលយកភាពចាំបាច់នៃការធ្វើសកម្មភាពរួមគ្នា។

    សកម្មភាពទាំងនេះ គឺជាការរិះគន់ និងការជួយពង្រឹងគ្នាទៅវិញទៅមក។ សកម្មភាពទាំងនេះបានបង្ហាញអំពីការបង្កើនការវិនិយោគឯកជននៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជាមូលដ្ឋានគ្រឹះសម្រាប់ការស្តារឡើងវិញក្រោយវិបត្តិ។

    នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ វាមានចំណុចជាច្រើន ហើយមិនមែនគ្រាន់តែជាការកសាងទ្រព្យសម្បត្តិមួយបន្ទាប់ពីមួយផ្សេងទៀតនោះទេ។ ដើម្បីជាការសន្សំសំចៃ យើងត្រូវតែឯកភាពគ្នាថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវតែបំពេញតាមគោលដៅនៃការអភិវឌ្ឍ។

    នៅឯធនាគារពិភពលោក ពួកយើងមានការរំពឹងទុកខ្ពស់ដោយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវតែផ្តល់នូវដំណោះស្រាយប្រកបដោយនិរន្តរភាព គុណភាព និងរយៈពេលវែងដែលអាចផ្តល់នូវអត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។

    ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធត្រូវតែមានភាពធន់នឹងអាកាសធាតុ ហើយមានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ អភិបាលកិច្ចលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគួរតែត្រូវបាន បើកចំហ មានតម្លាភាព និងមានភាពរឹងមាំ ហើយអ្វីដែលសំខាន់បំផុតនោះគឺវាគួរតែមានប្រសិទ្ធភាព ហើយរាល់ប្រាក់ដែលបានចំណាយទៅលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែសក្ដិសមនឹងតម្លៃនៅគ្រប់ដំណាក់កាលនៃវដ្តរបស់គម្រោង។

    ទី២៖ យើងត្រូវពង្រឹងបរិយាកាសអំណោយផល និងធានាឱ្យបាននូវការប្តេជ្ញាចិត្តផ្នែកនយោបាយ។ កំណែទម្រង់គោលនយោបាយសំខាន់ៗត្រូវតែទទួលបាននូវការអនុម័តមុនពេលធនាគារពាណិជ្ជ, វិនិយោគិន, ស្ថាប័ន ឬអង្គភាពផ្សេងៗទៀតចាប់ផ្តើមធ្វើការពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទាន។

    សូមអាន មូលនិធិសកលរកឃើញសក្តានុពលនៅក្នុងកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

    ប្រទេសជាច្រើនត្រូវតែផ្តល់ការគាំទ្រដើម្បីបង្កើតនូវធាតុផ្សំទាំងនេះ ពីព្រោះពួកគេត្រូវការពេលវេលា, ឆន្ទៈនយោបាយ និងជំនាញបច្ចេកទេស ដែលអាចនឹងមានការខ្វះខាតនៅក្នុងប្រទេស។ បើគ្មានកត្តាទាំងនេះទេ  នោះលទ្ធភាពរបស់ប្រទេសនានាក្នុងការបង្កើនការចូលរួមជាប្រព័ន្ធនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ នឹងនៅតែមានកម្រិតនៅឡើយ។

    ជាងនេះទៅទៀត សមត្ថភាពរបស់ពួកគេក្នុងការទទួលបានការវិនិយោគសាធារណៈដែលមានគុណភាពខ្ពស់ ក៏ត្រូវរងនូវភាពរើសអើងផងដែរ។ ធនាគារពិភពលោក និងស្ថាប័នអភិវឌ្ឍន៍ផ្សេងទៀត ត្រូវតែបន្តធ្វើការជាមួយរដ្ឋាភិបាលដើម្បីបន្តគាំទ្រដល់ការធ្វើកំណែទម្រង់គោលនយោបាយ, កសាងសមត្ថភាពស្ថាប័ន និងកែលម្អបរិយាកាសវិនិយោគ។

    ទី៣៖ យើងត្រូវតែផ្តោតទៅលើការបង្កើតលំហូរនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់, រឹងមាំ និងអាចទទួលយកបាន ដើម្បីទាក់ទាញអ្នកវិនិយោគ។ ដើមទុនដែលត្រូវការដើម្បីបង្កើតឱ្យមានភាពខុសគ្នា គឺអាចរកបានយ៉ាងទូលំទូលាយ ហើយអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះ គឺការប្រមូលផ្តុំវា។

    សូម្បីតែនៅក្នុងពេលវេលាដ៏ល្អបំផុតក៏ដោយ ថ្លៃដើមខ្ពស់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺលើសពីអ្វីដែលរដ្ឋាភិបាលអាចមានលទ្ធភាព ហើយពួកគេត្រូវតែចាត់វិធានការដើម្បីកាត់បន្ថយការចំណាយសាធារណៈ និងបង្កើតលក្ខខណ្ឌដើម្បីបង្កើនការវិនិយោគឯកជនបន្ថែម។ ចាប់តាំងពីឆ្នាំ ២០០០ មក ជាមធ្យមវិស័យឯកជនបានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃប្រមាណ ៨០ ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

    ទំហំថវិកានេះអាចមានទំហំធំ ប៉ុន្តែវាមានចំនួនត្រឹមតែ ១០-១៥% ប៉ុណ្ណោះ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ ទន្ទឹមនឹងនេះ ការវិនិយោគសាធារណៈទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យម បាននិងកំពុងធ្លាក់ចុះ ពោលគឺវាមិនអាចមានលើសពី ១,២% នៃ GDP សរុបនៅ ក្នុងឆ្នាំ ២០២០ របស់ពួកគេនោះទេ។

    ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍អន្តរជាតិ វាតម្រូវឱ្យមានការផ្លាស់ប្តូរជាជំហានៗទាំងនៅលើផ្នែកហិរញ្ញវត្ថុសាធារណៈ និងឯកជន។ យោងតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក ប្រទេសដែលមាន ប្រាក់ចំណូលទាបនិងមធ្យម ចាំបាច់ត្រូវការថវិកាប្រហែល ៤,៥% នៃ GDP សរុបរបស់ខ្លួនដើម្បីបំពេញតម្រូវការសកលសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ ២០៣០។

    ពួកគេត្រូវការទឹកប្រាក់ប្រហែល ១,៥ ទ្រីលានដុល្លារ ដែលសឹងតែប្រហាក់ប្រហែលនឹង GDP របស់ប្រទេស Mexico ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ ២០៣០។

    ទី៤៖ ពួកគេចាំបាច់ត្រូវតែមានសកម្មភាពជារួម ដើម្បីជំរុញការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ក្រុមប្រទេស G20, ក្រុមប្រទេស G7, ធនាគារអភិវឌ្ឍន៍ពហុភាគី, រដ្ឋាភិបាលនៃប្រទេសកំពុងអភិវឌ្ឍន៍ និងវិស័យឯកជនបានចាត់ទុកចំណុចខាងលើជាចំណុចអាទិភាព ហើយពួកគេកំពុងប្រឹងប្រែងដើម្បីធ្វើ ឱ្យរឿងនេះក្លាយជាការពិត។

    សូមអាន តើតំបន់អាស៊ីអាគ្នេយ៍នឹងទទួលបានអត្ថប្រយោជន៍តាមរបៀបណាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសន្ទុះវិនិយោគរបស់ G7?

    ឥណ្ឌូណេស៊ីគឺជាប្រទេសមួយដែលកម្មវិធីអន្តរាគមន៍ប្រកបដោយនិរន្តរភាពដើម្បីគាំទ្រដល់ការបង្កើនទំហំនៃការកៀរគរមូលធនឯកជន កំពុងតែនាំឱ្យមានការផ្លាស់ប្តូរ។ ធនាគារពិភពលោក បាននិងកំពុងធ្វើការជាមួយឥណ្ឌូណេស៊ីសម្រាប់ការផ្តល់ប្រឹក្សាដ៏ទូលំទូលាយ និងការរៀបចំនូវរចនាសម្ព័ន្ធ និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីអាចផ្តល់នូវប្រភពទុនឯកជនយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព និងគុណភាព។

    ឧទាហរណ៍នៃការគាំទ្រចំពោះរឿងនេះ រួមមានការគាំទ្រចំពោះគោលនយោបាយពីសំណាក់សហគ្រាសរដ្ឋសំខាន់ៗ, ការផ្តល់ដំបូន្មានលើការវិភាគសម្រាប់ការអនុវត្តកំណែទម្រង់ការវិនិយោគឯកជន និងការធ្វើកំណែទម្រង់ថាមពល, ការអភិវឌ្ឍក្របខណ្ឌនៃភាពជាដៃគូសាធារណៈ និងឯកជន, ការរៀបចំឧបករណ៍ហិរញ្ញប្បទានឱ្យមានភាពសមស្រប និងការគ្រប់គ្រងសម្រាប់ការចល័តមូលធនឯកជន។ អ្វីដែលជាចំណុចសំខាន់មួយនៃកម្មវិធីនេះ គឺគម្រោងកម្ដៅក្នុងផែនដី ដែលមានតម្លៃ ៤៦៥ លានដុល្លារ ដែលបានប្រមូលផ្តុំដៃគូផ្សេងៗគ្នាចំនួន ៦ មកចូលរួមគ្នាដើម្បីអនុវត្ត។

    ការរីកចម្រើនទាំងអស់នេះ មិនអាចកើតមានឡើងដោយងាយ ឬយ៉ាងលឿននោះទេ។ វានឹងចាប់ផ្តើមនៅពេលដែលប្រទេសនានាបានកំណត់មាគ៌ារបស់ខ្លួន និងបង្កើតចំណុចអាទិភាពផ្ទាល់ខ្លួនរបស់ពួកគេ។ វាគឺជាខ្លួនពួកគេផ្ទាល់ដែលត្រូវបង្ហាញអំពីតម្រូវការដើម្បីធ្វើការផ្លាស់ប្តូរ និងជាម្ចាស់នៃបំណងប្រាថ្នាដើម្បីធ្វើដូច្នេះ។

    នៅពេលនោះហើយដែលធនាគារពិភពលោក រួមជាមួយនិងដៃគូសកលរបស់ពួកយើង អាចប្រើប្រាស់ធនធានដើម្បីជួយដល់ប្រទេសនានា ក្នុងការធានាលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុថ្មីបន្ថែមទៀត។

    ភាពជោគជ័យនឹងអាចសម្រេចបាន ប៉ុន្តែវាមិនមានផ្លូវកាត់នោះទេ។ យើងនឹងអាចសម្រេចបាននូវកិច្ចព្រមព្រៀងដ៏អស្ចារ្យ តាមរយៈការខិតខំប្រឹងប្រែង និងការសហការជាសាកលតែប៉ុណ្ណោះ៕

    South China Morning Post

    អត្ថបទទាក់ទង