ខ្មែរប៉ុស្ដិ៍ Close

របៀបដែលឌីជីថលូបនីយកម្មអាចជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងចំណោមយុវជនអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1572
របៀបដែលឌីជីថលូបនីយកម្មអាចជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងចំណោមយុវជនអាស៊ានរបៀបដែលឌីជីថលូបនីយកម្មអាចជួយលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងចំណោមយុវជនអាស៊ាន

យោងតាមរបាយការណ៍ថ្មីមួយ «ឌីជីថលូបនីយកម្មអាចបង្កើតឱ្យមានបរិយាប័ន្នហិរញ្ញវត្ថុកាន់តែទូលំទូលាយនៅក្នុងចំណោមពលរដ្ឋអាស៊ាន នៅក្នុងសម័យឌីជីថល ក៏ប៉ុន្តែវានៅមានការងារជាច្រើនទៀតដែលចាំបាច់ត្រូវធ្វើ»។ អាស៊ានបានទទួលកំណើនមិនធ្លាប់មានពីមុនមកនៅក្នុងការធ្វើឌីជីថលូបនីយកម្ម ហើយនិន្នាការនេះអាចនឹងបន្តកើតមានតទៅមុខទៀត (យោងតាមរបាយការណ៍ ASEAN Digital Generation Report ឆ្នាំ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក)។

ការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលក៏កំពុងកើនឡើងនៅទូទាំងតំបន់នេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះបានរកឃើញថា «ស្ត្រីដែលជាម្ចាស់អាជីវកម្មខ្នាតតូច, សហគមន៍នៅតាមជនបទ និងក្រុមមួយចំនួនផ្សេងៗទៀត បានជួបប្រទះនឹងគម្លាតយ៉ាងធំពាក់ព័ន្ធនឹងការទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងតំបន់»។

នៅក្នុងចំណោមអ្នកស្ទង់មតិ កម្មវិធីទូរសព្ទសម្រាប់ការទូទាត់ប្រាក់ត្រូវបានប្រើប្រាស់ច្រើនបំផុត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយក្នុងនោះ ៨៤% នៃអ្នកឆ្លើយតបទាំងអស់បាននិយាយថា «ពួកគេសុទ្ធតែបាន ប្រើប្រាស់កម្មវិធីទូរសព្ទទាំងនេះ»។ អ្នកដែលត្រូវបានស្ទង់មតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុសម្រាប់តម្រូវការផ្ទាល់ខ្លួន និងសម្រាប់តម្រូវការអាជីវកម្ម បូករួមទាំងលំហូរសាច់ប្រាក់, ការសន្សំ និងការពង្រីកអាជីវកម្ម។

84% នៃអ្នកឆ្លើយតបការស្ទង់មតិបាននិយាយថា: ពួកគេបានប្រើកម្មវិធីទូទាត់ប្រាក់ឌីជីថល។ រូបភាព៖ WEF

ទោះយ៉ាងណាក៏ដោយ គេឃើញមានភាពមិនស៊ីសង្វាក់គ្នានៅក្នុងការទទួលបានសេវាហិរញ្ញវត្ថុនៅក្នុងចំណោមពលរដ្ឋអាស៊ាន។ ជាឧទាហរណ៍ : ជិតពាក់កណ្តាលនៃអ្នកដែលស្វែងរកការគាំទ្រផ្នែកឥណទាន មិនអាចចូលប្រើប្រភពចំណាយផ្លូវការបានទេ ដោយក្នុងនោះ ២៨% នៃអ្នកស្វែងរកប្រាក់កម្ចី មិនមានលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដែលជាហេតុធ្វើឱ្យអ្នកឆ្លើយតបជិត ២០% ត្រូវពឹងផ្អែកលើប្រភពហិរញ្ញប្បទានបែប ប្រពៃណីដែលមានទំហំតិចតួច ដូចជាកម្ចីពីក្រុមគ្រួសារនិងមិត្តភក្តិ ឬកម្ចីក្រៅផ្លូវការផ្សេងទៀត។

ការស្ទង់មតិក៏បានរកឃើញដែរថា «ស្ត្រីមានលទ្ធភាពទទួលបានប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុតិចជាងបុរស»។ មានស្ត្រីត្រឹមតែ ២២% ប៉ុណ្ណោះ ក្នុងចំណោមស្ត្រីដែលត្រូវការប្រាក់កម្ចីដែលអាចទទួលបានឥណទានពីធនាគារពាណិជ្ជ បើធៀបនឹង ២៨% នៃអ្នកស្នើសុំកម្ចីជាបុរស។ មានស្ត្រីតិចជាងបុរស (១៩% ធៀបនឹង ២៨%) ដែលបានប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុកម្រិតខ្ពស់ ដូចជាសេវាកម្មឥណទាន, ការវិនិយោគ និងការធានារ៉ាប់រងជាដើម។

ទោះជាយ៉ាងណាក៏ដោយ ស្ត្រីនៅអាស៊ានកំពុងប្រើប្រាស់កម្មវិធីទូរសព្ទដែលបម្រើឱ្យសេវាកម្មហិរញ្ញវត្ថុ ច្រើនជាងបុរស។ របាយការណ៍ដែលត្រូវបានបោះពុម្ពផ្សាយជាលើកទី ៦ នេះ បានធ្វើការស្ទង់មតិលើមនុស្សចំនួន ៩ម៉ឺននាក់ ដែលភាគច្រើនមានអាយុចន្លោះពី ១៦ ដល់ ៣៥ ឆ្នាំ នៅក្នុងបណ្ដាប្រទេសអាស៊ានចំនួន ៦ គឺឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម។

សូមអាន របាយការណ៍ ៖ ប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកំពូលៗនៅតំបន់អាស៊ីអាគ្នេយ៍អាចនឹងឈានដល់កម្រិត ២០០ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២២

ការរៀនពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន អាចធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានសេវាកម្មវិនិយោគ។ រូបភាព៖ ASEAN

របាយការណ៍បានសន្និដ្ឋានថា «ការអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ជាពិសេសគឺសេវាកម្មកម្រិតខ្ពស់ ដូចជាការធានារ៉ាប់រង, ការខ្ចីបុល និងការវិនិយោគ»។ ឧបសគ្គផ្សេងទៀត រួមមានដូចជា ភាសាស្មុគស្មាញដែលត្រូវបានប្រើនៅក្នុងកិច្ចសន្យាសេវាកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌនៃកិច្ចសន្យាដែលមានភាពមិនច្បាស់លាស់។

លទ្ធផលនៃការស្ទង់មតិក៏បានបង្ហាញឱ្យឃើញផងដែរអំពីការព្រួយបារម្ភអំពីការបង្កប់តម្លៃដែលត្រូវបង់នៅពេលចូលប្រើប្រាស់សេវាហិរញ្ញវត្ថុ ក៏ដូចជាបញ្ហាសុវត្ថិភាព និងការក្លែងបន្លំ។ ក្រៅពីនេះ វាក៏នៅមានបញ្ហាលំបាកជាច្រើនទៀតផងដែរ ពាក់ព័ន្ធនឹងដំណើរការដ៏ស្មុគស្មាញ ឬដ៏ច្រើនស្អេកស្កះនៅក្នុងសេវាកម្មទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល និងសេវាកម្មផ្តល់ប្រាក់កម្ចី។

ប៉ុន្តែការធ្វើឌីជីថលូបនីយកម្ម អាចជួយដោះស្រាយក្តីកង្វល់ទាំងនេះបាន ហើយវាក៏អាចជួយបង្កើនលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាននៅក្នុងចំណោមក្រុមមនុស្សដែលមិនសូវមានសិទ្ធិអំណាចផងដែរ។ ឌីជីថលូបនីយកម្មដ៏រឹងមាំនៃសេវាសន្សំ និងការទូទាត់ក្នុងតំបន់ គឺជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកសេវាហិរញ្ញវត្ថុឌីជីថលដែលកាន់តែទំនើបជាងមុន ដែលរួមមានដូចជាការវិនិយោគ, ការផ្ដល់ឥណទាន និងធានារ៉ាប់រង។

វាមានការឯកភាពគ្នាក្នុងចំណោមស្ត្រី និងបុរសដែលត្រូវបានស្ទង់មតិ (ជិត ៩ នាក់ក្នុងចំណោម ១០ នាក់) ដោយពួកគេបានអំពាវនាវឱ្យអាស៊ានបង្កើនការធ្វើឌីជីថលូបនីកម្មលើសេវាកម្មហិរញ្ញវត្ថុ។ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ការទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរជាងមុន មានសារៈសំខាន់ណាស់ក្នុងការពង្រឹងការគ្រប់គ្រងលើលំហូរសាច់ប្រាក់ និងជំរុញកាលានុវត្តភាពនៃកំណើនរបស់អាជីវកម្ម។

87% នៃអ្នកឆ្លើយតបការស្ទង់មតិបានអំពាវនាវឱ្យមានការធ្វើឌីជីថលូបនីយកម្មឱ្យបានកាន់តែច្រើនលើសេវាកម្មហិរញ្ញវត្ថុរបស់អាស៊ាន។ រូបភាព៖ ASEAN

របាយការណ៍បានកត់សម្គាល់ទៀតថា «ភាគីពាក់ព័ន្ធត្រូវតែរកឱ្យឃើញនូវចន្លោះប្រហោង និងបញ្ហាប្រឈមនានា, ពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងត្រូវពង្រឹងការធានាសន្តិសុខ និងសុវត្ថិភាពដើម្បីបង្កើតឱ្យមានសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន, មានស្ថិរភាព និងមាននិរន្តរភាពសម្រាប់ពលរដ្ឋអាស៊ានក្នុងសម័យឌីជីថល»។ ការជំរុញការយល់ដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុនៅក្នុងតំបន់ អាចជួយឱ្យពលរដ្ឋ និងអាជីវកម្ម អាចប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈ៕

World Economic Forum