ខ្មែរប៉ុស្ដិ៍ Close

    តើឥណ្ឌាអាចជំនួសចិនដើម្បីក្លាយជារោងចក្ររបស់ពិភពលោកបានដែរឬទេ?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1755
    តើឥណ្ឌាអាចជំនួសចិនដើម្បីក្លាយជារោងចក្ររបស់ពិភពលោកបានដែរឬទេ?កម្មករដើរ​ចេញ​ពី​ការដ្ឋាននៃក្រុមហ៊ុន Wistron ជា​រោងចក្រផលិតគ្រឿងបង្គុំទូរសព្ទ iPhone របស់​តៃវ៉ាន់ ​នៅ​ទីក្រុង Narsapura ដែលមានចម្ងាយ​ប្រហែល ៦០​ គីឡូម៉ែត្រ​ពីទីក្រុង Bangalore ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​២០២០។ រូបថត៖ AFP

    ផែនការជាចំហរបស់ឥណ្ឌាដើម្បីជំនួសប្រទេសចិនក្នុងនាមជា «រោងចក្ររបស់ពិភពលោក» ហាក់កំពុងតែបានបង្កើនល្បឿននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ករណីខាងលើបានកើតមាននៅពេលដែលម្ចាស់រោងចក្រនៅលើសកលលោកកំពុងតែមានកង្វល់កាន់តែខ្លាំង ក្រោយមានការប៉ះទង្គិចគ្នាដោយហិង្សាពាក់ព័ន្ធនឹងបញ្ហាបិទខ្ទប់ដោយសារការឆ្លងកូវីដ-១៩ នៅក្នុងរោងចក្រដំឡើងទូរសព្ទ iPhone ដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន។

    ក្រុមហ៊ុន Apple កំពុងតែប្រឈមមុខនឹងការខ្វះខាតការផ្គត់ផ្គង់ទូរសព្ទជំនាន់ថ្មី iPhone 14 Pros នៅក្នុងអំឡុងពេលនៃរដូវកាលដើរទិញទំនិញពេលវិស្សមកាល ដោយសារតែបញ្ហាផលិតកម្ម។ ទូរសព្ទប្រភេទនេះមានតម្លៃប្រមាណ ១០០០ ដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយវានឹងអាចបង្កឱ្យមានការខាតបង់ប្រាក់ចំណូលយ៉ាងតិច ៦ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមការឱ្យដឹងពីសំណាក់សារព័ត៌មាន Bloomberg។

    ស្របពេលដែលភាពចលាចលនៅក្នុងប្រទេសចិនកាន់តែរីករាលដាលធំនោះ វាពិតជាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលថាក្រុមហ៊ុន Apple និងរោងចក្រធំៗផ្សេងទៀតបាននិងកំពុងសម្លឹងរកកាលានុវត្តភាពនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី២ របស់ពិភពលោក និងជាប្រទេសដែលនៅជិតខាងទៀតនោះ។

    ខណៈពួកគេកំពុងសង្ឃឹមថានឹងអាចទាញយកផលប្រយោជន៍ពីស្ថានការណ៍នៅក្នុងប្រទេសចិនដែលកំពុងតែបង្កនូវផលប៉ះពាល់ខ្លាំងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលនោះ អាជ្ញាធរឥណ្ឌាបាននិងកំពុងបង្ហាញនូវការលើកទឹកចិត្តយ៉ាងខ្លាំង ដែលរួមមានទាំងការផ្តល់ការឧបត្ថម្ភធនដ៏គួរឱ្យទាក់ទាញដល់បណ្តាក្រុមហ៊ុនណាដែលចង់ធ្វើការបម្លាស់ទីថែមទៀតផង។

    ឥណ្ឌាគ្រោងនឹងវ៉ាដាច់ប្រទេសជប៉ុន និងអាល្លឺម៉ង់ ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣ របស់ពិភពលោក នេះបើយោងតាមរបាយការណ៍ថ្មីៗរបស់ក្រុមហ៊ុន S&P Global និងក្រុមហ៊ុន Morgan Stanley។ ការព្យាករណ៍របស់ក្រុមហ៊ុន S&P ត្រូវបានពឹងផ្អែកទៅលើការព្យាករណ៍ដែលថាកំណើន GDP ប្រចាំឆ្នាំរបស់ឥណ្ឌា នឹងមានជាមធ្យម ៦,៣% រហូតដល់ឆ្នាំ ២០៣០។

    ស្រដៀងគ្នានេះដែរ ក្រុមហ៊ុន Morgan Stanley បានព្យាករថា GDP របស់ឥណ្ឌានឹងកើនឡើងទ្វេរដង ច្រើនជាងកម្រិតនៅក្នុងពេលបច្ចុប្បន្ននៅត្រឹមឆ្នាំ ២០៣១។

    ទោះបីជាមានព័ត៌មានដ៏សុទិដ្ឋិនិយមអំពីចរន្តសេដ្ឋកិច្ចឥណ្ឌាបែបនេះក៏ពិតមែន ក៏វាអាចនឹងត្រូវការពេលជាច្រើនឆ្នាំទៀត មុនពេលឥណ្ឌាអាចចូលទៅជំនួសប្រទេសចិននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់បាន ដោយសារមូលហេតុសំខាន់ៗមួយចំនួន។

    ទី១៖ ប្រាក់ឈ្នួលនៅក្នុងប្រទេសឥណ្ឌាមានកម្រិតខ្ពស់គួរសម ដែលធ្វើឱ្យតម្លៃផលិតកម្មនៅក្នុងប្រទេសឥណ្ឌាអាចមានតម្លៃថ្លៃជាងរហូតដល់ ៣ ដង លើសពីតម្លៃផលិតកម្មនៅក្នុងប្រទេសចិន។

    ទី២៖ ផលចំណេញដែលទទួលបានពីជញ្ជីងសេដ្ឋកិច្ច (economy of scale) ដែលចិនកំពុងតែមាន នឹងអនុញ្ញាតឱ្យពួកគេមានប្រៀបជាងនៅក្នុងការប្រកួតប្រជែង។

    ទី៣៖ ឥណ្ឌាគឺជាប្រទេសធំតែមួយគត់ដែលមិនបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗបំផុតរបស់តំបន់ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិករីកចម្រើន និងគ្រប់ជ្រុងជ្រោយ (Comprehensive and Progressive Trans-Pacific Partnership) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ បើសិនគេបូកកិច្ចព្រមព្រៀងទាំង២ នេះបញ្ចូលគ្នា នោះវាអាចនឹងបង្កើតបានជាពាណិជ្ជកម្មអន្តរជាតិយ៉ាងធំលើសលប់មួយនៅក្នុងតំបន់។

    ទី៤៖ មានរោងចក្រនៅលើសកលលោកតែមួយចំនួនប៉ុណ្ណោះដែលបាននាំចូលទំនិញពីប្រទេសចិន ហើយបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបញ្ហាខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងភាពតានតឹងដែលបង្កឡើងដោយកត្តាភូមិសាស្ត្រនយោបាយ។ ដូច្នេះ គេអាចនឹងពិបាកមានមូលហេតុសមស្របក្នុងការបម្លាស់ទីរោងចក្ររបស់ពួកគេណាស់។

    សម្រាប់ខ្ញុំ សញ្ញាណដែលថាឥណ្ឌាអាចនឹងស្នងតំណែងពីប្រទេសចិនជា «រោងចក្រពិភពលោក» នោះ គឺមិនទំនងជាអាចកើតមានឡើងនោះទេនៅពេលនេះ។

    តើវាអាចជាសេចក្តីប្រាថ្នាចង់បានរបស់ឥណ្ឌាដែរឬទេ? តើវាអាចជាក្តីប្រាថ្នារបស់បណ្តាធុរកិច្ច និងមេដឹកនាំនយោបាយលោកខាងលិចដែលចង់ឱ្យចំណងពាណិជ្ជកម្មរបស់ពួកគេ កាន់តែមានភាពជិតស្និទ្ធជាមួយប្រទេសប្រជាធិបតេយ្យ ជាជាងជាមួយប្រទេសចិនកុម្មុនីស្តដែរឬទេ?

    ទោះបីជាផ្សារភាគហ៊ុនដែលត្រូវបានគ្របដណ្តប់ដោយក្រុមហ៊ុនសកលលោកត្រូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លាពីការធ្វើបាតុកម្មនៅពេលថ្មីៗនេះនៅក្នុងប្រទេសចិនប្រឆាំងនឹងគោលនយោបាយគ្មានការរីករាលដាលកូវីដ (ZERO COVID) របស់រដ្ឋាភិបាលចិនក៏ពិតមែនក្តី ក៏ពួកគេគួរតែត្រៀមខ្លួនសម្រាប់ការហក់ឡើងវិញយ៉ាងគំហុកនៅក្នុងពេលឆាប់ៗនេះ នៅពេលការរឹតត្បិតត្រូវគេបន្ធូរបន្ថយមកវិញ។ ករណីនេះនឹងបង្កជាផលប៉ះពាល់ដល់ក្តីសង្ឃឹមរបស់ប្រទេសឥណ្ឌា។

    នៅពេលនេះ វិនិយោគិនពូកែៗកំពុងតែសម្លឹងឆ្ពោះទៅមុខ និងកំពុងធានាឱ្យបានថាពួកគេបានត្រៀមរៀបចំមុខជំនួញរបស់គេបានយ៉ាងល្អសម្រាប់កិច្ចការនេះ បើទោះបីជាប្រទេសឥណ្ឌានៅតែបន្តមានចេតនាចង់ជំនួសតំណែងប្រទេសចិនដើម្បីក្លាយជាគោលដៅនៃការវិនិយោគក៏ដោយ៕

    Nigel Green/Asia Times

    អត្ថបទទាក់ទង