ខ្មែរប៉ុស្ដិ៍ Close

    អាស៊ានត្រូវតែរួមគ្នាចំពោះករណីប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1433
    អាស៊ានត្រូវតែរួមគ្នាចំពោះករណីប្រទេសមីយ៉ាន់ម៉ាអាស៊ានត្រូវតែរួមគ្នាចំពោះករណីប្រទេសមីយ៉ាន់ម៉ា

    នៅពេលដែលកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលដែលទើបជាប់ឆ្នោតរបស់ប្រទេសនេះកាលពីខែកុម្ភៈឆ្នាំមុន ការឆ្លើយតបដំបូងពីសំណាក់អាស៊ាន គឺការរក្សាភាពស្ងប់ស្ងាត់។ ខណៈពេលដែលលោកខាងលិចបានចេញមកថ្កោលទោសរបបយោធាយ៉ាងឆាប់រហ័ស ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ភាគច្រើនបានចាត់ទុកថា «នេះគឺជាកិច្ចការផ្ទៃក្នុង និងបានប្រកាន់យកវិធីសាស្រ្តឱបដៃឈរមើល»។

    សូមអាន រដ្ឋប្រហារមីយ៉ាន់ម៉ាបានបង្ហាញពីចំណុចខ្សោយនៅក្នុងតំបន់ដែលបែកបាក់

    វាមិនមែនជារឿងដែលគេនឹកស្មានមិនដល់នោះទេ ដោយសារប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ានមិនមានលទ្ធិប្រជាធិបតេយ្យនេះគេមិនទាន់និយាយដល់ប្រទេសដែលជាសមាជិកស្ថាបនិករបស់អាស៊ាន គឺប្រទេសថៃដែលរដ្ឋាភិបាលបច្ចុប្បន្នបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០១៤ ហើយកំពុងតែសម្លឹងមើលឱកាសធ្វើរដ្ឋប្រហារមួយផ្សេងទៀតដើម្បីបង្ក្រាបការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលនៅពេលថ្មីៗនេះក្នុងឆ្នាំ ២០២០។

    ប៉ុន្តែខណៈក្រុមយោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមបាញ់ទៅលើក្រុមបាតុករ ភ្លាមៗនោះមេដឹកនាំប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានដឹងថា នេះមិនមែនជាការធ្វើរដ្ឋប្រហារដោយគ្មានបង្ហូរឈាមដូចអ្វីដែលគេបានឃើញជាញឹកញាប់នៅក្នុងប្រទេសថៃនោះទេ។

    ក្រោមការគាបសង្កត់ និងផ្តល់ការទុកចិត្តពីសំណាក់សហគមន៍អន្តរជាតិឱ្យដើរតួនាទីកណ្តាលនៅក្នុងការសម្របសម្រួលវិបត្តិនេះ អាស៊ានបានពិភាក្សាជាមួយរបបយោធានៅដើមខែមីនា ហើយបានជំរុញឱ្យភាគីទាំងអស់ «បដិសេធមិនបង្កអំពើហឹង្សាបន្ថែមទៀត» ហើយក៏បានបញ្ឈប់ការថ្កោលទោសចំពោះការបង្ក្រាបដ៏សាហាវមកលើហ្វូងបាតុករ។ ជាការពិតណាស់ ប្រពៃណីរបស់ប្លុកដែលតែងតែប្រកាន់យកវិធីសាស្ត្រការទូតកម្រិតទាប និងភាពមិនប្រឈមមុខដាក់គ្នា ដែលបានធ្វើឱ្យអាស៊ាន «មានភាពទន់ខ្សោយ និងគ្មានប្រសិទ្ធភាព»។

    នៅខែមេសា ឆ្នាំ ២០២១ មេដឹកនាំអាស៊ាននិងមេទ័ពមីយ៉ាន់ម៉ា Min Aung Hlaing បានយល់ព្រមចំពោះ «ចំណុចកុងសង់ស៊ីសទាំង ៥» ដែលទាមទារឱ្យមានការបញ្ចប់ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សា, បង្កើតឱ្យមានការសន្ទនារវាងគ្រប់ភាគីពាក់ព័ន្ធ, បើកឱ្យមានការផ្តល់ជំនួយមនុស្សធម៌ និងរៀបចំដំណើរទស្សនកិច្ចជាទៀងទាត់របស់ប្រេសិតពិសេសដែលត្រូវបានតែងតាំងដោយអាស៊ានដើម្បីជួបជាមួយភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

    ក្រោយត្រូវបានគេសាទរថាជាសក្ខីភាពនៃចលនាការទូតរបស់អាស៊ាននៅក្នុងតំបន់ រយៈពេល ១ ឆ្នាំកន្លះ ក្រោយការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ មិនមានអ្វីក្រៅពី «ការបរាជ័យយ៉ាងធ្ងន់ធ្ងរនោះឡើយ»។ ចាប់តាំងពីពេលនោះមក កងទ័ពបានផ្គើនគ្រប់ចំណុចនៃផែនការសន្តិភាព ដោយបានសម្លាប់ជនស៊ីវិលជាង ២០០០ នាក់ និងបានឃាត់ខ្លួនបាតុកររាប់ម៉ឺននាក់ និងប្រហារជីវិតអតីតសមាជិកសភាថែមទៀតផង។

    សូមអាន ហេតុអ្វីបានជាសហភាពអឺរ៉ុបមានភាពស្ងប់ស្ងាត់ចំពោះផែនការប្រហារជីវិតនៅមីយ៉ាន់ម៉ា?

    ទោះបីជាយ៉ាងនេះក៏ដោយ អាស៊ានបានបំពេញនូវផ្នែកខ្លះនៃការងាររបស់ខ្លួនរួចហើយ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា តែបើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជំនួយទាំងនោះមិនដែលបានទៅដល់ដៃអ្នកដែលត្រូវការជំនួយឡើយ ដោយសារក្រុមយោធាបានគ្រប់គ្រងយ៉ាងពេញលេញទៅលើការផ្តល់ជំនួយ ហើយបេ្រសិតពិសេសក៏ត្រូវបានគេអនុញ្ញាតឱ្យជួបតែមនុស្សដែលនៅខាងរបបយោធា ដោយមិនអនុញ្ញាតឱ្យជួបសកម្មជនដែលជាប់គុក និងមេដឹកនាំនៃរដ្ឋាភិបាលដែលត្រូវបានផ្តួលរំលំនោះឡើយ។

    មកទល់ពេលនេះ ការវាយប្រហារតែមួយគត់ពីសំណាក់អាស៊ាន គឺការដកប្រមុខយោធា Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលរបស់ប្លុក តែនៅតែបន្តអនុញ្ញាតឱ្យរបបយោធាចូលរួមក្នុងការប្រជុំថ្នាក់រដ្ឋមន្ត្រី។

    ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប(EU) បាននាំមុខគេក្នុងការដាក់ទណ្ឌកម្មលើរបបយោធា។ សភាសហភាពអឺរ៉ុបក៏បានប្រកាសគាំទ្រនៅពីក្រោយរដ្ឋាភិបាលរួបរួមជាតិរបស់មីយ៉ាន់ម៉ា (NUG) ដែលជារដ្ឋាភិបាលស្រមោលដែលត្រូវបានបង្កើតឡើងដោយអ្នកនយោបាយដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហារយោធា និងថែមទាំងបានអំពាវនាវដល់មេដឹកនាំអាស៊ីអាគ្នេយ៍ ឱ្យរួមបញ្ចូលរដ្ឋាភិបាល NUG នៅក្នុងការសន្ទនានយោបាយ ដែលរហូតមកដល់ពេលនេះ ប្រេសិតពិសេសអាស៊ាននៅ មិនទាន់បានធ្វើនោះឡើយ។

    ខណៈពេលដែលការធ្វើសកម្មភាពរបស់ EU មានលក្ខណៈជានិមិត្តរូប តែវាពិតជាបានបន្ថែមនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយទៀតចំពោះមជ្ឈភាពរបស់អាស៊ានក្នុងការសម្របសម្រួលវិបត្តិនៅក្នុងតំបន់របស់ខ្លួន។

    ភាពអាម៉ាស់របស់អាស៊ាននៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់សមាជិកដ៏កំណាចរបស់ខ្លួនបានកើតឡើងនៅក្នុងពេលមួយ ខណៈដែលសមាគមនេះកាន់តែត្រូវបានគេដកចេញពីឆាកអន្តរជាតិ។

    រាប់ចាប់ពីសម្ព័ន្ធភាព Quad និងកិច្ចព្រមព្រៀង AUKUS ដែលដឹកនាំដោយសហរដ្ឋអាមេរិករហូតដល់ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ប្រទេសចិន ប្រទេសជាមហាអំណាចបានពឹងផ្អែកកាន់តែខ្លាំងឡើង ទៅលើវេទិកា និងគំនិតផ្តួចផ្តើមពហុភាគីដទៃទៀត និងបានមើលរំលងបណ្តាញប្រពៃណីរបស់អាស៊ាន ដូចជាវេទិកាតំបន់អាស៊ាន ដែលនេះគឺជាការបំផ្លាញដល់មជ្ឈភាពរបស់ប្លុកនេះនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    ការធ្លាក់ចុះនៃកិត្យានុភាពអន្តរជាតិរបស់អាស៊ាន មួយផ្នែកបណ្តាលមកពីការសង្ស័យកាន់តែខ្លាំងឡើងអំពីភាពជឿជាក់របស់ខ្លួនក្នុងនាមជាអង្គការក្នុងតំបន់។ បើប្រៀបធៀបទៅនឹងសមភាគីរបស់ខ្លួន ដូចជា EU ឬសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ដែលបានដើរតួនាទីយ៉ាងសកម្មនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់រៀងៗខ្លួនតាមរយៈនយោបាយ-សេដ្ឋកិច្ច និងសូម្បីតែការធ្វើអន្តរាគមន៍យោធាផងនោះ អាស៊ានមើលទៅហាក់ដូចជាគ្មានអំណាចក្នុងការដោះស្រាយជាមួយរបបយោធាមីយ៉ាន់ម៉ាឡើយ។

    មេដឹកនាំអាស៊ីអាគ្នេយ៍បានចាប់ផ្តើមទទួលស្គាល់ការបរាជ័យដ៏ឈឺចាប់របស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយប្រទេសជាសមាជិកមួយចំនួនដូចជា ម៉ាឡេស៊ី ជាដើម បានជំរុញឱ្យមានការធ្វើសកម្មភាពកាន់តែខ្លាំងឡើង។ កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ាននៅដើមខែនេះក្នុងទីក្រុងភ្នំពេញ មិនមានការចូលរួមពីសំណាក់តំណាងមកពីប្រទេសមីយ៉ាន់ម៉ានោះទេ ដែលនេះគឺជាជំហានមួយនៃទិសដៅដ៏ត្រឹមត្រូវ។

    ជាការចាប់ផ្តើម ទីបំផុតពួកគេបានយល់ព្រមបង្កើតការកំណត់ពេលវេលាជាក់លាក់មួយសម្រាប់ការអនុវត្តផែនការ ៥ ចំណុច ប៉ុន្តែពួកគេក៏គួរតែធ្វើសកម្មភាពលើសពីនេះទៀតផងដែរ។ អាស៊ានគួរតែកំណត់លក្ខខណ្ឌសម្រាប់សមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ា ដោយយោងទៅលើវឌ្ឍនភាពរបស់របបយោធាក្នុងការអនុវត្តតាមផែនការសន្តិភាព។

    គេអាចលើកឡើងថា ការគំរាមកំហែងតាមរយៈការបណ្តេញចេញបែបនេះ នឹងបង្អាក់យោធាពីការធ្វើការសន្ទនាបន្ថែមទៀត ជាពិសេសនៅលើបញ្ហាសំខាន់ៗដូចជាការអនុញ្ញាតឱ្យមានការផ្តល់ជំនួយនៅចំពេលកំពុងមានវិបត្តិមនុស្សធម៌នៅក្នុងប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ការមិនយកចិត្តទុកដាក់ និងការមើលងាយជាចំហចំពោះអាស៊ានពីសំណាក់កងទ័ពដែលកំពុងទទួលបានការគាំទ្រដោយប្រទេសចិន និងរុស្ស៊ីនោះបានបង្ហាញថា កិច្ចពិភាក្សាបែបនេះនឹងមិនមានតម្លៃនោះឡើយ បើគ្មានការលើកទឹកចិត្តពិតប្រាកដ និងការដាក់ទណ្ឌកម្មទេនោះ។

    ជាការពិតណាស់ ការអំពាវនាវដ៏គួរឱ្យចាប់អារម្មណ៍របស់កិច្ចប្រជុំកំពូលឱ្យមានការដាក់ចេញនូវ «វិធីសាស្រ្តផ្សេងទៀត» ដើម្បីដោះស្រាយជាមួយមីយ៉ាន់ម៉ា ក៏អាចបើកទ្វារសម្រាប់ការធ្វើសកម្មភាពបន្ថែមទៀត ដែលរួមមានទាំងការពិភាក្សាជាមួយក្រុមប្រឆាំងមីយ៉ាន់ម៉ា ជាពិសេសគឺរដ្ឋាភិបាល NUG ផងដែរ។ ការធ្វើបែបនេះនឹងធ្វើឱ្យខូចខាតបន្ថែមទៀតដល់ភាពស្របច្បាប់ជាអន្តរជាតិរបស់របបយោធា ដែលកំពុងត្រូវបាន
    បំផ្លាញរួចទៅហើយ ដោយសារតែការបរាជ័យក្នុងការប៉ុនប៉ងដកមនុស្សស្មោះត្រង់របស់រដ្ឋាភិបាល NUG គឺលោក Kyaw Moe Tun ដែលជាអ្នកតំណាងរបស់ប្រទេសមីយ៉ាន់ម៉ានៅអង្គការសហប្រជាជាតិ។

    វិធានការដាក់ទណ្ឌកម្មដែលបានរៀបចំទុក ក៏គួរតែត្រូវបានត្រៀមដាក់នៅលើតុផងដែរ បើរបបយោធាមិនចុះចាញ់។

    ខណៈដែលការបន្ថែមសម្ពាធទៅលើរបបយោធាអាចជាការងាកចេញពី «មាគ៌ារបស់អាស៊ាន» ដែលមិនត្រូវធ្វើការរិះគន់ជាចំហចំពោះរដ្ឋជាសមាជិក និងផ្តល់ការគាំទ្រដល់ចលនាប្រឆាំងនឹងរដ្ឋាភិបាលរបស់រដ្ឋជាសមាជិកនោះ មេដឹកនាំអាស៊ីអាគ្នេយ៍ត្រូវតែដឹងថា វិបត្តិមីយ៉ាន់ម៉ាបានក្លាយជាការសាកល្បងចុងក្រោយបំផុតសម្រាប់អាស៊ាន ហើយវាគួរត្រូវបានគេចាត់ទុកជាករណីលើកលែងចំពោះគោលការណ៍ ដែលបានរក្សាទុកជាយូរមកហើយនោះ។

    ការសម្រុះសម្រួលបន្ថែមទៀតជាមួយកងទ័ពគឺជាវិធីសាស្ត្រដើម្បីផ្តល់ភាពស្របច្បាប់ដល់ពួកគេ ហើយក៏ជាការបំផ្លាញដល់ជំហរអន្តរជាតិរបស់ប្លុកនេះផងដែរ។ អាស៊ានចាំបាច់ត្រូវបង្ហាញរបបយោធា និងសហគមន៍អន្តរជាតិថា «ពួកគេបានធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់» ដូចអ្វីដែលរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីបានជំរុញនៅពេលថ្មីៗនេះ៕

    National Interest

    អត្ថបទទាក់ទង