ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 614
    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាជួបសំដែងការគួរសម និងជម្រាបលា

    នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Massahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបញ្ចប់អាណត្តិការទូត ទទួលជួបសំដែងការគួរសម និងជម្រាបលា។

    ក្នុងជំនួបនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ក្នុងរយៈពេលនៃការបំពេញមុខងារជាឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម MIKAMI Massahiro បានសហការការងារយ៉ាងស្អឹិតរមួតជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការក្នុងភាពជាតំណាងរបស់រដ្ឋាភិបាលជប៉ុន នៅក្នុងការសម្របសម្រួលរវាងប្រទេសទាំងពីរក្នុងភាពជាដៃគូរអភិវឌ្ឍន៍ និងពង្រឹងនូវទំនាក់ទំនងការទូតបានយ៉ាងរឹងមាំ និងល្អប្រសើរ។

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានបន្ថែមថា រដ្ឋាភិបាលប្រទេសជប៉ុន បានរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាដៃគូយុទ្ធសាស្ត្រចាប់តាំងពីខែធ្នូ ឆ្នាំ២០១៣មក ហើយថ្មីៗនេះ នាយរដ្ឋមន្ត្រីនៃប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម គីស៊ីដា ហ្វឹមីអូ ក៏បានឯកភាពគ្នាតម្លើង ទំនាក់ទំនងទៅជា«ដៃគូរយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»នាពេលខាងមុខផងដែរ។ ក្នុងចំណោមកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងការអភិវឌ្ឍជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន វិស័យសន្តិសុខ យោធា ទំនាក់ទំនងសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិស័យមួយចំនួនទៀតនៅពេលចុងក្រោយនេះ ដែលជប៉ុនបានរួមចំណែកពង្រឹងកិច្ចសហការ និងជួយដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា។

    ពាក់ព័ន្ធនឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាវិញ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍ថា ប្រទេសជប៉ុនត្រូវបានចាត់ទុកជាប្រទេសដ៏សំខាន់មួយក្នុងការជួយសម្របសម្រួល និងគាំទ្រ តាំងពីការចាប់ផ្តើមបង្កើតឱ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) មកម៉្លេះ និងជប៉ុនក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុប ចំនួនប្រមាណ៨៨,៣លានដុល្លារអាម៉េរិក សម្រាប់ទ្រទ្រង់ដំណើរការកាត់សេចក្តីរបស់អ.វ.ត.ក. ដែលស្មើនឹង២៧%នៃចំណាយសរុបចំនួនប្រមាណ៣៣៩លានដុល្លារអាម៉េរិក។ កម្ពុជា ក៏ជាប្រទេសលំដាប់ទី២ដែលផ្តល់ថវិកាចំនួនប្រមាណ៤៥,៥លានដុល្លារអាម៉េរិក ហើយជប៉ុនក៏បានជួយផ្តល់ថវិកាចំនួន២៥១ ៩៧០ដុល្លារអាម៉េរិក សម្រាប់ «គម្រោងអាណត្តិកេរដំណែលរបស់LDC» ដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

    ក្នុងឱកាសនៃជំនួបពិភាក្សានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនថា មានកសាងនូវគុណសម្បត្តិច្រើនណាស់សម្រាប់កម្ពុជា និងបានចាត់ទុកថា ជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដ៏ល្អ ។

    ជាការឆ្លើយតប ឯកឧត្តម MIKAMI Massahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងឱកាសដែលឯកឧត្តមបំពេញការងារអាណត្តិការទូតក្នុងរយៈពេលជាង៣ឆ្នាំនៅកម្ពុជាកន្លងមកនេះ។ លើកពីនេះទៅទៀត ឯកឧត្តម ក៏បានថ្លែងកោតសរសើរនូវការអភិវឌ្ឍរីកចម្រើនស្ទើរគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា និងបានគាំទ្រនូវជោគជ័យក្នុងដំណើរការ និងការអនុវត្តនីតិវិធីនានានៅសាលាក្តីខ្មែរក្រហមដែលទើបនឹងបិទបញ្ចប់សំណុំរឿងថ្មីៗទៅនេះ។

    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានជូនពរចំពោះឯកឧត្តម MIKAMI Massahiro នៅពេលត្រឡប់ទៅប្រទេសជប៉ុនវិញ សូមសម្រេចបានជោគជ័យថ្មីៗលើគ្រប់ភារកិច្ច និងមាននូវសេចក្តីសុខ សុភមង្គលក្នុងក្រុមគ្រួសារ៕

    អត្ថបទទាក់ទង