ខ្មែរប៉ុស្ដិ៍ Close

    បញ្ហាប្រឈមទាំង ៤ នៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលយើងត្រូវដឹង ខណៈរដូវរងាចូលមកដល់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1437
    បញ្ហាប្រឈមទាំង ៤ នៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលយើងត្រូវដឹង ខណៈរដូវរងាចូលមកដល់បញ្ហាប្រឈមទាំង ៤ នៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលយើងត្រូវដឹង ខណៈរដូវរងាចូលមកដល់

    រុស្ស៊ីរំពឹងថានឹងទទួលបានជ័យជម្នះជាយូរមកហើយ។ ផែនការដំបូងរបស់ពួកគេគឺត្រូវបើកការវាយលុយតាមផ្លូវគោកនៅទូទាំងប្រទេសអ៊ុយក្រែន នៅក្នុងរយៈពេល ១០ ថ្ងៃ ជាមួយនឹងការចុះចាញ់យ៉ាងឆាប់រហ័ស ។

    ប៉ុន្តែទីក្រុង Kyiv មិនបានដួលរលំទេ ហើយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបដិសេធមិនចាកចេញពីរដ្ឋធានី។ ខណៈកំពុងប្រមូលផ្តុំប្រជាជននៅអ៊ុយក្រែន លោកបាននិយាយថា «ខ្ញុំត្រូវការគ្រាប់រំសេវ ហើយមិនត្រូវការការរត់ចេញនោះទេ» ។

    ទាហានរុស្ស៊ីបានដកខ្លួនចេញពីភាគខាងជើងអ៊ុយក្រែននៅក្នុងខែមេសា។ ទីក្រុងម៉ូស្គូបានបន្តបើកប្រតិបត្តិការដំណាក់កាលទី២ នៅក្នុងនិទាឃរដូវ និងដើមរដូវក្តៅ ដោយបានឈានទៅពង្រីកការកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងអ៊ុយក្រែន និងដណ្តើមយកតំបន់ Luhansk ទាំងអស់ និងផ្នែកខ្លះនៃតំបន់ជិតខាង Donetsk នៅភាគខាងកើតមកវិញ។

    សម្រាប់ដំណាក់កាលទី៣ ចាប់ពីខែសីហា ដល់ខែវិច្ឆិកា កងទ័ពអ៊ុយក្រែនបានធ្វើការវាយបកនៅភាគខាងជើងឈាងខាងកើត និងខាងត្បូង ដោយបានដណ្តើមយកទឹកដីភាគច្រើនដែលបានកាន់កាប់ដោយយោធារុស្ស៊ីនៅក្នុងរយៈពេលប៉ុន្មានខែដំបូង។

    ឥឡូវនេះ ជ័យជម្នះរបស់លោក Putin ស្ថិតនៅក្នុងសភាពពិបាកនឹងស្មាន ហើយការដាក់បញ្ចូលតំបន់របស់ប្រទេសអ៊ុយក្រែនចំនួន៤ ក្នុងឧបសម្ព័ន្ធរបស់គាត់ក៏ស្ថិតនៅក្នុងភាពរអាក់រអួល។

    ឥឡូវនេះ សំណួរសួរថា តើគេត្រូវការរយៈពេលយូរប៉ុណ្ណា និងលឿនប៉ុណ្ណា ដែលអ៊ុយក្រែនអាចដណ្តើមយកមកវិញនូវទឹកដីដែលគេបានកាន់កាប់នៅឆ្នាំ ២០២២ ហើយអាចដាក់សម្ពាធទៅលើតំបន់មួយចំនួនដែលត្រូវបានកាន់កាប់ដោយកូនជឹងរបស់រុស្ស៊ីតាំងពីឆ្នាំ ២០១៤ មក។ តើសង្គ្រាមដំណាក់កាលទី ៤ ដែលនឹងកើតឡើងនៅរដូវរងានឹងទៅជាយ៉ាងណាបន្តទៀត?

    ក្រោយការរំដោះទីក្រុង Kherson កងកម្លាំងអ៊ុយក្រែនបានកាន់កាប់តំបន់ទាំងអស់នៅភាគខាងលិចនៃទន្លេ Dnipro។ កងកម្លាំងរុស្ស៊ីដែលបានដកថយគឺស្ថិតនៅលើច្រាំងខាងកើត ហើយពួកគេបានបំផ្ទុះស្ពានសំខាន់ៗទាំងអស់ដើម្បីការពារពីការតាមប្រមាញ់របស់អ៊ុយក្រែន។

    ប៉ុន្តែវាមានសញ្ញានៃការជំរុញរបស់កងទ័ពអ៊ុយក្រែនសារជាថ្មី។ កងទ័ពបានឆ្លងកាត់ទន្លេ Dnipro ហើយបានបង្កើតមូលដ្ឋាននៅក្នុងភូមិមួយកាលពីសប្តាហ៍មុន។ ជនជាតិរុស្ស៊ីកំពុងបម្លាស់ទីជនស៊ីវិលចេញពីលំនៅដ្ឋានមួយចំនួននៅច្រាំងខាងកើត ហើយក៏មានការដកកងទ័ពមួយចំនួនផងដែរ។

    វានៅតែមិនទាន់ច្បាស់ទេថា តើពួកគេនឹងបង្កើតខ្សែការពារថ្មីរបស់ពួកគេនៅទីណាឡើយ។ ផែនការរបស់អ៊ុយក្រែនសម្រាប់ពេញមួយរដូវស្លឹកឈើជ្រុះនេះ គឺត្រូវបំផ្លាញជំរុំរបស់ទ័ពរុស្ស៊ី តាមរយៈការវាយប្រហារទៅលើតំបន់ Crimea ដែលរុស្ស៊ីបានកាន់កាប់ ក៏ដូចជាតំបន់ Kherson ភាគខាងកើត មុនពេលធ្វើការរុលទៅមុខតាមផ្លូវគោក។ ការវាយប្រហារទាំងនេះបានធ្វើឱ្យខូចខាត និងបានបំផ្លាញមូលដ្ឋានយន្តហោះចម្បាំង ឃ្លាំងគ្រាប់រំសេវ ស្ពាន និងទីតាំងដឹកជញ្ជូន និងការផ្គត់ផ្គង់ជាច្រើន។

    ផែនការខាងលើ ទំនងជាអាចបន្តដល់រដូវរងាផងដែរ។ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កងទ័ពអ៊ុយក្រែនកាលពីខែកញ្ញា កំពុងតែមានភាពរឹងមាំ ខណៈកងទ័ពរុស្ស៊ីបានព្យាយាមវាយប្រហារតាមរយៈការបាញ់ផ្លោងជាបន្តបន្ទាប់។ កងទ័ពរុស្សីក៏បានខិតខំជាច្រើនសប្តាហ៍ដើម្បីអាចប្រកាសជ័យជម្នះជានិមិត្តរូបចំពោះការកាន់កាប់នៅទីក្រុង Bakhmut ដែលស្ថិតនៅក្នុងតំបន់ Donetsk ភាគខាងកើត។

    ការប្រយុទ្ធគ្នានេះគឺជាការបង្ហូរឈាម ប៉ុន្តែការទទួលបានជ័យជម្នះរបស់រុស្ស៊ីនឹងមានតម្លៃជាយុទ្ធសាស្ត្រតិចតួចប៉ុណ្ណោះ។ ទីក្រុង Bakhmut ដែលជាខ្សែត្រៀមការពារនៅភាគខាងត្បូងរបស់អ៊ុយក្រែន ត្រូវបានកងទ័ពរុស្ស៊ីកាន់កាប់តាមរយៈការវាយបកវិញនៅក្នុងរដូវស្លឹកឈើជ្រុះ។

    អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា តើអ៊ុយក្រែនអាចទម្លុះខ្សែត្រៀមរបស់រុស្ស៊ីនៅក្នុងតំបន់ Luhansk ដើម្បីដណ្តើមតំបន់ដែលកងទ័ពរុស្ស៊ីបានកាន់កាប់នៅរដូវក្តៅ និងបំផ្លាញការដាក់បញ្ចូលតំបន់ ៤ ចូលក្នុងឧបសម្ព័ន្ធរបស់រុស្ស៊ីបានដែរឬទេ?

    1ក្តីសង្ឃឹមចុងក្រោយរបស់លោក Putin ក្នុងការសម្រេចបានតាមគំនិតផ្តួចផ្តើមរបស់លោកឡើងវិញ គឺការបំបែកហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ក្រោយពួកគេបានបង្កើនការវាយប្រហារចាប់តាំងពីថ្ងៃទី ១០ ខែតុលា ដែលបានផ្តាច់បណ្តាញអគ្គិសនីរហូតដល់ពាក់កណ្តាលនៃប្រទេសអ៊ុយក្រែន។ ប៉ុន្តែអ៊ុយក្រែនមិនបានទទួលរងនូវការខូចខាតនោះទេដោយសារមានការជួសជុល និងការសង្គ្រោះការផ្តាច់ភ្លើងត្រូវបានធ្វើឡើងទាន់ពេលវេលា។

    ឥឡូវនេះ វាមានសញ្ញាដែលបង្ហាញថាសមត្ថភាពនៃការវាយលុករបស់រុស្ស៊ីដើម្បីសម្រេចបានតាមផែនការខាងលើនោះកំពុងតែធ្លាក់ចុះ។ ជាឧទាហរណ៍ នៅក្នុងអំឡុងពេលនៃការវាយប្រហារកាលពីថ្ងៃទី ៥ ធ្នូ កាំជ្រួចជាង ៧០ គ្រាប់ដែលត្រូវបានបាញ់បង្ហោះទៅក្នុងនោះ មានជាង ៦០ គ្រាប់ត្រូវបានគេរាយការណ៍ថា ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន។

    មន្ត្រីលោកខាងលិចបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជិតអស់ហើយ ខណៈទីក្រុងតេអេរ៉ង់មិនបានយល់ព្រមក្នុងការដឹកជញ្ជូនមកឱ្យបន្ថែមទៀតទេ។ រុស្ស៊ីឥឡូវនេះ មានឧបករណ៍គ្រប់គ្រាន់នៅក្នុងស្តុកសម្រាប់តែការវាយប្រហារទ្រង់ទ្រាយធំតែ ២ ឬ ៣ លើកទៀតតែប៉ុណ្ណោះ នេះបើយោងតាមការឱ្យដឹងពីសំណាក់ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន Mykhailo Podolyak។

    ទន្ទឹមគ្នានេះដែរ ប្រទេសរុស្ស៊ីកំពុងព្យាយាមបំបែកការគាំទ្ររបស់អឺរ៉ុបចំពោះទីក្រុង Kyiv តាមរយៈការគំរាមកំហែងក្នុងការកាត់បន្ថយ ឬអាចនឹងបញ្ឈប់ទាំងស្រុងចំពោះការផ្គត់ផ្គង់ថាមពល។ រុស្ស៊ីបានបិទបំពង់បង្ហូរ Nord Stream1 ហើយគេក៏កំពុងតែសង្ស័យថា រុស្ស៊ីគឺជាអ្នកនៅពីក្រោយនៃការបំផ្ទុះដែលបានបំផ្លាញទាំងបំពង់បង្ហូរ Nord Stream1 និង Nord Stream2 នៅសមុទ្របាល់ទិកផងដែរ។

    ប៉ុន្តែការវាយលុកដើម្បីផ្តាច់ថាមពល ក៏ដូចជាសង្រ្គាមគ្រាប់ធញ្ញជាតិ បានបរាជ័យក្នុងការបំផ្លាញការប្តេជ្ញាចិត្តដើម្បីគាំទ្រដល់អ៊ុយក្រែនរបស់លោកខាងលិច។ បណ្តាប្រទេសនៅអឺរ៉ុប ទាំងក្នុងលក្ខណៈឯកជន និងតាមរយៈសហភាពអឺរ៉ុប ពិតជាបានបង្កើនជំនួយផ្នែកហិរញ្ញវត្ថុនិងយោធាដើម្បីជួយដល់អ៊ុយក្រែន។

    សម្រាប់ផ្នែកការទូត គេមិនឃើញលទ្ធភាពដែលអាចធ្វើឱ្យមានការចរចានោះទេ។ បុរេលក្ខខណ្ឌរបស់អ៊ុយក្រែន គឺរុស្ស៊ីត្រូវចាកចេញពីទឹកដីដែលពួកគេបានកាន់កាប់នៅក្នុងឆ្នាំ ២០២២ នេះ ខណៈលោក Putin ក៏មិនបានបង្ហាញសញ្ញានៃការបោះបង់ចោលនូវមហិច្ឆតារបស់គាត់ក្នុងការផ្តួលរំលំរដ្ឋាភិបាលលោក Zelenskyy និង «ការដាក់បញ្ចូលតំបន់មួយចំនួនក្នុងឧបសម្ព័ន្ធ» របស់គាត់នោះឡើយ។

    ប៉ុន្តែឥឡូវនេះគេក៏បានផ្តោតការចាប់អារម្មណ៍ទៅលើយុត្តិធម៌ និងការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។ អង្គការសហប្រជាជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ កំពុងដំណើរការស៊ើបអង្កេតនៅក្នុងតំបន់រំដោះរួចមួយចំនួន ។

    អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺពេលនេះមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីជម្រុះឱ្យកាត់ទោសមេដឹកនាំរុស្ស៊ី ក៏ដូចជាកងទ័ពរបស់លោក។ ការអំពាវនាវរបស់លោក Zelenskyy សម្រាប់សាលាក្តីអន្តរជាតិឥឡូវនេះបានទទួលនូវការគាំទ្រដោយប្រទេសបារាំង និងហូឡង់ ក៏ដូចជាបណ្តារដ្ឋនៅក្នុងតំបន់បាល់ទិក។

    ប្រធានគណៈកម្មការអឺរ៉ុប លោក ស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃ ទី ៣០ ខែវិច្ឆិកាថា ដោយមានជំនួយពីអង្គការសហប្រជាជាតិ សហភាពអឺរ៉ុបនឹងគាំទ្រដល់តុលាការពិសេសនេះ។ សេចក្តីព្រាងនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិកំពុងត្រូវបានគេរៀបចំដើម្បីដាក់ជូនមហាសន្និបាតធ្វើការពិចារណា។

    ទន្ទឹមគ្នានេះដែរ លោក Putin ក៏ប្រឈមមុខនឹងសម្ពាធក្នុងស្រុកដ៏ធ្ងន់ធ្ងរជាច្រើន។ សេដ្ឋកិច្ចរុស្ស៊ីដែលឥឡូវនេះកំពុងស្ថិតនៅក្នុងសម័យសង្គ្រាមត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះ ៨% នៅក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

    វិស័យផលិតកម្មភាគច្រើន ដូចជាឧស្សាហកម្មរថយន្ត ត្រូវផ្អាកដំណើរការ ខណៈប្រាក់ចំណូលប្រេងរបស់រុស្ស៊ីកំពុងតែធ្លាក់ចុះ ពោលគឺវាបានធ្លាក់តាំងពីមុនមានការកម្រិតតម្លៃដោយសហភាពអឺរ៉ុប បណ្តាប្រទេសG7 និងអូស្ត្រាលីនៅសប្តាហ៍នេះទៅទៀត។

    វិមានក្រឹមឡាំងបានធ្វើការបង្រ្កាបទៅលើក្រុមប្រឆាំងតាមរយៈការឃុំខ្លួន និងការគំរាមកំហែងថានឹងកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលយូរ ប៉ុន្តែការបំពាក់បរិក្ខារយោធាដ៏សន្ធឹកសន្ធាប់របស់លោក Putin និងសម្ភារៈដ៏ទំនើបរបស់ទាហានអ៊ុយក្រែន កំពុងតែបង្កឱ្យមានភាពមិនសប្បាយចិត្តដល់ក្រុមមន្រ្តីការពារជាតិរបស់លោក ក៏ដូចជាសាធារណជនរុស្ស៊ីផងដែរ។

    នៅក្នុងការស្ទង់មតិមួយកាលពីខែវិច្ឆិកាដោយមជ្ឈមណ្ឌលឯករាជ្យ Levada បានឱ្យដឹងថា អ្នកឆ្លើយសំណួរ ៥៣% គាំទ្រឱ្យមានការចរចារធៀបនឹង ៤១% ដែលចង់ឱ្យបន្តការធ្វើសង្រ្គាម។ ការស្ទង់មតិផ្ទៃក្នុងដែលរៀបចំដោយវិមានក្រឹមឡាំង គឺកាន់តែធ្វើឱ្យមានភាពស្រឡាំងកាំងដល់លោក Putin ខណៈមនុស្ស ៥៥% គាំទ្រឱ្យមានការចរចារសន្តិភាព ហើយមានតែ ២៥% ប៉ុណ្ណោះដែលចង់បន្តសង្គ្រាម។

    រដូវរងាកំពុងខិតជិតមកដល់ ហើយវានឹងចុះត្រជាក់នៅទូទាំងប្រទេសអ៊ុយក្រែន។ ប៉ុន្តែតើខ្យល់ត្រជាក់នោះនឹងនាំមកនូវភាពបរាជ័យដល់អ៊ុយក្រែនដែរឬទេ?

    Channel News Asia