ខ្មែរប៉ុស្ដិ៍ Close

កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងក្លាយជាកងទ័ពដែលពេញសមត្ថភាពសម្រាប់ពេលបច្ចុប្បន្ននេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៣ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1470
កងទ័ពរំដោះប្រជាជនចិន (PLA) កំពុងក្លាយជាកងទ័ពដែលពេញសមត្ថភាពសម្រាប់ពេលបច្ចុប្បន្ននេះកងទ័ពរំដោះប្រជាជនចិន (PLA) កំពុងក្លាយជាកងទ័ពដែលពេញសមត្ថភាពសម្រាប់ពេលបច្ចុប្បន្ននេះ

នៅក្នុងអាណត្តិទី៣ របស់ប្រធានាធិបតីចិន Xi Jinping អាទិភាពរបស់លោកគឺ «ការពន្លឿនការផ្លាស់ប្តូរយុទ្ធសាស្ត្រការពារដ៏សកម្មរបស់យោធាចិន ពីការត្រៀមខ្លួនប្រយុទ្ធទៅជាការបង្កើនប្រសិទ្ធភាពប្រយុទ្ធ ដើម្បីបំពេញគោលដៅរយៈពេល ១សតវត្សរ៍របស់កងទ័រំដោះប្រជាជន (PLA) នៅត្រឹមឆ្នាំ ២០២៧»។ គោលដៅដ៏សំខាន់របស់ប្រទេសចិនគឺ «ការបង្កើនវិធានការសន្តិសុខជាតិរបស់ខ្លួនសម្រាប់សង្គ្រាមសម័យទំនើប ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងអភិបាលកិច្ចសន្តិសុខសកល»។

របាយការណ៌ពីសមាជបក្សលើកទី២០ បានបង្ហាញថា «ប្រទេសចិនកំពុងព្យាយាមដើរតួនាទីកាន់តែគឃ្លើនជាងមុនក្នុងនាមជាតួអង្គសន្តិសុខសកល តាមរយៈការកសាងកងទ័ពមួយដែលមានវិជ្ជាជីវៈ និងដែលពេញសមត្ថភាពសម្រាប់សង្គ្រាមសម័យទំនើប»។ «សន្តិសុខ» បានក្លាយជាកង្វល់ដ៏ធំនៅក្នុងរបាយការណ៍របស់លោក Xi នៅឯសមាជបក្សលើកទី២០ ពីព្រោះពាក្យនេះត្រូវបានលើកឡើងរហូតដល់ ៨០ ដង។

«សន្តិសុខ» ​ត្រូវបាន​ពង្រីក​ដោយបាន​រួម​បញ្ចូលនូវផ្នែក​មួយចំនួនទៀត ដូចជា​មនោគមវិជ្ជា, វប្បធម៌ និង ​អវកាស។ របាយការណ៍ក៏បានសង្កត់ធ្ងន់ផងដែរទៅលើគោលបំណងរបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងយន្តការសម្រាប់ការចូលរួមរបស់ចិននៅក្នុងអភិបាលកិច្ចសន្តិសុខសកល ក្នុងគោលបំណងការពារការអភិវឌ្ឍថ្មីៗរបស់ចិន។

នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០២២ ប្រធានាធិបតី Xi បានអញ្ជើញទៅត្រួតពិនិត្យមើលមជ្ឈមណ្ឌលបញ្ជាការរួមនៃគណៈកម្មាធិការយោធា ដែលនៅទីនោះលោក Xi បានសង្កត់ធ្ងន់អំពីសារៈសំខាន់របស់គណៈកម្មាធិការយោធាមជ្ឈិមថ្មីរបស់ប្រទេសចិន (CMC) ក្នុងការពង្រឹងការត្រៀមប្រយុទ្ធរបស់កងទ័ព PLA។ អនុប្រធានគណៈកម្មការ CMC លោក Xu Qiliang បានលើកឡើងអំពីគោលបំណងចំនួន៣ របស់គណបក្សកុម្មុយនីស្តចិនក្នុងការធ្វើទំនើបកម្មវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធចិន។

គោលបំណងទាំងនោះរួមមាន «ការសម្រេចឱ្យបាននូវគោលដៅរយៈពេល ១ សតវត្សរ៍របស់កងទ័ព PLA នៅត្រឹមឆ្នាំ ២០២៧», «ការសម្រេចឱ្យបាននូវការធ្វើទំនើបកម្មវិស័យការពារជាតិ និងកងកម្លាំងប្រដាប់អាវុធនៅត្រឹមឆ្នាំ ២០៣៥» និង «ការកែប្រែកងកម្លាំងប្រដាប់អាវុធទាំងមូលឱ្យក្លាយទៅជាកងកម្លាំងលំដាប់ពិភពលោកនៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី២១»។

ទីក្រុងប៉េកាំងបានប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងនាមជាមេដឹកនាំសន្តិសុខ តាមរយៈការកំណត់នូវបទដ្ឋាននិងស្តង់ដារសម្រាប់ប្រតិបត្តិការយោធានៅ «តំបន់ប្រផេះ» ជាប្រតិបត្តិការយោធាដែលមិនផ្តោតលើការធ្វើសង្គ្រាម។ ប៉ុន្តែ​អាទិភាព​​កំពូលរបស់​ទីក្រុង​ប៉េកាំងនៅក្នុងវិស័យយោធា​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះគឺ​ «ការ​ពន្លឿន​ការធ្វើទំនើបកម្ម​​យោធា​ និង​ការធានា​សុវត្ថិភាព​នៃកំណើនសេដ្ឋកិច្ច​របស់ប្រទេសចិនប្រឆាំងនឹង​ការគំរាមកំហែង​ពីខាងក្រៅ»។

គំនិតផ្តួចផ្តើមសន្តិសុខសកលដែលត្រូវបានដាក់ចេញដោយលោក Xi កាលពីខែមេសា ឆ្នាំ២០២២ បានបង្ហាញអំពីការប៉ុនប៉ងរបស់ចិនក្នុងការកំណត់ច្បាប់សន្តិសុខសកល ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ។ ប៉ុន្តែដើម្បីចាប់យកនូវតួនាទីដែលកាន់តែរឹងមាំជាងនេះនៅក្នុងអភិបាលកិច្ចសន្តិសុខសកល ប្រទេសចិនត្រូវការកងទ័ពមួយដែលទំនើប និងមានជំនាញដែលសក្តិសមសម្រាប់ការប្រយុទ្ធនៅក្នុងយុគសម័យនៃសង្គ្រាមព័ត៌មាន។

លោក Xi បានចាត់ទុកបញ្ហាសន្តិសុខជាតិនិងយោធា ជាបញ្ហាលំដាប់កំពូលនៅក្នុងរបៀបវារៈគោលនយោបាយរបស់ចិន ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០១២ មកម៉្លេះ។ ស្ថិតក្រោមយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយរបស់លោក Xi, កងទ័ព PLA ត្រូវបានពង្រឹង កាន់តែមានវិជ្ជាជីវៈ និងកាន់តែទំនើបជាងមុន។

គោលលទ្ធិយោធារបស់កងទ័ព PLA បានផ្លាស់ប្តូរពីការសង្កត់ធ្ងន់លើការត្រៀមខ្លួនប្រយុទ្ធ ទៅផ្តោតលើការប្រយុទ្ធ និងការយកឈ្នះសង្គ្រាមនៅក្នុងតំបន់នៅក្នុងយុគសម័យព័ត៌មាន។ ប៉ុន្តែការផ្លាស់ប្ដូរពាក្យស្លោកនេះមិនមានភាពស៊ីសង្វាក់គ្នានឹងការប៉ុនប៉ងរបស់ប្រទេសចិនក្នុងការតាក់តែងឡើងវិញនូវច្បាប់សន្តិសុខសកលតាមបែបអហិង្សានោះទេ។

នៅពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ អ្នកនិយមលេងអ៊ីនធឺណិតចិនជាច្រើនបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះកង្វះការឆ្លើយតបពីសំណាក់កងទ័ព PLA ក្នុងការរារាំងមិនឱ្យយន្តហោះរបស់លោកស្រី Pelosi ចុះចតនៅទីក្រុងតៃប៉ិ។ នៅលើបណ្តាញផ្សព្វផ្សាយសង្គមរបស់ចិន ប្រជាជនចិននៅក្នុងស្រុកបានបង្ហាញនូវក្ដីរំពឹងចង់ឃើញការឆ្លើយតបផ្នែកយោធាដ៏ខ្លាំងក្លា។

បើទោះបីជាការឆ្លើយតបរបស់ក្រសួងការបរទេសចិនមានលក្ខណៈដូចគ្នាទៅនឹងការឆ្លើយតបពីមុនៗចំពោះបញ្ហាតៃវ៉ាន់ក៏ដោយ ក៏វោហាសាស្ត្ររបស់យោធាចិននៅពេលនេះបានបង្ហាញអំពីការដំឡើងសាច់ដុំខ្លាំងជាងមុន។ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានធ្វើការតវ៉ាដោយប្រើភាសាធ្ងន់ៗតាមរយៈការព្រមានទីក្រុងវ៉ាស៊ីនតោនកុំឱ្យ «ប្រលែងលេងជាមួយភ្លើង» ទន្ទឹមនឹងការរៀបចំការធ្វើសមយុទ្ធយោធាជាច្រើនលើក ដើម្បីបង្ហាញអំពីការមិនសប្បាយចិត្តរបស់ខ្លួន។

ប៉ុន្តែប្រទេសចិនមិនបានធ្វើសង្រ្គាមតាមបែបប្រពៃណី (Conventional War) នោះទេ បើគិតចាប់តាំងពីការឈ្លានពានចូលវៀតណាមនៅក្នុងឆ្នាំ ១៩៧៩ មក។ ជំហររបស់ចិននៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះគឺមានលក្ខណៈឈ្លានពានបែបស្ងប់ស្ងាត់ (Passive–assertive) ពោលគឺ «ចិនតែងតែមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការចៀសវាងពីលទ្ធភាពនៃការកើនឡើងនូវភាពតានតឹងជុំវិញបញ្ហានៅកោះតៃវ៉ាន់ ឬនៅសមុទ្រចិនខាងត្បូង ឬការប៉ះទង្គិចគ្នានៅតាមព្រំដែនជាមួយឥណ្ឌា ដែលអាចនឹងក្លាយទៅជាសង្គ្រាមបែបប្រពៃណី»។

នៅក្នុង​របាយការណ៍​សមាជ​បក្ស​លើក​ទី២០ ទីក្រុង​ប៉េកាំង​បាន​លើកឡើងនូវការព្រមានសារជាថ្មី​អំពី​ការ​ប្រើ​ប្រាស់កម្លាំង​ទ័ព​ប្រឆាំងនឹង​កោះតៃវ៉ាន់។ សាររបស់ទីក្រុងប៉េកាំងគឺជាការផ្ញើសារយ៉ាងច្បាស់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា «កុំជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។ នេះមិនមែនជាសញ្ញានៃការផ្លាស់ប្តូរជាមូលដ្ឋាននៃគោលជំហររបស់ចិនចំពោះបញ្ហាកោះតៃវ៉ាន់នោះទេ ក៏ប៉ុន្តែវាជាការដំឡើងសំឡេងខ្លាំងជាងមុន ជាមួយនឹងការសង្កត់ធ្ងន់ទៅលើតួនាទីរបស់កងទ័ព PLA នៅក្នុងទំនាក់ទំនងរវាង «ទីក្រុងប៉េកាំង-តៃប៉ិ-វ៉ាស៊ីនតោន»។

ការលុកលុយរបស់រុស្សីនៅអ៊ុយក្រែនក៏ជាការប្រកាសអាសន្នសម្រាប់ទីក្រុងប៉េកាំងផងដែរ ពីព្រោះឥឡូវនេះវា «បានបង្ហាញយ៉ាងច្បាស់ថា ការយកឈ្នះលើកោះតៃវ៉ាន់តាមរយៈមធ្យោបាយយោធា នឹងទាមទារឱ្យមានផែនការប្រតិបត្តិការ និងការបណ្តុះបណ្តាលដែលជឿនលឿន និងល្អឥតខ្ចោះ»។ កងទ័ពជើងទឹក PLA បានលើកឡើងនូវការព្រួយបារម្ភកាន់តែខ្លាំងចំពោះការចូលរួមនៅក្នុងប្រតិបត្តិការយោធាឆ្លងកាត់ច្រកសមុទ្រ ជាពិសេសជាមួយនឹងលទ្ធភាពនៃការចូលរួមពីសំណាក់កងទ័ពជើងទឹកអាមេរិក។

ជាមួយនឹងការសង្កត់ធ្ងន់សារជាថ្មីរបស់កងទ័ពជើងទឹកអាមេរិកក្នុងការផ្តោតអាទិភាពជាយុទ្ធសាស្រ្តលើការបន្តដាក់ពង្រាយកងទ័ពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អតុល្យភាពនិងអស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលមានស្រាប់នៅក្នុងតំបន់។

កងទ័ព PLA នៅមានពេលវេលាវែងឆ្ងាយណាស់ក្នុងការអាចធានាបាននូវឱកាសក្នុងការដណ្តើមយកកោះតៃវ៉ាន់។ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ពីសំណាក់ទីក្រុងប៉េកាំងក្នុងការបង្កើនល្បឿននៃទំនើបកម្មយោធារបស់ខ្លួនក៏ដោយ ក៏របាយការណ៍សមាជបក្សលើកទី២០ របស់លោក Xi បានចង្អុលបង្ហាញថា «កងទ័ព PLA នៅ តែប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈមជាបន្តបន្ទាប់»។

គណៈកម្មការ CMC ដែលទើបជាប់ឆ្នោតថ្មីនឹងបន្តប្រឈមមុខនឹងសម្ពាធនយោបាយយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំគណបក្សក្នុងការជំរុញវឌ្ឍនភាពនៃការធ្វើទំនើបកម្ម និងការពង្រឹងវិជ្ជាជីវៈយោធាតាមរយៈការហ្វឹកហ្វឺនឱ្យបានកាន់តែខ្លាំងក្លាជាងមុន នៅក្រោមលក្ខខណ្ឌប្រយុទ្ធ និងការសង្កត់ធ្ងន់លើការបណ្តុះបណ្តាលរួមគ្នានៅក្នុងផ្នែកបច្ចេកវិទ្យាកម្រិតខ្ពស់។

ការធានាបាននូវភាពស្មោះត្រង់ផ្នែកនយោបាយ និងមនោគមវិជ្ជារបស់កងទ័ព PLA ចំពោះគណបក្សក៏នឹងមានសារៈសំខាន់ខ្លាំងផងដែរសម្រាប់អ្នកបង្កើតគោលនយោបាយចិន។ នៅពេលដែលបរិយាកាសសន្តិសុខអន្តរជាតិកាន់តែមានភាពយ៉ាប់យ៉ឺន អាទិភាពយោធារបស់ចិនត្រូវបានផ្លាស់ប្តូរពីការត្រៀមលក្ខណៈដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅ ទៅជាការប្រយុទ្ធដ៏មានប្រសិទ្ធភាពដើម្បីយកឈ្នះលើការប្រកួតប្រជែងផ្នែកយោធានៅពេលអនាគត។

មានតែកងទ័ពដែលទំនើប និងដែលពោរពេញទៅដោយសមត្ថភាពក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមសម័យទំនើប បូករួមនឹងសេដ្ឋកិច្ចដែលមានភាពធន់ និងនិរន្តរភាពនោះទេ ទើបអាចឱ្យប្រទេសចិនអាចការពារខ្លួន និងការពារផលប្រយោជន៍ស្នូលរបស់ជាតិ ប្រឆាំងនឹងអស្ថិរភាពខាងភូមិសាស្ត្រនយោបាយពីខាងក្រៅបាន៕

East Asia Forum

អត្ថបទទាក់ទង