ខ្មែរប៉ុស្ដិ៍ Close

    ការមមើមមាយដើរចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មសកល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1367
    ការមមើមមាយដើរចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មសកលការមមើមមាយដើរចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មសកល

    ពិភពលោកកំពុងជាប់គាំងនៅក្នុងវិបត្តិដ៏ធំមួយដែលរួមមានវីរុសកូវីដ-១៩, សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន, អតិផរណាដ៏ខ្ពស់, ការភ័យខ្លាចនៃការកើតមានវិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃវិបត្តិបំណុលនៅបណ្តាប្រទេសដែលមានទីផ្សារកំពុងរីកចម្រើននិងកំពុងអភិវឌ្ឍ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺ «សង្រ្គាមពាណិជ្ជកម្មដ៏មហន្តរាយ»។

    សង្គ្រាមពាណិជ្ជកម្មកំពុងតែបង្កការបំផ្លិចបំផ្លាញយ៉ាងធំសម្បើម ពីព្រោះបណ្តាប្រទេសជាប់ពាក់ព័ន្ធមួយចំនួនមានទំនោរចាត់វិធានការសងសឹក តាមរយៈការបង្កើនរនាំងពាណិជ្ជកម្មកាន់តែខ្ពស់ដែលជារឿងមិនធ្លាប់មានពីមុនមក។ វដ្តដ៏អាក្រក់នេះទំនងជាកើតមានដោយសារការអូសបន្លាយយ៉ាងយូរនៃវិបត្តិសេដ្ឋកិច្ចដ៏ធំនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដែលជាហេតុធ្វើឱ្យសហរដ្ឋអាមេរិកដឹកនាំកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍប្រព័ន្ធពាណិជ្ជកម្មពិភពលោកថ្មីមួយនៅក្រោយឆ្នាំ ១៩៤៥ ដោយបានបង្កើតឱ្យមានពេលវេលាដ៏ជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកំណើនសេដ្ឋកិច្ចពិភពលោក។

    អស់រយៈពេល ៧០ ឆ្នាំមកហើយ ពាណិជ្ជកម្មសកលត្រូវបានគាំទ្រដោយនីតិរដ្ឋ និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទទួលខុសត្រូវលើការវិនិច្ឆ័យដោយមិនលំអៀងចំពោះជម្លោះពាណិជ្ជកម្ម។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៧ មក រដ្ឋបាល Donald Trump បានដកការគាំទ្ររបស់អាមេរិកចេញពីអង្គការ WTO និងបានចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយចិន។

    បន្ថែមពីលើការដាក់ពន្ធលើទំនិញនាំចូល សហរដ្ឋអាមេរិកក៏បានបង្កើនការដាក់ពន្ធទៅលើទំនិញជាក់លាក់មួយចំនួនផងដែរ ដូចជាដែកថែបនិងអាលុយមីញ៉ូម ដោយប្រើលេស «ការព្រួយបារម្ភអំពីសន្តិសុខជាតិ»។ បើទោះបីជាមេធាវី ពាណិជ្ជកម្មភាគច្រើនយល់ថា «វិធានការទាំងនេះបានដើរផ្ទុយពីច្បាប់របស់អង្គការ WTO» ក៏ដោយ ក៏ដៃគូពាណិជ្ជកម្មរបស់អាមេរិកបានជៀសវាងពីការចាត់វិធានការសងសឹកជាមួយនឹងក្តីសង្ឃឹមថា «រដ្ឋបាលក្រោយអាចនឹងលុបចោលនូវគោលនយោបាយគាំពារនិយមរបស់លោក Trump»។

    ជាអកុសល រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden មិនបានលុបចោលវិធានការពាណិជ្ជកម្មរបស់លោក Trump ឬស្ដារមុខងារសំខាន់ៗរបស់អង្គការ WTO ដូចជាយន្តការដោះស្រាយជម្លោះនោះទេ។ បន្ថែមពីលើនេះ ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក (IRA) និងច្បាប់បន្ទះឈីបនិងវិទ្យាសាស្រ្ត (CHIPS and Science Act) អាចនឹងបង្កការខូចខាតកាន់តែធ្ងន់ធ្ងរដល់បណ្តាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តធំៗ ដែលអាចជំរុញឱ្យពួកគេត្រូវតែធ្វើការសងសឹក។

    សូមអាន ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

    នៅពេលនោះសហរដ្ឋអាមេរិកនឹងត្រូវចូលរួមនៅក្នុងសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ ហើយពិភពលោកនឹងត្រូវប្រឈមមុខនឹងវិបត្តិដ៏ធំមួយទៀត ដែលនោះគឺ «ការបែកបាក់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ»។ ទាំងច្បាប់ IRA និងច្បាប់ CHIPS មានលក្ខណៈការពារនិយម និងរើសអើងដោយបើកចំហ និងបានបំពានលើកិច្ចព្រមព្រៀងកាត់បន្ថយពន្ធពហុភាគីដែលសហរដ្ឋអាមេរិកបានចរចាជាបន្តបន្ទាប់ជាមួយបណ្តាប្រទេសនានា។

    ជាឧទាហរណ៍ : ច្បាប់ IRA បានផ្តល់ការឧបត្ថម្ភធន ៧ ៥០០ ដុល្លារ ដល់អ្នកទិញរថយន្តអគ្គិសនី (EV) នៅសហរដ្ឋអាមេរិក ដោយក្នុងនោះច្បាប់បានកំណត់ថា «រថយន្តអគ្គិសនីត្រូវតែជារថយន្តដែលផលិតនៅ សហរដ្ឋអាមេរិក និងដែលមានធាតុផ្សំភាគច្រើនជារបស់អាមេរិក»។ ដូចគ្នានេះដែរ ច្បាប់ CHIPS បានបែងចែកទឹកប្រាក់ចំនួន ៥២ ពាន់លានដុល្លារសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគលើរោងចក្រផលិតបន្ទះឈីបដែលសាងសង់ឡើងដោយក្រុមហ៊ុនឯកជននៅសហរដ្ឋអាមេរិក។

    មនុស្សមួយចំនួនបានលើកឡើងនូវការសង្ស័យថា «វាមិនមែនជារឿងសមហេតុផលនោះទេក្នុងការដាក់ចេញនូវការឧបត្ថម្ភធនរថយន្តអគ្គិសនី (EV) ដែលមានលក្ខណៈរើសអើងខ្លាំងចំពោះរថយន្តដែលផលិតនៅបរទេស (ក៏ដូចជាអាគុយ និងគ្រឿងបន្លាស់រថយន្តផ្សេងៗទៀត) បូករួមទាំងផលិតនៅសហភាពអឺរ៉ុប, ចក្រភពអង់គ្លេស, ជប៉ុន និងកូរ៉េខាងត្បូង»។ ច្បាប់ CHIPS នេះទំនងជាមិនអាចសម្រេចបាននូវលទ្ធផលដូចការចង់បាននោះទេ។

    សូមអាន គោលនយោបាយសេដ្ឋកិច្ចស្តីអំពីការផ្តោតលើអាមេរិកជាធំ (American First) របស់លោក Biden អាចបង្កជាហានិភ័យនៃការ ប្រេះឆាជាមួយអឺរ៉ុប

    ប្រធានាធិបតីបារាំង Emmanuel Macron បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់លោក Biden នៅក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលថ្មីៗនេះរបស់លោកនៅឯសេតវិមានថា «វិធានការការពារនិយមជា ឯកតោភាគីរបស់អាមេរិកអាចធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មមានភាពកាន់តែតានតឹងខ្លាំង»។ ដូចគ្នានេះដែរ បណ្តារដ្ឋាភិបាលផ្សេងៗទៀតក៏កំពុងស្ថិតនៅក្រោមសម្ពាធនយោបាយកាន់តែខ្លាំងផងដែរ ជាមួយនឹងការជំរុញឱ្យមានការឧបត្ថម្ភធនដល់ការផលិតបន្ទះឈីប ដើម្បីឆ្លើយតបទៅនឹងវិធានការថ្មីៗរបស់អាមេរិក។

    ប្រសិនបើច្បាប់ IRA និងច្បាប់ CHIPS ពិតជានឹងចូលជាធរមាននៅថ្ងៃទី ០១ ខែមករា ដូចដែលបានគ្រោងទុកមែន បណ្តាសម្ព័ន្ធមិត្តរបស់អាមេរិកច្បាស់ជានឹងធ្វើការសងសឹកយ៉ាងពិតប្រាកដ ហើយអាចជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការសងសឹកត្រឡប់បទៅវិញ។ ការសងសឹកគ្នាទៅវិញទៅមកកាន់តែខ្លាំងបែបនេះអាចបង្កផលប៉ះពាល់ដល់ប្រភេទជាច្រើនទៀតនៃមុខទំនិញនាំចេញដែលជាហេតុអាចបង្កើនទំហំនៃការខាតបង់ផ្នែកសេដ្ឋកិច្ច។

    មហាអំណាចពាណិជ្ជកម្មធំៗនៅលើពិភពលោកត្រូវតែចាត់វិធានការឱ្យបានឆាប់រហ័សដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃសង្គ្រាមពាណិជ្ជកម្មដ៏មហន្តរាយនេះ។ បញ្ហាបន្ទះឈីបគួរតែត្រូវបានគេនាំយកទៅកាន់អង្គការ WTO ហើយសហរដ្ឋអាមេរិកគួរតែគោរពតាមសេចក្តីសម្រេចដែលអាចនឹងសម្រេចថា «ការឧបត្ថម្ភធនគឺជារឿងខុសច្បាប់»។

    ក្រុមហ៊ុនផលិតបន្ទះឈីបអាចព្រមព្រៀងគ្នាលើកតិកាសញ្ញាមួយដែលរួមបញ្ចូលនូវការបញ្ជាក់អំពីច្បាប់ស្តីពីការនាំចេញគ្រឿងម៉ាស៊ីននិងបន្ទះឈីប បូករួមនឹងយន្តការអនុវត្តច្បាប់។ សហរដ្ឋអាមេរិកគួរបង្កើនការវិនិយោគឱ្យបានកាន់តែច្រើននៅក្នុងផ្នែកអប់រំនិងបណ្តុះបណ្តាល ដែលអាចជួយឱ្យក្រុមហ៊ុនផលិតក្នុងស្រុកមានលទ្ធភាពទទួលបានបុគ្គលិក ដែលទទួលការបណ្តុះបណ្តាលយ៉ាងល្អ។

    ពាក់ព័ន្ធនឹងរថយន្តអគ្គិសនីនិងអាគុយ ក្រុមហ៊ុនផលិតទាំងបរទេស និងក្នុងស្រុកគួរតែធ្វើការប្រកួតប្រជែងគ្នាដោយស្មើភាព។ ប្រទេសនាំចេញរថយន្តអាចផ្តល់នូវការឧបត្ថម្ភធនដល់អ្នកទិញរថយន្តអគ្គិសនីថ្មីៗទាំងអស់នូវចំនួនដូចគ្នាទៅនឹងអ្វីដែលជនជាតិអាមេរិកទទួលបាន។ រដ្ឋបាល Biden គួរធ្វើវិសោធនកម្មច្បាប់ឡើងវិញដើម្បីផ្តល់ការឧបត្ថម្ភធនដល់ការទិញរថយន្តអគ្គិសនីទាំងអស់ បូករួមទាំងរថយន្តនាំចូលផងដែរ។ វិធានការទាំងនេះនឹងអាចនាំមកនូវលទ្ធផលល្អប្រសើរជាងមុនសម្រាប់សេដ្ឋកិច្ចពិភពលោក៕

    Project Syndicate