ខ្មែរប៉ុស្ដិ៍ Close

    តើផែនការសន្តិភាព ១០ ចំណុចរបស់លោក Zelenskyy គឺជាអ្វី?

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 1401
    តើផែនការសន្តិភាព ១០ ចំណុចរបស់លោក Zelenskyy គឺជាអ្វី?តើផែនការសន្តិភាព ១០ ចំណុចរបស់លោក Zelenskyy គឺជាអ្វី?

    ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិងកំពុងជំរុញយ៉ាងសកម្មនូវផែនការសន្តិភាព ១០ ចំណុចរបស់លោក ដោយបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក Joe Biden និងមានការអំពាវនាវឱ្យមេដឹកនាំពិភពលោក រៀបចំកិច្ចប្រជុំកំពូលសន្តិភាពសកលដោយផ្អែកលើផែនការនេះ។

    ខាងក្រោមនេះគឺជាចំណុចសំខាន់ៗ នៃផែនការនេះ បូករួមនឹងប្រតិកម្មរបស់លោក។ លោក Zelenskyy បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់លោកនៅឯកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា ដោយក្នុងនោះ ផែនការនេះបានអំពាវនាវឱ្យមាន៖

    • ទី១ «សុវត្ថិភាពវិទ្យុសកម្មនិងនុយក្លេអ៊ែរ ដោយផ្តោតលើការពង្រឹងសន្តិសុខនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ ដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhia នៅអ៊ុយក្រែនដែលឥឡូវនេះកំពុងត្រូវបានកាន់កាប់ដោយរុស្ស៊ី»។
    • ទី២ «សន្តិសុខស្បៀង បូករួមទាំងការការពារ និងការធានានូវការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសក្រីក្របំផុតរបស់ពិភពលោក»។
    • ទី៣ «សន្តិសុខថាមពល ដោយផ្តោតលើការរឹតបន្តឹងលើតម្លៃថាមពលរបស់រុស្ស៊ី ក៏ដូចជាការជួយអ៊ុយក្រែនក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនដែលពាក់កណ្តាលត្រូវបានបំផ្លាញដោយការវាយប្រហារ របស់រុស្ស៊ី»។
    • ទី៤ «ការដោះលែងអ្នកទោស និងជននិរទេសខ្លួនទាំងអស់ បូករួមទាំងអ្នកទោសសង្រ្គាម និងកុមារដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី»
    • ទី៥ «ការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន និងការធានាពីរុស្ស៊ី ដោយយោងទៅតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលលោក Zelenskyy បាននិយាយថា វាជារឿងដែលមិនអាចចរចាគ្នាបានឡើយ»។
    • ទី៦ «ការដកទ័ពរបស់រុស្ស៊ី, ការបញ្ឈប់អរិភាព និងការស្ដារឡើងវិញនូវព្រំដែនរដ្ឋរវាងអ៊ុយក្រែនជាមួយនឹងរុស្ស៊ី»។
    • ទី៧ «យុត្តិធម៌ បូករួមទាំងការបង្កើតតុលាការពិសេសមួយដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ី»។
    • ទី៨ «ការការពារបរិស្ថានដោយផ្តោតលើការដោះមីននិងការស្ដារឡើងវិញនូវទីតាំងចម្រោះទឹក»។
    • ទី៩ «ការទប់ស្កាត់ការកើនឡើងនៃជម្លោះ និងការកសាងផែនការសន្តិសុខនៅក្នុងតំបន់ Euro-Atlantic បូករួមទាំងការផ្តល់ការធានាដល់អ៊ុយក្រែន»។
    • ទី១០ «ការបញ្ជាក់ អំពីការបញ្ចប់សង្គ្រាម ដោយរួមបញ្ចូលទាំងការចុះហត្ថលេខាលើឯកសារដោយភាគី ពាក់ព័ន្ធទាំងអស់»។

    នៅខែធ្នូនេះ លោក Zelenskyy បានជំរុញឱ្យមេដឹកនាំនៃក្រុមប្រទេ G7 គាំទ្រគំនិតរបស់លោកស្តីពីការបង្កើតកិច្ចប្រជុំកំពូលសន្តិភាពសកល ដែលនឹងផ្តោតលើផែនការសន្តិភាព «ទាំងស្រុង ឬចំណុចជាក់លាក់មួយចំនួន»។

    រុស្ស៊ីបានច្រានចោលសំណើសន្តិភាពរបស់លោក Zelenskyy នៅក្នុងខែនេះ និងបានរំឮកឡើងវិញកាលពីថ្ងៃអង្គារថា «ខ្លួននឹងមិនបោះបង់ចោលទឹកដីណាមួយ ដែលខ្លួនបានដណ្តើមកាន់កាប់ដោយប្រើកម្លាំងនោះទេ ដែលវាមានចំណែកប្រហែល ២០% នៃទឹកដីរបស់អ៊ុយក្រែន»។ លោក Zelensky បានបន្តជំរុញវិធានការការទូត តាមរយៈការបង្ហាញផែនការរបស់លោក ទៅកាន់មេដឹកនាំមួយចំនួនដែលរួមមានទាំងលោក Biden, ប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។

    ការគាំទ្ររបស់លោកខាងលិចចំពោះយោធារបស់អ៊ុយក្រែនបានឈានដល់ទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយក្រោមការដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រទេសនានាបានប្រញាប់ប្រញាល់ជួយទីក្រុង Kyiv តាមរយៈការដោះមីន និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនឡើងវិញ ក៏ប៉ុន្តែការឆ្លើយតបទៅនឹងផែនការសន្តិភាពរបស់លោក Zelensky និងកិច្ចប្រជុំកំពូលសន្តិភាពដែលលោកបានស្នើឡើង ត្រូវបានធ្វើឡើងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់។

    ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែនទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២២ ខែធ្នូ លោក Biden បាននិយាយនៅក្នុងសុន្ទរកថាជាសាធារណៈថា «លោក និង Zelenskyy បានចែករំលែកទស្សនៈដូចគ្នាសម្រាប់សន្តិភាព ហើយសហរដ្ឋអាមេរិកបានប្តេជ្ញាថានឹងធានាឱ្យបានថា អ៊ុយក្រែននឹងអាចការពារខ្លួនឯងបាន»។

    មេដឹកនាំ G7 បាននិយាយថា «ពួកគេប្តេជ្ញាថានឹងនាំយកសន្តិភាពជូនដល់ប្រទេសអ៊ុយក្រែន ខណៈដែលនេះគឺជាសិទ្ធិរបស់ប្រទេសដូចដែលមានចែងនៅក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាននិយាយថា «នៅក្នុងពេលឆាប់ៗខាងមុខនេះ ឱកាសសម្រាប់កិច្ចចរចាសន្តិភាពគឺមានកម្រិតតិចតួចណាស់។ ខ្ញុំជឿថា ការប្រឈមមុខដាក់គ្នាផ្នែកយោធានឹងនៅតែបន្តកើតមាន ហើយវាអាចនឹងត្រូវចំណាយពេលវេលាបន្តិច រហូតដល់ការចរចាដ៏ម៉ឺងម៉ាត់សម្រាប់សន្តិភាពអាចកើតមានបាន»៕

    Al Jazeera