ខ្មែរប៉ុស្ដិ៍ Close

    អាស៊ានចាំបាច់ត្រូវតែមើលឱ្យហួសពីចំណុចកុងសង់ស៊ីសទាំង ៥ របស់ប្រទេសមីយ៉ាន់ម៉ា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1570
    អាស៊ានចាំបាច់ត្រូវតែមើលឱ្យហួសពីចំណុចកុងសង់ស៊ីសទាំង ៥ របស់ប្រទេសមីយ៉ាន់ម៉ាអាស៊ានចាំបាច់ត្រូវតែមើលឱ្យហួសពីចំណុចកុងសង់ស៊ីសទាំង ៥ របស់ប្រទេសមីយ៉ាន់ម៉ា

    ការអត់ធ្មត់តែងតែមានដែនកំណត់ សូម្បីតែសម្រាប់ស្ថាប័នអាស៊ាន ដែលកំពុងតែល្បីឈ្មោះពាក់ព័ន្ធនឹងភាពយឺតយ៉ាវក្នុងការធ្វើសកម្មភាពក៏ដោយ។ ពួកគេត្រូវតែធ្វើអ្វីមួយឱ្យបានឆាប់រហ័សដើម្បីដោះស្រាយបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែផ្គើននឹងការសន្យារបស់ខ្លួនក្នុងការបញ្ចប់អំពើហិង្សានៅក្នុងប្រទេស។ បរាជ័យចំពោះបញ្ហាមីយ៉ាន់ម៉ាកំពុងតែអូសទាញអាស៊ានទាំងមូលឱ្យធ្លាក់ទៅក្នុងទឹក។

    ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ ឥណ្ឌូណេស៊ីបាននិយាយថា ពួកគេនឹងជំរុញរបបយោធាមីយ៉ាន់ម៉ាឱ្យគោរពចំពោះចំណុចកុងសង់ស៊ីសទាំង ៥ ដែលពួកគេបានចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយដែលបានធ្វើឡើងនៅទីក្រុងហ្សាការតាកាលពីខែមេសា ឆ្នាំ ២០២១ ក្រោយរបបយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ។

    អស់រយៈពេលជាង ២០ ខែក្រោយមក រដ្ឋាភិបាលយោធាមិនបានគោរពតាមចំណុចណាមួយនៅក្នុងចំណោមចំណុចទាំង ៥ នោះឡើយ ដែលនេះគឺជាការបង្ហាញយ៉ាងជាក់ស្តែងដល់មនុស្សគ្រប់គ្នាថា មកដល់ពេលនេះ ក្រុមឧត្តមសេនីយ៍ដែលទទួលបន្ទុកនៅទីក្រុងណៃពីដោ មិនមានចេតនាក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនោះឡើយ។ ពួកគេអាចនឹងមិនមានចេតនាគោរពតាមតាំងពីដំបូងមកម្លេះហើយពួកគេបានបោកបញ្ឆោតមេដឹកនាំអាស៊ានផ្សេងទៀតដែលមានវត្តមាននៅក្នុងកិច្ចប្រជុំដ៏សំខាន់នោះ។

    ចំណុចកុងសង់ស៊ីសទាំង ៥ គឺជាឯកសារដ៏ល្អ ហើយក៏ជាឯកសារការទូតដែលប្រធានាធិបតី Jokowi បានខិតខំរៀបចំឡើង។ ចំណុចទាំង ៥ នោះរួមមាន ការបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់អំពើហិង្សា, ការរៀបចំកិច្ចសន្ទនារវាងគ្រប់ភាគី, ការតែងតាំងបេសកជនពិសេស, ការអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ និងការអនុញ្ញាតឱ្យបេសកជនពិសេសអាស៊ានធ្វើដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាដើម្បីជួបជាមួយគ្រប់ភាគី។

    វាគឺជាកិច្ចព្រមព្រៀងដ៏ល្អបំផុតដែលភាគីទាំងពីរអាចទទួលយកបាន ហើយវាពិតជាបានផ្តល់ជាក្តីសង្ឃឹមមួយដល់ប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងនៅក្នុងពិភពលោកថាស្ថានភាពនឹងមានភាពប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ជាច្រកចេញដ៏សមរម្យមួយសម្រាប់របបយោធា ហើយក៏បានផ្តល់នូវភាពជឿជាក់មួយចំនួនដល់អាស៊ានសម្រាប់សមត្ថភាពក្នុងការដោះស្រាយបញ្ហារបស់ពួកគេផងដែរ។

    ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការបំភ័ន្តតែប៉ុណ្ណោះ។ សព្វថ្ងៃ ចំណុចកុងសង់ស៊ីសនេះហាក់ដូចជាឯកសារដែលបានស្លាប់បាត់ទៅហើយ ខណៈអាស៊ាន ឬឥណ្ឌូណេស៊ីដែលជាប្រធាន គួរតែបង្កើតផែនការថ្មីជំនួសវិញ។

    ជាក់ស្តែង អាស៊ានមិនមានធ្វើអ្វីបានច្រើនចំពោះប្រទេសមីយ៉ាន់ម៉ានោះទេ ហើយវាមិនមែនដោយសារតែគោលការណ៍ «មិនជ្រៀតជ្រែក» នោះឡើយ តែវាបណ្តាលមកពីរបបយោធាបានបដិសេធចំពោះការអន្តរាគមន៍ពីសំណាក់ប្រទេសនានា និងសូម្បីតែពីសំណាក់ប្រទេសជិតខាងនៅក្នុងអាស៊ានដែលមានបំណងល្អក៏ដោយ។ របបនេះបានបន្តការសម្លាប់ និងបន្តធ្វើទុក្ខបុកម្នេញចំពោះប្រជាជនដែលប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន។ ដូចនេះ ផែនការ B ស្តីអំពីមីយ៉ាន់ម៉ាមិនគួរផ្តោតទៅលើកិច្ចសន្ទនា ឬកិច្ចប្រជុំបន្ថែមទៀតជាមួយរបបយោធានោះឡើយ។

    នាវាបានចាប់ផ្តើមចេញដំណើរហើយ។ អាស៊ានគួរតែត្រៀមខ្លួនដើម្បីបញ្ឈប់ការគិតដែលថា ពួកគេមានសមត្ថភាពអាចដោះស្រាយបញ្ហាប្រទេសមីយ៉ាន់ម៉ាបាន ហើយត្រូវតែបញ្ជូនបញ្ហានេះទៅអង្គការសហប្រជាជាតិ ដើម្បីឱ្យពួកគេដោះស្រាយ។ អាស៊ានគួរតែត្រៀមខ្លួនដើម្បីធ្វើការព្យួរសមាជិកភាពរបស់មីយ៉ាន់ម៉ា ប្រសិនបើយន្តការសម្រាប់ការបណ្ដេញសមាជិកចេញមិនទាន់ត្រូវបានចែងនៅក្នុងច្បាប់របស់សមាគមមួយនេះ។

    អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយដែលអាស៊ានបានដាក់ចេញនូវគោលនយោបាយ ដើម្បីដកតំណាងផ្នែកនយោបាយរបស់ប្រទេសមីយ៉ាន់ម៉ាចេញពីកិច្ចប្រជុំអាស៊ានទាំងអស់ដែលរួមមានទាំងកិច្ចប្រជុំកំពូលនិងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ តែវាមិនមែនជារឿងល្អប៉ុន្មានទេ ប្រសិនបើពួកគេមានចេតនាចង់ដាក់សម្ពាធទៅលើរបបយោធាមីយ៉ាន់ម៉ានោះ។

    ឥឡូវនេះយើងកំពុងឈានដល់ចំណុចដែលសមាជិកភាពរបស់ប្រទេសមីយ៉ាន់ម៉ាបានក្លាយជាផលប៉ះពាល់ចំពោះអាស៊ានហើយ។ ការបរាជ័យក្នុងការដាក់សម្ពាធលើរបបយោធាឱ្យបញ្ចប់អំពើហិង្សាកំពុងតែបង្កឱ្យមានផលប៉ះពាល់ដល់ភាពជឿជាក់ចំពោះក្រុមនេះទាំងមូល។

    ការព្យួរសមាជិកភាពនឹងអាចជួយដកបញ្ហាមីយ៉ាន់ម៉ាចេញពីរបៀបវារៈអាស៊ាន ហើយធ្វើឱ្យក្រុមនេះអាចបង្វែរពេលវេលានិងធនធានរបស់ខ្លួនទៅលើបញ្ហាជាច្រើនទៀតដែលមានសារៈសំខាន់ដូចគ្នា ប៉ុន្តែមិនទាន់ត្រូវបានគេផ្តល់ការយកចិត្តទុកខណៈដែលអាស៊ានបានផ្តោតទៅលើប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជិត ២ ឆ្នាំកន្លងមកហើយ។

    វាមិនមែនជាការបោះបង់ចោលប្រជាជនមីយ៉ាន់ម៉ានោះទេ ប៉ុន្តែបន្ទាប់ពីរយៈពេលជិត ២ ឆ្នាំកន្លងទៅវាច្បាស់ណាស់ថា ការស្ដារឡើងវិញនូវសន្តិភាពនៅក្នុងប្រទេសនេះ គឺពិតជាការងារដ៏ធំណាស់សម្រាប់អាស៊ាន។ ប្រទេសមីយ៉ាន់ម៉ានឹងត្រូវបានស្វាគមន៍ឱ្យចូលរួមនៅក្នុងក្រុមនេះម្តងទៀតនៅពេលដែលប្រទេសនេះអាចស្តារនូវសន្តិភាពបានឡើងវិញ ហើយបានរៀបចំនូវរដ្ឋាភិបាលដែលគួរជាទីទុកចិត្តបានរួចរាល់។

    បើគេមិនរាប់បញ្ចូលបញ្ហារបស់ប្រទេសមីយ៉ាន់ម៉ានោះទេ នោះរបៀបវារៈរបស់អាស៊ានគឺបានពេញលេញអស់ទៅហើយ ព្រោះឥណ្ឌូណេស៊ីដែលត្រូវធ្វើជាប្រធានគ្រប់គ្រងនៅក្នុងឆ្នាំនេះនឹងត្រូវទទួលខុសត្រូវចំពោះបញ្ហាជាច្រើន ដោយរាប់ចាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោកដែលកំពុងតែខិតចូលមកដល់, ការស្ដារឡើងវិញឱ្យមានភាពប្រក្រតីខ្លះៗក្រោយជម្ងឺរាតត្បាតកូវីដ-១៩ និងគម្រោងកសាងសហគមន៍អាស៊ាន រហូតដល់ភាពតានតឹងមួយចំនួនទៀតដែលរួមមានបញ្ហានៅសមុទ្រចិនខាងត្បូង, ផលប៉ះពាល់នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ការប្រកួតប្រជែងរវាងអាមេរិកនិងចិនកាន់តែខ្លាំងឡើង និងការលើកកម្ពស់ទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

    ហើយនៅឆ្នាំនេះ ប្រទេសទីម័រខាងកើតក៏មានគម្រោងក្នុងការចូលជាសមាជិកទី ១១ របស់អាស៊ានផងដែរ។ តើហេតុអ្វីបានជាប្រទេសវ័យក្មេងដែលកំពុងតែជាប់ចំណាត់ថ្នាក់លេខរៀងខ្ពស់ជាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងៗទៀតនៅក្នុងសន្ទស្សន៍ប្រជាធិបតេយ្យពិភពលោកត្រូវចំណាយពេលរង់ចាំ ខណៈដែលរបបឃោរឃៅត្រូវបានអនុញ្ញាតឱ្យរក្សាសមាជិកភាពរបស់ខ្លួននោះ។

    ទំនួលខុសត្រូវគឺត្រូវស្ថិតនៅលើឥណ្ឌូណេស៊ីដែលជាប្រធានក្នុងការសម្រេចចិត្តទៅលើជោគវាសនា នៃការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងអាស៊ាន។ យើងគួរតែផ្តល់ពេលវេលាដល់របបយោធារហូតដល់ខែមេសា មុនពេលធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការព្យួរសមាជិកទាំងស្រុង ឬបណ្តេញប្រទេសមីយ៉ាន់ម៉ាចេញ។

    រយៈពេល ២ឆ្នាំសម្រាប់ការអនុវត្តន៍ចំណុចកុងសង់ស៊ីសទាំង ៥ គឺហាក់ដូចជាច្រើនពេកហើយ។ ការអត់ធ្មត់របស់អាស៊ានក៏គួរតែមានដែនកំណត់ផងដែរ៕

    The Jakarta Post

    អត្ថបទទាក់ទង