ខ្មែរប៉ុស្ដិ៍ Close

    សម្ពាធនយោបាយនិងសេដ្ឋកិច្ច បាននាំឱ្យទីក្រុងប៉េកាំងដកចេញនូវនយោបាយ Zero-Covid

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 1463
    សម្ពាធនយោបាយនិងសេដ្ឋកិច្ច បាននាំឱ្យទីក្រុងប៉េកាំងដកចេញនូវនយោបាយ Zero-Covidសម្ពាធនយោបាយនិងសេដ្ឋកិច្ច បាននាំឱ្យទីក្រុងប៉េកាំងដកចេញនូវនយោបាយ Zero-Covid

    ក្នុងរយៈពេល ២ ខែចុងក្រោយនៃឆ្នាំ ២០២២  ពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលប្រទេសចិនបានធ្វើការដកចេញភ្លាមៗនូវយុទ្ធសាស្ត្រ Zero-Covid ដ៏តឹងរ៉ឺងរបស់ខ្លួន ដោយបានលុបចោលការធ្វើតេស្ត និងការបិទខ្ទប់ទ្រង់ទ្រាយធំ ដែលបានធ្វើអស់រយៈពេល ៣ ឆ្នាំ និងបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេចុងក្រោយបង្អស់ ដែលបានបើកព្រំដែនរបស់ខ្លួនឡើងវិញទៅកាន់ពិភពលោក។ ការបើកដំណើរការឡើងវិញដោយពុំមានការប្រកាសជាមុននូវកាលបរិច្ឆេទ ឬផែនទីបង្ហាញផ្លូវនេះ ក៏បានបង្កការភ្ញាក់ផ្អើលដល់សមាជិកភាគច្រើននៃគណបក្សកុម្មុយនីស្តចិន, បុគ្គលិកពេទ្យជួរមុខ និងសូម្បីតែអ្នកបង្កើតគោលនយោបាយក្នុងស្រុក។

    ខណៈពេលដែលក្រុមអ្នកធ្វើសេចក្ដីសម្រេចចិត្តកំពូល ដែលដឹកនាំដោយប្រធានាធិបតី Xi Jinping បានសម្រេចរួចទៅហើយក្នុងការដកចេញនូវការរឹតបន្តឹងកូវីដ-១៩ នៅខែមីនា ប្រភពក៏ដូចជាអ្នកវិភាគជាច្រើនបាននិយាយថា មានកត្តាជាច្រើនដែលជំរុញឱ្យមានការបើកឡើងវិញលឿនបែបនេះ ពោលគឺរួមមានដូចជាការតវ៉ាប្រឆាំងនឹងយុទ្ធសាស្ត្រនេះកាលពីចុងខែវិច្ឆិកា ព្រមទាំងទម្ងន់ដែលធ្ងន់ជាងការរំពឹងទុក ទៅលើសេដ្ឋកិច្ច ពីការរឹតបន្តឹង និងពីចំនួនដ៏ច្រើនសន្ធឹកនៃការឆ្លងមេរោគកូវីដ-១៩។ បន្ទាប់ពីលោក Xi បានជាប់ឆ្នោតអាណត្តិទី៣ ក្នុងនាមជាមេដឹកនាំបក្សកុម្មុយនីស្តនៅឯសមាជជាតិរបស់ខ្លួនកាលពីខែតុលា ជំនួយការដែលគួរឱ្យទុកចិត្តជាច្រើននាក់របស់លោក ដែលត្រូវបានដាក់ឱ្យគ្រប់គ្រងនៅតាមមជ្ឈមណ្ឌលនៃសកម្មភាពសេដ្ឋកិច្ចនានា បានណែនាំឱ្យលោកពន្លឿនការបើកឡើងវិញ។

    មន្ត្រីសុខាភិបាលម្នាក់បាននិយាយថា ផែនការបើកដំណើរការឡើងវិញមុនកាលកំណត់នេះនឹងមិនអាចជួយឱ្យអ្វីៗអាចដំណើរការមុនកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាជាតិ និងស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេសក្នុងខែមីនានោះទេ។ លោក​បាន​និយាយ​ថា «ខែ​មីនាគឺ​ជា​ពេល​វេលា​ល្អ​ជាង។ យើងនឹងមានពេលវេលាបន្ថែមទៀត ដើម្បីបង្កើនអត្រានៃការចាក់វ៉ាក់សាំង ជាពិសេសគឺនៅក្នុងចំណោមប្រជាពលរដ្ឋវ័យចំណាស់»។ មន្ត្រីរូបនោះបានបន្ថែមថា សីតុណ្ហភាពខ្ពស់នៅខែមិនា ក៏នឹងអាចជួយពន្យឺតការឆ្លងរីករាលដាលនៃកូវីដ-១៩ បានផងដែរ។

    គ្រោងការនោះគឺផ្អែកលើវិធីសាស្រ្តបន្ធូរបន្ថយការរឹតត្បិតបន្តិចម្តងៗក្នុងគោលបំណងសម្រេចឱ្យបាននូវការបើកឡើងវិញយ៉ាងពេញលេញនៅមុនខែកញ្ញា ជាពេលដែលប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០២២ (2022 Asian Games) ដែលបានពន្យារពេល នៅទីក្រុង Hangzhou នៃខេត្ត Zhejiang។

    មន្ត្រីសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា អត្ថប្រយោជន៍មួយទៀតនៃការបើកឡើងវិញក្នុងខែមីនា គឺការតែងតាំងសំខាន់ៗទៅកាន់ក្រុមប្រឹក្សារដ្ឋដែលជាគណៈរដ្ឋមន្ត្រីរបស់ប្រទេសចិន នឹងត្រូវបានសម្រេចជាស្ថាពរ។ លោកបាននិយាយថា «នៅពេលនោះយើងនឹងមានខ្សែច្រវ៉ាក់នៃបទបញ្ជាច្បាស់លាស់»។

    អ្នកស្មោះស្ម័គ្រនឹងលោក Xi នឹងចូលកាន់តួនាទីសំខាន់ៗក្នុងជួររដ្ឋាភិបាល ជាពិសេសគឺលោក Li Qiang ដែលជាអ្នកស្នងតំណែងបន្តពីលោកនាយករដ្ឋមន្ត្រី Li Keqiang នឹងត្រូវរង់ចាំរហូតដល់មានកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនក្នុងខែមីនាសម្រាប់ការតែងតាំងជាផ្លូវការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។ ឧប​នាយក​រដ្ឋមន្ត្រី​ចំនួន ៤ ​រូប និង​ប្រធាន​បុគ្គលិក​របស់​លោក Xi ក៏​មិន​ទាន់​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​ដែរ។

    សូមអាន ការព្យាករណ៍ខុសលើលោក Xi និងការរះឡើងរបស់ លោក Li

    អស់រយៈពេលជិត ៣ ឆ្នាំមកនេះ យុទ្ធសាស្រ្ត Zero-Covid ដែលគាំទ្រដោយលោក Xi បានផ្តោតទៅលើការកំណត់អត្តសញ្ញាណដំបូងនៃការឆ្លងមេរោគ តាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ និងការធ្វើចត្តាឡីស័ករយៈពេលខ្លី ទៅលើអ្នកដែលបានឆ្លង អ្នកដែលបានប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអ្នកជំងឺ និងថែមទាំងទៅលើអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកទាំងនោះទៀតផង។

    ស្តង់ធ្វើតេស្តរកកូវីដ-១៩ ចល័តនៅខាងក្រៅស្ថានីយ៍រថភ្លើងក្រុងសៀងហៃត្រូវបានបិទ កាលពីថ្ងៃទី ៨ ខែធ្នូ។ រូបថត៖ Reuters

    វិធានការនេះគឺដើម្បីធ្វើឱ្យតំបន់ភាគច្រើននៃប្រទេសចិនមិនមានការឆ្លងកូវីដ-១៩ រហូតដល់ខែកក្កដាឆ្នាំមុន ខណៈពេលដែលនៅកន្លែងផ្សេងទៀតនៃពិភពលោកមានមនុស្សស្លាប់រាប់លាននាក់ នៅអំឡុងពេលដូចគ្នានោះ។ បក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច បានសាទរចំពោះសមិទ្ធិផលនេះ ដោយថាជាភស្តុតាងយ៉ាងច្បាស់នៃឧត្តមភាពនៃគំរូដឹកនាំរបស់ចិនធៀបនឹងបណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក។

    ទូរទស្សន៍ជាតិចិន CCTV បានរិះគន់នូវគំនិត «ការរៀនរស់ជាមួយមេរោគ» ថាជាគោលនយោបាយសុខភាពសាធារណៈដែលមិនមានការទទួលខុសត្រូវ ហើយបានចាត់ទុកសហរដ្ឋអាមេរិកថាជា «ការបរាជ័យដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល»ទន្ទឹមនឹងការប្រកាសដោយមោទនភាពថា ប្រទេសចិនបាន «តម្កល់អាទិភាពលើជីវិត​មនុស្ស​ បើទោះ​បី​ជា​មាន​ការ​ខូច​ខាត​ខាងសេដ្ឋកិច្ច​ក៏​ដោយ»។

    ខណៈពេលដែលកិច្ចប្រជុំថ្នាក់កំពូលតូចមួយដែលដឹកនាំដោយលោក Xi កាលពីថ្ងៃទី ១០ ខែវិច្ឆិកា បានផ្ញើសារយ៉ាងច្បាស់ថា វិធានការគ្រប់គ្រងជំងឺរាតត្បាតដ៏តឹងរ៉ឹងនឹងវិលត្រឡប់មកវិញជាបណ្តើរៗក៏ដោយ ក៏វានៅតែមិនទាន់មានសញ្ញាច្បាស់លាស់ណាមួយមកបញ្ជាក់អំពីគោលនយោបាយ «Dynamic Zero» ដែលមានបំណងរក្សាអត្រានៃការឆ្លងកូវីដ-១៩ ឱ្យនៅកម្រិតអប្បបរមា។

    កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា កាសែត People’s Daily បានចុះផ្សាយការអត្ថាធិប្បាយមួយដោយបានបន្តុះបង្អាប់គោលនយោបាយ «Dynamic Zero»។ អត្ថបទនោះបាននិយាយថា វីរុសបំប្លែងខ្លួនថ្មី Omicron មានសមត្ថភាពអាចចម្លងបានលឿនជាង និងថាការកើនឡើងនៃអត្រាឆ្លងនឹងធ្វើឱ្យការចំណាយលើសេដ្ឋកិច្ចនិងសង្គម មានកាន់តែខ្ពស់ ដោយសារធនធានវេជ្ជសាស្រ្តរបស់ចិននៅមានកម្រិត។

    មួយសប្តាហ៍ក្រោយមក ការមួម៉ៅចំពោះការរឹតបន្តឹងនេះបានបង្កឱ្យមានបាតុកម្មតវ៉ាដ៏កម្រ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា និងបានសម្លាប់មនុស្ស ១០ នាក់នៅក្នុងបរិវេណអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Urumqi ដែលត្រូវបានបិទខ្ទប់ ប៉ុន្តែអាជ្ញាធរបានបដិសេធ។

    នៅឯបាតុកម្មតវ៉ាក្នុងទីក្រុងធំៗ ដែលរួមមានទីក្រុងប៉េកាំង សៀងហៃ និង Guangzhou នៅចុងសប្តាហ៍បន្ទាប់ ប្រជាជនចិនបានស្រែកនូវពាក្យស្លោកដែលអំពាវនាវឱ្យបញ្ចប់យុទ្ធសាស្ត្រ Zero-Covid និងបានកាន់ក្រដាសទទេស្អាតដែលជានិមិត្តរូបនៃកំហឹងរបស់ពួកគេចំពោះការរឹតបន្តឹងលើសេរីភាពបញ្ចេញមតិ។ ក៏មានផងដែរជនមួយក្រុមតូចដែលបានអំពាវនាវ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប។

    ការធ្វើ​បាតុកម្មតវ៉ា​ស្រដៀង​គ្នា​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​បរិវេណ​សកលវិទ្យាល័យ​ជា​ច្រើនដែលរួមមាន​ទាំង សាកលវិទ្យាល័យ Tsinghua University ក្នុង​ទីក្រុង​ប៉េកាំងដែលលោក Xi ធ្លាប់បានសិក្សាទៀតផង។

    ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel និងប្រធានាធិបតី Xi Jinping នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែធ្នូ។ រូបថត៖ Dario Pignatelli/European Council/dpa

    ប្រភពមួយបាននិយាយថា នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅទីក្រុងប៉េកាំងកាលពីខែធ្នូ លោក Xi បានទទួលស្គាល់ថា មានការខកចិត្តជាច្រើនជុំវិញគោលនយោបាយគ្រប់គ្រងជំងឺរាតត្បាតរបស់ទីក្រុងប៉េកាំង នៅក្នុងចំណោមក្រុមសង្គមស៊ីវិលជាច្រើន រួមទាំងនិស្សិតផងដែរ។ លោក Xi បានបន្ថែមថា រយៈពេល ៣ ឆ្នាំចុងក្រោយនេះ «គួរតែជាពេលវេលាដ៏ល្អបំផុតនៃយុវវ័យរបស់ពួកគេ» និងថាប្រភេទវីរុសបំប្លែងថ្មី Omicron គឺ «ដូចជាជំងឺផ្តាសាយអញ្ចឹង»។

    កាលពីចុងខែមុន លោក Xi ក៏បានបញ្ចេញសម្លេងផ្សះផ្សាផងដែរ នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកទៅកាន់ប្រជាជាតិ ដោយលោកបាននិយាយថា «វាជារឿងធម្មតាទេដែលមានទស្សនៈខុសៗគ្នាពីក្នុងចំណោមប្រជាជនចិន»។ ទីក្រុងប៉េកាំងមិនដែលទទួលស្គាល់ដោយបើកចំហទេថា ការបង្ហាញដ៏កម្រនៃមតិប្រឆាំងជាសាធារណៈ គឺជាហេតុផលដ៏ចម្បងមួយក្នុងការបោះបង់ចោលនូវគោលនយោបាយ Zero-Covid នៅប៉ុន្មានថ្ងៃក្រោយមក។

    ប៉ុន្តែលោក Deng Yuwen អតីតនិពន្ធនាយករងនៃកាសែត Study Times ដែលជាកាសែតផ្លូវការរបស់សាលានយោបាយមជ្ឈឹមរបស់គណបក្សកុម្មុយនីស្តចិន (Central Party School) បាននិយាយថា វាច្បាស់ណាស់ថា បាតុកម្មតវ៉ាដែលរីករាលដាលគឺជាកត្តានយោបាយដ៏សំខាន់មួយដែលជំរុញឱ្យមេដឹកនាំគណបក្ស ពន្លឿនការបន្ធូរបន្ថយវិធានការរឹតត្បិតនានាដែលពាក់ព័ន្ធនឹងវីរុសរាតត្បាត។ លោក Deng ដែលបច្ចុប្បន្ននេះជាបញ្ញាវ័ន្តឯករាជ្យ និងជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលវិភាគយុទ្ធសាស្ត្រចិន នៅសហរដ្ឋអាមេរិក បាននិយាយថា «វាច្បាស់ណាស់ថា មេដឹកនាំរបស់គណបក្ស ជាពិសេសគឺលោក Xi ផ្ទាល់ បានស្តាប់ការទាមទាររបស់ប្រជាជន។ លោក Xi បានឆ្លើយតបយ៉ាងច្បាស់ៗចំពោះការទាមទារនោះនៅក្នុងឱកាសជាច្រើន និងនៅក្នុងសុន្ទរកថារបស់លោកផងដែរ ដែលជាការបង្ហាញ​អំពី​កម្រិត​នៃ​ការ​ព្រួយ​បារម្ភ»។

    លោក Deng បាននិយាយថាការបន្ធូរបន្ថយការរឹតត្បិត គឺជាជម្រើសដ៏ល្អបំផុតរបស់ទីក្រុងប៉េកាំងដើម្បីបញ្ឈប់នូវរាល់បាតុកម្មតវ៉ា។ លោកបាននិយាយថា «ការទាមទារពី សំណាក់និស្សិតនិងសាធារណជនបានផ្តោតជាសំខាន់លើការបញ្ចប់គោលនយោបាយ Zero-Covid ដ៏តឹងរ៉ឹង។ ពួកគេ​មួយ​ចំនួន​តូច​ពិត​ជា​បានដាក់គោលដៅ សំដៅទៅដល់​របប និង​មេ​បក្ស។ ការឆ្លើយតបទៅនឹងការទាមទារពីសំណាក់ប្រជាពលរដ្ឋភាគច្រើនទាំងនេះ តាមរយៈការបន្ធូរបន្ថយវិធានការរឹតត្បិតទាក់ទងនឹងវីរុសរាតត្បាត គឺជាមធ្យោបាយដ៏ត្រឹមត្រូវក្នុងការសម្រាលស្ថានការណ៍ដែលកំពុងតែពុះកញ្ជ្រោល»។

    ការសន្និដ្ឋានទី២ ដែលបានក្លាយជារឿងជាក់ស្តែងនៅក្នុងខែវិច្ឆិកា គឺថា: ការចំណាយផ្នែកសេដ្ឋកិច្ចទៅលើនយោបាយ Zero-Covid គឺមិនអាចទ្រាំទ្របានទៀតនោះទេ។ សេដ្ឋវិទូនៅធនាគារវិនិយោគជប៉ុន Nomura បានប៉ាន់ប្រមាណថា ជាង ២០% នៃ GDP របស់ប្រទេសចិនបានស្ថិតនៅក្រោមវិធានការរឹតត្បិតនៅក្នុងខែនោះ ពោលគឺច្រើនជាង ២ ដងនៃទំហំសមាមាត្រកាលពីខែតុលា។

    ប្រភពជាច្រើនបាននិយាយថា កម្មាភិបាលឈានមុខគេមួយចំនួននៅក្នុងឧស្សាហកម្មធំៗ បានរាយការណ៍អំពីស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងដែនសមត្ថកិច្ចរបស់ពួកគេទៅកាន់លោក Xi និងសមាជិកការិយាល័យនយោបាយផ្សេងទៀត។

    ប្រភពមួយដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា មន្ត្រីថ្នាក់តំបន់ឈានមុខគេដែលជំរុញឱ្យគណបក្សគិតឡើងវិញជុំវិញគោលនយោបាយ Zero-Covid របស់ខ្លួន រួមមានអ្នកដែលមកពីទីក្រុងសៀងហៃ និងខេត្តក្វាងទុង ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ច ចំនួន ២ កំពុងប្រឈមមុខនឹងសម្ពាធរួចទៅហើយ ពីការផ្លាស់ទីចេញនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក ដែលធ្វើឱ្យទីផ្សារនាំចេញចុះទន់ខ្សោយ ហើយតម្រូវការក្នុង ស្រុកក៏កាន់តែចុះខ្សោយខ្លាំងជាងមុន បន្ទាប់ពីបានបិទខ្ទប់អស់ជាច្រើនខែ។ ប្រភពនោះបាននិយាយថា «វាអាចនឹងយឺតពេលសម្រាប់សេដ្ឋកិច្ច ប្រសិនបើនយោបាយ Zero-Covid ត្រូវបន្ត ១ ត្រីមាសទៀត» និងថា មនុស្សជាច្រើនបានចាយអស់ប្រាក់សន្សំរបស់ពួកគេនៅអំឡុងបិទខ្ទប់នោះ។

    កាលពីចុងខែតុលា ទីក្រុងប៉េកាំងបានតែងតាំងអតីតប្រធានឃោសនាការរបស់គណបក្ស គឺលោក Huang Kunming ជាប្រធានសាខាបក្សប្រចាំខេត្ត Guangdong និងអតីតអភិបាលក្រុងប៉េកាំង លោក Chen Jining ជាប្រធានសាខាបក្សក្រុងសៀងហៃ។ លោក Huang គឺ​ជា​អ្នក​ស្មោះស្ម័គ្រ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ម្នាក់​របស់​លោក Xi ដោយ​បាន​បម្រើ​ការងារ​ក្រោម​ការ​ដឹកនាំ​របស់​លោក Xi ក្នុង​អំឡុង​ពេល​ដែល​លោក​នៅ​ក្នុង​ខេត្ត Fujian និង Zhejiang។ លោក Chen គឺជាមនុស្សម្នាក់នៅក្នុងខ្សែរយៈនៃ​ប្រធាន​បុគ្គលិក​បក្ស Chen Xi។

    ក្រុមកម្មករកំពុង​រុះរើ​ទីតាំងធ្វើចត្តាឡីស័ក​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​ទី​ ១ ខែ​ធ្នូ នៅ​ខាង​ក្រៅ​សង្កាត់មួយកន្លែងក្នុង​ក្រុង​ប៉េកាំង ដែល​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់។ រូបថត៖ Bloomberg

    នៅទីក្រុង Guangzhou ដែលជាទីរួមខេត្តក្វាងទុង មានកម្មករចំណាកស្រុកជាច្រើនមកពីខេត្ត Hubei កំពុងរស់នៅក្នុងខណ្ឌ Haizhu នៃទីក្រុងនេះ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ ដោយបានទាមទារឱ្យដករបាំងបិទទ្វារដែលរារាំងពួកគេមិនឱ្យចេញទៅធ្វើការ។

    ប្រាក់រាប់ពាន់លានដែលបានចំណាយលើការធ្វើតេស្តទ្រង់ទ្រាយធំ និងការសាងសង់កន្លែងចត្តាឡីស័ក ក៏បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់របស់ចិនជាច្រើនឈានទៅដល់ការក្ស័យធន។ ដោយផ្អែកលើទិន្នន័យផ្លូវការ រដ្ឋបាលខេត្តនានារបស់ប្រទេសចិនបានប្រឈមមុខនឹងឱនភាពថវិកាជាង ១,៨៩ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំមុន ពោលគឺប្រមាណ ១២% ច្រើនជាងពេញមួយឆ្នាំ ២០២១។

    នៅឆមាសទី២ ឆ្នាំមុន មានរបាយការណ៍កាន់តែច្រើនអំពីរដ្ឋាភិបាលក្នុងតំបន់ដែលខកខានមិនបានបង់ប្រាក់ឱ្យក្រុមហ៊ុនដែលបានធ្វើតេស្តរកមេរោគឆ្លង ពោលគឺអគារមន្ទីរពេទ្យបណ្តោះអាសន្ននានា និងបណ្ដាសណ្ឋាគារដែលប្រើជាកន្លែងធ្វើចត្តាឡីស័ក។

    ក្រោយមកក៏មានរបាយការណ៍ជាច្រើនដែលក្រោយមកត្រូវបានបដិសេធវិញ ដែលថា: លោក Terry Gou ដែលជាស្ថាបនិកក្រុមហ៊ុន Foxconn និងដែលបានជួលកម្មកររាប់សែននាក់ឱ្យធ្វើការនៅក្នុងរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកនៅទូទាំងប្រទេសចិន បានសរសេរសំបុត្រទៅកាន់ថ្នាក់ដឹកនាំចិនដើម្បីព្រមានអំពីការគំរាមកំហែងពីគោលនយោបាយ Zeo-Covid ចំពោះទីតាំងរបស់ចិននៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។

    រោងចក្រធំជាងគេរបស់ក្រុមហ៊ុន Foxconn នៅទីក្រុង Zhengzhou រដ្ឋធានីនៃខេត្ត Henan បានប្រឈមមុខនឹងបញ្ហាទាក់ទងនឹង Covid-19 កាលពីចុងឆ្នាំមុន ដែលជាការគូសបញ្ជាក់អំពីការលំបាកដែលប្រទេសចិនបានជួបប្រទះក្នុងការទទួលយកវិធីសាស្រ្ត Zero-Covid ទន្ទឹមនឹងការព្យាយាមរក្សាផលិតកម្មឱ្យនៅដំណើរការធម្មតា។

    កាលពីខែតុលា កម្មករក្រុមហ៊ុន Foxconn រាប់ពាន់នាក់បានរត់ចេញពីរោងចក្រដោយសារតែហានិភ័យនៃការឆ្លងមេរោគកូវីដ-១៩ ដែលជំរុញឱ្យក្រុមហ៊ុន Apple ដែលជាអតិថិជនដ៏សំខាន់មួយបានចេញការ ព្រមានដ៏កម្រមួយអំពីការថយចុះនៃការនាំចេញគ្រឿងបន្លាស់ទូរសព្ទ iPhone 14។ ការ​ព្រមាននេះកើតឡើងក្រោយពេលមាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​កាលពី​ចុង​ខែ​វិច្ឆិការវាង​កម្មករនិង​កម្លាំង​សន្តិសុខ​ ជុំវិញ​អត្ថប្រយោជន៍​បុគ្គលិក។

    សម្ពាធនយោបាយដែលកើតចេញពីការរីករាលដាលនៃបាតុកម្មតវ៉ាព្រមទាំងសម្ពាធសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលក្នុងតំបន់របស់ចិន បានរុញច្រានថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំងឱ្យបើកដំណើរការប្រទេសឡើងវិញ បើទោះបីជាប្រទេសចិនមិនទាន់បានត្រៀមខ្លួននៅឡើយក្ដី។

    ភាពចលាចល និងភាពច្របូកច្របល់ដែលបានកើតឡើងនៅទូទាំងប្រទេសចិនបន្ទាប់ពីការដកចេញនូវវិធានការរឹតបន្តឹងកូវីដ-១៩ បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ មានគណនីនៅតាមបណ្ដាញសង្គមជាច្រើនបានបង្ហោះផ្សាយថា ប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសចិនបានស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ដោយសារតែរលកនៃការឆ្លងកូវីដ-១៩ យ៉ាងគំហុកនៅទូទាំងប្រទេស។

    បុគ្គលិកពេទ្យ និងកម្មករដែលធ្វើការនៅទីបញ្ចុះសព និងទីបូជាសព ដែលភាគច្រើននៅតែបន្តធ្វើការ បើទោះបីជាខ្លួនគេបានឆ្លងកូវីដ-១៩ ដែរក៏ដោយ ក៏ពួកគេត្រូវធ្វើការឥតឈប់ឈរដើម្បីទប់ទល់នឹងការកើនឡើងនៃការឆ្លង និងចំនួនសាកសពដែលគរជាន់លើគ្នា។ មនុស្សជាច្រើនក៏បានត្អូញត្អែអំពីការលំបាកក្នុងការទទួលបានថ្នាំបំបាត់គ្រុនក្តៅ ដោយមិននិយាយពីថ្នាំប្រឆាំងមេរោគដូចជា Paxlovid ដែលកំណត់គោលដៅ លើវីរុសកូវីដ-១៩ នោះទេ។

    សញ្ញាមួយទៀត នៃការខ្វះការត្រៀមខ្លួនរបស់ប្រទេសចិន គឺអត្រានៃការចាក់វ៉ាក់សាំងទាបក្នុងចំណោមមនុស្សចាស់ ដែលជាក្រុមងាយរងគ្រោះបំផុតនាអំឡុងជំងឺរាតត្បាត។ មានតែ ៧៦,៦% ប៉ុណ្ណោះនៃប្រជាជន វ័យចំណាស់របស់ចិនដែលមានអាយុចាប់ពី ៨០ ឆ្នាំឡើងទៅជាង ៣៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូស នៅពេលដែលទីក្រុងប៉េកាំងបានដកចេញវិធានការគ្រប់គ្រងកូវីដ-១៩ ភាគ ច្រើនកាលពីដើមខែធ្នូ  ហើយមានតែ ៤០% ប៉ុណ្ណោះដែលបានចាក់ដូសជំរុញ 1 ដូសទៀត។

    លោក Alfred Wu សាស្ត្រាចារ្យរងនៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរីបាននិយាយថា រដូវរងាមិនមែនជាពេលវេលាដ៏ល្អបំផុតនោះទេសម្រាប់ការបើកដំណើរការឡើងវិញ ដោយលោកបានបន្ថែមថា ជាធម្មតាវាជារដូវកាលដែលមានការចម្លងជំងឺផ្តាសាយ និងមេរោគផ្លូវដង្ហើមផ្សេងៗទៀតខ្ពស់បំផុត។ លោកបាននិយាយថា «ជាមួយនឹងមេរោគកូវីដ-១៩ នេះ អ្នកជំនាញខាងសុខភាពសាធារណៈជាច្រើនមានការព្រួយបារម្ភអំពីលទ្ធភាពនៃការកើនឡើងនៃការចម្លង ១ ជា ៣»។

    លោក Wu បាន និយាយថា សីតុណ្ហភាពក្រោមសូន្យនៅភាគខាងជើងនៃប្រទេសចិនមានន័យថា មនុស្សម្នាមិនអាចបើកបង្អួចរបស់ពួកគេដើម្បីទទួលបានខ្យល់បរិសុទ្ធនោះឡើយ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួល សម្រាប់ការឆ្លងរីករាលដាលនៃកូវីដ-១៩៕

    South China Morning Post